ភ្នំពេញ៖ ស្រប​ពេល​អះអាង​ទទួល​បាន​ជ័យជម្នះ​លើ​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បន្ត​ស្បថ​ដាក់​ជីវិត​ឱ្យ​ស្លាប់​មួយ​ពូជ​ជាមួយ​ជន​ណា​ដែល​នៅតែ​រិះគន់​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់​របស់​លោក កាន់​តែ​ក្រីក្រ​ទៅ។

ការ​បបួល​ស្បថ​ដាក់​ជីវិត​នេះ ខណៈ​លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​រីកចម្រើន​គ្រប់​វិស័យ ហើយ​ប្រជាជន​មាន​អាហារ​បរិភោគ​យ៉ាង​ សម្បូរ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​មន្ទីរពេទ្យ មិត្តភាព​ កម្ពុជា-ចិន ​ត្បូង​ឃ្មុំ ថ្ងៃទី​២ មីនា លោក ហ៊ុន សែន បាន​ប្រកាស​បន្ត​ដឹកនាំ​កម្ពុជា​យ៉ាង​តិច​ចំនួន ១០ ឆ្នាំ​ទៀត​ដែល​អាច​រហូត​ទៅ​ដល់​អាណត្តិ​ក្រោយ ហើយ​ការ​សម្រេច​ចិត្ត​បន្ត​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក​ជា​អ្នក​ដឹក​នាំ គឺជា​ការ​ជួយ​រក្សា​សន្ដិភាព​និង​អភិវឌ្ឍន៍។

ស្របពេល​ដឹក​នាំ​កម្ពុជា​ អស់​រយៈពេល ៣៤ ឆ្នាំ លោក​បន្ត​លើក​ឡើង​អំពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ក្រោយ​ថ្ងៃ​រំដោះ​នៅ​ឆ្នាំ ១៩៧៩ ថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ជាច្រើន​ដូចជា​ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន​ជាដើម ត្រូវ​បាន​សាងសង់​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​គ្រប់​ទីកន្លែង ហើយពី​ប្រទេស​មួយ​ធ្លាប់​មាន​ប្រជាជន​ត្រឹម​ប្រហែល ៧ លាន​នាក់​ខ្វះ​អង្ករ​បរិភោគ តែ​បច្ចុប្បន្ន​ប្រជាជន​កើន​ដល់ ១៦ លាន​នាក់​ បែរ​ជា​កម្ពុជា ​នៅ​សល់​ស្រូវ​ប្រហែល ៦ លាន​តោន​ទៅ​វិញ។

បើតាម​សម្ដី​លោក ហ៊ុន សែន លើស​ពី​នេះ កាលពី​ឆ្នាំ ២០១៨ ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន ៦ លាន ២ សែន​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ ចិន ​ចំនួន ២ លាន ២ សែន​នាក់ បាន​មក​ទស្សនា​កម្ពុជា និង​អ្នក​វិនិយោគ​ចិន ​បាន​ជួយ​ឱ្យ​កម្មករ​រោងចក្រ​កម្ពុជា​កន្លះ​លាន​នាក់​បាន​ការ​ងារ​ធ្វើ។

ផ្ទុយ​ទៅវិញ​លោក ហ៊ុន សែន បញ្ជាក់ថា បែរ​ជា​មាន​ក្រុម​អសិរពិស​ដែល​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​និង​ជន​មួយ​ចំនួន​ដែល​កំពុង​សម្ភារៈ​ទំនើបៗ​ប្រើ​ប្រាស់ មក​រិះគន់​កម្ពុជា​ថា​កាន់​តែ​ក្រីក្រ​ទៅៗ​ ​ទៅ​វិញ។

លោក ហ៊ុន សែន អះអាងថា អ្នកណា​ដែល​នៅតែ​ចូលទៅ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ហ្វេកប៊ុក​របស់​លោក​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ នោះ​មានន័យ​ស្ម័គ្រចិត្ត​ចូលរួម​ស្បង​ដាក់​ជីវិត​ឱ្យស្លាប់​ជាមួយ​លោក ប៉ុន្តែ​លោក​ថា អ្នក​ទាំងឡាយ​នោះ​ប្រហែល​មិន​ហ៊ាន​ស្បថ​ឡើយ ព្រោះ​ពួកគេ​ខ្លាច​ស្លាប់។

លោក​ថា «តើ​អ្នក​ហ៊ាន​ស្បថ​ទេ​ថា​ពេលនេះ​ក្រ​ជាង​ឆ្នាំ ៧៩ តើ​ហ៊ាន​ស្បថ​ឱ្យ​រន្ទះបាញ់​ទេ។ តើ​ហ៊ាន​ស្បថ​ឱ្យ​ងាប់​ទាំង​កូន​ទាំង​ចៅ​ទាំង​ពូជ​ទាំង​អម្បូរ​ទេ។ ព្រោះ​វា​មាន​អា​អ្នក​ដែល​ហ៊ាន​និយាយ​ថា ដឹក​នាំយូ​រៗ​ទៅកាន់​តែ​ក្រទៅៗ តើ​ហ៊ាន​ស្បង​ទេ សុំ​សួរ​ទៅ​ពួកក្រុម​អសិរពិស​ទាំងឡាយ តើ​ហ៊ាន​ស្បថ​ទេ ថា​កម្ពុជា​ក្រទៅៗ​មាន​ន័យ​ថា​ក្រ​ជាង​ឆ្នាំ ៧៩»។

លោក ហ៊ុន សែន បន្តថា«បើ​អ្នកឯង​មិន​ហ៊ាន​ស្បថ​មានន័យថា អ្នកឯង​ទទួលស្គាល់​ការពិត ប៉ុន្តែ​បើ​អ្នកឯង​ហ៊ាន​ស្បថ​ច្បាស់​ជា​អាយុ​ខ្លី។ អា​​វា​ភ្នាល់​ចេញ​ឯង​ហើយ​វារ​ត់ តែ​ឥឡូវ​តែមាន​ស្អី​គឺ​បបួល​ស្បថ​តែ​ម្ដង តែ​អា​ពួក​ហ្នឹង​អត់​ហ៊ាន​ស្បថ​ទេ ខ្លាច​រន្ទះបាញ់​ងាប់​សឹង​អី។ ម្នាក់ៗប្រើ​សុទ្ធតែ​ស្មាតហ្វូន​ រួចហើយ​ចូលមក​ខមមិន ជា​មួយ​ឯង​ថា​ដឹកនាំ​កាន់តែ​ក្រទៅៗ តើ​អា​អ្នក​កាន់​ស្មាតហ្វូន​ណុ៎ង​វា​ហ៊ាន​ស្បថ​ទេ។ ថ្ងៃក្រោយ​អ្នកណា​ចូលមក​ខមមិន​ថា​ក្រទៅៗ គឺ​ចាត់​ទុក​ថា អ្នកឯង​ស្បថ​ជាមួយ​ខ្ញុំ»។

លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​លើក​ឡើង​ថា ថ្វី​ត្បិត​កម្ពុជា​កាន់តែ​រីកម្រើន​ទៅមុខ​ក្ដី ប៉ុន្តែ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ក្រីក្រ​ជាងគេ​នៅក្នុង​តំបន់ ហើយ​ការ​លើក​ឡើង​ថា​ជា​ប្រទេស​ក្រីក្រ​នេះ គឺ​មិនមែន​ជា​ការ​ប្រៀបធៀប​ពី​កម្ពុជា​បច្ចុប្បន្ន​ទៅ​អតីតកាល​ឡើយ តែ​ជាការ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។

លោក មាស នី ទទួល​ស្គាល់​ថា ពលរដ្ឋ​កម្ពុជា​ក៏មាន​ជីវភាព​ល្អប្រសើរ​ដែរ ប៉ុន្តែ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ក៏​ហាក់​កាន់​តែ​មាន​ទំហំ​ធំ​ឡើង​ដែរ រីឯ​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម ក៏​រដ្ឋាភិបាល​នៅ​ពុំទាន់​លុប​បំបាត់​ដោយ​ជោគជ័យ​នៅឡើយ ហើយ​គេ​នៅ​តែ​ឃើញ​អ្នក​មាន​អំណាច​និង​លុយ​កាក​អាច​ជិះជាន់​លើ​អ្នក​ស្លូតត្រង់​បានជា​ដដែរ។

ទោះជា​យ៉ាងណា លោក មាស នី មិនមាន​អ្វី​លើក​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ស្បថ​ដាក់​ជីវិត​របស់​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​លោក​ថា​ក្នុង​នាម​ជា​មេដឹកនាំ​គួរតែ​ទទួល​យក​ការ​រិះគន់​មួយ​ចំនួន ហើយ​មិន​ត្រូវ​ចាត់​ទុក​អ្នក​រិះគន់​ទាំង​នោះ ជា​ជន​អគតិ​ឡើយ ព្រោះ​ជីវិត​ជា​សត្វ​លោក​មិន​ដែល​ធ្វើ​អ្វី​មួយ​ល្អ​ទាំងអស់​នោះទេ។

លោក​ថា «សម្រាប់​ខ្ញុំ​មិនមាន​ខមមិន​ទេ​ព្រោះ​ជា​ចរិត​របស់​អ្នកដឹកនាំ ធម្មតា​ចរិត​មួយ​ជា​អ្នកដឹកនាំ​និង​មួយទៀត​ជា​ចរិត​ផ្ទាល់​ខ្លួន ពេលខ្លះ​យើង​ក៏​ឃើញ​ចរិត​អ្នក​ដឹកនាំ​ផ្ទាល់​ខ្លួន​ចេញ​អណ្ដែត​មក​ម្ដងម្កាល»។

សម្រាប់​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​យល់​ឃើញ​ថា ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ខ្មែរ​តែង​ជ្រើស​យក​វិធី​ស្បថ​មក​ប្រើ​នៅពេល​រឿង​អ្វីមួយ​ធ្លាក់​ដល់​ដំណាក់​កាល​មិន​អាច​និយាយ​ស្ដាប់​គ្នា​បាន។

ប៉ុន្តែ​លោក គិន ភា និយាយថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនគួរ​ចាំបាច់​ខ្វល់​រហូត​ដល់​ស្បថ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គ្រាន់​លើក​ឡើង​អ្វី​ជា​ការពិត​បង្ហាញ​អំពី​ភាព​រីកចម្រើន​ខាង​សេដ្ឋកិច្ច​បាន​ហើយ។

លោក​ថា «មិនចាំបាច់​ខ្វល់​ថា​កម្ពុជា​ក្រ​អីហ្នឹង គ្រាន់តែ​យើង​បង្ហាញ​សូចនាករ​សេដ្ឋកិច្ច​ជា​ភស្ដុតាង​វិញ​ជាជាង​បបួល​ពួក​ហ្នឹង​ទៅ​ស្បថ ព្រោះ​ស្បថ​ពួកគាត់​ក៏​មិន​ជឿ​ដែរ ព្រោះ​ពួកគាត់​មាន​របៀបវារៈ​នយោបាយ​មួយ​និយាយ​អំពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល»។

បន្ថែម​ពីនេះ លោក គិន ភា មិន​យល់ស្រប​ចំពោះ​ការ​លើកឡើងថា​កម្ពុជា​ក្រីក្រ​ជាងគេ​នៅក្នុង​តំបន់​ឡើយ ព្រោះ​កម្ពុ​ជាមាន​រក្សា​កំណើន​សេដ្ឋកិច្ច​ជាប់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នោះ​អ្នក​លើកឡើង​បែបនេះ ដោយសារ​ពួកគេ​មាន​និន្នាការ​ប្រឆាំង​នឹង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​ប៉ុណ្ណោះ។

ក្រៅពី​លើកឡើង​ការស្បថ​ដើម្បី​បង្ហាញ​អំពី​ភាព​រីកចំរើន​របស់​កម្ពុជា លោក ហ៊ុន សែន បាន​សន្យា​បន្ត​ប្រើ​អភិក្រម​ទី៥ ក្នុង​ការ​កម្ចាត់​មន្ត្រី​តូចធំ​បន្ថែម​ទៀត​ដែល​បំពាន​ផលប្រយោជន៍​ប្រជាជន និង​ធ្វើឱ្យ​រាំងស្ទះ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ។

ក្រោយពី​បញ្ចប់​ការ​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ប្រហែល​មួយ​ម៉ោង លោក ហ៊ុន សែន ក៏បាន​ចេញ​អនុ​ក្រឹត​ដកតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​ពីររូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ក្រោយពី​កើតមាន​ហេតុការណ៍​កង​អាវុធហត្ថ​និង​ទាហាន​បើ​ហិង្សា វាយដំ​និង​បាញ់កាំភ្លើង​ធ្វើឱ្យ​ពលរដ្ឋ​រងរបួស​ក្នុង​បញ្ហា​ជម្លោះដីធ្លី​កាលពី​ថ្ងៃទី២៤ ខែមករា៕