ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​អន្តរជាតិ​មួយ​កាលពី​ម្សិលមិញ​ថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ គឺជា​សត្រូវ​រួម​របស់​ពិភពលោក​ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​ពួតដៃគ្នា ដើម្បី​ប្រែក្លាយ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ឱ្យ​ក្លាយជា​សមរភូមិ​តែមួយ​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា ជំងឺ​កូវីដ​ ១៩ បាន​នាំមក​នូវ​បញ្ហា​មួយ​ចំនួន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដូចជា​បញ្ហា​សុខភាព​សាធារណៈ​ការបង្អាក់​ការប្រមូលផ្ដុំ​របស់​មនុស្ស និង​កិច្ចដំណើរការ​ចង្វាក់​ផ្គត់ផ្គង់​ជា​សកល​ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​សង្គម និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ទាមទារ​ឲ្យ​មាន​ការឆ្លើយតប​រួម និង​សាមគ្ដីភាព​ជា​សកល​។ លោក​ក៏​ចង់ឃើញ​លែង​ឱ្យ​មានការ​រើសអើង​ពូជសាសន៍ និង​ការប្រកាន់​ជំហរ​ស្ដីបន្ទោស ដែល​ជា​ល្បែង​ទម្លាក់កំហុស​ដ៏អាក្រក់​មួយ​នាំឱ្យ​បែកបាក់​សាមគ្គីភាព​ជុំវិញ​វិបត្តិ​បង្កឡើង​ពី​ជំងឺ​កូវីដ​នេះ​។

លោក​បន្តថា​៖ «​ជា​ទិសដៅ​ទៅមុខ យើង​ពិតជា​មាន​ភាពចាំបាច់​ជា​យុទ្ធសាស្ដ្រ ក្នុងការ​ត្រៀមខ្លួន​ឱ្យបាន​ល្អ​ក្រោយ​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩​។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ យើង​គួរតែ​រៀបចំ​ផែនការ​ស្ដារ​ឡើងវិញ​ប្រកប​ដោយ​ភាពជាក់លាក់​មួយ​ដោយ​ដាក់​ចេញ​នូវ​សេណារីយ៉ូ​មួយ​ចំនួន​សម្រាប់​បើក​ឱ្យ​ដំណើរការ​ជា​បណ្ដើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ក្នុង​តំបន់ និង​ការស្ដារ​ឡើងវិញ​នូវ​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ​»​។

លោក​បន្តថា បណ្ដា​ប្រទេស​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការជំរុញ​សកលភាវូនីយកម្ម និង​ពង្រឹង​យន្តការ​ពហុភាគី​និយម ដើម្បី​ធានា​បរិយាកាស​អនុគ្រោះ​សម្រាប់​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

លើសពីនេះ​បណ្ដា​ប្រទេស​ទាំងអស់​ត្រូវ​ធានាថា យន្តការ​កិច្ចសហប្រតិបត្តិការ នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការពន្លឿន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ និង​សម្រេចបាន​នូវ​របៀបវារៈ​សកល​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​។

អ្នកចូលរួម​សន្និបាត​ដែល​ធ្វើឡើង​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​។ រូបថត Universal Peace Federation

លោក ហ៊ុន សែន ក៏បាន​ចាត់ទុក​ការកសាង និង​ថែរក្សា​សន្ដិភាព​គឺជា​មូលដ្ឋានគ្រឹះ មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចការ​អាទិភាព​ខ្ពស់បំផុត​សម្រាប់​ប្រទេស​នីមួយៗ​។

លោក​ថា​៖ «​សន្ដិភាព​មិនអាច​សម្រេច​បាន​មក​ដោយ​ឯកឯង​នោះទេ​។ យើង​ត្រូវ​ជំរុញ​ការចេះ​ស្រលាញ់​គ្នា​ទៅវិញទៅមក​ផ្ដល់​គុណតម្លៃ និង​ការគិតគូរ​ខ្ពស់​ដល់​មនុស្សជាតិ​រួមរស់​ជាមួយ​គ្នា​ដោយ​សន្ដិភាព និង​សុខដុម និង​គោរព​ភាព​ចម្រុះ​នៃ​ជំនឿ​សាសនា និង​វប្បធម៌​នៅក្នុង និង​រវាង​សង្គមជាតិ​នីមួយៗ​»​។

លោក​ ហ៊ុន សែន ​ថ្លែង​សុន្ទរកថា​នេះ​តាមរយៈ​វីដេអូ​នៅ​សាល​មហាសន្និបាត​នៃ​ក្ដីសង្ឃឹម​របស់​សហព័ន្ធ​សន្ដិភាព​សកល​ដែល​បាន​រៀបចំ​នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​ ៩ ​សីហា​ម្សិលមិញ​ស្ដីពី​ «​ការកសាង និង​បង្កើត​ជាតិ​យើង​នៅក្នុង​ពិភពលោក ក្រោយ​វិបត្តិ​កូវីដ​១៩​ការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណតម្លៃ​សកល​»​។

មហាសន្និបាត​នេះ​ត្រូវ​បាន​ថ្លែង​ស្វាគមន៍​ដោយ​លោក បាន គីមូន អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រួមទាំង​ការ​ថ្លែង​របស់​លោកស្រី Paula White ទីប្រឹក្សា​ផ្នែក​ស្មារតី​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ លោក Chuichi Date អតីត​ប្រធាន​ក្រុមប្រឹក្សា​សមាជិក​សភា​ជប៉ុន និង​លោក Newt Gingrich អតីត​សភា​សហរដ្ឋ​អាមេរិក​។

មេដឹកនាំ​មួយចំនួន​ដែល​ថ្លែង​សុន្ទរកថា ក្នុង​មហាសន្និបាត​នេះ​រួមមាន​លោក ហ៊ុន សែន លោក Macky Sall ប្រធានាធិបតី​ប្រទេស​សេណេហ្គាល់​លោក Brigi Rafini នាយករដ្ឋមន្ត្រី​នីហ្សេរីយ៉ា​លោក Stephen Harper អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា លោក Alfred Moisiu អតីត​ប្រធានាធិបតី​ប្រទេស​អាល់បានី និង​លោក Jimmy Morales អតីត​ប្រធានាធិបតី​ប្រទេស​ហ្គាតេម៉ាឡា​។

លោក បាន គីមូន បាន​លើកឡើង​ថា ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​គំរាមកំហែង​ដល់​សន្តិភាព​។ ភាពក្អេងក្អាង និង​ភាពលោភលន់​ចំពោះ​សម្ភារ​បាន​នាំឱ្យ​មាន​ជម្លោះទឹកដី និង​ជម្លោះ​រវាង​សាសនា ជម្លោះ​រវាង​ជនជាតិ​ភាគតិច និង​ការបែកបាក់​គ្រួសារ​។

លោក​បន្ត​ថា អ្វី​ដែល​អាក្រក់​ជាងនេះ​ទៅ​ទៀត​គឺ​ការធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ចំពោះ​ការគំរាមកំហែង​កំពុង​កើតមាន​ដែល​បង្ក​ឡើង​ពី​ការប្រែប្រួល​អាកាសធាតុ និង​ការព្រមាន​សម្រាប់​ពិភពលោក​ហើយ​បញ្ហា​ទាំងអស់​នេះ​កំពុង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស រីឯ​ជាតិនិយម​កាន់តែ​ខ្លាំង​កំពុង​តែ​គំរាមកំហែង​ដល់​សន្តិសុខ​មនុស្សជាតិ​។

លោក​បញ្ជាក់​ទៀត​ថា នៅក្នុង​ពេល​កើតមាន​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ គឺ​គេ​បានឃើញ​ពី​ភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចំពោះ​និន្នាការ​មួយ​ចំនួន​ដែល​មិនបាន​ដោះស្រាយ​ដូចជា​ការកើនឡើង​ភាពតានតឹង​របស់​ចិន និង​សហរដ្ឋអាមេរិក​ដែល​គេ​ហៅថា​ជា​សង្គ្រាម​ត្រជាក់ ការកើនឡើង​ជាតិនិយម និង​ការការពារ​និយម​ដែល​បណ្តាល​ឱ្យ​ប្រទេស​នានា ងាកចេញ​ពី​ការងារ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ការគំរាមកំហែង​ពី​ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព និង​សន្ដិសុខ​មនុស្សជាតិ​នៅតាម​តំបន់​មួយចំនួន និង​វិបត្តិ​តម្លៃ គុណធម៌ និង​មូលធនសង្គម​កំពុង​ជះឥទ្ធិពល​ដល់​សង្គម​មាន​ស្ថិរភាព និង​អភិបាលកិច្ច​ល្អ​។

លោក​ថា​៖ «​យើង​ត្រូវ​យកចិត្ត​ទុកដាក់ ចំពោះ​ការព្រមាន​នេះ និង​ដោយ​ការមើលឃើញ​ជាមុន និង​ការយល់​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ស្វែង​រកមធ្យោបាយ​ជាក់ស្តែង​ដើម្បី​រួមរស់​ជាមួយ​ធម្មជាតិ​»​។

ចំណែក​លោកស្រី Hak Ja Han Moon សហស្ថាបនិក​នៃ​សហព័ន្ធ​សន្ដិភាព​សកល​បាន​លើកឡើង​ដែរ​ថា ការបែងចែក​រវាង​កូរ៉េ​ទាំង​ ២ កំពុង​ក្លាយជា​ឧបសគ្គ​សម្រាប់​សន្ដិភាព​។

កាលពី​ឆ្នាំ​ ២០១៩ ​លោកស្រី Hak Ja Han Moon បាន​បំពាក់​មេដាយ​ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​» ជូន​លោក ហ៊ុន សែន​ នៅក្នុង​ឱកាស​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​ផលវិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​ការកសាង​សន្ដិភាព និង​ការផ្សះផ្សា​ជាតិ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព វិបុលភាព និង​ការស្វែងរក​ការងារ​ដែល​ធ្វើ​ទៅ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​៕