ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា គឺ​ផ្ដោតលើ​ការយកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្តតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ជា​ជាង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយសារ​តែ​ដំណាក់កាល​របស់ អ៊ុនតាក់ គឺ​ត្រូវ​បាន​បញ្ចប់​រួចជាស្រេច​ទៅ​ហើយ ហើយ​បើ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស «​ក៏​មិន​ត្រូវមាន​ព្រះប្រមុខរដ្ឋ និង​ព្រះមហាក្សត្រ​ទេ គឺ​ត្រូវ​មាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​»​។

ការថ្លែង​របស់​លោក​ ហ៊ុន សែន ធ្វើឡើង​មួយ​ថ្ងៃ​មុន​ពេល​ខួប ២៨ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​នាំ​ភាគី​ជម្លោះ​ខ្មែរ​ចំនួន​ ៤ ទៅ​ចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាមស៊ីវិល​កាលពី​ថ្ងៃទី​ ២៣ ខែ​តុលា ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ប៉ារីស​ក្នុង​នោះ​មាន​ក្រុម​អ្នកតស៊ូ រាជានិយម​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​ សឺន សាន ក្រុម​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ​លោក​ ប៉ុល ពត​, អៀង សារី ខៀវ សំផន និង​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​រដ្ឋ​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដោយ​មាន​បណ្តា​ប្រទេស​ចំនួន ​១៨ ជា​ហត្ថលេខី​។

កិច្ចព្រមព្រៀង​នេះ​ បាន​ផ្លាស់ប្តូរ​របប​ដឹកនាំ​ប្រទេស​កម្ពុជា​ពី​កុម្មុយនីស្ត​មក​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​បាន​ចាប់ផ្តើម​ឲ្យ​មាន​ការបោះឆ្នោត​លើកដំបូង​នៅក្នុង​ឆ្នាំ​ ១៩៩៣ និង​មាន​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ម្តង​រហូត​មក​ដល់​សព្វថ្ងៃ​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ បៀលប្រាយ កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​ច្បាប់ ព្រាង​ច្បាប់ អនុម័ត​ច្បាប់ (​ក្នុង​នីតិប្បញ្ញត្តិ​) តែ​គ្មាន​សិទ្ធិ​បកស្រាយ​ច្បាប់​ឡើយ បូករួម​ទាំង​រដ្ឋសភា​ទាំង​ ២ ​ហើយ ថា​អ្នក​ដែល​មាន​សិទ្ធិ​បកស្រាយ​ច្បាប់​គឺ​មាន​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប៉ុណ្ណោះ ដោយ​មិន​អាច​មាន​អ្នកណាម្នាក់​ចេះ​តែ​បកស្រាយ​បាន​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​កុំ​ចេះ​តែ​ចេញ​មក​បក​តាមចិត្ត​ចង់​។ ឥឡូវ​ខ្ញុំ​មិន​និយាយ​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទេ! បើ​ទោះបី​ថ្ងៃស្អែក ជា​ថ្ងៃ​ខួប​លើក​ទី​ ២៨ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ខ្ញុំ​មិនចាំបាច់​និយាយ​ទេ ដោយសារ​តែ​មាន​វាគ្មិន​ច្រើន គេ​នឹង​ចូល​ហើយ​ក្នុង​វិទ្យុ​នេះ វិទ្យុ​នោះ គេ​បក​ទុក​ឲ្យ​គេ​បក ហើយ​យើង​នៅ​រង់ចាំ​មើល​គេ​វិញ​»​។

លោក​បន្ត​ថា​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ផ្ដោតលើ​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ជា​ជាង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

លោក​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​និយាយ​ទេ កិច្ចព្រមព្រៀង​ប៉ារីស​ទុក​ឲ្យ​គេ​បកស្រាយ​ទៅ​ពីព្រោះ​គេ​កំពុង​តែ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី គោរព​កិច្ចព្រមព្រៀង​ប៉ារីស​ហើយ​បើ​គោរព​កិច្ចព្រមព្រៀង​ប៉ារីស​ត្រូវ​ដោះលែង ខៀវ សំផន ត្រឡប់​មក​វិញ​ហើយ​ត្រូវ​លុបចោល តុលាការ (​ខ្មែរក្រហម​) ហើយ​គ្រវាត់​ចោល​តុលាការ​ហ្នឹង​។ រឿង​វា​ឈាន​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវអនុវត្ត​ពីព្រោះ​លែង​មាន​ អ៊ុន តាក់ ​ហើយ​បើ​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស​ក៏​មិន​ត្រូវមាន​ព្រះប្រមុខរដ្ឋ​ និង​ព្រះមហាក្សត្រ​ទេ ត្រូវ​មាន​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​»​។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​គាំទ្រ​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដោយ​ថ្លែងថា ខ្លឹមសារ​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ដាក់​បញ្ចូល​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​អស់ហើយ ដូច្នេះ​ប្រទេស​កម្ពុជា​មិន​មាន​កាតព្វកិច្ច​ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ទេ​។

លោក​បញ្ជាក់​៖ «​កិច្ចព្រមព្រៀង​នេះ​គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ ឯកសារ​សម្រាប់​ការសិក្សា​ពី​ការវិវឌ្ឍ​នៃ​នយោបាយ​ប្រទេស​កម្ពុជា​។ វា​មិន​មាន​កាតព្វកិច្ច​អ្វីដែល​ត្រូវគោរព​ទេ​តែ​អ្វី​ដែល​ត្រូវគោរព​គឺ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​»​។

ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​លោក​ថា ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ហត្ថលេខី​មួយ​ក្នុង​ចំណោម​រដ្ឋហត្ថលេខី​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ពេល​នោះ​កម្ពុជា​តំណាង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​ដែល​មាន​សមាជិក ១២ ​រូប​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ លោក​បញ្ជាក់​ថា​៖ «​ទោះជា​អ្នក​ចុះហត្ថលេខា​ទាំងនេះ​ស្លាប់​ក៏ដោយ ក៏​កិច្ចព្រមព្រៀង​នៅ​ចង​កម្ពុជា​រហូត ព្រោះ​កម្ពុជា​អត់​ស្លាប់​ទេ​»​។

នៅក្នុង​ពិធី​កាលពី​ម្សិលមិញ​នេះដែរ​លោក ហ៊ុន សែន ក៏​បាន​ស្នើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​ទទួលទាន​អំបុក ចេក ដូង ពិសេស ស្ករផែន ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា​ដែល​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ជា​ថ្ងៃ​កំណើត​កងទ័ព​ខ្មែរ ដើម្បី​ថែរក្សា និង​ការពារជាតិ សាសនា​ព្រះមហាក្សត្រ​។ លោក​ថា​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​បាន​ «​ទទួល​បទបញ្ជា​រួច​ជាស្រេច​ទៅ​ហើយ មិន​ចាំបាច់​ថា តើ​គួរ​ធ្វើ​អ្វី ទើប​វា​ម៉េច​អី របៀប​ម៉េច អត់​មក​និយាយ​អ៊ីចឹង​ទេ គេ​មាន​របៀប​របស់គេ​»​។

គួរបញ្ជាក់​ផងដែរ​ថា​ថ្ងៃទី​ ៩ ​ខែ​វិច្ឆិកា​គឺជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី និង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ទៅ​តាម​ដីកា​របស់​តុលាការ​ក្រោម​ការចោទប្រកាន់​ជាច្រើន​បាន​ប្រកាស​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

ពាក់ព័ន្ធ​ករណីនេះ​លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​ឱ្យ​ដឹងថា​នៅ​វេលា​ម៉ោង​ ៣ ​និង​ ៤ ​នាទី​រសៀល​ថ្ងៃទី​ ២០ ខែ​តុលា ឆ្នាំ​ ២០១៩ លោកស្រី​ មូរ សុខហួរ បាន​ចេញ​ដំណើរ​ពី​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី តាម​ជើងយន្តហោះ MH782 ហើយ​បាន​មក​ដល់​ទីក្រុង​បាងកក​នៅ​ម៉ោង​ ៤ ​និង​ ៣៤ ​រសៀល​។

លោក​ កេត សោផាន់ ​បញ្ជាក់​ថា​៖ «​ពេល​មក​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នគរបាល​អន្តោប្រវេសន៍​ថៃ​បាន​ហាមឃាត់ មិន​ឲ្យ​ (​មូរ សុខហួរ​) ​ចូល​ដោយសារ​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ដែល​សមត្ថកិច្ច​កម្ពុជា​ស្នើ​ឲ្យ​ហាមឃាត់​។ សមត្ថកិច្ច​ថៃ ក៏​បាន​ចារ​ពាក្យ​ហាមឃាត់​មិន​ឲ្យ​ចូល​លើ​លិខិត​ឆ្លងដែន​របស់​ឈ្មោះ​ មូរ សុខហួរ​។ ឈ្មោះ​ មូរ សុខហួរ បាន​ចាកចេញ​ពី​ថៃ​ទៅ​ម៉ាឡេស៊ី​វិញ​នៅ​ម៉ោង​ ៨ ​និង​ ១០ ​នាទី​យប់​តាម​ជើងហោះហើរ MH781»៕