ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា លោក​នឹង​តស៊ូ​បន្ថែមទៀត​ប្រឆាំង​នឹង​អ្នក​ដែល​ចង់​កម្ចាត់​ត្រកូល​ហ៊ុន និង​បាន​លើកឡើង​ថា ការសម្របសម្រួល​នយោបាយ​អាច​កើតមាន​ក្រោយពេល​អ្នកនយោបាយ​ដែល​ជាប់​សំណុំរឿង​នៅ​តុលាការ​ត្រូវ​បាន​តុលាការ​កាត់ទោស​រួចរាល់​។

ការថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ដែល​ការពារ​ស្ត្រី និង​ជនក្រីក្រ កាលពី​ម្សិលមិញ ប៉ុន្តែ​មិនបាន​លើក​ចំឈ្មោះ​បុគ្គល​ណា​ម្នាក់​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា នយោបាយ​មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី​ត្រូវបាន​គេ​លើកឡើង​តាំងពី​ឆ្នាំ​ ២០១៣ ដែល​នេះ​សំដៅ​ទៅលើ​បុគ្គល​ជា​អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​។

ទោះយ៉ាងណា​ក៏ដោយ​បើ​តាម​លោក​មេធាវី សំ សុគង់ បុគ្គល​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​ជា​ ១៥០ ​នាក់​ ត្រូវបាន​ជាប់ចោទ​ដាច់ដោយឡែក​ពីគ្នា​ដូចជា​ជាប់ចោទ​ពី​បទ​ឧបឃាត ញុះញង់​ និង​រួមគំនិត​ក្បត់​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​បើ​ដាក់​គោលដៅ​បង្រួបបង្រួម​ខ្មែរ អូខេ​។ បើ​ដាក់​គោលដៅ​កម្ចាត់​ត្រកូល​ ហ៊ុន សុំ​ផ្ដាំ​ទៅ ទោះបី​រលាយ​ផែនដី​ក៏​ ហ៊ុន សែន នៅតែ​តស៊ូ​ ផ្ដាំ​ឱ្យ​ហើយ​។ ឥឡូវ​មិនមែន​វ៉ៃ​តែ​ ហ៊ុន សែន ​ទេ វ៉ៃ​ត្រកូល​ ហ៊ុន​។ អ៊ីចឹង​តម្រូវឱ្យ​ខ្ញុំ​មាន​រឿង​អី​ដែល​ត្រូវ​គិត​។ ប្រធានាធិបតី​អាមេរិក​ថ្មី​ដែល​ជាប់ឆ្នោត​អាយុ​ ៧៨ ខ្ញុំ​ទើបតែ ៦៨ គាត់​ចាស់​ជាង​ខ្ញុំ​។ ខ្ញុំ​មាន​ទាន់​ចាស់​ឯណា​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​បើ​អ្នកឯង​ប្រុងប្រៀប តែ​ប្រហារ​ខ្ញុំ រឿង​អី​ដែល​ខ្ញុំ​ទុកឱ្យ​អ្នកឯង​មាន​ពេល​ប្រហារ ខ្ញុំ​ត្រូវតែ​ប្រហារ​អ្នកឯង​។ រឿង​វា​អ៊ីចឹង​។ គេ​ថា លោក​ ហ៊ុន សែន ​អប់រំ​គេ​ឱ្យ​ចេះ​សម្របសម្រួល តែ​ខ្លួនឯង អត់​ព្រម​សម្របសម្រួល​។ ខ្ញុំ​សម្របសម្រួល​អស់​ប៉ុណ្ណឹង​ហើយ ខ្ញុំ​គ្មាន​ពេល​សម្របសម្រួល​ជាមួយ​អ្នកណា​ទៀត​ទេ​។ ដំណើរការ​ផ្លូវច្បាប់​ធ្វើ​តាម​ច្បាប់​ផុតពី​រឿង​ច្បាប់​ហើយ ចាំ​សម្រួល​គ្នា​ខាង​នយោបាយ​។ អត់​មាន​សម្រួល​គ្នា​ខាង​នយោបាយ មុន​សម្រួល​គ្នា​ខាង​ផ្លូវច្បាប់ សុំ​ជូន​សារ​នេះ​ទុក​ឱ្យ​ហើយ​។ ដំណើរការ​ផ្លូវច្បាប់​នៅតែ​បន្ត អ្នកឯង​ជាប់គុក​ត្រូវ​ជាប់គុក​ឱ្យ​ហើយ ចាំ​មក​និយាយ​គ្នា​ខាង​នយោបាយ​។ អ្នក​មិនទាន់​កាត់ក្ដី ត្រូវ​តែ​កាត់ក្ដី​ឱ្យ​ហើយ ចាំ​និយាយ​គ្នា​រឿង​នយោបាយ​»​។

កម្ពុជា​នឹង​មិន​មាន​ដំណោះស្រាយ​នយោបាយ​ទេ ព្រោះ​ប្រទេស​នេះ​គ្មាន​ជម្លោះ​នយោបាយ ប៉ុន្តែ​មាន​តែ​ជម្លោះ​ជាមួយ​ផ្លូវច្បាប់​តែប៉ុណ្ណោះ​។ នៅ​កម្ពុជា​ក៏​គ្មាន​អ្នកទោសនយោបាយ​ដែរ មាន​តែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ​។ កម្ពុជា​ក៏​នឹង​គ្មាន​កិច្ចព្រមព្រៀង​លើក​ទី​ ២ ហើយក៏​គ្មាន​ការលើកលែង​ទោស​លើក​ទី​ ២ ទី​ ៣ ទី​ ៤ ទី ​៥ នោះដែរ​។ នេះ​ជា​ការលើកឡើង​របស់​លោក ហ៊ុន សែន​។

លោក​មាន​ប្រសាសន៍​ថា ការអះអាង​ពី​ការកម្ចាត់​ត្រកូល​ ហ៊ុន ធ្វើឱ្យ​លោក​កាន់តែ​ប្រឹង​តស៊ូ​​តទៅ​ទៀត​។ លោក​រំឭកថា ពេល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ថ្ងៃទី​ ៨ ខែមករា​ឆ្នាំ ១៩៧៩ លោក​ត្រូវបាន​អ្នក​ខ្លះ​ហៅថា ជា​រដ្ឋមន្ត្រី​មិនទាន់​បាត់​ធំក្លិន​ទឹកដោះគោ​។ ភាសា​មួយ​មាត់​នេះ​ធ្វើ​ឱ្យ​លោក​ប្រឹង​ធ្វើការ​ផង រៀន​ផង​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​អ៊ីចឹង​នៅពេល​ឮថា កម្ចាត់​ត្រកូល​ ហ៊ុន បាន​សេចក្ដី​ថា កាន់តែ​ធ្វើឱ្យ​ខ្ញុំ​ប្ដេជ្ញាចិត្ត​ទាល់តែ​ពួក​ឯង​ងាប់​សិន​។ ទាល់តែ​មេខ្លោង​របស់​វា​ងាប់​សិន បាន​អញ​ថយ និយាយ​គ្នា​ឱ្យ​ច្បាស់​។ រឿង​អី​មក​និយាយ​ដល់​ត្រកូល ដល់​គ្រួសារ​ទាំងមូល​? ទទួល​យក​អត់​បានទេ​អាហ្នឹង​»​។

ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់​រឿង​ក្តីក្តាំ​ជាច្រើន​នៅ​តុលាការ​។ រូបថត ហ្វេសប៊ុក សម រង្ស៊ី

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ជាគោលការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​ដែល​ចង់​កម្ទេច​ដៃគូ​បដិបក្ខ​ទេ គឺ​ប្រកួត​ដោយ​ឈរលើ​មាគ៌ា​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លើស​ពី​នេះ​លោក​មិនដឹង​ទេ​។

ពាក់ព័ន្ធ​នឹង​ការសម្របសម្រួល​នយោបាយ​ក្រោយពេល​អ្នក​នយោបាយ​បាយ​ឆ្លង​ផុត​នីតិវិធីតុលាការ លោក ច័ន្ទរ័ត្ន ថ្លែងថា មកទល់​បច្ចុប្បន្ន​នេះ គណបក្សប្រឆាំង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ​។ លោក​ថា រឿងរ៉ាវ​ដែល​កើតមានឡើង​មកទល់​បច្ចុប្បន្ន​នេះ​គឺ​កើត​ចេញ​ពី​វោហាសាស្ត្រ​នយោបាយ​។

លោក​ថ្លែងថា​៖ «​បើ​មកដល់​ពេល​នេះ​លោក​ [​ហ៊ុន សែន​] យល់​ថា នេះ​ជា​ជម្រើស ហើយ​អត់​មាន​វិធី​ផ្សេង អ៊ីចឹង​មាន​តែ​ធ្វើតាម​នោះ​ហើយ​ឆ្លងកាត់​នីតិវិធី​តុលាការ​សិន​ទៅ​។ ទោះ​យើង​មិន​សប្បាយចិត្ត​ឆ្លងកាត់​ប៉ុនណា តែ​វា​គ្មាន​ជម្រើស​ទេ​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក គិន ភា ថ្លែងថា នៅពេល​និយាយ​ពី​ការកម្ទេច​ត្រកូល​ ហ៊ុន លោក ហ៊ុន សែន ​ទំនងជា​សំដៅ​ដល់​អតីតមន្ត្រី​បក្សប្រឆាំង​មួយចំនួន​ដែលមាន​ចរិត​នយោបាយ​ផ្ដោតលើ​បុគ្គល​ជាជាង​លើ​គោលនយោបាយ​។

លោក​បន្តថា វា​ជា​រឿង​ខ្វះ​ក្រម​សីលធម៌​ដែល​អ្នកនយោបាយ​យក​រឿង​បុគ្គល និង​គ្រួសារ​នៃ​អ្នកដឹកនាំ​ជា​កម្មវត្ថុ​នៃ​ការវាយប្រហារ​។ ការធ្វើ​បែបនេះ​នឹង​មិនអាច​រកឃើញ​ចំណុចរួម​សម្រាប់​សាមគ្គី​ជាតិ និង​ការកសាង​ជាតិ​។

ចំពោះ​ការសម្របសម្រួល​នយោបាយ​នៅ​ក្រោយ​ពេល​អ្នកនយោបាយ​បាន​ឆ្លងកាត់​នីតិវិធី​តុលាការ លោក គិន ភា យល់​ថា​លោក ហ៊ុន សែន ​ធ្លាប់​ថ្លែងថា នឹង​មិន​ស្នើសុំ​លើកលែង​ទោស​ចំពោះ​លោក សម រង្ស៊ី ប៉ុន្តែ​លោក​មិន​ធ្លាប់បាន​និយាយ​បែបនេះ​ចំពោះ​លោក កឹម សុខា ទេ ប៉ុន្តែ​ការចរចា​នយោបាយ​អាចមាន​នៅក្រោយ​នីតិវិធីតុលាការ​។

លោក​បញ្ជាក់ថា ការសម្របសម្រួល​នយោបាយ​អាច​កើតមានឡើង​នៅលើ​ទិដ្ឋភាព​ ៣ ដែល​មិនឱ្យ​ភាគី​ណាមួយ​បាក់មុខមាត់​។ ទិដ្ឋភាព​ទី​ ១ គឺ​គណបក្ស​ប្រជាជន​អាច​សម្របសម្រួល​ក្នុង​រូបភាព​មួយ​ដែល​មិន​ស្ថិតក្រោម​ការដាក់​សម្ពាធ​ពី​ខាងក្រៅ​។ ទិដ្ឋភាព​ទី​ ២ គឺ​អន្តរជាតិ​ដូចជា​សហភាព​អឺរ៉ុប ត្រូវ​រក្សា​នូវ​តម្លៃ​របស់​ខ្លួន​លើ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ទិដ្ឋភាព​ទី​ ៣ គឺ​ក្រុម​អតីត​បក្សប្រឆាំង​ប្រសិន​បើ​មាន​ការសម្រប​សម្រួល​នយោបាយ​ណាមួយ​មិន​ត្រូវ​ដើរ​ស្រែក​យកមុខ យក​ពិន្ទុ​ថា ជា​ជោគជ័យ​របស់​ខ្លួន​ដែល​បរទេស​បានដាក់​សម្ពាធ​នាំឱ្យ​រដ្ឋាភិបាល​សុខចិត្ត​សម្របសម្រួល​នោះទេ​។ បើ​និយាយ​បែប​នេះ​គឺ​មាន​បញ្ហា​វិញ​ភ្លាម​តែម្ដង​។ ត្រូវ​រក្សា​ឥរិយាបថ​មួយ​បង្ហាញ​សុឆន្ទៈ​ក្នុង​ការរួម​គ្នា​ដើម្បី​ប្រទេសជាតិ នោះ​ទើប​បាន​សុខសប្បាយ​យូរអង្វែង​»៕