ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​កម្ពុជា​ចូលរួម​គាំទ្រ​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​ក្នុង​កិច្ចប្រតិបត្តិការ​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ស្រប​ពេល​កម្ពុជា​នៅតែ​រក្សា​តួនាទី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ១៤ ប្រទេស​ផ្សេងទៀត​លើ​ ២២២ ប្រទេស​ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវ​ភេទ​នៅ​តំបន់​បេសកកម្ម​។

ការថ្លែង​ពី​ការប្តេជ្ញា​ជាថ្មី​នេះ​បាន​ធ្វើឡើង​នៅក្នុង​វីដេអូ​ខ្លី​មួយ​ប្រមាណ​ជា ២ នាទី​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ ដោយ​បាន​លើកឡើង​ថា​៖ «​ក្នុងនាម​ជា​សមាជិក​នៃ​រង្វង់​ភាព​ជា​អ្នកដឹកនាំ ខ្ញុំ​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគាំទ្រ​យ៉ាងខ្លាំងក្លា និង​ការអនុវត្ត​នូវ​គោលនយោបាយ គ្មាន​ការអត់ឱន​ចំពោះ​អំពើ​កេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ ព្រមទាំង​ចូលរួម​ជាមួយ​សមាជិក​ដទៃទៀត ដើម្បី​ទប់ស្កាត់​នូវ​អំពើ​បែបនេះ​»​។

លោក ហ៊ុន សែន ថ្លែង​ដោយ​ទទួល​ស្គាល់​ថា អ្នក​ថែរក្សា​សន្តិភាព​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជាជន កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​នានា នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង​, ស៊ូដង់​, ស៊ីប​, លីបង់ និង​ម៉ាលី បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ គ្មាន​ការអត់ឱន​ចំពោះ​អំពើ​កេងប្រវ័ញ្ច និង​ការរំលោភ​បំពាន​ផ្លូវភេទ ប្រកប​ដោយ​ការទទួល​ខុសត្រូវ សេចក្តី​ថ្លៃថ្នូរ និង​សីលធម៌​ខ្ពស់​ក៏​ដូចជា​វិន័យ​ដ៏តឹងតែង​។

លោក​បញ្ជាក់​បន្តថា​៖ «​នេះ​គឺជា​ភាពចាំបាច់​នៃ​សីលធម៌ និង​ភាពចាំបាច់​នៃ​ប្រតិបត្តិការ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​របស់​អង្គការ​សហប្រជាជាតិ​។ ទោះបី​ជា​បទល្មើស​របស់​ពួកគេ​ជា​ការទទួល​ខុសត្រូវ​រួម​របស់​អង្គការ​សហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​ក៏ដោយ ជនល្មើស ដែល​បាន​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ដោយផ្ទាល់​ចំពោះ​មុខ​ច្បាប់ ចំពោះ​ទង្វើ​របស់​ពួកគេ​»​។

លោកស្រី កុសល ម៉ាលីដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នៃ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាមច្បាប់​អង្គការ​សហប្រជាជាតិ​រាល់​ប្រទេស​ដែល​ស្ថិត​ក្នុង​ការបរិច្ចាគ​កងកម្លាំង​របស់ខ្លួន​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ត្រូវ​គោរព​ឲ្យ​បាន និង​ចូលរួម​លុបបំបាត់​អំពើ​កេងប្រវ័ញ្ច និង​រំលោភ​បំពាន​ផ្លូវភេទ​នៅក្នុង​តំបន់​បេសកកម្ម​ដែល​ខ្លួន​បាន​បំពេញ​។

លោកស្រី​បន្តថា​៖ «​ជារួម​ករណី​នេះ​មាន​ប្រទេស​គេ​ផ្សេង​ (​ប្រព្រឹត្ត​) ហើយ​បាន​កើតឡើង​នៅ​ប្រទេស​បេសកកម្ម​។ ប៉ុន្តែ​គ្រាន់តែ​ថា បើ​យើង​និយាយ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​យើង​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ ១៤ ប្រទេស​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ហ្នឹង​។ ច្បាស់​ជា​សម្តេច​លើក​ឡើង​រឿង​ហ្នឹងហើយ ដែល​កម្ពុជា​មិន​ពាក់ព័ន្ធ និង​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ជាថ្មី​ទៀត​»​។

លោកស្រី ម៉ាលីដា ថ្លែងថា​ក្នុង​រយៈពេល​ ១៣ ​ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ ២០០៦ ​មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ក្រៅ​ប្រទេស​បាន​ ១០ បេសកកម្ម ដោយ​មាន​ចំនួន​ ៦ ៣៥២ ​នាក់​ ក្នុង​នោះ​មាន​ស្ត្រី ៣២៨ ​នាក់​ ទៅ​កាន់​ប្រទេស​ចំនួន​ ៨ រួមមាន​ស៊ូដង់ ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល សឺរ៉ី ស៊ីប ម៉ាលី និង​ប្រទេស​ឆាដ​។

លោកស្រី​បន្តថា កងទ័ព​មួកខៀវ​របស់​កម្ពុជា​ដែល​បញ្ចូន​ទៅ​ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត ២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​រួច​ជាស្រេច​នូវ​កងទ័ព​មួក​ខៀវ​ទាំងនេះ​សម្រាប់​បម្រុង​ទុក​នៅពេល​មានការ​ស្នើឡើង​បន្ថែម​ទៀត​ពី​អង្គការ​សហប្រជាជាតិ​ក្នុងពេល​ខាងមុខ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​កម្ពុជា បាន​និយាយ​ថា​ក្នុង​ពេលនេះ​ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សារ​បែប​នេះ​គឺ​ចង់បង្ហាញ​ពី​ការចូលរួម​គាំទ្រ​ទៅលើ​ការ​ប្រឆាំង​នឹង​អំពើ​ជួញដូរ និង​រំលោភបំពាន​ផ្លូវភេទ​។

លោកស្រី​ថា​៖ «​លោក​មាន​ប្រសាសន៍​នេះ​គឺ​ក្នុងពេល​ដែល​មាន​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​ហ្នឹង អ៊ីចឹង​មាន​ន័យ​ថា​គោលការណ៍​នេះ​គឺ​រដ្ឋាភិបាល​ខ្មែរ ប្រកាន់​ជំហរ​ហ្នឹង និង​ប្រឆាំង​ដាច់ខាត​អំពើ​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​»៕