ភ្នំ​ពេញៈ លោក​ ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ព្រឹក​នេះ​ ដោយ​មិន​ជឿថា​ នឹង​មាន​ការ​ដោះ​លែង​មេ​ក្បត់​ជាតិ​ឡើយ​ ទន្ទឹម​ពេល​ដែល​សាលា​ឧទ្ធ​រ​ណ៍​កំ​ពុង​បើ​ស​វ​នា​ការ​លើ​បណ្ដឹង​សារ​ទុក្ខ​របស់​លោក​ កឹម​ សុខា អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​ប្រឆាំង​និង​ការ​ឃុំខ្លួន​លោក​បន្ត ៦​ ​ខែ​ទៀត។​

​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័​អាស៊ី​អឺរ៉ុប​ ​កាលពី​ព្រឹក​មិញ​ នៅ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ​ លោក​ ហ៊ុន​ សែន ថ្លែង​ថា​៖​«ខ្ញុំ​មិន​ជឿថា​ព្រឹក​នេះ​ សា​លា​ឧ​ទ្ធរណ៍​នឹង​ដោះ​លែង​អា​មេ​ក្បត់​ជាតិ​ ព្រោះនេះ​ជា​អំពើ​ក្ប​​ត់​ជាតិ​ ប៉ុន្តែ​ខ្ញុំ​គោ​រព​សេច​ក្ដី​សម្រេច​របស់​តុលាការ​ ប្រសិន​បើ​តុលាការ​ដោះ​លែង​ឲ្យ​វា​នៅក្រៅ​ឃុំ អា​ហ្នឹ​ង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ទេ​ថា​ តុលា​ការ​នឹង​ដោះលែង​អា​មេ​ក្បត់ជាតិ​ហ្នឹង​ទេ។ ហើយ​អ្នក​ដែល​ចាប់ខ្លួន​ដំបូង ​បញ្ជា​ចាប់ខ្លួន​ដំបូង​ គឺ​ហ៊ុន​ សែន​ អ្នក​បញ្ជា​ គ្មាន​​អ្នក​ណា​ផ្សេង​ទេ បើ​គ្មាន​បទ​ប​ញ្ជា​ពី​ហ៊ុន​ សែន គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ទេ»។​

លោក​ ថ្លែង​បន្ត​ថា​ ​៖​«ប៉ុន្តែ​ឥឡូវ​វា​នៅ​ក្នុ​ង​ដៃ​តុលាកា​រ​ បើ​ព្រឹក​នេះ​តុលាការ​ដោះ​លែង​ក៏​ដោះ​លែង​ទៅ​ ដោះ​នៅ​ក្រៅ​ឃុំ ​ក៏​ អា​ហ្នឹង​ជា​រឿង​តុលា​ការ​អា​ហ្នឹង​ខ្ញុំ​ត្រូ​វ​តែ​គោរព​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា​តុលា​ការ​ ដើរ​ទៅ​ដល់​ដំ​ណាក់​ការ​ហ្នឹង​ទេ»។ ​

ក្រុម​នគរ​បាល​សម្រាកខណៈ​សវនាការ​កំ​ពុង​ដំ​ណើរ​ការ​ក្នុង​សាលាឧទ្ធរណ៍។ហុង មិនា

មន្ត្រី​នគរ​បាល​ម្នាក់​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​លោក​ កឹម​ សុខា​ ត្រូវ​បាន​នាំខ្លួន​ចូល​តុលា​ការ​ចាប់​តាំង​ពី​ម៉ោង​ធ្វើ​ការ​ចាប់​ផ្ដើម​ដំ​បូង​នៅ​ពេល​ព្រឹក​ព្រលឹម​ ប៉ុន្តែ​លោក​ អ៊ូ ​ចាន់​រិ​ទ្ធ​ ថ្លែង​ថា​​ មេ​ធា​វី​លោក​ សុខា​ បាន​ប្រាប់​លោក​ថា ​សុខា ​មិន​បាន​ចូល​មក​តុលា​ការ​នៅ​ម៉ោង​ ៧ ​​ព្រឹក​នោះ​ទេ។​

ច្រក​ចូល​នៃ​សាលា​ឧ​ទ្ធរណ៍​ត្រូវបាន​បិទទ្វារ​និង​យាម​យ៉ាង​តឹង​រឹង​ដោយ​កង​កម្លាំង​សន្តិ​សុខ​ ដប់​ម្ភៃ​នាក់ មិន​ដូច​សវនា​ការ​កាល​ពី​ខែ​កុម្ភៈ​នោះ​ទេ​ សន្តិ​សុខ​ត្រូវ​បាន​រឹត​បន្តឹង​ខ្លាំង​មិន​ឲ្យ​សាធារ​ណៈ​ជន​នៅ​ក្បែរ។​

លោក​ កឹម​ សុខា ​បាននិង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​ខេត្ត​ត្បូង​ឃ្មុំ ​ចាប់​តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពាក់​កណ្ដាល​យប់​ កាល​ពី​ដើ​ម​ខែ​កញ្ញា ឆ្នាំ២​០១៧ ជាប់​ចោទ​ពីបទ​ក្បត់​ជាតិ។ ​ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​វី​ឌី​អូ​ខ្លីប​​នៅ​ឆ្នាំ​​ ២០១៣ ​ដែល​​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ មាន​ការ​ជួយ​គាំទ្រ​ពី​បរទេស​នៅ​ក្នុង​ការងារ​នយោ​បាយ​របស់​គណ​បក្ស៕

វីដេអូបង្ហាញពី លោក​ រ៉ុង ឈុន និង​អ្នក​គាំទ្រ​លោក​ កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដេញ​មិន​ឲ្យ​ប្រមូលផ្ដុំ