ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ថ្ងៃ​បុណ្យ​មាឃ​បូជា​ថា ព្រះពុទ្ធ​សាសនា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​រួម​រស់​ជាមួយ​គ្នា​ដោយ​សុខសាន្ដ​ក្នុង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់ សន្ដិភាព ស្ថិរភាព និង​បាន​រក្សា​ការពារ​អត្ត​សញ្ញាណ​ជាតិ ខណៈ​មាន​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​អង្គ​នាក់​ចូលរួម​ពិធី​បុណ្យ​នេះ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ។

បើតាម លោក​ ហ៊ុន សែន បុណ្យ មាឃបូជា ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ គឺជា​ពិធី​បុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។

លោក​នាយក​រដ្ឋមន្ដ្រី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ព្រះពុទ្ធ​សាសនា មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​រួម​រស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់ សុខ​សន្តិភាព ស្ថិរភាព​សង្គម ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ថែរក្សា​ការពារ​អត្ត​សញ្ញាណ​ជាតិ​ទៀត​ផង»។

លោក​បាន​រំឭកថា ពិធីបុណ្យ​មាឃបូជា គឺ​ប្រារព្ធ​ធ្វើឡើង ដើម្បី​រំឭក​ដល់​ថៃ្ង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត «ព្រះពុទ្ធ​សាសនា» ឡើង​នៅ​ឆ្នាំ ៥៨៨ មុន​គ្រិស្ត​សករាជ នា​ថៃ្ង​ទី ១៥ កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់។

កាលពី​ម្សិលមិញ នៅ​ភ្នំ​ព្រះរាជទ្រព្យ ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ជាទី​កន្លែង​តម្កល់​ព្រះ​សារី​រឹក​ធាតុ គេ​ឃើញ​មាន​ព្រះសង្ឃ ប្រជា​ពលរដ្ឋ រាប់​ម៉ឺន អង្គ​នាក់ បាន​ចូលរួម​ពិធី​បុណ្យ​នេះ។ លោក​ហេង សំរិន ប្រធាន​រដ្ឋសភា គណៈ​សង្ឃ​នាយក នាយក​រង មន្ត្រី​សង្ឃ មន្ត្រី​រាជការ​យ៉ាង​ច្រើន​កុះករ និង​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏មាន​វត្តមាន​ក្នុង​ពិធី​បុណ្យ​មាឃ​បូជា ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ឧបដ្ឋាន​សាលា​ខាង​កើត​ព្រះមហា​សក្យ​មុនី​ចេតិយ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ផង​ដែរ ដោយ​មាន​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ៣០០ អង្គ។

បើតាមលោក ខឹម សាម៉ុន អធិការ​ស្រុក​ឧដុង្គ មាន​ពុទ្ធបរិស័ទ និង​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​មាឃ​បូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ដោយ​ពុំមាន​ភាព​អសន្ដិសុខ​ណាមួយ​កើត​ឡើង​ទេ។

ចំណែកលោក សេង សុ​មុនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹងថា បុណ្យ​មាឃ​បូជា​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ សរុប​រួមទាំង​មន្ដ្រី​រាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ មាន​ប្រមាណ​ពី ៣ ម៉ឺន ទៅ ៥ ម៉ឺន​នាក់។ លោក សុមុនី ក៏​លើក​ឡើង​ដែរ​ថា ព្រះពុទ្ធ​សាសនា ពិត​ជា​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​សង្គម​ជាតិ​កម្ពុជា ពិសេស​ទៅ​លើ​ការ​អប់រំ ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ ឲ្យ​មាន​ចំណេះ​ជំនាញ បទ​ពិសោធន៍ និង​គុណធម៌​ក្នុង​ខ្លួន។

លោក​បន្ថែមថា៖ «ពុទ្ធសាសនា មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងអស់ បាន​រួម​ចំណែក​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម ដែល​បាន​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ»។

ព្រះ​តេជគុណ គូ សុភាព គ្រូសូត្រស្តាំ​នៅ​វត្ត​គល់​ទទឹង និង​ជា​សាស្ត្រា​ចារ្យ បង្រៀន​អំពី​ការ​អភិវឌ្ឍ​គុណធម៌ ចរិយា​វិទ្យា ភាព​ជា​អ្នក​ដឹកនាំ​ព្រះពុទ្ធ​សាសនា និង​ចិត្ត​វិទ្យា នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​ពុទ្ធ​បរិស័ទ និង​យុវជន មាន​ការ​ចាប់​អារម្មណ៍​ចូលរួម​ធ្វើ​បុណ្យ ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ច្រើន​ជាង​មុន ពិសេស​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា។

«គោល​ការ​អប់រំ​រួម​របស់​ព្រះពុទ្ធ​សាសនា គឺ​ប្រាប់​ឲ្យ​យើង​ចៀស​វាង​ពី​អំពើ​អាក្រក់​ទាំង​ពួង ដែល​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្នុង​គ្រួសារ និង​ក្នុង​សង្គម ព្រោះ​បើ​មាន​អំពើ​អាក្រក់​ច្រើន​យើង​ក៏​មិន​បាន​សុខ​គេ​ក៏​មិន​បាន​សុខ​ដែរ»៕