កណ្ដាលៈ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងឲ្យដឹងថា បុគ្គលអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិដែលជាប់បម្រាមនយោបាយត្រូវស្នើសុំនីតិសម្បទា ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងបោះឆ្នោតនៅឆ្នាំ ២០២២ ក្រោយពីវិសោធនកម្មនៃសេចក្ដីស្នើច្បាប់មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយត្រូវបានឡាយព្រះហស្តដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីជួបជុំសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនីប្រមាណជាង ១ ម៉ឺននាក់នៅក្នុងខេត្តកណ្ដាលកាលពីម្សិលមិញបានឲ្យដឹងថា ព្រឹទ្ធសភាទើបបានអនុម័តសេចក្ដីស្នើច្បាប់វិសោធនកម្មនៃច្បាប់នេះគឺដើម្បីបង្រួបបង្រួមជាតិក្នុងចំណោមគណបក្សនយោបាយទាំងអស់ដែលបានចូលរួមការបោះឆ្នោតនៅក្នុងប្រទេស ជាពិសេសច្បាប់នេះអាចបើកផ្លូវដល់អ្នកនយោបាយចំនួន ១១៨ នាក់នៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោល និងហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយចំនួន ៥ ឆ្នាំព្រោះជាប់ចោទពីអំពើក្បត់ជាតិ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ពិតហើយយើងបានឮថា គេមិនសុំ មិនសុំខ្ញុំអរគុណ ព្រោះអ្នកត្រូវដឹងថា អ្នកដែលមិនសុំ អ្នកក៏នឹងមិនបានចូលរួមការបោះឆ្នោត ឃុំ-សង្កាត់នៅឆ្នាំ ២០២២ អ្នកជ្រើសរើសទៅ! រវាងម្ខាងអ្នកសុំ អ្នកនឹងបានសិទិ្ធធ្វើនយោបាយពីឥឡូវ រៀបចំកម្លាំង ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ ២០២២ ប៉ុន្តែប្រសិនជាអ្នកនៅជាប់បម្រាមអ្នកហ៊ានធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត អ្នកគិតមើលទៅចំណេញ ខាតកន្លែងណា ខ្ញុំអត់បង្ខំអ្នកទេតែច្បាប់បានបើកហើយ បើវាមិនសុំសិទិ្ធទេ វាអត់មានសិទ្ធិទៅជួបជុំទេ កុំភាន់ច្រឡំ អ្នកឯងគ្មានលទ្ធភាពចូលបោះឆ្នោតឆ្នាំ ២០២២ ពីព្រោះពួកអ្នកឯងនឹងរួចផុតបម្រាមនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ឯការបោះឆ្នោតធ្វើឡើងនៅខែ ៥ ឬខែ ៦ នៅឆ្នាំ ២០២២ អ្នកឯងមិនសុំ ខ្ញុំកាន់តែអរហើយ កុំមានហេតុផលថា បិទច្រកទៀត ដោយសារខ្ញុំបើកច្រកឲ្យអ្នកឯងហើយ»។
លោកនាយករដ្ឋមន្ត្រីបានអះអាងផងដែរថាច្បាប់ស្តីពីការផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីមហាផ្ទៃស្នើទៅព្រះមហាក្សត្រ និងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យរួចហើយនឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាហើយអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះធ្វើឡើងមិនសម្រាប់គណបក្សណាមួយនោះទេហើយថាអ្នកដែលជាប់បម្រាមមិនអាចធ្វើការស្នើសុំជាកញ្ចប់បាននោះទេ ហើយពួកគេត្រូវស្នើសុំជាលក្ខណៈបុគ្គល។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមបញ្ជាក់សាជាថ្មីចំពោះមនុស្សល្ងង់មួយចំនួន ដែលមិនយល់ (ព្រោះ) ច្បាប់នេះគឺធ្វើតម្រូវសម្រាប់បណ្តាបក្សនយោបាយទាំងអស់នៅពេលខាងមុខមិនមែនតម្រូវមនុស្សមួយក្រុមណានោះជាក់លាក់ទេ។ ពិតហើយមនុស្សមួយចំនួនដែលកំពុងជាប់បម្រាមនេះមិនមែនច្បាប់នេះចេញទៅ [ហើយពួកគេ] រួចខ្លួនជាស្វ័យប្រវត្តិទេ។ អ្នកឯងត្រូវធ្វើការសុំម្តងម្នាក់មិនមែនសុំមួយកញ្ចប់ទេ.. អ្នកឯងអាចជ្រើសរើសទៅ អ្នកឯងអាចស្នើទៅរដ្ឋមន្ត្រីមហាផ្ទៃផ្ទាល់ [ហើយ] រដ្ឋមន្ត្រីមហាផ្ទៃលើកសំណើមកនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងបម្រាមនោះ»។
លោកនាយករដ្ឋមន្ត្រីបានអះអាងបន្ថែមទៀតថា ជម្រើសទី ២ អ្នកជាប់បម្រាមអាចលើកសំណើផ្ទាល់មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីនឹងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យថា តើវាគ្រប់លក្ខណសម្បត្តិឬទេ ដើម្បីទទួលបាននូវការលើកលែងឬអត់ បន្ទាប់មកស្នើទៅនាយករដ្ឋមន្ត្រីវិញ នាយករដ្ឋមន្ត្រីនឹងធ្វើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីសុំលើកបម្រាមហើយថា អ្នកជាប់បម្រាមក៏អាចធ្វើលិខិតថ្វាយត្រង់ទៅព្រះមហាក្សត្រដើម្បីស្នើសុំលើកលែងផងដែរហើយអះអាងថានេះគឺជាការបើកផ្លូវសម្រាប់អ្នកដែលចង់ចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២។
លោក ហ៊ុន សែន បានឲ្យដឹងថាតាមទម្លាប់ធម្មតាព្រះមហាក្សត្រគឺបញ្ជូនមកនាយករដ្ឋមន្ត្រីមានយោបល់ នាយករដ្ឋមន្ត្រីនឹងផ្តល់នូវសំណើនោះទៅឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យ ថាតើមានគ្រប់លក្ខណសម្បត្តិ ហើយលិខិតនោះជាលិខិតដែលទទួលយកបានឬអត់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យរួចហើយក៏បញ្ជូនត្រឡប់មកនាយករដ្ឋមន្ត្រីវិញ ហើយនាយករដ្ឋមន្ត្រីក៏នឹងស្នើថ្វាយទៅព្រះមហាក្សត្រវិញ ថាលើកលែងបានដោយភ្ជាប់ទៅជាមួយព្រះរាជក្រឹត្យលើកលែងបម្រាម។ សូមកុំភាន់ច្រឡំថា លើក ១ កញ្ចប់តែម្តងគឺមិនអាចទេ ត្រូវធ្វើសំណើម្នាក់ម្តងតាមលក្ខណសម្បត្តិ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវនេះយើងបើកច្រកហើយ អ្នកចង់ចេញក៏ចេញ ហើយអ្នកចង់ចូលក៏ចូលខ្ញុំអត់បង្ខំទេ»។
លោកនាយករដ្ឋមន្ត្រីក៏បានព្រមានផងដែរថា អតីតគណបក្សសង្គ្រោះជាតិនឹងមិនអាចរស់ឡើងវិញបានទេ ព្រោះថាខ្មោចដែលងាប់ហើយមិនអាចរស់ឡើងវិញបានទេ ដូចជាលោក ហេង សាល អតីតប្រធានក្រុមការងារនៃអតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពតដែលបានកំពុងរៀបចំរចនាសម្ព័ន្ធបក្សថាបាននិងកំពុងបោកប្រាស់ និងបំផ្លាញអនាគតប្រជាពលរដ្ឋ។
លោកបញ្ជាក់ដូច្នេះថា៖ «សូមផ្តាំទៅលោក ហេង សាល ដែលជាប្រធានក្រុមការងារនៅកំពត ដែលកំពុងតែរៀបចំរចនាសម្ព័ន្ធតាមស្រុក តាមឃុំ ហើយថា ប្រមូលមេឃុំ ឲ្យធ្វើការឡើងវិញសូមកុំសង្ឃឹម។ លោក ហេង សាល សូមផ្តាំទៅលោកកំពុងតែបោកប្រាស់ផ្តល់នូវក្តីសង្ឃឹមនូវអ្វីដែលគ្មានសង្ឃឹម ហើយលោកកំពុងបំផ្លាញអនាគតរបស់អ្នកទាំងឡាយតាមរយៈវិធីបោកប្រាស់អ្នកចូលរួមជាមួយគណបក្សប្រជាជននឹងបន្តរហូតដល់ឆ្នាំ ២០២២ ហើយបន្តឈរឈ្មោះនៅក្នុងគណបក្សប្រជាជនបន្តទៀត»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថាការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយអាចអនុញ្ញាតឲ្យអ្នកនយោបាយមានសិទ្ធិសេរីភាពឡើងវិញដោយធ្វើទៅតាមនីតិវិធីនៃច្បាប់។
លោក សុវណ្ណារ៉ា ថ្លែងថា៖ «យើងមើលឃើញថាសេរីភាពនៃការបញ្ចេញមតិឬក៏ការបើកលំហសេរីភាពនយោបាយឡើងវិញនៅមានកម្រិត។ ច្បាប់នេះមានបំណងចង់ឲ្យអ្នកនយោបាយគណបក្សប្រឆាំងធ្វើលិខិតស្នើសុំហើយនៅពេលដែលខ្លួនធ្វើការស្នើសុំមានន័យថាខ្លួនទទួលស្គាល់ និងឱនលំទោនគណបក្សកាន់អំណាចមិនទាន់មានទស្សនៈទូលាយដើម្បីបើកលំហនូវសិទ្ធិនយោបាយឡើងវិញទេ»។
លោកបន្ថែមថា៖ «យើងមិនអាចដឹងថាអ្នកដែលនឹងធ្វើលិខិតស្នើសុំប៉ុន្មាននាក់ទេតែវាមានលក្ខខណ្ឌដែលជំរុញឲ្យគណបក្សប្រឆាំងអាចឈានទៅរកការបែកបាក់គ្នានៅពេលដែលពួកគាត់ធ្វើលិខិតស្នើសុំ វាបង្ហាញពួកគាត់ទទួលថា ពួកគាត់មានទោសដែលធ្វើឲ្យគណបក្សប្រឆាំងរារែកក្នុងការស្នើសុំដែរ»៕