ភ្នំពេញៈ តាមរយៈ​សារាចរ​ស្ដីពី «​ការរៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា​ និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី​ ១ ខែ​ តុលា ឆ្នាំ​​ ២០១៩» ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​វ័យចាស់ ខណៈ​អង្គការ សមាគម និង​បណ្ដាញ​មនុស្ស​ចាស់​កម្ពុជា​ស្នើ​ឲ្យ​មាន​ការគាំទ្រ​បន្ថែម​លើ​សុខុមាលភាព និង​ថវិកា​ដល់​មនុស្ស​ចាស់​។

លោក​នាយករដ្ឋមន្ដ្រី​តាមរយៈ​សារាចរ​ខាងលើ​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​ឲ្យ​បាន​ផុសផុល​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ការ​ប្រារព្ធ​ទិវា​នេះ​មាន​គោលបំណង​លើក​កម្ពស់​កិច្ច​គាំពារ​ដ៏មាន​ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ទិវា​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​ដ៏សំខាន់​របស់​មនុស្ស​វ័យ​ចាស់ បុព្វការីជន​ដែល​បាន​បង្កើត​ធនធាន​ដ៏មាន​សារប្រយោជន៍ ព្រមទាំង​ផ្តល់​នូវ​ចំណេះដឹង ចំណេះ​ធ្វើ និង​បទពិសោធ​យ៉ាងច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

លោក​បាន​បន្ដ​ថា​ក្នុង​គោលបំណង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​វ័យចាស់​កម្ពុជា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ ដើម្បី​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច​ដែល​មាន​ជាអាទិ៍​រៀបចំ​គោលនយោបាយ ដើម្បី​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់ និង​រៀបចំ​ទិវា​មនុស្ស​ចាស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​កំណត់​យក​ថ្ងៃទី​ ១ ខែតុលា ជា​រៀងរាល់​ឆ្នាំ​រួមជាមួយ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា​ និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ជា​ទិវា​បុណ្យ​រំឭក​ដល់​គុណូបការៈ​របស់​មនុស្ស​វ័យចាស់​កម្ពុជា បុព្វការីជន ជីដូន​ជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែល​បាន​កសាង​ និង​បន្សល់ទុក​នូវ​កេរមរតក​ដ៏ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយៗ​ទៀត​»​។

លោក តូច ​ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្លែង​ថា រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​សង្គមកិច្ច​កំពុង​តែ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​មនុស្ស​វ័យចាស់ ២០១៧-២០២៣ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មនុស្ស​វ័យចាស់​។

លោក​ថ្លែង​ថា​៖ «​ផែនការ​នេះ​គឺជា​ផែនការ​សំខាន់​ក្នុង​ការលើកកម្ពស់​សុខុមាលភាព និង​ជួយ​ដល់​មនុស្ស​វ័យចាស់​គ្រប់​បែប​យ៉ាង​តាមរយៈ​ផែនការ​នេះ ហើយ​បច្ចុប្បន្ន​នេះ​យើង​កំពុង​បន្ត​អនុវត្ដ​នូវ​ផែនការ​គាំពារ​ដល់​មនុស្ស​វ័យចាស់​នេះ​។ ក្រសួង​ក៏​កំពុង​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​ដៃគូ​ផ្សេងទៀត​ក្នុង​ការជួយ​គាំទ្រ​អនុវត្ដ​ផែនការ​នេះ​ផង​ដែរ ព្រោះ​ផែនការ​នេះ​ត្រូវការ​ចំណាយធនធាន​ច្រើនណាស់​»​។

លោក​ថា​៖ «​យើង​កំពុង​គិត​ចំពោះ​ការផ្ដល់​ការឧបត្ថម្ភ គាំទ្រ​ចំពោះ​មនុស្ស​វ័យចាស់​លើ​សុខុមាលភាព​របស់​ពួកគាត់​បន្ថែម​ទៀត​»​។

បើតាម​លោក​ ចាន់នី តាម​ស្ថិតិ​ពី​ក្រសួង​ផែនការ​ក្នុង​ឆ្នាំ​ ២០១៨ កម្ពុជា​មាន​មនុស្ស​ចាស់​ប្រមាណ​ ១ លាន​ ៣ ​សែន​នាក់​ស្មើនឹង ៨,៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ដែល​ចំនួន​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់ ១១ ​ភាគរយ​នៅ​ឆ្នាំ​ ២០៣០​។

តាមរយៈ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​អន្តរជាតិ​ឆ្នាំនេះ អង្គការ​មនុស្ស​ចាស់​កម្ពុជា សមាគម និង​បណ្ដាញ​សមាគម​មនុស្ស​ចាស់​កម្ពុជា​ចំនួន​ ១៨ ​បាន​ដាក់​លិខិត​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ការឧបត្ថម្ភ​ការគាំទ្រ​បន្ថែម​ដល់​មនុស្ស​វ័យចាស់​លើ​ផ្នែក​សុខុមាលភាព​ និង​ហិរញ្ញវត្ថុ​។

លិខិត​បាន​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ «​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​មនុស្ស​វ័យចាស់​» របស់​អង្គការ​មនុស្ស​ចាស់​តាម​បណ្ដា​ខេត្ត​ចំនួន ៥ នៅក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ​កាលពី​ចុង​ឆ្នាំ ២០១៨ ​កន្លង​ទៅ​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​រកឃើញ​ថា មនុស្ស​ចាស់ ជាពិសេស​ក្រុម​មនុស្ស​ចាស់​ស្ត្រី​និង​មនុស្ស​ចាស់​ដែល​មាន​ពិការភាព​នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​ផ្នែក​សុខភាព​ និង​ផ្នែក​សន្តិសុខ​ហិរញ្ញវត្ថុ​។

លោក វ៉ន ប៊ុនរ៉េត ប្រធាន​ផ្នែក​ទំនាក់ទំនង​ និង​ស្វែងរក​ការគាំទ្រ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ថ្លែង​ថា អង្គការ​លោក និង​សមាជិក​ប្រមាណ​ជិត ១ ​ម៉ឺន​ ៦ ​ពាន់​នាក់​ពី​ខេត្ត-ក្រុង​ចំនួន ៥ ​ខាង​លើ​នឹង​រៀបចំ​ទិវា​មនុស្ស​ចាស់​ជាតិ ១ តុលា​តាម​បណ្ដា​ខេត្ដ​ទាំងនោះ​។ លោក​ថា​៖ «​ទិវា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​ជា​អ្នក​ផ្តួចផ្ដើម​ក្នុង​ការដឹកនាំ​រៀបចំ​ឲ្យ​បាន​ផុសផុល​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​គាំទ្រ​ដល់​មនុស្ស​វ័យចាស់​នៅ​កម្ពុជា​»៕