ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​ចិន​ថា ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច និង​ឯករាជ​ភាព​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រឹងមាំ ដែល​បាន​ជួយ​ទប់ស្កាត់​សកម្មភាព​ជ្រៀត​ជ្រែក​ពី​បរទេស​ខាង​ក្រៅ​ដែល​ប្រើ​វិធី​សាស្ដ្រ​គ្រប់​រូបភាព​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​រូប​លោក​សព្វ​ថ្ងៃ​នេះ។

សារព័ត៌មាន ហ្រ្វេ​ស​ញូ​វ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ​ថា នៅ​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​កម្ពុជា​ចំនួន ៤៦៨ នាក់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្រៅ​តែ​ពី​ប្រាប់​ក្រុម​និស្សិត​ទាំង​នោះ​ថា ចិន​បាន​ជួយ​ទប់ស្កាត់​សកម្មភាព​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ក៏បាន​ឆ្លើយតប ចំពោះ​ការ​រិះគន់​របស់​បរទេស​មួយ​ចំនួន ដែល​ចោទ​លោក​ថា បាន​កាត់​ដី​ឱ្យ​ចិន​ផង​ដែរ។

លោក​ថ្លែងថា៖ «ការជួយ​របស់​ចិន ដើម្បី​ការធ្វើឱ្យ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ពង្រឹង​ឯករាជ​ភាព​ទប់ស្កាត់​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ដែល​មាន​មហិច្ឆតា​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា លើ​គ្រប់​រូបភាព​ទាំង​អស់។

ការចោទប្រកាន់ (កាត់ដី​ឱ្យ​ចិន) របស់​បរទេស​ទាំងនោះ ក៏​ព្រោះតែ​ឃើញ​ចិន វិនិយោគ​ច្រើន​នៅ​កម្ពុជា ខណៈ​ពួកគេ​មិន​បាន​ជួយ​អ្វី​សោះ​ដល់​កម្ពុជាប្រទេស​នៅលើ​ពិភពលោក​នេះ កំពុងតែធ្វើការ​ទាក់ទាញ​អ្នក​ទេសចរ​ចិន​ខ្លាំង​ណាស់​រាប់​ទាំង​ប្រទេស​ជិត​ខាង​កម្ពុជា ក៏​កំពុង​តែ​មាន​ការ​ទាក់ទាញ​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​ទុន​ចិន​ផង​ដែរ»។

ការបញ្ជាក់​របស់លោក​នាយក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ចំនួន ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០១៩។

នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន កាលពី​ថ្ងៃទី ២០ មករា​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន នឹង​ធ្វើឱ្យ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ កម្ពុជា-ចិន កាន់​តែរឹងមាំ​ថែម​ទៀត។

បើតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ហ៊ុន សែន បាន​សរសេរ​ទៀតថា រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ជំរុញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាពិសេស វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍។ «នៅ​ក្នុង​ឆ្នាំ ២០១៧ យើង​ទទួល​បាន​ទេសចរ​ចិន​ប្រមាណ ១,២ លាន​នាក់ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ទេសចរ​ចិនបាន​កើន​ឡើង​ដល់ ១,៩ លាន​នាក់។ កាល​ពី​ឆ្នាំ​មុន​លោក​នាយក​រដ្ឋមន្ត្រី​គ្រោង​ចង់​បាន​ទេសចរ​ចិន​យ៉ាង​ហោច​ណាស់ ០,០១% តែ​ចាប់ពី​ឆ្នាំ ២០១៩ នេះ គឺ​កម្ពុជា​ចង់​បាន​ទេសចរ​ចិន​យ៉ាង​ហោច​ណាស់ ០,០៥ នៃ​ប្រជាជន​ចិន ១៣០០ លាន​នាក់»។

លោក ហ៊ុន សែន​​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិត​ខ្មែរ​នៅ​ចិន​​។ SPM

ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បន្តថា ក្រៅពី​ចិន កម្ពុជា​ក៏ត្រូវ​តែ​ពង្រីក​ទីផ្សារ​នាំ​ទំនិញ​ចេញ​ថែម​ទៀត ដូចជា​ទៅ​ប្រទេស​ចិន តំបន់​អាហ្រ្វិក មជ្ឈិមបូព៌ា និង​កូរ៉េ​ជាដើម។ «កម្ពុជា​ត្រូវ​ខិតខំ​បើក ពង្រីក ពង្រឹង​ទីផ្សារ​ឱ្យបាន​ច្រើន​ថែម​ទៀត​ក្រៅពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ។ សព្វថ្ងៃ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក៏បាន​កើន​ឡើង​ដល់ ៦ ៦០០ លាន​ដុល្លារ​ហើយ»។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដដែល​លោក ហ៊ុន សែន បាន​សន្យា​ចំពោះមុខ​និស្សិត​ថា លោក​នឹង​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវ​ដាច់​បាយ​ឡើយ​បើ​ទោះបី​ជា​ពិភពលោក​បច្ចុប្បន្ន កំពុង​មិន​ច្បាស់​លាស់​ថា ត្រូវ​ទៅ​ផ្លូវ​ណាមួយ​ឱ្យ​ពិត​ប្រាកដ​ក៏ដោយ។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​លើកឡើងថា លោក ហ៊ុន សែន ដែល​ធ្លាប់​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ឆ្លង​ផុត​ពី​ដំណាក់​កាល​អត់​ឃ្លាន លោក​ប្រាកដ​ជា​មាន​យុទ្ធសាស្ដ្រ​សម្រាប់​ទប់ទល់​ចំពោះ​បញ្ហា​នេះ។

លោក​ថា៖ «មនុស្ស​ដែល​កាន់អំណាច គឺ​សម្ដេចនាយក​ហ្នឹង តាំងពី ៧៩ មក​គាត់​បាន​ឆ្លង​កាត់​រឿង​ហ្នឹង​អ៊ីចឹង​គាត់​ត្រូវ​តែ​មាន​យុទ្ធសាស្ដ្រ​សម្រាប់​ទប់ទល់​បញ្ហា​ហ្នឹង វា​ខុស​អំពី​អ្នក​ដែល​មក​កាន់​ដូរ​ដៃ​ហើយ ហើយ​អត់​ដឹង (យុទ្ធសាស្ដ្រ) ហើយ​រុញ​បញ្ហា​កម្ពុជា វិល​ទៅ​រក​ភាព​អត់​ឃ្លាន​វិញ។ ភាព​អត់​ឃ្លាន​លឿន​ណាស់​លោក អ្នកណា​ដឹង​ថា (ប្រទេស) ស៊ីរី អ៊ីចឹង លីប៊ី​ដែល​ជា​ប្រទេស​ឋានសួគ៌​របស់​មនុស្ស​គ្រាន់​តែ​មិន​មែន​ឋាន​សួគ៌​សម្រាប់​ប្រជាធិប​តេយ្យ ប៉ុន្តែ​ឋានសួគ៌​សម្រាប់​រស់​នៅ ប៉ុន្តែ​មួយ​ប៉ប្រិច​ភ្នែក ធ្វើឱ្យ​ក្លាយ​ទៅ​ជា​ស្អី ជា​កន្លែង​ទុរភិក្ស កន្លែង​និរាស​ព្រាត់​ប្រាស»។

នៅក្នុង​បេសកកម្ម​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី ៦ក្នុងប្រទេស​ចិន​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ជីន​ភីង ប្រធានា​ធិបតី​ចិន លោក លី ចាន់​ស៊ូ ប្រធាន​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​នៃ​សភា​ប្រជាជន​ចិន លោក វ៉ាង យ៉ាង ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន លោក សុង តាវ ប្រធាន​មន្ទីរ​ទំនាក់​ទំនង​អន្តរជាតិ​របស់​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ដ​ចិន ព្រម​ទាំង​អ្នក​រក​ស៊ី​ចិន​មួយ​ចំនួន​ទៀត៕

(កែសម្រួល​ដោយ សូ វិសាល)