ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​សមាជិក​សភា​ប្រទេស​អៀរ​ឡង់ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណោម​សមាជិក​នៃ​សហគមន៍​អឺរ៉ុប (EU) ចំនួន ២៨ ថា ស្ថាប័ន​ប្រទេស​សេរី​មួយ​នេះ​មិន​គួរ​ប្រព្រឹត្ត​កំហុស​ជា​លើក​ទី ៣ ចំពោះ​កម្ពុជា​នោះ​ទេ ជាពិសេស​មិន​ត្រូ​វយក​បញ្ហា EBA ធ្វើ​ជា​ចំណាប់​ខ្មាំង​ដាក់​ការ​គាប​សង្កត់​មក​លើ​កម្ពុជា​នោះ​ឡើយ។

ការ​ថ្លែង​របស់លោក​ហ៊ុន សែន នេះ​ធ្វើ​ឡើងខណៈ​គណៈ​កម្មការ​អឺរ៉ុប​កំពុងតែ​ពិចារណា​ក្នុង​ការ​ដក ឬ​ក៏​មិន​ដក​ប្រព័ន្ធ អនុ​គ្រោះ​ពន្ធ សម្រាប់​ទំនិញ​កម្ពុជា ក្រោយ​ពី​មាន​ការ​លើក​ឡើង​ថា កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិប​តេយ្យ​ដើរ​ថយ​ក្រោយ ទាក់​ទង​ទៅ​នឹង​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ជា​អ្វី​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា បាន​ច្រាន​ចោល​ហើយ​ថា កម្ពុជា​កំពុង​តែ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ត្រឹមត្រូវ និង​ក៏​កំពុង​តែ​ដើរ​លើ​គន្លង​ផ្លូវ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​យ៉ាង​ពេញ​លេញ​ផង​ដែរ។

លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន ក្រោយ​ជំនួប​រវាង លោក ហ៊ុន សែន និង​លោក​អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិក​សភា និង​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​សាធា​រណរដ្ឋ​អៀរ​ឡង់ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​វិមាន​សន្តិភាព​ថា សហគមន៍​អឺរ៉ុប មិន​គួរ​ប្រព្រឹត្ត​កំហុស​ជា​លើក​ទី ៣ តាមរយៈ​ការ​ប្រើប្រាស់ EBA មក​គំរាម និង​ដាក់​ទណ្ឌ​កម្ពុជា និង​យក​ប្រជាជន កម្ពុជា ធ្វើ​ជា​ចំណាប់​ខ្មាំង មក​ដាក់​សម្ពាធ មក​លើ​កម្ពុជា នោះ​ទេ។

លោក អ៊ាង សុផល្លែត​បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់ អេនដា ផាទ្រីក ខេននី ដូច្នេះ​ថា៖ «កំហុស​ទី ៣ គឺ​ការ​ប្រើប្រាស់ EBA មក​គំរាម​កំហែង​ដាក់ ទណ្ឌកម្ម តាមរយៈ​ការ​ដក EBA ពី​កម្ពុជា​និង​យក​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ១៦ លាន​នាក់​ជា​ចំណាប់​ខ្មាំង»។

លោក​បន្ថែមថា លោកនាយ​រដ្ឋមន្ត្រី បាន​ថ្លែង​ពន្យល់​ប្រាប់ លោក អេនដា ផាទ្រីក ខេននី ថា សហគមន៍​អឺរ៉ុប ធ្លាប់​បាន​សាង​កំហុស​មក​លើ​ប្រទេស និង​ប្រជាជន​កម្ពុជា ចំនួន ២ លើក​រួច មក​ហើយ ដែល​កំហុស​ទាំង ២ នោះ រួម​មាន​ទី ១- គឺ​ការ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​រ​ដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ ចេញ​ពី​ព្រះ​ប្រមុខ​រដ្ឋ​នៅ​ថ្ងៃទី ១៨ មីនា​ឆ្នាំ ១៩៧០ និង​កំហុស​ទី ២- គឺ​ការ​គាំទ្រ​អាសនៈ របស់​ខ្មែរ​ក្រហម​នៅ​អង្គការ​សហ​ប្រជាជាតិ។

បើតាម លោក សុផល្លែត ក្នុងជំនួប​ពិ​ភក្សា​គ្នា​នោះដែរ លោក​ហ៊ុន សែន ក៏បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ ដល់​សាធា​រណ​រដ្ឋ​អៀរឡង់ ដែល​បាន​ជួយ​ដល់​កម្ពុជា ជា​ពិសេស ក្នុង​ការ​ផ្ដល់​ជំនួយ លើ​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នក​ព័ត៌មាន​ប្រមាណ ៥០០០ នាក់ ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា នៅ​តែ​អាច​រស់​បាន​បើ​ទោះបី​ជា​គ្មាន​ភាព​អនុ​គ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ។

លោកនាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា៖ «មុន​មកនេះ ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ក្រប​ខ័ណ្ឌ​គោល​នយោបាយ ទៅ​លើ​ការ​គាំទ្រ​ធុរកិច្ច នៅ​ក្នុង​ប្រទេស​យើង ដែល​ខ្ញុំ​បាន​ឲ្យ​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនីរ័ត្ន​បើក​យុទ្ធនាការ ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរកិច្ច​របស់​យើង​បើ​ទោះបី​ជា​គ្មាន​ភាព​អនុ​គ្រោះ​កម្ពុជា​នៅ​តែ​រស់»។

ជាមួយគ្នានេះ លោក​ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ទុក​តែ ២ ស្ថាប័ន​ប៉ុណ្ណោះ គឺ​ស្ថាប័ន​គយ និង​នគរបាល​អន្ដោ​ប្រវេសន៍ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ នៅ​ក្នុង​ការ​នាំ​ចេញ នាំចូល​ទំនិញ​ផ្សេងៗ និង​ដោះស្រាយ​ការ​កាត់​បន្ថយ​តម្លៃ​ដើម ចំពោះ​ការ​នាំ​ចេញ​ដើម្បី​ទប់ទល់​នឹង​ការ​ដាក់​សម្ពាធ​ពី​ប្រទេស​អន្តរជាតិ​ផ្សេងៗ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ពុំ​អាចទាក់ទង​សុំ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា ក្រសួង​ការ​បរទេស​កម្ពុជា បាន​និង​កំពុង​តែ​ធ្វើការ​សម្រប​សម្រួល​ដោះស្រាយ បញ្ហា EBA ហើយ​ថា EU និង​ប្រទេស​កម្ពុជា គឺជា​ដៃគូ​ជាមួយ​គ្នា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ថា ប្រទេស​កម្ពុជា ការពារ គោល​ការណ៍​របស់​កម្ពុជា​ទាំង​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ។ លោក​បញ្ជាក់​ថា៖ «យើង​កំពុង​តែ​ជជែក​គ្នា​ត​ទៅ​ទៀត»។

កន្លងទៅ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ថ្លែង​កាល​ពី​ពេល​កន្លងមក​ថា លោក​គ្រោង​ជួប​ដោះស្រាយ​បញ្ហា EBA ជាមួយ​ឧត្តម​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប (EU) នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក នា​ដើម​ឆ្នាំ​នេះ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ន​យោបាយ​បាន​ថ្លែងថា ការបាត់បង់​នូវ​ផល​ប្រយោជន៍​ខ្លះ ពី​ប្រព័ន្ធ​អនុ​គ្រោះ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA)» ទៅ​កាន់​ទីផ្សារ​អឺរ៉ុប នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា និង​ចុង​ក្រោយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​របស់​កម្មករ​កម្ពុជា​រាប់​ម៉ឺន​នាក់។

លោក​បាន​បន្តថា៖ «ពួកគេ (មន្ត្រី​រដ្ឋាភិបាល) គឺជា​ក្រុមមនុស្ស ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដែល​នឹង​ទទួល​បាន​បញ្ហា នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​ពួកគេ នឹង​ប្រឈម​ជាមួយ​នឹង​ភាព​លំបាក នៃ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​តែ​ពួកគេ មិន​បាន​ផ្ដល់​អាទិភាព ទៅ​លើ​កាតព្វ​កិច្ច នៃ​ការ​គោរព​សិទិ្ធ​មនុស្ស របស់​ប្រទេស ដែល​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សហភាព​អឺរ៉ុប»។

ប៉ុន្តែ លោក ច័ន្ទ​សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ថ្លែង​ថា លោក​គិត​ថា ប្រទេស​កម្ពុជា នឹង​បន្ត​រីក​ចម្រើន ដោយ​គ្មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដោយសារ​តែ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ ក៏​នឹង​ផុត​សុពល​ភាព នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដដែល​នោះ​ដែរ។

លោក​បញ្ជាក់​ថា៖ «វា​គឺ​ដូចជា​ឆាប់​ពេក សម្រាប់​វិស័យ និង​សហ​គ្រាស​ខ្លះ ប៉ុន្តែ​វា​មាន​វិធី​ជាច្រើន ក្នុង​ការ​ប៉ះប៉ូវ ឬ​ជំនួស​វិស័យ ឬក៏ សហ​គ្រាស​ទាំង​អស់​នោះ។ ខ្ញុំ​គិត​ថា គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រដ្ឋាភិបាល នឹង​មាន​អារម្មណ៍​ថា ខ្លួន​កាន់​តែ​រង​សម្ពាធ ដើម្បី​ធ្វើ​កំណែទ​ម្រង់​ថែម​ទៀត។ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន នៅ​ក្នុង​រយៈពេល​វែង»។

ចំណែក​អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក ឱក សេរី សោ​ភក្តិ៍ បាន​ស្វាគមន៍ ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បើក​លម្ហ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ហើយ​ថា រដ្ឋាភិបាល​គួរ​តែ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ត​ទៅ​ទៀត បើ​ទោះបី​ជា​សហភាព​អឺរ៉ុប មើល​មិន​ឃើញ​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​នេះ​ក៏ដោយ។

លោក បញ្ជាក់ថា៖ «ពេលដែល​យើង​ធ្វើ​ទៅហើយ គេ​មើលឃើញ ឬ​មិនឃើញ ទុក​ឲ្យ​គេ​វិនិច្ឆ័យ​ទៅ​តាម​ហ្នឹង​ទៅ។ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ដូច្នេះ​វា​ជា​ដំណើរ​ការ​ទៅ​មុខ​សន្សឹមៗ​បន្តិច​ម្តងៗ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន យើង​ធ្វើ​បន្ត​ទៀត​ទៅ។ នៅ​ដំណាក់​កាល​មួយ​ទៀត​បើ ឯកឧត្តម កឹម សុខា ត្រូវ​បាន​គេ​ដោះ​លែង វា​ជា​ចំណុច​ចុង​ក្រោយ.​អ្វី​ដែល​យើង​ធ្វើ គឺ​ដើម្បី​ឲ្យ មាន​ការ​រួបរួម​គ្នា ក្នុង​សង្គម​ជាតិ​ឡើង​វិញ យើង​ធ្វើ​ទៅ ពីព្រោះ​វា​ជា​រឿង​សុខ​ដុម​រមនា​របស់​យើង»។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​លើកឡើង​ថា សហភាព​អឺរ៉ុប កាន់​ជើង​អតីត​បក្ស​ប្រឆាំង ដែល​ជា អាយ៉ង របស់​គេ ពួកគេ​ក៏​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​ថា មាន​ការ​រំលោភ​និង​ដើរ​ថយ​ក្រោយ ដែល​នេះ​គឺជា​លេស​ដើម្បី​លុប​ចោល​ប្រព័ន្ធ អនុគ្រោះ EBA នេះ​ពី​កម្ពុជា តែ​តាម​ការ​ជាក់​ស្តែង​នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិប​តេយ្យ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ទប់​ទល់​នឹង​ការ​ដាក់​គំនាប​នយោបាយ និង​មនោគមន៍​វិជ្ជា​របស់​បណ្តា​ប្រទេស​លោក​សេរី មាន​តែ​ម្យ៉ាង​គត់ នោះ​គឺ​ខិតខំ​ការពារ​សន្តិភាព និង​ពង្រឹង​ឯករាជ​ភាព​អធិប​តេយ្យ​ភាព​ជាតិ ព្រមទាំង​ដាក់​ចេញ​នូវ​បណ្តា​វិធានការ សម​ស្រប សម្រាប់​ទ្រទ្រង់​តុល្យភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទប់ទល់​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំចេញ​ទំនិញ ដែល​មិន​មែន​ជា​ការ​បាត់បង់​ទីផ្សារ​នោះ​ឡើយ»៕DN