ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​ពលរដ្ឋ​ខ្មែរ​ជាង​ ២០០ ​នាក់​ នៅ​ប្រទេស​ ម៉ាឡេស៊ី​ នឹង​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ ខណៈ​កម្ពុជា​កំពុង​ចរចា​ជាមួយ​ម៉ាឡេស៊ី ដើម្បី​នាំយក​ពួកគេ​មកវិញ បន្ទាប់ពី​ការតម្រូវ​ឲ្យ​ធ្វើ​តេស្ត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ពលរដ្ឋ​ទាំងនោះ​គ្មាន​ជំងឺ​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ កម្ពុជា និង​ពិភពលោក​កំពុង​សកម្ម​នាំគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូវីដ​១៩ ហើយ​មកទល់​ពេល​នេះ​ពិភពលោក​ក៏​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ ១៩ ដ៏កាចសាហាវ​នេះ​នៅ​ឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​សូម​អរគុណ​កូនក្មួយ​ពលករ​ជាង​ ២០០ នាក់ ដែល​ក្នុង​នោះ​ក៏មាន​កូនក្មួយ​អ្នកទោស​ចំនួន ៧៣ ​នាក់​ផងដែរ ដែល​ត្រូវបាន​ផ្អាក​ការធ្វើ​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​កាលពី​ពេល​ថ្មីៗ​ក្នុង​ពេល​ដែល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹងរ៉ឹង​ក្នុងការ​ធ្វើដំណើរ​»​។

លោក​ ហ៊ុន សែន ​បន្ត​ថា​ប៉ុន្តែ​នៅពេល​នេះ​បម្រាម​ការធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក៏បាន​លើក ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​កូនក្មួយ​ពលករ​ខ្មែរ​ជាង​ ២០០ ​នាក់​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។ ប៉ុន្តែ​ត្រូវ​ទុកពេល​វេលា​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី គេ​ធ្វើ​តេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់ថា កូនក្មួយ​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​ជំងឺ​កូវីដ​១៩​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គ្នា​ទាំង​អ្នក​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​គឺ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច កុំ​នាំ​រោគ​ឆ្លង​ពី​ក្រៅ​ចូលក្នុង និង​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​ជំងឺ​កូវីដ​ ១៩​ នេះ​គឺ​ងាយ​ឆ្លង​ខ្លាំងណាស់​»​។

លោក ហ៊ុន សែន បាន​ផ្តាំ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​កុំ​ឲ្យ​មាន​ការព្រួយបារម្ភ ដោយ​ថ្លែង​ថា «​ប្រសិនបើ​កូនក្មួយ​គ្មាន​ជំងឺឆ្លង​កូវីដ​ ១៩​ ទេ​ គឺ​កូនក្មួយ​អាច​វិលត្រឡប់​មក​កម្ពុជា​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ផ្ទុយ​ពីនេះ​បើ​ខាង​ម៉ាឡេស៊ី​ពិនិត្យឃើញ​មាន​កូវីដ​១៩ ទៅលើ​កូនក្មួយ​ណា​គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​សិន​រហូត​ដល់​ជាសះស្បើយ​ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​»​។

លោក​បញ្ជាក់ទៀត​ថា​៖ «​ចំពោះ​កូនក្មួយ​ដែល​នឹង​មក​ដល់​កម្ពុជា​វិញ គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ (​រស់នៅ​ដាច់​ដោយ​ឡែក​) សិន ដើម្បី​តាមដាន​សុខភាព​ជា​បន្ត ហើយ​ក៏​មាន​ការធ្វើ​ចត្តាឡីស័ក ១៤ ​ថ្ងៃ​ទៀត​នៅតាម​ផ្ទះ​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ម្សិលមិញ​ថា គណៈកម្មការ​អន្តរក្រសួង​ដែល​មាន​ក្រសួងសុខាភិបាល​ផង​នោះបាន​ពិភាក្សា​គ្នា ជុំវិញ​ការនាំយក​ពលរដ្ឋ​កម្ពុជា​នៅ​ម៉ាឡេស៊ី​មកវិញ​ហើយ​គោលការណ៍​នេះ​ក៏បាន​ឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។

លោក​បន្តថា​៖ «​ជា​ការងារ​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​បំផុត​លើ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​នៅ​ម៉ាឡេស៊ី​នេះ​។ ២ ​ថ្ងៃ​មុន ក្រសួង​បាន​សុំ​គោលការណ៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រួចហើយ ដោយ​តម្រូវ​ឲ្យ​ក្រសួង​ការបរទេស​ដាក់​លិខិតផ្លូវការ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សុំ​ឲ្យ​អ្នក​ជាប់ទោស​ ៧៣ ​នាក់ និង​កម្មករ​នេសាទ ១៤៩ ​នាក់​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​»​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​លក្ខខណ្ឌ​សំខាន់បំផុត​គឺថា​សុំ​ឲ្យ​ភាគី​ម៉ាឡេស៊ី ធ្វើ​ម៉េច​ធ្វើ​តេស្ត​រក​កូវីដ​១៩ លើ​អ្នក​ទាំងនោះ​។ បើ​ការធ្វើ​តេស្ត​រកឃើញ​មិន​មាន​មេរោគ​កូវីដ​-១៩​ទេ​អាច​ឲ្យ​គាត់​ត្រឡប់​មកវិញ​។ តែបើ​អ្នកមាន​មេរោគ​កូវីដ​ត្រូវតែ​សម្រាក​ព្យាបាល​នៅ​ទីនោះ​ឲ្យ​ជា​»​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​កំពុង​ធ្វើការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​នេះ​ជុំវិញ​ការរៀបចំ​បែបបទ ដើម្បី​នាំយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចង់​វិលត្រឡប់​មកវិញ​។ ​«​ពេលវេលា​ដែល​ពលរដ្ឋ​យើង​ចង់​មក​នៅពេល​ណា​នោះ វា​អាស្រ័យ​ទៅ​នឹង​ការពិនិត្យ​សុខភាព​ ឬ​ធ្វើតេស្ត​រួចរាល់ ហើយ​មាន​ការកំណត់​ពេល​ជាក់លាក់​រវាង​ស្ថានទូត​នៃ​ប្រទេស​ទាំង​ ២»៕

វីដេអូ៖