ភ្នំពេញៈ ​លោក​នា​យក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​អះ​អាង​ជា​សាធារណៈថា​មិន​បាន​ប្រើប្រាស់​ពាក្យ​អសុ​រោះ​ដូច​មេដឹកនាំ​ហ្វីលី​ពីន​ទេ ហើយ​ពាក្យ​ដែល​បាន​ប្រើ​កន្លង​មក​​គឺ​ជា «គ្រាម​ភាសា» ប៉ុណ្ណោះ។​​

​លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត​ សាង​សង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋា​ភិបាល​ជប៉ុន​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិ​ល​មិញ។​ ដោយ​ការ​ថ្លែង​បែប​នេះ​​គឺ​នៅ​ពេល​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​វិភាគ​មួយ​ចំនួន​ដែល​លោក​ថា​ «​មិនត្រឹមត្រូវ» ​នោះ​គឺ​ការ​លើក​ឡើង​ថា ការ​ដាច់​ភ្លើង​នៅ​កម្ពុជា​គឺ​ជា​ការផ្ដាច់​ដើម្បី​យក​លេសសាង​សង់​វារី​អគ្គិស​នី។​ លោក​ថា​ អ្នក​ដែល​វិភាគ​បែប​នេះ​សម​នឹង​កាត់​ផ្ដាច់​អគ្គិស​នី​ពី​ផ្ទះ​របស់​ពួកគេ។

លោក ហ៊ុន សែន​ ​ថ្លែង​ថា៖​ ​«​ដល់​ពេល​គេ​និយាយ​អ៊ីចឹង​ថា​អូផ្ដាច់​ការ​ទៀត​ហើយ​ ហើយ​មាត់​អាក្រក់។​ តែ​ខ្ញុំ​សុំ​បញ្ជាក់​ ខ្ញុំ​អត់​ទាន់​ប្រើ​ពាក្យ​សម្ដី​ដូច​ប្រធា​នាធិប​តី​ហ្វីលី​ពីន​ទេ។ ​ប្រធា​នាធិប​តី​ហ្វីលី​ពីន​ តែ​ជេរ​ឡើង​កូន​មី​សំផឹង​ទាំង​អស់។​ សូម្បី​តែ​ប្រធា​នាធិប​តី​អា​មេរិក​ អូបា​ម៉ា​ ក៏​ប្រធា​នាធិប​តី​ហ្វីលី​ពីន​ជេរ​​ «​កូន​មី​សំផឹង​ដែរ​»​។​ ខ្ញុំ​អត់​ទាន់​ប្រើ​សម្ដី​ដល់​ប៉ុណ្ណឹង​ទេ»។​

​លោក​បន្ត​ថា៖​ «ហើយ​គាត់​ជេរ​នោះ​ធ្ងន់​ធ្ងរ​ណាស់ ​ជេរ​អាណា​ក៏​គាត់​ជេរ​ដែរ។​ អគ្គលេខា​ធិ​ការ​រង​ អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ គាត់​ជេរ​កូន​មី​សំផឹង​ទាំង​អស់។​ ខ្ញុំ​អត់​ជេរ​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។​ តែ​ខ្ញុំ​គ្រាន់​តែ​ប្រើប្រាស់​ភាសា​មួយ​ចំនួន​ ភាសា​គ្រាម​ គ្រាម​ភាសា​របស់​យើង​ដែល​ធ្លាប់​ប្រើ​ពី​មុន​មក​​មួយ​ចំនួន។​ វា​ហួស​ហេតុ​ពេក​ ​ប្រយ័ត្ន​រន្ទះ​បាញ់»។​

​ប្រធា​នា​ធិប​តី​ហ្វី​លី​ពីន ​Rodrigo​ Duterte​ កាល​ពី​ឆ្នាំ​ ២០១៦ បាន​ហៅ​អតីត​​ប្រធានាធិប​តី​សហ​រដ្ឋ​អា​មេរិក បារ៉ាក់​ ​អូបាម៉ា​ ​ថា​ជា ​«​កូន​របស់​ស្ត្រី​លក់​ខ្លួន»​ ឆ្លើយ​​តប​នឹង​ការ​រិះគន់​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​អន្តរ​ជាតិ​រិះគន់។

ប៉ុន្តែ​លោក​បាន​សុំ​ទោស​ដល់​លោក​ អូបា​ម៉ា​ កាល​ពី​ឆ្នាំ​មុន។​ នៅ​​ឆ្នាំ​ ២០១៨ ​លោក​ក៏​បាន​វាយ​ប្រហារ​លើ​ក្រុម​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​គ្រោង​នឹង​ស៊ើប​អង្កេត​រឿង​បង្ក្រាប​គ្រឿង​ញៀន​នៅ​ហ្វីលី​ពីន​ ​ដោយ​លោក​ថា ​ក្រុម​សិទ្ធិ​មនុស្ស​នោះ​គួរ​តែ​ត្រូវ​ បោះ​ឲ្យ​ក្រពើ​ស៊ី។​

លោក​ ​គិន​ ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ​លោក​ ហ៊ុន សែន​ ​ប្រើប្រាស់​ពាក្យ​ដែល​ស្ដាប់​ទៅ​មិន​ពីរោះ​នៅ​ក្នុង​ទិដ្ឋភាព ​២ យ៉ាង គឺ​ទី​១​ ដោយ​សារ​តែ​លោក​ ​ហ៊ុន សែន​ ​ជា​កូន​កសិករ ​ដូច្នេះ​លោក​ប្រើ​ប្រាស់​ពាក្យ​សម្ដី​​សាមញ្ញដូច​ដែល​ពលរដ្ឋ​ទូទៅ​​និយាយ​ឬ​គ្រាម​ភាសា។​

លោក​បន្ត​ថា​ ​កត្តា​ទី​២​ នៃ​ការ​ប្រើ​​ភាសារ​គ្រោត​គ្រាត​របស់​គាត់​គឺ​ប្រើ​សម្រាប់​បុគ្គល​ដែល​ធ្វើ​នយោ​បាយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ។​

​លោក​និយាយ​ថា៖ ​«​អ្នក​ខ្លះ​គឺ​ថា​បើ​និយាយ​ល្អ​ ស្ដាប់​អត់​បាន​ទេ​ ព្រោះ​ឥរិយា​បថរបស់​គាត់​គឺ​បែប​ហ្នឹង​ អ៊ីចឹង​គាត់​ប្រើ​ភាសា​មួយ​ដែល​ស​ម​នឹង​ឥរិយា​បថ​ទាំង​នោះ»។​

​អ្នក​វិភាគ​នយោ​បាយ​លោក ​ឡៅ ​ម៉ុង​ហៃ ​យល់​ឃើញ​ថា ​នៅ​ពេល​ពាក្យ​សម្ដី​របស់​មនុស្ស​ម្នាក់​ស្រប​ទៅ​នឹង​គោល​បំណង​ឬ​គំនិត ​ឬ​អំពើ​ជាក់​ស្ដែង ​គេ​អាច​និយាយ​បាន​ថា ​មនុស្ស​នោះ​ជា​ម​នុស្ស​ស្មោះ​ត្រង់។​ ប៉ុន្តែ​នៅ​ពេល​ពាក្យ​សម្ដី​មិន​ស្រប​នឹង​អំពើ​ទេ​ ​គេ​ថា​ គាត់​មិន​ស្មោះត្រង់។​

លោក​ថា​៖​ ​«​ពាក្យ​អាក្រក់ៗ​បង្ហាញ​រូប​ភាព​អាក្រក់​ដល់​​អាកប្ប​កិរិយា ​និង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ ដោយសារ​តែ​ពាក្យ​សម្ដី​របស់​មនុស្ស​គឺ​ជា​តម្លៃ​របស់​គាត់ បើ​តាម​ពាក្យ​ស្លោក​ខ្មែរ​ គឺ​ដូច​នឹង​ភ្លុក​ដំរី​ដែល​អាច​បញ្ជាក់​ពី​តម្លៃ ​របស់​ដំរី»។

លោកបាន​បន្ត​ថា៖ «​ពាក្យ​សម្ដី​អាក្រក់​ បើ​ទោះ​ជា​ល្អ​ជាង​ឬ​អាក្រក់​ជាង​សម្ដី​មនុស្ស​ដទៃ​ទៀត​ក៏​ដោយ​ក៏នៅ​​តែ​ជា​ពាក្យ​អាក្រក់។​ ​លើស​ពី​នេះ​ទៀត ​ពាក្យ​អាក្រក់​បណ្ដុះ​នូវ​វិវាទ ​និង​ធ្វើ​ឲ្យ​ខូច​ភាព​សុខុ​ដុម​រមនា​នៅ​ក្នុង​សង្គម​ ប៉ុន្តែ​ជា​អ្វី​ដែល​សង្គម​ក្រោយ​របប​កុម្មុយ​នីស្ត​ចង់​បាន»៕​