The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន កត់សម្គាល់​ពី​ភាពសប្បាយ​របស់​ពលរដ្ឋ​ក្នុង​បុណ្យអុំទូក

លោក​ ហ៊ុន សែន កត់សម្គាល់​ពី​ភាពសប្បាយ​របស់​ពលរដ្ឋ​ក្នុង​បុណ្យអុំទូក

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ រូបថត SPM

លោក​ ហ៊ុន សែន កត់សម្គាល់​ពី​ភាពសប្បាយ​របស់​ពលរដ្ឋ​ក្នុង​បុណ្យអុំទូក

ភ្នំពេញៈ លោក ហ៊ុន សែន បាន​កត់សម្គាល់​ពី​ភាពសប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួមចិត្ត រួម​កាយ ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សុខសន្តិភាព​ដែល​មាន​សព្វថ្ងៃនេះ​ដើម្បី​អនាគត​របស់​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​។

លោក ហ៊ុន ម៉ាណែត ដែល​ក៏​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ផង​នោះ​បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះករ​ចូលរួម​អបអរសាទរ​យ៉ាង​សប្បាយ​រីករាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា ហើយ​នេះ​គឺជា​អ្វីដែល​ជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់រូប មិន​ប្រកាន់​និន្នាការ ឬ​សាសនា​ចង់​បាន​ពោល​គឺ​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ​ក្នុង​ភាពសប្បាយ​រីករាយ​ក្នុង​បរិយាកាស សុខសន្តិភាព​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ​ភាពវឹកវរ អសន្តិសុខ អស្ថិរភាព និង​ការបាត់បង់​សន្តិភាព​ដែល​នាំ​ឲ្យ​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ បាត់បង់​នូវ​សេចក្តីសុខ និង​ភាពកក់ក្តៅ​។ ហេតុ​ដូច្នេះ​យើង​ត្រូវ​រួមចិត្ត រួម​កាយ ដើម្បី​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សុខសន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ​ដើម្បី​អនាគត​របស់​ជាតិ និង​ប្រជាជន​ខ្មែរ​យើង​»​។

ទន្ទឹម​នឹង​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​គឺ​លេចឮ​ពាក្យ​ចចាមអារ៉ាម និង​ពាក្យ​ប្រឌិត​ភូតកុហក​បោកប្រាស់​ដោយ​ជន​អគតិ​ដែល​មាន​បំណង​បំពុល​ និង​បំប៉ោង​បញ្ហា​សន្តិសុខ​សង្គម​ក្នុង​បំណង​ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច ខណៈ​ពេល​ដែល​ពលរដ្ឋ​បាននិង​កំពុង​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​អុំទូក​។

លោក​បញ្ជាក់​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ជាធម្មតា​ទៅ​ហើយ​ជាពិសេស​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​គឺ​លេចឮ​ពាក្យ​ចចាមអារ៉ាម និង​ពាក្យ​ប្រឌិត​ភូតកុហក​បោកប្រាស់​ដោយ​ជន​អគតិ​ដែល​មាន​បំណង​បំពុល និង​បំប៉ោង​បញ្ហា​សន្តិសុខ​សង្គម បំណង​ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច​»​។

លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​សូម​ធានា​ជូន​នូវ​សន្តិសុខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​អ្វី​កើតឡើង​ឡើយ ជាពិសេស​ក្នុង​រដូវ​បុណ្យទាន​នេះ​តែម្តង​។ សូមកុំ​ជឿ​ពាក្យភូតកុហក​ដោយ​ក្រុម​បំពុលសង្គម​មួយ​ចំនួន​តូច​ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​»​។

លោក​បន្តថា ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​មកពី​គ្រប់ទិសទី​បាន​សម្រុក​ដើរលេង​កម្សាន្ដ​យ៉ាង​សប្បាយរីករាយ​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​។ ប្រជាពលរដ្ឋ​ម្នាក់ៗ​បាន​បង្ហាញ​នូវ​ទឹកមុខ​សប្បាយ​រីករាយ បន្ទាប់ពី​ពួកគាត់​បាន​ដើរលេង​សប្បាយ​ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់​។

ចំណែក​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​ក៏​បាន​លើកឡើង​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​កម្ពុជា​បាន​បន្ត​រក្សា​បាន​នូវ​សេចក្ដីសុខ សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពសុខក្សេមក្សាន្ត និង​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​។ លោក​បន្តថា ប្រទេស ​កម្ពុជា​ ដែល​បាន​ឆ្លងកាត់​ការបែកបាក់​ជាតិ ការព្រាត់ប្រាស សង្គ្រាម​កាប់សម្លាប់​នឹង​មិន​វិលត្រឡប់​ទៅ​ជាន់ដាន​ប្រវត្តិសាស្ត្រ​ដ៏ខ្មៅ​ងងឹត​នោះ​វិញ​ឡើយ​។

លោក ស ខេង ​បញ្ជាក់​ថា​៖ «​ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ប្រទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធានការ​ណែនាំ​ទាំង ៨ ​ចំណុច​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​ដាក់​ចេញ ដើម្បី​បង្កើន​ការថែរក្សា​សុខសន្តិភាព សភាពការណ៍​ផ្ទៃក្នុង​ប្រទេស ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា មិនមែន​ត្រឹមតែ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ដែល​ចង់បាន​សុខ​សន្តិភាព​នោះ​ប្រជាជន​កម្ពុជា​ទាំងមូល​ក៏​សុទ្ធ​តែ​ចង់បាន​ផងដែរ​។ ប៉ុន្តែ​លោក​ថា ដោយសារ​តែ​តុលារ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​ធ្វើឲ្យ​មន្ត្រី​អតីត​គណបក្ស​នេះ​ខឹងសម្បា និង​ធ្វើការ​តវ៉ា​។

លោក​បន្តថា ដរាប​ណា​រដ្ឋាភិបាល​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​នេះ​ទេ នោះ​ការតវ៉ា​អាច​នឹង​កើតមានឡើង ដែល​វា​អាច​ឈាន​ទៅដល់​ការធ្វើឲ្យ​មាន​អស្ថិរភាព​ និង​អាច​បង្ក​ការប្រះឆា​ដល់​សង្គមជាតិ​។ «​សន្តិភាព និង​សេចក្តីសុខ​នេះ​កើតមានឡើង​លុះត្រា​ណា​តែ​ខ្មែរ​ទាំងមូល​អាច​រួមរស់​ជាមួយ​គ្នា​បាន​។ តែបើ​សុខ​បាន​តែ​មួយក្រុម​ហើយ​មួយក្រុម​ទៀត មិន​សុខ វា​មិន​អាច​មាន​សន្តិភាព​បាន​ទេ​។ ខ្ញុំ​ឃើញ​មន្ត្រី​បក្សប្រឆាំង​មួយ​ចំនួន​បាន​ធ្វើ​នយោបាយ​ប្រជាភិថុត​តាមរយៈ​ការលាប​ពណ៌ បំភ្លៃ​ព័ត៌មាន​ដែល​អាច​ធ្វើឲ្យ​មាន​ការប្រេះឆា​ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​សង្គម​»៕

អត្ថបទគួរចាប់អារម្មណ៍