The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន​៖ លោក កឹម សុខា នឹង​មិន​ត្រូវ​ដោះលែង​ដូច​ការអះអាង​របស់​លោក សម រង្ស៊ី ទេ

លោក ហ៊ុន សែន​៖ លោក កឹម សុខា នឹង​មិន​ត្រូវ​ដោះលែង​ដូច​ការអះអាង​របស់​លោក សម រង្ស៊ី ទេ

Content image - Phnom Penh Post
លោក ហ៊ុន សែន លោក កឹម សុខា និង​លោក សម រង្ស៊ី នៅក្នុង​ពិធី​ផ្សេងៗ​គ្នា​កាលពី​ពេល​កន្លង​មក​។ រូបថត ផា លីណា និង ហេង ជីវ័ន ហេង ជីវ័ន

លោក ហ៊ុន សែន​៖ លោក កឹម សុខា នឹង​មិន​ត្រូវ​ដោះលែង​ដូច​ការអះអាង​របស់​លោក សម រង្ស៊ី ទេ

តាកែវៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ចប់​ក្តីសង្ឃឹម​ដែល​ថា នឹង​មាន​ការដោះលែង​លោក​ កឹម សុខា នៅ​ចុង​ឆ្នាំ​នេះ​ដោយ​លោក​ឲ្យ​រង់ចាំ​រហូត​ដល់​ «​សេះ​ដុះ​ស្នែង​» ​ដែល​នេះ​គឺជា​អ្វី​ដែល​លោក​បាន​វាយបក​ភ្លាមៗ​ទៅលើ​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​បាន​ព្រលយ​ពី​ប្រភព​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​ ២៩ ខែ​ធ្នូ​។

សម្រាប់​អ្នកវិភាគ​បាន​ចាត់ទុក​ការ​នៅ​តែ​បន្ត​ប្រើ​វោហារស័ព្ទ​ឌឺដង​ដាក់​គ្នា​របស់​អ្នក​នយោបាយ​ជាន់ខ្ពស់​ទាំង​ ២ ​រូប​នេះ​ថា​ពុំ​មាន​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ និង​ថែម​ទាំង​ធ្វើឲ្យ​កម្តៅ​នយោបាយ​នៅ​តែ​ក្តៅ​ជា​បន្ត​ទៅ​ទៀត​។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ចាប់​តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ មក​។

លោក​ត្រូវ​បាន​ចាប់​ឃុំខ្លួន និង​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ឬ​បទ​ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១៧ មក​។ ប្រសិន​បើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​លោក កឹម សុខា ប្រឈម​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ១៥ ទៅ ៣០ ​ឆ្នាំ​ឯណោះ​។

នៅក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ និយោជិត ជាង ២៣០០០ ​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន ២០ ស្ថិត​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ចាត់​ទុក​លោក សម រង្ស៊ី ថា​ជា​មនុស្ស​ពូកែ​បោក​ និង​រត់ចោល​គុក​។

លោក​ថ្លែង​ថា​លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះលែង​តាម​ការ​អះអាង​របស់​លោក សម រង្ស៊ី ឡើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​ចំ​ឈ្មោះ​ថា​៖ «​និយាយ​ឲ្យ​ចំ​ទៅ ​សម រង្ស៊ី គាត់​បង្ហោះ​ក្នុង​ហ្វេសប៊ុក​គាត់​ថា​ថ្ងៃទី​ ២៩ (​ខែ​ធ្នូ​) ​នេះ​លោក ហ៊ុន សែន នឹង​ដោះលែង កឹម សុខា ដែល​គាត់​ហៅថា​ (​យើង​) ​ធ្វើ​ខួប​លើក​ទី ២០ ​នៃ​នយោបាយ​ឈ្នះៗ​ហើយ​នេះ​ក្រោម​សម្ពាធ​អន្តរជាតិ​។ ឯង​ចាំ​មើល​ទៅ​ហើយ​អ្នកគាំទ្រ​អ្នកឯង​ចាំមើល​ទៅ​។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ប៉ុណ្ណឹង​ចាំ​មើល​ទៅ​អាមេ​ខ្លួនឯង​បោក​កូន​ខ្លួនឯង​ប៉ុនណា​ដើម្បី​ឲ្យ​វា​ដឹង ព្រោះ​អត់​ទាន់​កាត់ទោស អត់​មាន​ទោស​លើក​ឲ្យ​លោក​ឯង​ទេ​។ អាហ្នឹង​និយាយ​ឲ្យ​ដឹង​»​។

លោក​ ហ៊ុន សែន បាន​ពន្យល់​ថា​រូបលោក​គ្មាន​សិទ្ធិ​ស្នើ​លើកលែង​ទោស​ឲ្យ​ «​ពិរុទ្ធជន​» ​ដែល​មិន​ទាន់​ទទួល​ការកាត់ទោស​ទេ និង​ចំអក​ឲ្យ​លោក សម រង្ស៊ី រង់ចាំ​ «​រហូត​ដល់​សេះ​ដុះ​ស្នែង​»​។

លោក​បាន​បន្ត​ថា​៖ «​គ្រាន់តែ​ច្បាប់​ប៉ុណ្ណឹង​លោក​ឯង​មិន​យល់​ផង មាន​ទោស​ឯណា​សម្រាប់​លើក បើ​វា​អត់​ទាន់​កាត់ទោស​ផង​។ អ៊ីចឹង​ទេ ហ៊ុន សែន គ្មាន​សិទ្ធិ​នឹង​ចុះហត្ថលេខា​នឹង​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​អ្នកណា​ទាំងអស់​នៅពេល​អ្នក​ណា​ក៏ដោយ ដែល​នៅ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ពិរុទ្ធជន​ ឬ​ក៏​សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ​។ ឥឡូវ​អ្នកឯង​ចាំ​មើល​ទៅ​ជា​ភាសា​ដ៏​ខ្លី​មួយ​ចាំ​រហូត​ដល់​សេះ​ដុះ​ស្នែង​បាន​វា​កើត​»​។

លោក​បន្ត​ថា​វោហារស័ព្ទ​របស់​លោក​ សម រង្ស៊ី គ្រាន់តែ​ជា​ភាសា​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ឬ «​ភូតថ្លុក ភូត​ត្រពាំង​» ​ហើយ​ថា​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ដែល​មិន​ចុះ​ញ៉ម​នឹង​សម្ពាធ​សហគមន៍​អន្តរជាតិ​ដូច​ការអះអាង​របស់​លោក​ សម រង្ស៊ី ទេ​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​វា​បង្ហោះ​យក Like អានេះ បង្ហោះ​នាំ​ឲ្យ​ខាត អាបង្ហោះ​ភូត​នេះ​។ គេ​ថា ហ៊ុន សែន ទទួល​សម្ពាធ​អន្តរជាតិ​ទើប​ដោះលែង ឥឡូវ​អញ​មិន​ដោះ​អាអ្ហែង​ធ្វើ​អី​អញ​។ និយាយ​អ៊ីចឹង​ហ្មង អាអ្ហែង​ធ្វើ​អី​អញ​។ កម្ពុជា​ឯករាជ្យ ហើយ​ភូត​គ្រប់​កន្លែង​»​។

កាលពី​ព្រលប់​ថ្ងៃ​ពុធ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) ​លោក សម រង្ស៊ី បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​លើក​ឡើង​ពី​ព័ត៌មាន​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច​ថា អតីត​មេបក្ស​ប្រឆាំង​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​ពី​ឃុំ​នៅ​ក្នុង​ផ្ទះ​នៅ​ថ្ងៃទី​ ២៩ ខែ​ធ្នូ​ ២០១៨ ​នេះ​ជាក់​ជា​មិនខាន​ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​។

លោក​ សម រង្ស៊ី បញ្ជាក់​ថា​៖ «​យើង​បាន​ទទួល​បាន​ព័ត៌មាន​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ថា​លោក ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃទី​ ២៩ ធ្នូ ២០១៨ នេះ​ក្នុង​ឱកាស​ខួប​ទី ២០ នៃ "​នយោបាយ​ឈ្នះៗ​" ដែល​លោក ហ៊ុន សែន តែងតែ​យក​មក​អួតអាង​។ តាម​ការពិត​ការ​ដោះលែង​លោក កឹម សុខា នេះ​គឺ​ធ្វើ​ឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​សុទ្ធសាធ​ហើយ​ជា​ជំហាន​ទី ១ ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​។ ជំហាន​ទី​ ២ ដែល​លោក ហ៊ុន សែន ​កំពុង​តែ​ទីទើរ​នៅ​ឡើយ​គឺ​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​»​។

លោក​ សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា​សហគមន៍​អន្តរជាតិ​មិន​ជឿ​ការចោទប្រកាន់​ប្រឆាំង​លោក កឹម សុខា ពី​សំណាក់​តុលាការ​ដែល​លោក​ចាត់ទុក​ថា​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ទេ​។

លោក​បញ្ជាក់​ថា​៖ «​លោក ហ៊ុន សែន ត្រូវ​តែ​ដោះលែង​លោក កឹម សុខា ដោយ​ទម្លាក់​ចោល​ការចោទប្រកាន់​ពី​បទ "​ក្បត់ជាតិ​" ដែល​តុលាការ​អាយ៉ង​របស់​គាត់​បាន​ដាក់​មក​លើ​លោក កឹម សុខា​។ សហគមន៍​អន្តរជាតិ​មិន​ជឿ​ទាល់​តែ​សោះ​ចំពោះ​ការចោទប្រកាន់​លើ​គោក​បែប​នេះ​»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ ហង្ស វិទូ អ្នកវិភាគ​នយោបាយ​យល់​ថា ការបង្ហាញ​ជំហរ​មិន​បន្ថយ​កម្តៅ​នយោបាយ​របស់​លោក ហ៊ុន សែន នឹង​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ការបែកបាក់ ខណៈ​ដែល​កាលៈទេសៈ​នេះ អ្នក​នយោបាយ​ខ្មែរ​គួរតែ​ងាក​មក​ចាប់​ដៃ​គ្នា​វិញ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ទោះបី​ជា​ខ្មែរ​ឈ្លោះ​គ្នា​ប៉ុនណា ក៏​ខ្មែរ​អាច​ចាប់​ដៃ​គ្នា​វិញ​បាន​ដែរ​។ ការធ្វើការ​ដើម្បី​ប្រទេស​ជាតិ​គឺ​យើង​មិន​ត្រូវ​ប្រកាន់ រហូត​ដល់​ថា​ទាល់​តែ​សេះ​ដុះស្នែង​បែប​នេះ​អានេះ​ជា​សារ​ ១ ​ដែល​បញ្ជាក់​ថា ខ្មែរ​នៅ​តែ​មាន​ការបែកបាក់​គ្នា​ខ្លាំង​ដដែល​»​។

ចំពោះ​លោក​ សម រង្ស៊ី លោក​វិទូ​ថា​មិន​គួរ​ប្រើ​ភាសា​ «​បញ្ជោះ​បន្សោក​» ​ទៅ​លោក ហ៊ុន សែន ដែល​លោក​ប្រៀបធៀប​ទៅ​នឹង​ការចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ស្រាប់​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ដូចជា​មិន​អាច​ទៅ​រួច​ការប្រើ​សាំង​ទៅ​ចាក់​លើ​ភ្លើង វា​មាន​តែ​ធ្វើឲ្យ​ភ្លើង​នោះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្លាំង​ឡើង​ព្រោះ​អី​គណបក្ស​ប្រជាជន​កម្ពុជា គេ​មាន​ទាំង​អំណាច​មាន​ទាំង​លុយ និង​សក្ដានុពល​នយោបាយ​ដែល​គ្មាន​ច្រក​ណា​មួយ​ក្នុង​ការចុះចាញ់​នោះ​ទេ​។ ដូច្នេះ​បើ​ប្រើ​វិធីសាស្ត្រ​ក្នុង​ការ​បញ្ជោះបន្សោក ឬ​ការដាក់​សម្ពាធ​ណា​មួយ​ខ្ញុំ​គិត​ថា​អត់​មាន​ប្រសិទ្ធភាព​ទេ​»​។

លោក​ថា​៖ «​ការចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ញ៉ម ខ្ញុំ​គិត​ថា មិន​ងាយ​មាន​ផ្លូវ​ទេ​។ ដូច្នេះ​មាន​តែ​ព្យាយាម​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ប្រើ​វិធីសាស្ត្រ​ត្រជាក់ ទើប​មាន​ផល​ផ្លែផ្កា​»៕

អត្ថបទគួរចាប់អារម្មណ៍