ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ ​សែន​ ​បាន​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​​ ៦៨​​ ឆ្នាំ ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ឈ្មោះ​ដំបូង​ថា ​គណបក្ស​បដិ​វត្តន៍​ខ្មែរ ​តែង​ស្ថិត​នៅ​ជា​​មួយ​ប្រជា​ពល​រដ្ឋ​គ្រប់​កាលៈ​ទេសៈ ​និង​បាន​ជួយ​រំដោះ​កម្ពុជា​ចេញ​ពី​អាណា​និគម​បរទេស​ ​ការ​ឈ្លាន​ពាន​ពី​បរ​ទេស​ ​និង​ជា​ពិសេស​គណ​បក្ស​នេះ​បាន​ខំប្រឹង​ទប់​ស្កាត់​បដិ​វត្ត​ន៍​ពណ៌​របស់​ក្រុម​ប្រឆាំង​ចាប់​តាំង​ពី​ថ្ងៃ​ផ្ដួល​រំលំ​របប​ប៉ុលពត​មក។​

​លោក​ថ្លែង​ថា៖​ «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ ដើម្បី​រំ​ឭក​ជាថ្មី​ថា ​កម្ពុជា​មិន​ស្ថិត​នៅក្រោ​ម​ការ​ត្រួត​ត្រារ​បស់​ប្រទេស​ណា​នោះ​ទេ​ យើង​មិន​ផ្ដល់​ឱកាស​សម្រាប់​ឱ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​យើង​ឡើយ។​ យើង​មិន​ត្រូវ​ឱន​ក្បាល​ចំពោះ​មុខ​ការ​គាប​សង្កត់​ ​ឬ​ការ​គំរាម​កំហែង​ណា​មួយ​ឡើយ»។​

នៅ​ក្នុង​ថ្ងៃ​មី​ទ្ទីង​​រំឭ​ក​ខួប​លើក​ទី៦៨ ​នៃ​ថ្ងៃ​បង្កើត​គណ​​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​ ២៨ ​មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​ឡើង​ថ្លែង​សុន្ទរ​កថា​​ប្រាប់​ទៅដល់​សមា​ជិក​គណ​បក្ស​នៅ​កោះ​ពេ​ជ្រថា ​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​កើត​ឡើង​ចេញ​ពី​ប្រភព​នៃ​កម្លាំង​ស្នេហា​ជាតិ​ប្រឆាំង​របប​អាណា​និគម​និយម​បារាំង​ ​ហើយ​ក្រោយ​មក​បាន​ឆ្លង​កាត់​ឧប​សគ្គ​លំបាក​រាប់​មិន​​អស់ ​និង​បាន​ចូល​រួម​យ៉ាង​សកម្ម​ចាប់​ពី​ ១៩៥៣​ ដ​ល់​ឆ្នាំ​ ១៩៧០​ ​ដើម្បី​ការពារ​ឯករាជ្យ​ ​សន្ដិភាព ​​និង​អធិបតេយ្យភាព។

លុះ​ដ​ល់​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ឆ្នាំ​ ១៩៧០-១៩៧៥ ​គណបក្ស​បាន​ធ្វើ​ការ​តស៊ូ​រំដោះ​ប្រទេស​ពី​ការ​ឈ្លាន​ពាន​របស់​បរ​ទេស​ ​ហើយ​បន្ត​បន្ទាប់​មក​ទៀត​ក៏​បាន​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែ​រក្រហម​នៅ​ថ្ងៃទី​ ៧ ​មករា​ ឆ្នាំ​ ១៩​៧៩ ​និង​ចាប់​ពី​ពេល​នោះ​មក​ ​គណ​បក្ស​បាន​ទប់​ស្កាត់​របប​នេះ​មិន​ឲ្យ​វិល​មក​រក​កម្ពុជា​វិញ។​

​លោក​ថ្លែង​ថា៖ ​«​គណ​បក្ស​បាន​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​រដ្ឋ​ធម្មនុញ្ញ​ ​ការពារ​របប​រាជា​និយម​ ការពារ​ឯករាជ្យ​ អធិ​បតេយ្យ និង​បូរណ​ភាព​ទឹកដី ​ថែរក្សា​សន្ដិភាព​ ស្ថិរភាព​នយោ​បាយ ​ទប់​ស្កាត់​ឧបាយ​កល​បដិ​វត្តន៍​ព​ណ៌ ​និង​សកម្មភាព​ប្រទូស្ដរ៉ាយ​គ្រប់​បែប​យ៉ាង​របស់​ក្រុម​ប្រឆាំង​ ​និង​មជ្ឈដ្ឋាន​អគតិ​នានា ​ដែល​ចង់​រុញច្រាន​កម្ពុជា​​ឥត​ឈប់ឈរ​ ឃ្លាត​ឆ្ងាយ​ពី​មាគ៌ា​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ»។​

លោក​​ ​គិ​ន ភា​ ប្រធា​ន​​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុ​ជា​បាន​លើក​ឡើង​ដែរ​ថា បើ​និយាយ​អំពី​ការ​កកើត​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​គឺ​គេ​ត្រូវ​បែង​ចែក​ជា ​​៤​ ដំណាក់ ​នៃ​ការ​វិវឌ្ឍរបស់​គណបក្ស​នេះ​ ដូច​ជា ​ ដំណាក់​កាល​មាន​​និន្នា​ការ​របប​កុម្មុយនិស្ត​អំឡុង​សម័យ​អាណា​និគម​បារាំង​ដល់​សម័យ​សង្គម​រាស្ដ្រ​និយ​ម​ ដំណាក់​កាល​គ្រប់​គ្រង​​ដោយ​​ខ្មែរ​ក្រហម​ពី​ឆ្នាំ ១​​៩៧៥​-​១៩៧៩​ ដំណាក់​កាល​គ្រប់​គ្រង​ដោយ​ក្រុម​សាធារ​ណ​រដ្ឋ​ប្រជា​មានិ​ត​កម្ពុជា​ពី​ឆ្នាំ​ ​១៩៧៩ ដល់​​ឆ្នាំ ១​៩៩៣ ​បន្ទាប់​ពី​វាយ​ផ្ដួល​រំលំ​ខ្មែរ​ក្រហម​ ​និង​ដំណាក់​ចុង​ក្រោយ​គណ​បក្ស​នេះ​បាន​ផ្លា​ស់​​ប្ដូរ​មក​រក​មនោគ​មន៍​វិជ្ជា​លទ្ធិ​​ប្រជា​​​ធិប​តេយ្យ​សេរី​ទទួល​យ​ក​ពហុ​មតិ​​ក្នុ​ង​សង្គម​ប្រជា​ធិប​តេ​យ្យ​ ​ការ​អនុ​វត្ត​របស់​គ​ណបក្ស​ប្រជាជន​គឺ​ផ្អែក​លើ​គោលការណ៍​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ»៕