ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា នៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងជំនាញព្រមទាំងឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដែលជាមូលដ្ឋានចម្បង សម្រាប់ជំរុញល្បឿនកំណើនសេដ្ឋកិច្ច និងបង្កើតការងារល្អសម្រាប់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ដ្រីថ្លែងបែបនេះ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៣ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ» ដោយលោកបានចាត់ទុកមូលធនមនុស្សគឺជាកត្ដាកំណត់នៃផលិតភាពការងារ ការបង្កើតតម្លៃបន្ថែម សមត្ថភាពប្រកួតប្រជែង ភាពទាក់ទាញសម្រាប់វិនិយោគពីបរទេស និងការចាប់យកបច្ចេកវិទ្យាថ្មីជាដើម។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា៖ «ក្នុងបរិបទដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចមានការរីកចម្រើនផ្លាស់ប្ដូរយ៉ាងរហ័ស ដូចជាកម្ពុជាយើងព្រមជាមួយនឹងវិវឌ្ឍនៈបច្ចេកវិទ្យាដ៏លឿនក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលធ្វើឱ្យតម្រូវការជំនាញ មានការប្រែប្រួលយ៉ាងខ្លាំងតាមរយៈការបង្កើតការងារថ្មីដែលមិនធ្លាប់មានពីមុនមកជំនួសការងារដែលមានស្រាប់។ ជំនាញវិជ្ជាជីវៈដើរតួនាទីចាំបាច់ក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចរក្សាស្ថិរភាពការងារ និងអាចផ្លាស់ប្ដូរទៅរកការងារថ្មីបានយ៉ាងរហ័ស»។
លោកថ្លែងថា ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកដោយយល់ច្បាស់ពីសារៈសំខាន់ចាំបាច់នៃជំនាញវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាអាទិភាពខ្ពស់បំផុតក្នុងក្របខ័ណ្ឌគោលនយោបាយជាតិហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់ មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិវឌ្ឍនៈ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្ដីរំពឹងទុកកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋក្នុងគ្រួសារ និងកម្រិតជីវភាពកាន់តែប្រសើរ។
លោកបានលើកឡើងថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះមានសិក្ខាកាម សិស្សានុសិស្ស និស្សិត និងកម្មករនិយោជិតជាង ២០ ម៉ឺននាក់បានទទួលការបណ្ដុះបណ្ដាលជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ហើយបានចាប់យកឱកាសការងារល្អៗ និងបង្កើតមុខរបរដោយខ្លួនឯងដោយជោគជ័យ។ លោកថាបច្ចុប្បន្នមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈចំនួន ២៣ ត្រូវបានទទួលស្គាល់គុណភាពពីអង្គការស្ដង់ដាអន្តរជាតិ (ISO)។
ក្នុងឱកាសប្រារព្ធទិវានេះ លោកនាយករដ្ឋមន្ដ្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តជំរុញលើកទឹកចិត្ដ និងបង្កើនការចុះឈ្មោះកូនចៅឲ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានចំណេះដឹងចំណេះធ្វើ ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អដែលជាកត្ដាកំណត់ភាពប្រកួតប្រជែង សម្រាប់ចាប់យកឱកាសការងារល្អក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដែលនាំឱ្យគ្រួសារមានប្រាក់ចំណូល និងជីវភាពកើនឡើង និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍដូចដែលប្រធានបទនៃទិវាជាតិនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ និងប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា កិច្ចខិតខំពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាជាសសរស្តម្ភនៃនិរន្តរភាពជីវភាពរស់នៅសមរម្យ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ និងការជ្រោងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់នឹងវិបត្តិនានា ដូចជាជំងឺរាតត្បាត COVID-19 ជាដើម។
«ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃ TVET ធនាគារអភិវឌ្ឍន៍អាស៊ីរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗបាននិងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៣ ឆ្នាំ ២០២០ នៅថ្ងៃទី ១៥ មិថុនា ក្រោមប្រធានបទ TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ»។
បើតាម ADB ចាប់តាំងពីឆ្នាំ ២០១៤ មក ADB បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើកំណែទម្រង់លើកស្ទួយប្រព័ន្ធ និងកម្មវិធី TVET ឱ្យដល់កម្រិតថ្មីមួយទៀតដោយបានវិនិយោគថវិកាជិត ១៧៥ លានដុល្លារ។ ការងារនេះរួមមានការសម្រួចជំនាញ និងសមត្ថភាពប្រកួតប្រជែងកម្លាំងពលកម្មផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជាព្រមទាំងអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យអាទិភាពទាំង ៤ រួមមាន ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
ការគាំទ្រក្នុងការអប់រំ និងការអភិវឌ្ឍជំនាញរបស់ ADB ក៏បានចូលរួមចំណែកនាំមកនូវបរិក្ខារបង្កើនជំនាញ សម្ភារសិក្សា ព្រមទាំងគុណភាពបង្រៀនដល់សិស្សវិទ្យាល័យជិតកន្លះលាននាក់ (ក្នុងនោះ ៤០% ជាស្ត្រី) និងបានជួយសិស្សប្រមាណ ៣៤ ០០០ នាក់ (ស្ត្រី ៥២,៨%) ចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET។ ដោយគិតគូរអំពី «ភាពធម្មតាក្នុងបរិបទថ្មី» ដែលនាំមកដោយការរាតត្បាតនៃជំងឺ COVID-19 គម្រោងរបស់ ADB ក៏ពង្រឹងតួនាទី និងការចូលរួមនៃវិស័យឧស្សាហកម្មក្នុងការអភិវឌ្ឍជំនាញដោយផ្តោតលើការពង្រឹងជំនាញ និងការប្តូរជំនាញក្នុងចំណោមកម្មករផងដែរ៕