ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​ គឺ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ហើយ​ការចូល​ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ​តាម​ព្រំដែន​គ្នា​ទៅវិញ​ទៅមក គឺ​មិនមែន​ជា​ការឈ្លានពាន​គ្នា​នោះទេ​។

ការថ្លែង​របស់លោក​ ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាន​សម្តែង​ក្តីបារម្ភ​ថា គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​កម្ពុជា-វៀតណាម​ នៅក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​នា​ថ្ងៃទី​ ១៨ ខែធ្នូ ខាងមុខ​ មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើ​សមយុទ្ធ​នោះ​ទេ​ពោល​គឺ​វៀតណាម​អាច​នឹង​ឈ្លានពាន​កម្ពុជា​។

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ២ ៥៨៨ ​នាក់​ កាលពី​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ការធ្វើ​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា-វៀតណាម គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​តាម​​ព្រំដែន និង​ការជួយ​សង្គ្រោះ​ប្រជាជន​នៃ​ប្រទេស​ទាំង ​២ ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​សមយុទ្ធ​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​លោក​។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ការភាន់ច្រឡំ និង​សូមកុំ​មាន​ការព្រួយបារម្ភ​ដោយ​លោក​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ យោធា សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​ដែល​គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែធ្នូ​ខាងមុខ​នេះ​ថា​មិនមែន​ជាការ​ឈ្លានពាន​ពី​វៀតណាម​ដូច​មាន​បុគ្គល​មួយ​ចំនួន​បាន​និយាយ​នោះទេ ហើយ​ថា​សមយុទ្ធ​យោធា​សង្គ្រោះ​នេះ​នឹង​ជួយ​បង្កើន​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ព្រំដែន​យើង​គឺ​នៅតែ​ជា​ព្រំដែន​គ្រាន់តែ​នេះ​ជា​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។ កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា វៀតណាម​ឈ្លានពាន ឬ​ថៃ​ឈ្លានពាន ឬ​ក៏​ឡាវ​ឈ្លានពាន​... យើង​អាច​ឆ្លងទៅ​គេ​បាន​គេ​អាច​ឆ្លង​មក​យើង​បាន​ដោយ​ចាត់ទុកថា នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការធ្វើ​សមយុទ្ធ​កងទ័ព​រវាង​កម្ពុជា​និង​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​របស់​លោក ព្រោះ​ដោយសារ​កម្ពុជា​ធ្លាប់មាន​បទពិសោធ​គ្រោះទឹកជំនន់ និង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​តាម​ព្រំដែន​ជា​មូលហេតុ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​ប្រទេស​ជិតខាង​ត្រៀម​បង្ការ​ថ្ងៃ​ណាមួយ​មាន​គ្រោះ​ផ្សេងៗ​ដែល​អាចជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ជីវិត​ប្រជាពលរដ្ឋ​។

លោក​បន្តថា​៖ «​ប្រទេស​ជិត​ខាងយើង​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ ដើម្បី​នឹង​សង្គ្រោះ​ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្លងកាត់​ព្រំដែន ឧទាហរណ៍​ភ្លើង​ឆេះ​ព្រៃ​ពី​ព្រំដែន​កម្ពុជា ហើយ​ភ្លើង​វា​មិន​ស្គាល់​ព្រំដែន​វៀតណាម ឬ​ថៃ​ទេ ដូច្នេះ​យើង​ត្រូវ​តាម​ពន្លត់​វា ហើយ​បើ​ខាង​នោះ​ឆេះ​មក យើង​ក៏ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​វា​ឆេះ​រាលដាល ពីព្រោះ​យើង​ជា​ប្រទេស​ជិតខាង​គ្នា​។ ពីព្រោះ​ខ្ញុំ​ចង់ការពារ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​»​។

បើ​តាម​លោក ហ៊ុន សែន ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​គ្រោះមហន្តរាយ​ច្រើនដង​រួច​មក​ហើយ​ដូច​កាលពី​ឆ្នាំ​ ២០១១ នៅ​ខេត្តរតនគិរី ទឹកជំនន់​វ៉ៃលុក នៅ​តំបន់​ព្រំដែន​ភូមិភាគ​ទី​ ១ ហើយ​លោក​ត្រូវ​ទូរស័ព្ទ​ទៅ​ទីក្រុង​ហាណូយ ដើម្បី​សុំ​អន្តរាគមន៍​ពី​កងទ័ព​វៀតណាម​ភូមិ​គាគ​ទី ៥ ឲ្យ​សហការ​ជាមួយ​ភូមិភាគ ទី​ ១ ​កម្ពុជា ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​ពី​ទឹកជំនន់​ឆ្លងកាត់​ទៅ​វៀតណាម​វិញ ដោយ​មិន​អាច​ឆ្លងកាត់​មក​កម្ពុជា​បាន​ទេ ពីព្រោះ​ទឹកជំនន់​វា​កួច​យក​តែម្តង​។

លោក​បន្តថា មិនមែន​​តែ​ជាមួយ​វៀតណាម​នោះ​ទេ​កន្លងមក កម្ពុជា​ក៏​ធ្លាប់ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ និង​ចិន និង​ជាមួយ​ប្រទេស​ដទៃ ផ្សេងទៀត​ផងដែរ​ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា​៖ «​ជាមួយ​អាមេរិក ចិន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់ធ្វើ ហេតុអ្វី​យើង​មិនអាច​ធ្វើ​ជាមួយ​ប្រទេស​ជិតខាង​បាន​?»​។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា សមយុទ្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​ជួនកាល​មិន​ត្រឹម​តែ​ជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេ ដោយ​ពេល​ខ្លះ​ក៏មាន​កិច្ចសហប្រតិបត្តិការ ដោយ​មាន​ពហុជាតិ​សាសន៍​ចូលមក​ជួយ​ផង​ដូច​ករណី​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី​ដែល​មាន​កងទ័ព​អាមេរិក​រួមទាំង​កងទ័ព​ប្រទេស​ផ្សេង​ទៀត​បាន​ចូលទៅ​ជួយសង្គ្រោះ​។

លោក​ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​ដឹងថា សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះទឹកជំនន់​និង​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​ពង្រឹង​ការសហការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​។ សមយុទ្ធ​នេះ​នឹង​មាន​ការប្រើប្រាស់​កងកម្លាំង​យោធា​កម្ពុជា​ចំនួន ៤៧១ ​នាក់ និង​យោធា​វៀតណាម ៦៥ នាក់​។

លោក​ថា​៖ «​ដំណាក់កាល​ទី​ ១ គឺ​យើង​ធ្វើ​លំហាត់​នៅលើ​ទីលាន​ដោយ​ប្រើប្រាស់ ដ្រូន​ស៊ើបការណ៍ និង​ការជួយ​សង្គ្រោះបន្ទាន់​នឹង​ដំណាក់កាល​ទី​ ២ ​គឺ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​មេរោគ​រាតត្បាត​នៅ​ព្រំដែន និង​ការចែក​អំណោយ​មនុស្សធម៌​។ មិនមាន​ការឈ្លានពាន​ដូច​ការលើក​ឡើង​របស់​ពួកប្រឆាំង​នោះទេ​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា ការធ្វើ​សមយុទ្ធ​រវាង​ភាគី​កម្ពុជា និង​វៀតណាម​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​យោធា​ក្នុងការ​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​ជា​រឿង​ធម្មតា​។

លោក​បាន​ថា​៖ «​នេះ​គឺជា​ការយល់ព្រម​រវាង​គ្នា​នឹង​គ្នា រវាង​ប្រទេស​ទាំង​ ២ ហើយ​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការធ្វើ​សមយុទ្ធ ដើម្បី​ពង្រឹង​ទំនាក់ទំនង ហើយ​អ្នកចោទ​ប្រកាន់​ចេះតែ​ចោទ​ទៅ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​យើង​ឲ្យ​តែ​ឮ​ពាក្យ​វៀតណាម យើង​រសើប​តែម្តង​ហើយ​រាជរដ្ឋាភិបាល​ត្រូវតែ​ប្រុង​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​កាលពី​ថ្ងៃទី​ ១៣ ​ខែ​ធ្នូ​រដ្ឋបាលខេត្ត​ស្វាយរៀង​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ចែករំលែក​បទពិសោធ​រួមគ្នា និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នៅពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង ដូចជា​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ និង​គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត​៕