ថៃៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសថៃរយៈពេល ៣ ថ្ងៃកន្លងមកនេះទទួលបានលទ្ធផលល្អជាទីមោទនៈបំផុត។
លោក ហ៊ុន សែន បានសរសេរថា៖ «កិច្ចប្រជុំនេះបានផ្តល់ឱកាសឱ្យប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមន៍អាស៊ានទាំងមូល និងសម្រាប់ពិភពលោក ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្ស៊ី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព»។
សម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៦ គឺនឹងធ្វើនៅប្រទេសវៀតណាមវិញម្តង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២២ កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ថ្លែងថាកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុនក្នុងការបង្កើតឲ្យមានកិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដើម្បីឲ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឲ្យបានល្អសម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតចេញនៃបដិវត្តន៍ឧស្សាហកម្មទី ៤។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន កាលពីថ្ងៃអង្គារ។
លោក ហ៊ុន សែន ថ្លែងថាកម្ពុជាសូមលើកទឹកចិត្តជប៉ុនឲ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល។
យោងតាមហ្វេសប៊ុកដដែលនេះក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី ១១ កាលពីថ្ងៃចន្ទលោក ហ៊ុន សែន បានបានថ្លែងឲ្យដឹងថា ខណ:ដែលពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ អាស៊ានត្រូវរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀតដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។
លោក ហ៊ុន សែន បានឲ្យដឹងថា៖ «ក្នុងស្មារតីនេះកម្ពុជាសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុនក្រោមយុទ្ធសាស្ត្រសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់»។
ចំណែកក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ជាមួយប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសអាស៊ានបូក ៣ ឱ្យបង្កើនការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ដោយចែករំលែកបទពិសោធ ជំនាញ ចំណេះដឹង និងការជួយអភិវឌ្ឍន៍ធនធានមនុស្សដល់ប្រទេសសមាជិកអាស៊ានដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។
ពាក់ព័ន្ធបញ្ហានេះ សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី ២២ លោក ប្រាយុធ ចាន-អូចា នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា អាស៊ានទន្ទឹងរង់ចាំការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីពង្រឹងភាពធន់នៃតំបន់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំទ្រអាស៊ានក្នុងការកសាងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋសមាជិកអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈ ការរៀបចំគម្រោងស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជាដែលតែងតែចូលរួមចុះល្បាតព្រៃដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការស្នើឡើងរបស់លោក ហ៊ុន សែន នេះគឺជារឿងល្អ ដើម្បីឱ្យប្រទេសទាំងនេះជួយគិតគូរផ្នែកបរិស្ថាន ពីព្រោះប្រទេសអាស៊ានបូក ៣ ទាំងនោះមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេស កម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន។
លោក ស ម៉ូរី ថ្លែងថា៖ «ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវរឿងហ្នឹង ប្រទេសអាស៊ានបូក ៣ ទាំងអស់នោះត្រូវប្តេជ្ញាចិត្តអនុវត្តគោលនយោបាយផ្នែកបរិស្ថាន ហើយនិងកិច្ចគាំពារសង្គមរបស់ខ្លួនឯង ហើយរដ្ឋាភិបាលក្នុងប្រទេសនេះគឺប្រទេសកម្ពុជានឹងតាមដានត្រួតពិនិត្យសំខាន់មែនទែន ជាពិសេសគឺធ្វើអធិការកិច្ចឱ្យបានច្បាស់លាស់ក្នុងការតាមដានដំណើរការបញ្ចប់គម្រោងអភិវឌ្ឍន៍»។
លោកបន្តថា កន្លងមកឃើញថា នៅក្នុងប្រទេស កម្ពុជា ក្រុមហ៊ុនមួយចំនួនមិនមានផែនការគ្រប់គ្រងផលប៉ះពាល់បរិស្ថានឱ្យបានច្បាស់លាស់នោះទេ។ នៅពេលចប់គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនទាំងនោះក៏មិនឃើញមានការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវនោះទេ៕