ភ្នំពេញៈ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ មក លោក​សង្កេតឃើញ​ថា មាន​ចលនា​គាំទ្រ​យ៉ាង​ធំធេង ទាំង​តាម​ផ្លូវចិត្ត និង​ទាំង​តាមរយៈ​ការផ្តល់​ថវិកា​បាន​រហូត​ដល់​ជាង​ ៣០ ​លាន​ដុល្លារ ​ដើម្បី​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ដែល​ចលនា​គាំទ្រ​ពី​ប្រជាពល​ខ្មែរ​នេះ​គឺជា «​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​»​។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ថវិកា​សប្បុរសជន​ចូលរួម​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​បាន​ជាង​ ៣០ ​លាន​ដុល្លារ​។

លោក​ ហ៊ុន សែន ​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់លោក​កាលពី​ម្សិលមិញ​ថា​៖ «​នៅមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​ចង់​ចូលរួម ប៉ុន្ដែ​មិន​ដឹងថា ​ចូល​នៅ​កន្លែង​ណា និង​តាមរបៀប​ណា​? ខ្ញុំ​ព្រះករុណា​ខ្ញុំ​​បាន​ចាត់ចែង​តាម​ច្រក​ ២ គឺ​ចូល​តាមរយៈ​លោក​ សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែលមាន​លេខ​ទូរស័ព្ទ​ ០១២ ៩៦១ ៩៧១ ប្រចាំ​ការទទួល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​តាមរយៈ​ធនាគារ ABA លេខ​គណនី (001249176) Tep Sothy»​។ ​

នៅ​យប់​ថ្ងៃទី​ ៧ ខែធ្នូ​លោក​ ហ៊ុន សែន បាន​ផ្តល់​ជា​យោបល់​ទៅ​ដល់​គណៈកម្មការ​ប្រឆាំង​កូវីដ​ ១៩ ទាក់ទង​នឹង​ការផ្តល់​អាទិភាព​សម្រាប់​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​ជាងគេ​ដែល​ត្រូវធ្វើ​ការផ្តល់​វ៉ាក់សាំង​ក្នុង​ដំណាក់កាល​ដំបូង​។

ក្នុង​សារ​ជា​សំឡេង លោក​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គ្រាន់តែ​លើក​ជា​យោបល់​ថា ក្នុង​ ១ ​លាន​ដូស ដែល​យើង​គ្រោង​នឹង​ទិញ​ក្នុង​ជំហានដំបូង​នេះ អ្នក​ដែល​ត្រូវ​បាន​មុនគេ​គឺ​សំដៅ​លើ​គ្រូពេទ្យ ព្រោះ​អ្នក​ទាំងនោះ​ជា​អ្នក​ដែល​ប្រឈម​ជាមួយ​នឹង​គ្រោះថ្នាក់​ជួរមុខ​តែម្តង​»​។

លោក​បន្តថា​៖ «​បន្ទាប់មក​យើង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​គ្រូបង្រៀន​របស់​យើង ដែល​មាន​ប្រមាណ​ជា​ ១២ ​ឬ​ ១៣ ​ម៉ឺន​នាក់ ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ដែល​រួមមាន​កងទ័ព​មាន​អាវុធហត្ថ មាន​នគរបាល មាន​មន្ត្រី​ពន្ធនាគារ​ជាដើម​ដែល​អ្នក​ទាំង​នេះ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ហានិភ័យ​ខ្ពស់​»​។

លោក​នាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា អ្នក​ដែល​ទទួល​បន្ទាប់ មាន​មន្ត្រី​យុត្តិធម៌ ដូចជា​ខាង​ព្រៃឈើ ជលផល បរិស្ថាន មន្ត្រី​តុលាការ​មាន​ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី​ដែល​ពួកគាត់​ទាំងអស់​ត្រូវ​ជួប​មនុស្ស​ច្រើន​។ ជា​ការគិត​ត្រួសៗ​របស់​លោក​គឺ​អស់​ប្រហែលជា​ ៤០ ​ម៉ឺន​ដូស​ នៅ​សល់​ប្រហែល​ ១០ ​ម៉ឺន​ដូស​ទៀត ក្រសួង​នឹង​សម្រេច ហើយ​ជំហាន​បន្ទាប់​លោក​នឹង​ឈានទៅ​ដំណាក់កាល​ទី​២ ដោយ​មាន​ការស្នើសុំ​ជំនួយ ឬក៏​ទិញ​បន្ថែម​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​គិត​បន្តទៀត​ថា តើ​ត្រូវ​ចាក់​នៅ​តំបន់​ណា​មុន តំបន់​ណា​ក្រោយ​ដូចជា​អាច​សំដៅ​ដល់​និស្សិត​ដែល​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ​ទាំង​រដ្ឋ និង​ឯកជន ហើយ​អ្នកដែល​រៀន​នៅតាម​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឬ​ឆ្ពោះ​ទៅ​រក​កម្មករសំណង់​ ឬ​កម្មករ​ដទៃទៀត​នៅ​តាម​ទីក្រុង​ទីប្រជុំជន​ដែល​អាច​ទទួល​បាន​ជា​បន្តបន្ទាប់​ថែមទៀត​ដែល​យើង​នឹង​ធ្វើការ​ពិភាក្សា​គ្នា​បន្តទៀត​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជា​នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ពី​ការសាងសង់​ឃ្លាំង​សម្រាប់​ស្តុកទុក​វ៉ាក់សាំង​ដែល​នៅក្នុង​កន្លែង​ស្តុកទុក​នោះ​អាច​ទុក​ក្នុង​កម្រិត​ដែលមាន​សីតុណ្ហភាព​រហូត​ទៅដល់​ ៨០ ​អង្សា​ក្រោម​សូន្យ (-៨០) ​ប៉ុន្តែ​ក៏មាន​ក្នុង​កម្រិត-៤០ ឬ​-៣០​អង្សា​ដែរ ប៉ុន្តែ​កម្រិត​អតិបរមា​ គឺ​បាន​ទៅដល់-៨០ ​អង្សា​ឯណោះ​។

លោក​បន្តថា​៖ «​អ៊ីចឹង​!​កន្លែង​ស្តុក​វ៉ាក់សាំង មិនមែន​ជា​ការពិបាក​ពេក​ទេ ជាមួយ​នឹង​ការសាងសង់​ដោយសារ​ទម្រាំ​តែ​ការ​មាន​ការកំណត់​ការទិញ ការបញ្ជាទិញ​អាច​ល្មម​ស៊ីចង្វាក់​គ្នា​នឹង​ការមក​ដល់​នៃ​វ៉ាក់សាំង​ដែរ​»​។

គួរបញ្ជាក់​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ត្រៀម​បម្រុង​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា រហូត​ដល់​ជាង​ ១ ​លាន​ដូស ដើម្បី​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ឥតគិតថ្លៃ​ក្នុង​ដំណាក់កាល​ដំបូង សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់​។

បើតាម​លោក​ ហ៊ុន សែន វ៉ាក់សាំង​ ១ ​លាន​ដូស​នេះ​ចាក់​បាន​ត្រឹម​តែ​មនុស្ស​ ៥០ ​ម៉ឺន​នាក់​ប៉ុណ្ណោះ (​ព្រោះ​ម្នាក់​ត្រូវ​ការចាក់ ២ ​ដង​) ក្នុងពេល​ដែល​កម្ពុជា​មាន​ប្រជាជន ១៦ ​លាន​នាក់​ទាំងចាស់​ទាំងក្មេង ដែល​ក្នុងនោះ​អាច​មាន​មនុស្ស​ប្រមាណ​ ១០ លាន​នាក់​ត្រូវ​ការចាក់​វ៉ាក់សាំង​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បានប្រកាស​ចូលរួម​គាំទ្រ​ដល់​វិធានការ​នានា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ជាពិសេស​នៅពេល​ថ្មីៗ​នេះ​នូវ​គម្រោង​ផែនការ ដែល​ដាក់​ចេញមក​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​លោក​ថា ជា​វិធានការ​ទាន់​ពេលវេលា​ក្នុង​ការត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

លោក​ កឹម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា៖ «​ខ្ញុំ​សូម​អបអរសាទរ និង​កោតសរសើរ​ក្រៃលែង ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា ដោយ​ទឹកចិត្ត​ជ្រះថ្លា​ជូន​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូវីដ​១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅប្រទេស មេត្តា​ចូលរួម​ជា​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​ដោយ​ទឹកចិត្ត​សប្បុរសធម៌ សាមគ្គី​ជាតិខ្មែរ ខ្មែរ​ជួយ​ខ្មែរ ក្នុង​គ្រា​មាន​អាសន្ន​នៃ​ជំងឺ​កូវីដ ១៩ ​នេះ​»​។

ទន្ទឹមនឹង​នេះដែរ លោក​ កឹម សុខា ក៏បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ប្រទេស​អភិវឌ្ឍន៍​មាន​ធនធាន​មាន​មធ្យោបាយ សូមជួយ​ផ្ដល់​នូវ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​នេះ​ដើម្បី​ចាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​តាម​លទ្ធភាព​ប្រកប​ដោយ​មនុស្សធម៌​។

សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​មាន​លោក ហុង ពីវ អគ្គនាយក ក្រុមហ៊ុន​បុរីពិភពថ្មី ៣ ​លាន​ដុល្លារ លោក គិត ម៉េង ​ប្រធាន​ក្រុមហ៊ុន រ៉ូយាល់គ្រុប ៣ ​លាន​ដុល្លារ លោក​ ចេន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ព្រីនស៍​ហូលឌីងគ្រុប ៣ ​លាន​ដុល្លារ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ៣ ​លាន​ដុល្លារ ក្រុមហ៊ុន ប៉េងហួតគ្រុប​ ៣ ​លាន​ដុល្លារ​លោក ឡាវ ម៉េងឃីន ៣ លាន​ដុល្លារ លោក លី យ៉ុងផាត់ ៣ ​លាន​ដុល្លារ លោក​ ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កាណាឌីយ៉ា ៣ ​លាន​ដុល្លារ លោក​ ឡេង ណាវ៉ាត្រា ​អគ្គនាយក ក្រុមហ៊ុន​ឡេងណា​វ៉ាត្រា​​ ១ ​លាន​ដុល្លារ លោក​ ហេង សិទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ារីថាមគ្រុប ១ ​លាន​ដុល្លារ លោក​ សុខ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​សូគីម៉ិច អ៊ិនវេសមេនគ្រុប ១ ​លាន​ដុល្លារ រួម​នឹង​រដ្ឋមន្ត្រី និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។

អ្នក​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាងសាំង​ប្រឆាំង​កូវីដ ដែល​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ទឹកប្រាក់​ជាង​ ៣០ ​លាន​ដុល្លារ​នោះ​គឺ​ធ្វើ​ឡើង ដោយ​មិនមាន​ការអំពាវនាវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ​។

លោក​ គិត ម៉េង ថ្លែង​ថា លោក​ និង​ក្រុមគ្រួសារ​មាន​កិត្តិយស​ដែល​បាន​ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ ១៩ ជួយ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក​ខ្លាំង​។ លោក​បន្តថា​៖ «​យើង​សង្ឃឹមថា ការបរិច្ចាគ​ទឹកប្រាក់ ៣ ​លាន​ដុល្លារ​ សម្រាប់​ការទិញ​វ៉ាក់សាំង​កូវីដ​១៩​នេះ​នឹង​ជួយ​បាន​ច្រើន​ដល់​ប្រជាជន​កម្ពុជា​យើង​»៕

វីដេអូ៖