ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម របៀបបរិភោគ និងការរស់នៅ ដើម្បីពង្រឹងប្រព័ន្ធស្បៀងដែលមានទិសដៅគាំទ្រដល់របបអាហារសុខភាពឱ្យកាន់តែរឹងមាំខណៈបញ្ហាស្បៀង កំពុងទទួលរងផលប៉ះពាល់ដោយទឹកជំនន់ និងការរំខានដោយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីនេះធ្វើឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែវិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព»។
លោក ហ៊ុន សែន ថ្លែងថា ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពីសារៈសំខាន់នៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លោកបន្ថែមថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ជនគ្រប់រូបគឺជាកត្ដាមិនអាចខ្វះបានដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់តាមរយៈការបង្កើនការវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាត និងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។ «ឈរលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូររបៀបរស់នៅ និងឥរិយាបថក្នុងការបរិភោគចំណីអាហារដែលការផ្លាស់ប្តូរទាំងនេះមានឥទ្ធិពលជាវិជ្ជមាន លើស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន»។
ខណៈដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងបញ្ហាថយចុះអត្រាបំបៅដោះកូនដោយទឹកដោះម្តាយតែ ១ មុខគត់ លោកថា បញ្ហាធាត់ និងលើសទម្ងន់ក៏មាននិន្នាការកើនឡើងដែរ។ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូបគឺមិនអាចខ្វះបាន។
លោកថា៖ «របបអាហារមិនល្អនឹងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់គឺជាកត្តាហានិភ័យនៃបញ្ហាសុខភាពសាធារណៈ និងធ្វើឱ្យបាត់បង់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺគ្រប់ប្រភេទ។ ការទទួលទានអាហារដែលមានថាមពលខ្ពស់ ជាតិខ្លាញ់ ស្ករ ឬអំបិលច្រើន និងបរិភោគបន្លែផ្លែឈើមិនគ្រប់គ្រាន់គឺជាហេតុផលចម្បងបណ្តាលឱ្យមានជំងឺមិនឆ្លងនានា»។
តាមរយៈការគាំទ្រ និងដោះស្រាយបញ្ហាទាំងនេះរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមដូចជាឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំក៏ដូចជាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទក៏បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ២ ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ផងដែរ។ នេះបើតាមសារលិខិតលោក ហ៊ុន សែន។
លោកស្រី Rudina Vojvoda ប្រធានផ្នែកទំនាក់ទំនងនៃអង្គការយូនីសេហ្វបានសាទរចំពោះសារលិខិតរបស់លោក ហ៊ុន សែន ដែលបានអំពាវនាវឱ្យភាគីពាក់ព័ន្ធពង្រឹងប្រព័ន្ធចំណីអាហារសម្រាប់របបអាហារដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្ថែមថា វិបត្តិកូវីដ ១៩ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអាហារូបត្ថម្ភតាមរយៈការលំបាកខាងផ្នែកសេដ្ឋកិច្ចដែលបានជះឥទិ្ធពលទៅលើស្ថានភាពគ្រួសារនីមួយៗ ខណៈអ្នកជំនាញពិភពលោកព្យាករថា សូម្បីតែនៅក្នុងសេណារីយ៉ូអភិរក្សក៏ដោយក៏ផលប៉ះពាល់របស់វាអាចកើនឡើងនូវអត្រាប្រេវ៉ាឡង់របស់កុមារអាយុក្រោម ៥ ឆ្នាំទៅដល់ ១៤,៣% នៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាបដូចជាប្រទេសកម្ពុជា។ «ដំណោះស្រាយមួយចំនួនដែលអាចចូលរួមបន្ធូរបន្ថយនូវផលប៉ះពាល់នៃអាហារូបត្ថម្ភក្នុងពេលវិបត្តិកូវីដ ១៩ គឺការការពារការទទួលបានរបបអាហារមានជីវជាតិសុវត្ថិភាព និងតម្លៃសមរម្យដែលគួរតែជាមូលដ្ឋានគ្រឹះសម្រាប់ភាពប្រសើរឡើង និងឆ្លើយតបនឹង COVID-19។ អាហារូបត្ថម្ភល្អប្រសើរនាំឱ្យមានភាពធន់ប្រសើរជាងមុនក្នុងពេលមានអាសន្នដូចជាវិបត្តិកូវីដ ១៩ និងគ្រោះទឹកជំនន់។
លើសពីនេះកម្ពុជាចាំបាច់ត្រូវផ្តល់អាទិភាព និងពង្រីកការអន្តរាគមន៍ បង្ការ និងការព្យាបាលចំពោះកង្វះអាហារូបត្ថម្ភ»។ បន្ថែមពីនេះ លោកស្រីថាការលើកកម្ពស់របបអាហារដែលមានតម្លៃសមរម្យ សម្រាប់សហគមន៍ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំខណៈភ័ស្តុតាងបង្ហាញថា ការវិនិយោគក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូង គឺជាការវិនិយោគដ៏ល្អបំផុតដែលប្រទេសនានាអាចធ្វើដើម្បីលើកកម្ពស់សុខភាពការយល់ដឹង និងការអភិវឌ្ឍជាទូទៅ និងសុខុមាលភាពរបស់កុមារ។ «យូនីសេហ្វប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូដទៃទៀត ដើម្បីពង្រឹងប្រព័ន្ធអាហារូបត្ថម្ភ និងធ្វើឱ្យប្រាកដថាកុមារគ្រប់រូបអាចទទួលបានអាហារសុខភាព និងអាហារូបត្ថម្ភ»៕