ភ្នំពេញៈ លោកនាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​​សមា​​គម​អាស៊ាន​ គឺ​ជា​ប្រភព​នៃ​សន្តិ​​ភាព សន្តិ​សុខ​ និង​វិបុល​ភាព សម្រាប់​ប្រជាជន​ខ្មែរ ព្រម​ទាំង​ជា​ស្នូល​មួយ​​ នៃ​នយោ​បាយ​ការបរទេស​របស់​កម្ពុជា ចាប់​​តាំង​ពីកម្ពុជា​បាន​ចូល​ជា​សមា​ជិក​នៃ​សមាគម​ប្រជាជាតិ​ក្នុង​តំបន់​មួយ​នេះ​អស់​រយៈពេល​ ២០​ ​ឆ្នាំ​កន្លង​មក។

លោក​នាយក​រដ្ឋ​មន្ត្រីបាន​ចេ​ញ​​លិខិត​មួយ​កាលពី​ថ្ងៃទី ២៩ ខែ ​មេសា ដោយ​​បញ្ជាក់ថា ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ​ ២០១៩ នេះ គឺជា​ការ​គម្រប់​ខួប ២០ ឆ្នាំ​គត់ ដែល​កម្ពុជាបាន​ចូល​ជា​សមាជិក​អាស៊ាន ​កាលពី​ថ្ងៃទី ៣០ ខែ មេសា ​ឆ្នាំ ១៩៩៩ ហើយ​លោក ហ៊ុន សែន ចាត់ទុកថា ការចូល​ជា​សមាជិក​អាស៊ាន​នេះ ​គឺ​ជា​​ប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​មួយ​ក្នុង​ន​យោ​បាយ​ការ​បរទេស​​របស់​កម្ពុជា។

លោកថ្លែង​ថា ចាប់តាំងពី​កម្ពុជាបាន​ចូល​ជា​សមាជិក​អស់​រយៈពេល ២០​ ឆ្នាំ​​មកនេះ អាស៊ាន​បាន​ក្លាយជា​ស្នូល​មួយ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា តាមរយៈ​ការផ្សារភ្ជាប់​ការអភិវឌ្ឍ​នយោបាយ សង្គមសេដ្ឋកិច្ច​របស់​កម្ពុជា ទៅនឹង​សមាហរណកម្ម​តំបន់​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។ ​

លោក ហ៊ុន សែន បន្តថា អាស៊ាន​នៅតែ​រក្សាបាន​មូលដ្ឋានគ្រឹះ​ នៃ​ការឯកភាព​គ្នា ដោយសារ​មិនបាន​រំលោភ​លើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង​គ្នា និង​ការគោរព​អធិបតេយ្យភាព​គ្នាហើយ​កម្ពុ​ជា​នឹង​បន្ត​ចូលរួម​យ៉ាង​ពេញ​ទំហឹ​ង​ថែមទៀត​ក្នុង​គោលការណ៍​គ្រឹះ​​​របស់​អាស៊ាន​នេះ។

លោក​​បន្ថែមទៀតថា កម្ពុជា​ក៏​ទទួលបាន​ផលប្រយោជន៍​ដ៏​ធំធេង​ពី​ការ​ក្លាយជា​គ្រួសារ​អាស៊ាន ដូចជាអាស៊ាន​បាន​ក្លាយជា​ទីផ្សារ​នាំចេញ​ធំ​ជាងគេ​លំដាប់​ទី៣ របស់​កម្ពុជា ហើយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អាស៊ាន ក៏បាន​កើន​ឡើង​ពី ៤% ក្នុង​ឆ្នាំ ១៩៩៩ ​ដល់​​ជាង ២០% ក្នុង​ឆ្នាំ ២០១៨។

លើសពីនេះ អាស៊ាន​ ក៏​ជា​វិនិ​យោគិន​មួយ ​ក្នុងចំណោម​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​បើ​គិតដល់​ឆ្នាំ ២០១៦ វិនិយោគ​ទុក​ពី​អាស៊ាន​ មាន​ប្រមាណ​ជាង ១៧ ភាគរយ ​នៃ​វិនិយោគទុន​ដោយផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា និង​អ្នកទេស​ចរអាស៊ាន​បាន​ឈរ​លំដាប់​ខ្ពស់​ទី៣ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា។

ទោះជា​យ៉ាងណា​សម្រាប់​លោ​ក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ បណ្ឌិត្យសភាកម្ពុជា​យ​ល់​ឃើញថា ថ្វី​ដ្បិត​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ការចូល​ជា​សមាជិក​អាស៊ាន​ក្ដី ប៉ុន្តែ​សមាជិក​អាស៊ាន​ភាគច្រើ​ន គឺជា​ប្រទេស​អាត្មានិយម​ និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួ​ន ហើយ​ហាក់​មិនបាន​គិតពី​ប្រយោជន៍​រួម​ប៉ុន្មាន​ឡើយ។

លោក​ថា៖ «ឧទាហរណ៍ដូច​ជា​ករណី​កម្ពុជា​ឆ្នាំ ២០០៨ ជាដើម នៅពេលដែល​កម្ពុ​ជា មាន​បញ្ហា​ជាមួយ​ប្រទេស ​ថៃ យើង​ដាក់​បញ្ហា​ហ្នឹង​ទៅ​អាស៊ាន ប៉ុន្តែ​អាស៊ាន​ទាំងអស់​ មិនបាន​ជួយ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​ណា​សមស្រប​សម្រាប់​កម្ពុជា​ជុំវិញ​ជម្លោះ​នៅ​ព្រះវិហារ​ជាមួយ​ថៃ​ទេ ក្រៅ​តែត្រឹម​អំពាវ​នាវ​​ឲ្យ​កម្ពុជា​ និង​ថៃ​មាន​ភាពអត់ធ្មត់។ រហូតដល់​យើង​យក​ករណី​ហ្នឹង ទៅ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហ​ប្រជាជាតិ​ ក៏​នៅតែ​មិនមាន​ដំណោះស្រាយ រហូតដល់​ដំណោះស្រាយ​ដំណាក់​​កាល​ចុងក្រោយ យើង​បាន​យក​សាល ដីកា​ទីក្រុង​ឡាអេ ទៅឱ្យ​តុលាការ​ឡាអេ​ធ្វើការ​បកស្រាយ​ជាថ្មី​ឡើងវិញ ហើយ​តុលាការ​ ក៏​បកស្រាយ​ស្ថិតក្នុង​ជំហរ​របស់​កម្ពុជា»។

លោក គិ​ន ភា បានបន្ថែមថា អាស៊ាន ​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់ដរាបណា​សមាជិក​ទាំង​អស់ រក្សាបាន​នូវ​ស្នូល​របស់​ខ្លួន គឺ​ការ​ប្រុង​ប្រយ័​ត្ន​ពី​ការ​ក្លាយទៅជា​កូន​អុក​ឬ​ស្ថិ​ត​ក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​​ណាមួយ ទាំង​ចិន​ និង​សហរដ្ឋ​អាមេរិក។

ចំណែក​លោក មាស នី អ្នកវិភាគ​នយោបាយ​លើក​ឡើង​​ដែរ​​ថា ថ្វី​ដ្បិត​ទីផ្សារ​បើក​សេរី​របស់​អាស៊ាន​បាន​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​លូតលាស់​ជាង​មុន​ក្ដី ប៉ុន្តែ​តាម​ទិន្នន័យ​ជា​បន្តបន្ទាប់​បង្ហាញថា កម្ពុជា​កំពុង​ប្រឈម​ទៅ​អតុល្យភាព​នៃ​លំហូរ​សេដ្ឋកិច្ច ដោយសារ​នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​ត្រូវ​នាំចូល​ច្រើនជាង​នាំចេញ និង​មូលហេតុ​ធ្វើឱ្យ​កម្ពុជា​នៅតែ​ក្លាយជា​ប្រទេស​ក្រី​ក្រ ជាង​គេ​នៅ​ក្នុង​តំបន់។

លោក​ថា៖ «សូម្បីតែ​ប្រទេស​​ ២​ ជិត​ខាងយើង ក៏​យើង​នាំចូល​ពី​គេ​រហូតដល់ ​៤ ទៅ ៥ ពាន់​លាន​​ដុល្លារ​អាមេរិក​ ក្នុង​ ១​ ឆ្នាំៗ ហើយ​យើង​នាំចេញ​ទៅវិញ​មិន​លើស​ពី ៥០០ ​លាន​ដុល្លារ​ទេ។ នេះ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​គិត​ដែរ»។

បើតាម​លោក នី បច្ចុប្ប​​ន្ន​រដ្ឋាភិបាល​ពុំទាន់​ទទួលបាន​ជោគជ័យ​ជា​ដុំកំភួន​នៅឡើយ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រក​ទីផ្សារ​សម្រាប់​កសិផល និង​ជា​មូលហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ជា​កសិករ​ ធ្លាក់​ទឹកចិត្ត​ បោះបង់​ដីស្រែ​ចម្ការ​ដើម្បី​នាំគ្នា​ទៅធ្វើ​ចំណាកស្រុក​រាប់​លាន​នាក់ ហើយ​លោក​ថា ប្រសិនបើ​ឧបសគ្គ​នេះ​មិន​ត្រូវបាន​ដោះ​ស្រាយ​នាពេល​ខាង​មុខ ស្រប​​ពេល​មានការ​គំរាម​ដាក់​ទណ្ឌ​​កម្ម​ពី​សហគមន៍​អន្តរជាតិ​ថែម​ទៀតនោះ​វា​នឹង​អាចធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​មិន​ខាន។

ប៉ុន្តែ​យ៉ាងនេះ​ក្ដី លោក ហ៊ុន សែន បាន​​គូស​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា តាម​ការប្ដេជ្ញា​សម្រេច​នូវ​ចក្ខុវិស័យគឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូ​ល​​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០​៣​០ និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ក្នុង​ឆ្នាំ ២០៥០៕