ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិបាល​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង​ចំនួន ២ ប្រភេទ​ទៀត​គឺ Sinovax''s Covid-19 និង AstraZeneca''s Covid-19 ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ជា​បន្ទាន់ ប៉ុន្តែ​ខាង​ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ថា ​តើ​វ៉ាក់សាំង​ទាំង ២ នេះ​នឹង​មក​ដល់​កម្ពុជា​សម្រាប់​ប្រើប្រាស់​ពេល​ណា​នោះ​ទេ។

លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃទី ១២ ខែ ​កុម្ភៈ ឆ្នាំ ២០២១ ថា៖ «ដោយ​មាន​ការ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី ១១ ខែកុម្ភៈ ​ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង​ Sinovax''s Covid-19 ផលិត​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង AstraZeneca''s Covid-19 ដែល​បាន​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​អង់គ្លេស»។

លោក ប៊ុនហេង ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ថា វ៉ាក់សាំង​ទាំង​នេះ ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស ព្រម​ទាំង​បណ្តា​ប្រទេស​មួយ​ចំនួន ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ជា​បន្ទាន់។

លោក​បញ្ជាក់​ថា៖ «វ៉ាក់សាំង​ទាំង ២ នេះ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​តាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​រាជរដ្ឋាភិបាល​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ»។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ក្រសួង​មិន​ទាន់មាន​ព័ត៌មាន​ណា​មួយ ពី​កាល​បរិច្ឆេទ​ដែល​វ៉ាក់សាំង Sinovax''s Covid-19 និង AstraZeneca''s Covid-19 នឹង​មាន​នៅ​ប្រទេស​កម្ពុជា ​នោះ​ទេ។ ក្រសួង​សុខាភិបាល​នឹង​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​ដែល​វ៉ាក់សាំង​ទាំង​នេះ​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង​កូវីដ ១៩ ស៊ីណូហ្វាម របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ជូន​ដំបូង​ចំនួន ៦០ ម៉ឺន​ដូស ក្នុង​ចំណោម ១ លាន​ដូស កាល​ពី​ថ្ងៃទី ១០ ខែ​ កុម្ភៈ ឆ្នាំ ២០២១។

លោកស្រី ​ឱ វណ្ណឌីន ឲ្យ​ដឹង​ថា​ថា គិត​ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែ​កុម្ភៈ អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​មក​ចាក់​វ៉ាក់សាំង​កូវីដ ១៩ មាន​ចំនួន ១ ៩៤៧ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៧៤១ នាក់។ ប៉ុន្តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ មាន​ចំនួន ១ ៤៩២ នាក់ (ស្រី ៤៩៣ នាក់) ដោយ​ឡែក​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​មាន​ចំនួន ៤៥៥ នាក់ (ស្រី ២៤៨ នាក់)។

ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ទាំង​អស់ ដែល​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​ចាត់ចែង​រៀបចំ​កម្លាំង​ល្បាត​ការពារ​ឲ្យ​បាន​រឹងមាំ ​និង​រឹត​បន្តឹង​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ បាន​ទៅ​ដល់​ខេត្ត​តាកែវ ច្រើន​ជាង​ប្រជា​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​វៀតណាម។

យោង​តាម​សារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ថ្ងៃ​ម្សិលមិញ បាន​ឱ្យ​ដឹង​ថា បញ្ហា​កាន់​តែ​មាន​ច្រើន​ហើយ​ដោយសារ​នៅ​ខេត្ត​តាកែវ មាន​អ្នក​មក​ពី​ប្រទេស​វៀតណាម ​តិច​ជាង​មក​ពី​ប្រទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​បាន​ដាក់​បទ​បញ្ជា​ជា​ថ្មី​ម្តង​ទៀត ទៅ​បណ្តា​ខេត្ត​ដែល​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​រឹត​បន្តឹង​ទៅ​ដល់​ពលករ ដែល​មក​ពី​ប្រទេស​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ «ត្រូវ​ពិនិត្យ​មើល​តាម​ច្រក​ដែល​ពលករ​ធ្លាប់​ឆ្លង​មក​ត្រូវ​ចាត់ចែង​រៀបចំ​កម្លាំង ​ដើម្បី​ល្បាត ហើយ​ត្រូវ​ចាប់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ឯ​ទល់​ដែន។ មាន​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​តាកែវ ហើយ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​នេះ ដូច​នេះ​បើ​ពួក​គាត់​មាន​វិជ្ជមាន​កូវីដ ១៩ នោះ​វា​នឹង​ឆ្លង​ចូល​ក្នុង​សហគមន៍​ម្តង​ទៀត​ជា​មិនខាន»។

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖ «នៅ​ខាង​ខេត្ត​តាកែវ ត្រូវ​សួរ​ចម្លើយ​ពលករ​ទាំង​នោះ​ថា ​តើ​អ្នក​ណា​នាំ​ផ្លូវ​ពួកគាត់ ដើម្បី​យើង​ចាត់​ការ​ទៅលើ​អ្នក​ដែល​នាំ​ផ្លូវ​ពលករ (មេខ្លោង) ដែល​ធ្វើ​ឱ្យ​មាន​ពលករ​ជាង ១០ នាក់​នេះ​បាន​ឆ្លង​ពី​ព្រំដែន​ថៃ ទៅ​ដល់​ខេត្តតាកែវ។ ដូចនេះ​ពិត​ជា​មាន​អ្នក​នាំ​ផ្លូវ​ហើយ»។

កាលពី​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ដែល​ជា​ថ្ងៃ​ខួប ១ ឆ្នាំ (១៣ កុម្ភៈ ២០២០-១៣ កុម្ភៈ ២០២១) ដែល​ប្រទេស​កម្ពុជា ​បាន​ទទួល​នាវា​ទេសចរណ៍​ខ្នាត​អន្តរជាតិ westerdam ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ ១ ៤៥៥ នាក់ និង​នាវិក​ចំនួន ៨០២ នាក់ ​មកពី ៤១ ប្រទេស​ឱ្យ​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ។

លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា កម្ពុជា​តូច​ពិត ប៉ុន្តែ​កម្ពុ​ជា​មាន​បេះដូង​គុណធម៌​ធំ​ទូលាយ។ លោក​លើក​ឡើង​ថា៖ «យើង​ចាំ​ច្បាស់​ណាស់ ​គឺ​នៅ​ពេល​នោះ​ពិភព​លោក​មាន​ការ​ភ័យ​ខ្លាច​រន្ធត់​យ៉ាង​ខ្លាំង អំពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​មិន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​ដាច់​ខាត ទោះបី​បាន​ដឹង​ថា នៅ​ក្នុង​នាវា​នោះ មាន​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ ដែល​កំពុង​អស់​សង្ឃឹម​ហើយ​ប្រឈម​នឹង​អត់​ស្បៀងអាហារ និង​ជាពិសេស​ប្រឈម​នឹង​គ្រោះកាច​នៃ​ជំងឺឆ្លង​កូវីដ ១៩»។

លោក​បន្ត​ថា កម្ពុជា​មាន​បេះដូង​មនុស្ស​ធម៌​ធំ​ទូលាយ​បាន​ទទួល​ស្វាគមន៍​នាវា​ចូល​ចត ​និង​បាន​សង្គ្រោះ​អ្នក​ទេសចរ ​និង​នាវិក​ទាំង​អស់ ចេញ​ពី​នាវា​ហើយ​បាន​រៀបចំ​កន្លែង​ឱ្យ​ស្នាក់នៅ​ព្យាបាល និង​បាន​រៀបចំ​ឱ្យ​អ្នក​ទេសចរ​ទាំង​អស់​បានធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កំណើត​ខ្លួន​វិញ​ប្រកប​ដោយ​សុវត្ថិភាព។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា រយៈពេល ១ ឆ្នាំ​ហើយ ចាប់​តាំង​ពី​កប៉ាល់​ទេសចរណ៍ Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ក្រោយ​ពី​ត្រូវ​បាន​បដិសេធ​មិន​អនុញ្ញាត​ចូល​ចត​នៅ​ប្រទេសផ្សេង។

សម្រាប់​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ និង​ប្រទេស​កម្ពុជា ​ទាំង​មូល វា​បាន​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដែល​មិន​ដូច​ជា​ឆ្នាំ​មុន។ ស្ថានទូត​នេះ បាន​បន្ត​ថា ក្នុង​រយៈពេល ១២ ខែ​កន្លង​មក​ស្ថានទូត​បាន និង​កំពុង​ធ្វើ​ការ​មិន​ឈប់​ឈរ ​ដើម្បី​ផ្តល់​ជំនួយ​កុងស៊ុល​ដល់​ប្រជាជន​អូស្ត្រាលី​នៅ​កម្ពុជា។

ស្ថានទូត​ក៏​បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​កម្ពុជា​ក្នុងការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាថ្មី លើ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ដើម្បី​ជួយ​ដល់​ការស្តារ​កម្ពុជា​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូវីដ ១៩ តាមរយៈ​ការ​ផ្តល់​ថវិកា​ជាង ៦៥ លាន​ដុល្លារ​អូស្ត្រាលី​រាល់​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង ៣៥,៧ លាន​ដុល្លារ​អូស្ត្រាលី សម្រាប់​ការ​ទទួលបាន​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា។ «យើង​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បានទ​ទួល​ស្វាគមន៍​កប៉ាល់​នេះ ព្រម​ទាំង​បដិសណ្ឋារកិច្ច​ដែល​បាន​ផ្តល់​ដល់​ប្រជាជន​អូស្ត្រាលី​ជា​ច្រើន​នាក់​ដែល​នៅ​លើ​កប៉ាល់។ ១ ឆ្នាំ​ក្រោយ​មក​ហើយ យើង​នៅតែ​ស្ថិត​នៅ​ជាមួយ​គ្នា»។

បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិល ​កម្ពុជា​មាន​អ្នក​មាន​អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ៤៧៩ នាក់ ​ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៦៦ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១៣ នាក់៕

វីដេអូ៖