ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​តែ​ការពារ​សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ៦ និង​សូម​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​តែ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ ខណៈ​ពេល​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ការ​បោះឆ្នោត​។

ការ​ក្រើន​រំឭក​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​សារ​ជូនពរ​មួយ​ចុះ​ថ្ងៃទី ១២ ខែ​ឧសភា​ ដែល​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នៃ​ពិធី​គម្រប់​ខួប​លើក​ទី​ ៧៣ ​នៃ​ការបង្កើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ១៦ ខែ​ឧសភា​ដែល​ទើប​តែ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​។

លោក​ ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត និង​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​។

សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ចលនា​ឧទ្ទាម​របស់​ជន​ក្បត់ជាតិ​នៅ​តែ​មិន​បោះបង់​នូវ​មហិច្ឆតា ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ជាតិ ពិសេស​ប៉ុនប៉ង​បំផ្លាញ​កិច្ចដំណើរការ និង​លទ្ធផល​បោះឆ្នោត​សកល នាពេល​ខាង​មុខ​នេះ​។ ដូច្នេះ​កងម្លាំង​នគរបាលជាតិ​នៅ​មាន​ភារកិច្ច​ច្រើន​ទៀត ដែល​ត្រូវ​បំពេញ ដើម្បី​ធានា​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ និង​ធានា​បាន​នូវ​បរិយាកាស​សន្តិសុខ​ល្អប្រសើរ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​...»​។

លោក​គូសបញ្ជាក់​ថា​៖ «​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ដោយ​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ឆ្នាំ ២០១៨ ​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ឡើយ​»​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការដឹងគុណ និង​បាន​លើក​សរសើរ ពី​ការខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ជាតិ​ដែល​លោក​ថា បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជាតិ​ដោយ​បាន​ខិតខំ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ តស៊ូ​ប្តូរផ្តាច់​ការពារ​ខឿន​សន្តិភាព អធិបតេយ្យភាព​ជាតិ និង​បាន​បង្កើត​ស្នាដៃ​យ៉ាង​ធំធេង «​ក្នុងការ​រក្សា​នូវ​ស្ថិរភាព​ជីវភាព​សង្គម និង​ប្រក្រតីភាព​ស្ថាប័ន​កំពូល​របស់​រដ្ឋ​តាមរយៈ​ការវាយប្រហារ​ឲ្យ​បរាជ័យ​នូវ​ឧបាយកល​ពិសពុល​របស់​ពួក​អមិត្ត​ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួ​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​បែប​ផែន​បដិវត្តន៍​ពណ៌ ដណ្តើម​យក​អំណាច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។

ក៏​ប៉ុន្តែ​លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​សរសើរ​កងកម្លាំង​ដែល​លោក​ចាត់ទុក​ថា បាន​ទប់ស្កាត់​ចលនា​បះបោរ​ ឬ​បដិវត្តន៍​ពណ៌​គឺជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ធ្វើ​អធិប្បាយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ដឹង​អស់​ហើយ​ថា វា​ពុំ​មាន​ចលនា​បះបោរ ឬ​ក៏​បដិវត្តន៍​ពណ៌​ណា​មួយ​កើតឡើង​ដូច​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ​។

លោក​ថ្លែង​ថា​ ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត វា​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​គ្មាន​អ្នក​ណា​ម្នាក់​អាច​មក​បង្ខំ​បាន​ទេ​។

លោក​ ច័ន្ទនី បញ្ជាក់​ថា​៖ «​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ មិន​មាន​ច្បាប់​ណា​ចែង ដើម្បី​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ទេ ហើយ​ចំពោះ​កងនគរបាល​ដែល​ (​លោក​នាយក​រដ្ឋមន្ត្រី​) ​សុំ​ឲ្យ​ទៅ​បោះឆ្នោត ក៏​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​»​។​...​យើង​បដិសេធ​គ្មាន​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​ស្អី​នោះ​ទេ ហើយ​រឿង​នេះ​នរណា​ក៏​គេ​ដឹង​ដែរ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា កងកម្លាំង​ប្រដាប់​អាវុធ​គាត់​ធ្វើ​ទាហាន គាត់​ធ្វើ​ប៉ូលិស ធ្វើ​ជា​កងរាជ​អាវុធហត្ថ ពួកគាត់​ក៏​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ មិន​បាន​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​គាត់​នៅ​តែ​មាន​សិទ្ធិ ដើម្បី​សម្តែង​ឆន្ទៈ​របស់​គាត់​ហើយ​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ក្រៅ​ម៉ោង​ការងារ​ស្នូល​របស់​គាត់ ដូច្នេះ​គាត់​អាច​ទៅ​បោះឆ្នោត​បាន ដូច្នេះ​គ្មាន​ការចោទប្រកាន់​ថា រាជរដ្ឋាភិបាល​សម្លុត​គំរាម​កំហែង​កម្លាំង​ប្រដាប់អាវុធ​ឲ្យ​ទៅ​បោះឆ្នោត​អី​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​ការសម្លុត​គំរាមកំហែង​លុះត្រា​ណា​តែ​ថា ពួក​ហែង​ត្រូវតែ​ទៅ​បោះឆ្នោត​ឲ្យ​អញ​បើ មិន​បោះ​ឲ្យ​អញ​ដោះ​ស័ក្តិ​ដូច​នេះ​បាន​គេ​ហៅថា គំរាម​កំហែង​។ នេះ​គ្រាន់​តែ​ជា​ការ​រំឭក​អំពាវនាវ​វា​មិនមែន​ចូល​ទៅ​ក្នុង​លក្ខណៈ​សម្លុត​គំរាម​កំហែង​ទេ​»​។

ខណៈ​ដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​ចូល​មក​ដល់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស បាន​ធ្វើការ​អំពាវនាវ​ជា​ញឹកញាប់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​លោក​បាន​ចាត់ទុក​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ខាង​មុខ​ដែល​គ្មាន​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បង្គ្រប់កិច្ច «​ឲ្យ​លោក ហ៊ុន សែន បាន​បន្ត​កាន់​អំណាច​តទៅ​មុខ​ទៀត​»​។ លើស​ពី​នេះ​ទៀត​លោក​ សម រង្ស៊ី បាន​ចោទប្រកាន់​ថា​គណបក្ស​តូចៗ​គណបក្ស​ «​អាប​» គណបក្ស​ «​អម្ពិល​អំពែក​» ដែល​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ខាង​មុខ​គឺ​ត្រូវ​បាន​បង្កើតឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។

យ៉ាង​ណា​ក៏ដោយ​លោក ហ៊ុន សែន បាន​ចាត់​ទុក​ការឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជា​ទង្វើ​រំលោភ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅ​បោះឆ្នោត កុំបី​ខាន​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ និង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដើម្បី​ឲ្យ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Naresuan បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​ប្រឆាំង​គឺ​ដើម្បី​ធានា​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃទី ១០ ខែ​ឧសភា​បាន​ចេញ​បទបញ្ជា​មួយ​ឲ្យ​អភិបាល​ខេត្ត ក្រុង ផ្តល់​របាយការណ៍​ប្រចាំ​ថ្ងៃ​អំពី​ខេត្ត និង​ក្រុង​ពាក់ព័ន្ធ​នឹង​អ្វី​ក៏ដោយ ដែល​ជា​សកម្មភាព​អសកម្ម​ និង​ឧប្បត្តិហេតុ​ណា​មួយ​ដែល​កើតឡើង​នៅ​មុន​ និង​ក្នុង​អំឡុង​ការបោះឆ្នោត​ដើម្បី​ចាត់​វិធានការ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​៕ PS

រាយការណ៍​បន្ថែមៈ គង់ មេត្តា