ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា លទ្ធភាព​នៃ​ការកើតឡើង​ «​សង្គ្រាមត្រជាក់​បែប​ថ្មី​» ​គឺជា​កង្វល់​ដ៏ចម្បង​មួយ ប៉ុន្តែ​ប្រទេស​ទាំងអស់​ត្រូវតែ​ច្រានចោល​យ៉ាង​ដាច់អហង្ការ​រាល់​ការប៉ុនប៉ង​ណាមួយ ដែល​នាំ​ទៅ​រក​ការសាដាន​នៃ​ប្រវត្តិសាស្ត្រ​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​សុន្ទរកថា​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៥ ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​។ ដោយ​លើកឡើង​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​លោក ​ហ៊ុន សែន បាន​ថ្លែង​ថា ស្ថិរភាព និង​វិបុលភាព​រយៈពេល​វែង​បំផុត​ក្នុង​សម័យ​ទំនើប​នេះ​កំពុង​ទទួលរង​ភាពរង្គោះរង្គើ​យ៉ាងខ្លាំង ព្រោះ​គុណតម្លៃ​ជា​មូលដ្ឋាន​ដែលជា​គ្រឹះ​នៃ​សណ្ដាប់ធ្នាប់​នេះ​ក៏​ដូចជា​គោលការណ៍​ស្នូល​នៃ​ច្បាប់​អន្តរជាតិ​ត្រូវ​បាន​គេ​រំលោភបំពាន និង​លែង​គោរព​។

លោក​សង្កេតឃើញ​មាន​និន្នាការ​ឯកតោភាគី​និយម និង​ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ​កំពុង​តែ​កើនឡើង​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ និង​វិធាន​ពហុភាគី​និយម​។ ស្ថាប័ន​អន្តរជាតិ​ត្រូវបាន​គេ​វាយប្រហារ​យ៉ាង​កំរោល ខណៈ​ដែល​សំឡេង​ប្រកប​ដោយ​ហេតុផល​ត្រូវ​បាន​គេ​រារាំង​ដោយ​ការប្រព្រឹត្ត​តាម​ទំនើងចិត្ត​តាមរយៈ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី និង​វិធានការ​ចាប់បង្ខំ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សេងទៀត​។ បញ្ហា​ទាំងនេះ​កើតឡើង​ដោយសារ​ប្រទេស​មានអំណាច​បំផុត តម្កល់​ផលប្រយោជន៍​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​។

ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​ឥត​ញញើត និង​ធ្វើឡើង​ក្នុង​កម្រិត​មួយ​ដែល​បំផ្លិចបំផ្លាញ​គោលការណ៍​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជាអាទិ៍​សិទ្ធិ​ស្វ័យ​សម្រេច និង​អធិបតេយ្យ​ជាតិ​។ ក្នុង​បរិបទ​នេះ​ការបំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ​គឺជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏ធំធេង​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ទន្ទឹមនេះ​លទ្ធភាព​នៃ​ការកើតឡើង​នូវ “​សង្គ្រាមត្រជាក់​បែប​ថ្មី​” ក៏​បាន​ក្លាយជា​កង្វល់​ដ៏ចម្បង​មួយទៀត ព្រោះ​ថា​ប្រទេស​កម្ពុជា​ដ៏តូចមួយ​នេះ​ធ្លាប់​បាន​បង់ថ្លៃ​យ៉ាងដំណំ ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់​, ការខ្វែងគំនិត​គ្នា​ផ្នែក​មនោគមន៍វិជ្ជា និង​ការប្រកាន់​ឥរិយាបថ​ជាតិនិយម​ជ្រុល​។ ហេតុនេះ​យើង​ត្រូវតែ​ច្រានចោល​យ៉ាង​ដាច់អហង្ការ រាល់​ការប៉ុនប៉ង​ណាមួយ​ដែល​នាំ​ទៅ​រក​ការសាដាន​នៃ​ប្រវត្តិសាស្ត្រ​»​។

ក្រៅពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​ជំងឺ​កូវីដ​ ១៩ បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​សកល​ជាច្រើន​ទៀត​។ លោក​សន្និដ្ឋាន​ថា ​វា​អាស្រ័យ​ទៅ​លើ​ប្រទេស​ដែលមាន​អំណាច​ខ្លាំងក្លា​ជាងគេ​បំផុត ក្នុងការ​បញ្ឈប់​ការគំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក និង​ភាព​រស់រាន​របស់​ភពផែនដី​។ ជាមួយ​គ្នា​នេះ​វា​ក៏​អាស្រ័យ​ទៅ​លើ​មហាអំណាច​ទាំងឡាយ ទាំង​ថ្នាក់​កំពូល​ទាំង​ថ្នាក់កណ្ដាល​ក្នុង​ការធ្វើការ​រួមគ្នា​ដើម្បី​ធានាបាន​នូវ​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ ដែល​ឈរលើ​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក និង​សន្តិ​សហវិជ្ជមាន​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា សង្គ្រាមត្រជាក់​បែប​ថ្មី​សំដៅ​ដល់​ការប្រកួតប្រជែង​លើ​ភូមិសាស្ត្រ​នយោបាយ ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ជា​ជាង​ផ្ដោតលើ​មនោគមន៍វិជ្ជា និង​នយោបាយ​ដូច​កាលពី​សង្គ្រាម​ត្រជាក់​ក្រោយ​សង្គ្រាម​លោក​លើកទី​ ២​។ ប្រទេស​តូចៗ​ដូច​កម្ពុជា​សុទ្ធតែ​ជា​ជនរងគ្រោះ​នៃ​ការប្រជែង​គ្នា​របស់​ពួក​មហាអំណាច​។

លើសពី​នេះ​លោក​សង្កេតឃើញ​មាន​ការជ្រៀតជ្រែក​ផ្ទៃក្នុង​មក​លើ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពី​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ដែល​លោក​ថា បាន​អនុវត្ត​ស្តង់ដា​ទ្វេ​។

លោក​ថា​៖ «​យើង​ឃើញ​គេ​និយាយ​ច្រើន​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​បាន​ប្រើ​ទណ្ឌកម្ម​បែប​ពាណិជ្ជកម្ម បែប​នយោបាយ​ជាដើម​មកលើ​កម្ពុជា​។ ជាក់ស្ដែង EU ដែល​គាត់​ដកហូត EBA ២០ ​ភាគរយ​នោះ​គឺជា​ឧទាហរណ៍​ស្រាប់​។ យើង​មើល EU ដដែល​ធ្វើការ​ជាមួយ​វៀតណាម​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​។ គេ​អត់​ដែល​និយាយ​រឿង​ប្រជាធិបតេយ្យ​ទេ គេ​គិតតែ​ផលប្រយោជន៍​»​។

ចំណែក​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ យល់​ថា សង្គ្រាម​ត្រជាក់​ថ្មី​បាន​ចាប់ផ្ដើម​ហើយ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​ គឺ​ការប្រកួតប្រជែង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​។ កម្ពុជា​ដែលជា​ប្រទេស​តូច​នឹងរង​ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​នេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​កម្ពុជា​ខ្លួនឯង ត្រូវ​ចេះ​គេច​ពី​ឥទ្ធិពល​នយោបាយ និង​ការជ្រៀតជ្រែក​របស់​ប្រទេស​ធំៗ​តាមរយៈ​ការដឹកនាំ​របស់​អ្នកនយោបាយ​ធំៗ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​កន្លង​មក​អ្វី​ដែល​គេ​អាច​ជ្រៀតជ្រែក​កើត​ដោយសារ​ផ្ទៃក្នុង​ជាតិ​យើង​មាន​ការបាក់បែក​។ បើ​ផ្ទៃក្នុង​ជាតិ​មិន​មាន​ការបាក់បែក​ទេ ខ្ញុំ​ជឿថា មិន​មាន​បញ្ហា​អ្វី​ទេ​។ យើង​ប្រទេស​តូច​ត្រូវតែ​ឆ្លាត​ និង​ឈ្លាសវៃ​ជាង​ប្រទេស​ធំ​ទៅទៀត ព្រោះ​យើង​ដូច​ដើរ​នៅក្រោម​ជើង​ដំរី​អ៊ីចឹង​។ បើ​យើង​ដើរ​មិន​ប្រយ័ត្ន​ទេ បើ​ភ្លាត់ ដំរី​នឹង​ជាន់​ហើយ​»៕