ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា​ ទ្វារ​ដែល​បើក​ចំហ​សម្រាប់​នីតិ​​សម្ប​​ទា​នយោបាយ ​អាច​បិទ​មុន​ឬ​ក្រោយ​ចូល​ឆ្នាំខ្មែរ ហើយ​គ្មាន​ការ​សម្រប​សម្រួល​នយោ​​បាយ​ណា​មួយសម្រាប់​មន្ត្រី​ដែ​ល​ត្រូវ​បាន​តុលាការ​ហាម​​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​​​បើកការ​ដ្ឋាន​សាង​សង់​សំណង់​គម្រោង​ការពារ​ទឹក​ជំន​ន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ​ក្នុង​រាជធានីភ្នំពេញជំហានទី៤ កាល​ពីម្សិល​មិញ​​ថា៖ «តែ​ទ្វារ​ដែល​បាន​បើក​ហើយ វា​ក៏​អាច​បិទ​ទៅ​វិញ​ដែរ។ បើ​អ្នក​ព្រងើយ​កន្តើយ​ ​ហើយ​ចង់​ទាម​ទារ​នេះ​ ទាម​ទារ​នោះ លក្ខខណ្ឌ​នេះ​ លក្ខខណ្ឌ​នោះ​ អ្នក​ក៏​ត្រូវ​ដឹង​ថា ​រង់​ចាំ​ដល់​ខែ​វិច្ឆិកា ឆ្នាំ ​២០២២ ទើប​ទទួល​បាន។ អ្នក​ត្រូវ​ចាំ! កុំ​រង់​ចាំ​អ្វី​ទាំង​អស់។ ត្រូវ​ចាំ។ ប្រទេស​នេះ ​គឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជា​ប្រទេស​ឯក​រាជ្យ​ អធិបតេយ្យ​ ប្រទេស​មាន​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ»។

ដោយ​សំដៅ​លើ​លោក កឹម សុខា លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែ​ងថា ពួក​គេ​មិន​ចាំ​បាច់​​សង្ឃឹម​ថា ​នឹង​​មាន​ការ​លើក​លែង​ទោស ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​ណា​នោះ​ទៀត។ បើ​រង់​ចាំ​មើល​ករណី​លោក កឹម សុខា នោះពួក​គេ​ត្រូវ​រង់​ចាំ​ដល់​​ឆ្នាំ ២០២២ និង​ ២០២៣។

លោក​បន្ត​ថា៖ «ហើយ​កុំ​រង់​ចាំថា​នឹង​មាន​ការ​សម្រប​សម្រួល​នយោ​បាយ​ណាមួយ នេះ​មិន​មែន​ជា​រឿង​នយោ​បាយ​ទេ​តែ​ជារឿង​ផ្លូវ​​ច្បាប់។ តុលា​កា​រ​ត្រូវ​កាត់​ទោស​ជន​ដែល​កំពុង​ជាប់​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្រោ​ម​ការ​ស៊ើប​អង្កេត​ពី​សំ​ណាក់​តុលាការ​ជា​បន្ត​។ ​នៅ​​ពេល​ដែល​គេ​បិ​ទនូវការស៊ើប​​អង្កេត ​គេ​នឹង​ដំណើរ​ការ​ក្តី​ តាម​អំណា​ច​របស់​តុលា​ការ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​សារ​​ចុង​ក្រោយ​សម្រាប់​​អ្នក ហើ​​យ​បើ​អ្នក​ព្រងើយ​កន្តើយ​ ទ្វារ​នឹង​អាច​បិទ​ នៅ​មុន​ចូល​ឆ្នាំ​ខ្មែរឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ទោះ​បី​អ្នក​ដាក់​លិខិត​សុំ​ក៏​មិន​អើពើ»។

រហូត​មក​ដល់​ពេល​នេះ មាន​តែ​មនុស្ស​ ៣ នាក់​ប៉ុណ្ណោះ​​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គិត​ចាប់​ពី​ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ដើម្បីបើក​ផ្លូវ​ឲ្យ​អ្នក​ជាប់​បម្រាម​ មាន​សិទ្ធិ​ស្នើ​សុំ​នីតិ​សម្បទា​ឡើង​វិញ​កាល​ពី​ខែ​មករា។

លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ព្រមាន​អ្នក​ជាប់​បម្រាម​ ហើយ​រឹង​រួស​បន្ត​ធ្វើ​នយោបាយ​ទាំង​ខ្លួន​ជាប់​បម្រាម​ថា ពួក​គេ​អាច​ប្រឈម​មុខ​ជាប់​ខ្នោះ។ មាន​អ្នក​ខ្លះ ​កំពុង​រៀប​ចំ​រត់​ការ​ ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​អ្នក​ខ្លះ​កំពុង​រារែក ​ដោយ​សារ​តែ​ពួក​គេ​ បាន​ទទួល​យោបល់​ពី​មនុស្ស​ម្នាក់​ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថាឲ្យ​រង់​ចាំ​មើល ២-៣ សប្ដាហ៍​ទៀត។

លោ​ក​ថ្លែ​ងថា៖ «ខ្ញុំ​សូម​ផ្ដាំ​អ្នក បើរង់​ចាំ​ដូច្នេះ​ សូម​រង់​ចាំ​រហូត​ដល់​ខែ ​វិច្ឆិកា ឆ្នាំ​ ២០២២ គឺ​ជា​ថិរវេលា​ នៃ​សាល​ដីកា​តុលាការ​កំពូល។ ដូច្នេះ​អ្នក​អត់​មាន​ឱកាស​មក​បង្កើត​បក្ស​នយោបាយ​ដើម្បី​ចូល​រួម​​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ទេ»។

លោក​ថ្លែង​ថា​ អ្នក​ជាប់​បម្រាម ​មាន​ជម្រើស​តែ ២​ ទេ​ គឺ​ស្នើសុំ​នីតិសម្បទា​នយោ​បា​យ ឬ​មួយ​ត្រូវ​រង់​ចាំ​ដល់​ខែ​វិច្ឆិកា ២០២២ ដែល​​ផុត​ថិរវេលា​ហា​មឃាត់​ដោយ​តុលាការ​កំពូល។ លោក​បាន​ផ្ញើ​សារ​ច្បាស់ៗ​ថា នឹង​មិន​មាន​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​​ទេ។ «ខ្ញុំ​អត់​ត្រូវ​ការ​ចរចា​នយោបាយ​អីទាំ​ង​អស់។ ខ្ញុំ​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​តុលាការ​កាត់​ក្ដី ​សម្រាប់​អ្នកដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ នេះ​ជា​សារ​នយោបាយ​ជាក់​លាក់ដែល​ ហ៊ុន​ សែន​មិន​អាច​ធ្វើ​ផ្ទុយ​ពី​នេះ​»។

លោក​បាន​បញ្ជាក់​ថា មាន​អ្នក​ជាប់​បម្រាម​ខ្លះ​ បាន​ល្មើស​និង​រំលោភ​លើ​សាល​ដីកា​តុលា​​ការ​កំពូល​ដោយ​បាន​រៀប​ចំ​ការ​ប្រជុំ ​នៅលើ​ឡាន​ក្រុង ដោយ​ចេញដំណើរ​ពី​ភ្នំពេញ​ ទៅ​ភ្នំតាម៉ៅនិង​នៅ​ខេត្ត​កំពង់​ធំ​និង​កំព​ង់​ចាមព្រម​ទាំង​នៅ​បឹង​ត្រកួ​ន​។ ទោះ​យ៉ាង​​ណា​លោក​ថា លោក​មិន​ចាត់​វិធានការ​ទេ តែ​បើ​ចាត់​វិធានការ​វិញ សូម​កុំ​ចោទ​ថា​ វា​ជា​ការ ​«បង្ក្រាប​នយោបាយ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​រំឭក​ដល់​អ្នក​ដែល​រង់​ចាំ​ការដោះ​លែង​លោក កឹម សុខា មុន​នឹង​ស្នើ​សុំ​ថា ពួក​គេ​មិន​គួរ​រង់​ចាំទេ។ «បើ​មិន​​ដោះ​មេ​ខ្ញុំ​មុន ខ្ញុំ​មិន​សុំ​ទេ។ មុខ​អាហែង​ដូច​ម៉ែ​អញ! បើ​អាហែង​មិន​មក​ទេ ហី (ទៅ)។ អញ​កាន់​តែ​ស្រួល​គ្រប់​គ្រង​សភាព​ការណ៍​​។ មាន​អី? និយាយ​ឲ្យ​ត្រង់​ចឹង​ហ្មង។ ស្អី​ក៏​មាន​​តម្លៃ​ខ្លាំង​ម្ល៉េះ? រហូត​ដល់​យក​រដ្ឋ​មួយ ​ទៅ​នៅ​ក្រោម​បង្គាប់​របស់​អ្នក​ឯង​ហ៎? ក្នុង​ពេល​ដែល​ទោស​របស់​អ្នក​ឯង​មិន​ទាន់​បាន​ត្រូវ​កាត់​ផង»។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ នៅ​ក្នុង​ពិធីកាល​ពីម្សិល​មិញ​។ ហេង ជីវ័ន

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​អតី​ត​គណ​បក្ស​ប្រឆាំ​ង បាន​រៀប​ចំ​មនុស្ស​ ៥​ នាក់​ក្នុង​មួយ​ឃុំ ដើម្បីទៅ​ទទួល​ ​លោក សម រង្ស៊ី។ លោក​ព្រមាន​ថា៖ ​«អស់​លោក​ធ្វើ​ទៀត​ទៅ បន្តិច​ទៀត​ បាន​ជាប់​ខ្នោះ​ហើយ»។

លោក​ស្រី ម៉េង សុភារី មេធាវី​ម្នាក់​ ក្នុង​ចំណោម​ ៤ ​នាក់​ដែល​ការពារ​ក្តី​លោក កឹម សុខា បាន​ថ្លែង​ថា កូន​ក្តី​លោក​​ស្រី​មិន​អាច​ស្នើ​សុំ​នីតិសម្បទា​នយោបាយ​បាន​ទេ​ ដោយ​សារ​តែ​លោ​ក​កំពុង​ជាប់​បម្រាម​នយោបាយ​​មួយ​ទៀត​ ពី​ចៅក្រម​ស៊ើបសួរ។

លោក​ស្រី​ថ្លែង​ថា៖ «គាត់​អាច​គិត​មួយ​ជំហាន​ទៀ​ត​​បាន បើសិន​ជាគា​ត់​មិន​ជាប់​បម្រាម​របស់​ចៅ​ក្រម​ស៊ើប​សួរ ទើប​គាត់​អាច​ទៅ​សុំ​នីតិ​សម្ប​ទា​​​បាន»។

លោក​ស្រី​បញ្ជាក់​ថា បម្រាម​នេះ ​គឺ​ជា​ឆន្ទានុ​សិទ្ធិ​របស់​ចៅក្រម​ស៊ើប។លោក​ស្រី​ មូរ សុខហួរ អនុ​​ប្រធានអតីត​គណបក្ស​សង្គ្រោះ​​ជាតិ​ បាន​ថ្លែង​​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ស្រី​នឹង​មិន​ស្នើ​សុំ​នីតិ​សម្បទា​នយោបាយ​ទេ ព្រោះ​ការស្នើ​សុំ​បញ្ជាក់​ថា​ ជា​ការ​ទទួល​ស្គាល់​ថា​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រព្រឹត្ត​ខុស។

លោក​ស្រី​ថ្លែង​យ៉ាង​ខ្លី​ថា៖ «​យើ​ង​​​នឹង​បន្ត​ការពារ​សិទ្ធិ​របស់​យើង​រួម​ទាំង​សិទ្ធិ​នយោបាយ»។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អ្នកតំណាង​រាស្ត្រ​ខេត្ត​តាកែវ​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​និង​មន្ត្រី​បក្សប្រឆាំង​ស្ថិត​ក្នុង​សម្ពាធ​ពី​មេដឹក​នាំ​គណបក្ស​ប្រឆាំង និង​ពី​គណបក្ស​​កាន់​អំណាច។ លោក​ថា លោក សម រង្ស៊ី បាន​ព្រមាន​រួច​ហើយ​ថា អ្នក​ដែល​ស្នើ​សុំ​ គឺ​ជាអ្នក​ក្បត់​បក្ស ក្បត់​ប្រជារាស្ត្រ និង​អាច​ក្បត់​ជាតិ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​យើ​ង​នៅ​ក្រោម​សម្ពាធ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង និង​ពី​បក្ស​កាន់​អំណាច យើង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ដក​ដង្ហើម»។

ជាមួយគ្នា​នេះ លោក​បានថ្លែង​​ការពារ​លោក កឹម សុខា ថា ការ​ចោទ​ប្រកាន់​រឿង​ក្បត់​ជាតិ ​គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ បានថ្លែង​ថា ការ​កំណត់​កាល​កំណត់​ដោយ​លោក ​ហ៊ុន សែន ធ្លាប់​កើត​មា​ន​ហើយ​កាល​ពី​កន្លង​ទៅ​ ដូច​ជា​នៅ​ពេល​ដែល​លោក​បាន​ពន្យា​រ​​​ពេល ​សម្រាប់​អតីត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មន្ត្រី​អតីត​បក្ស​ប្រឆាំ​ង​ឲ្យ​ចូល​ជាមួយ​បក្ស​កាន់​អំណា​ច​ ពេល​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ហើយ​ឥឡូវ​លោក ​ហ៊ុន សែ​ន​ បានគំរាម​ដាក់​កាល​កំណា​​​ត់​ម្ដង​ទៀត​ សម្រាប់​ការ​ស្នើ​សុំ​នីតិសម្បទា​នយោបាយ។

លោក​ថ្លែង​ថា៖ «យ៉ាង​ណា​ក៏​ដោយ វា​ជា​រឿង​មិន​ស្រប​ច្បាប់​ ដែល​ទៅ​រារាំង​ការ​ស្នើ​សុំ​ការ​ធ្វើ​នីតិ​សម្ប​ទានយោបាយ ពីព្រោះ​​វា​ជា​ការ​ផ្ដល់​អំណាច​ដោយ​ច្បាប់ មិន​មែន​ជា​ការ​អនុគ្រោះ​ទេ»។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បាន​ថ្លែង​ថា ការ​កំណត់​ពេល​វេលា​បែប​នេះ គឺ​គ្រាន់​តែជា​វិធី​មួយ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្លា​ច​ដល់​អ្នក​ដែល​មានការ​រារែក​ មិន​ហ៊ាន​បន្ត​ទៅ​មុខ ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដើម្បី​​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ។

លោក​បន្ត​ថា អ្នក​ជាប់​បម្រាម​​គួរ​តែ​ស្នើ​សុំ​នីតិសម្បទា​នយោ​​បាយ​ ហើយ​បង្កើត​បក្ស​ថ្មី​ ដើម្បី​ចូល​ប្រកួត​ប្រជែង​ព្រោះ​ថា គណបក្ស​នយោ​បាយ​ CNRP មិន​សំខាន់​លើ​ឈ្មោះ​ទេ ប៉ុន្តែ​សំខាន់​លើ​មនុស្ស។

លោក​បញ្ជាក់​​ថា៖ «បើ​គេ​នៅ​តែ​គាំទ្រ​អ្នកមិន​ថា​អ្នក​មាន​បក្ស​នយោ​​បាយ​ ក, ខ, គ, ឃ, អី​ទេ អ្វី​ដែល​សំខាន់​គឺ​មនុស្ស។ CNRP គ្រាន់តែ​ជា​ឈ្មោះ​បក្ស​នយោ​បា​យ​​ប៉ុណ្ណោះ។ ដូច្នេះ ពួក​គេ​គួរ​ពិចារណា​ចំណុច​នេះ»៕