ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេស វៀតណាម រយៈពេល ៣ថ្ងៃ នៅចុងសប្តាហ៍នេះ ខណៈដែលចំនួនបាតុកររាប់ម៉ឺននាក់មកពីគណបក្ស ប្រឆាំងទាមទារយ៉ាងខ្លាំងឲ្យលោកចុះចេញពីតំណែង ឬរៀបចំបោះឆ្នោតឡើងវិញ។
ចាប់តាំងពីថ្ងៃ ទី១៥ ខែ ធ្នូ មក គណបក្សសង្គ្រោះជាតិ បានរៀបចំធ្វើបាតុកម្មនៅសួនសេរីភាព ហើយបានដើរដង្ហែតាមវិថីនានាក្នុងរាជធានីភ្នំពេញ ទាមទារឲ្យធ្វើការបោះឆ្នោតឡើងវិញនិងឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី លាលែងចេញពីតំណែង ដែលលោកកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៨៥ មក។
គម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅ វៀតណាម ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ត្រូវបានគេបង្ហោះលើទំព័របណ្តាញសង្គមសំឡេងប្រជាធិបតេយ្យដែលអ្នកប្រើប្រាស់រាប់រយនាក់រិះគន់ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីទៅសុំយោបល់ពី វៀតណាម ស្តីពីស្ថានការណ៍នយោបាយនៅ ភ្នំពេញ។
អ្នកប្រើប្រាស់ ហ្វេសប៊ុក បានសរសេរថា៖ «ទៅទទួលការណែនាំពី វៀតណាម ថាតើត្រូវគ្រប់គ្រងស្ថានការណ៍ដោយរបៀបណា ព្រមទាំងថា តើត្រូវប្រឆាំងបាតុកម្មដោយរបៀបណា»។
ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានជំទាស់ចំពោះការអះអាងនៅលើបណ្តាញសង្គម ហើយបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅ វៀតណាម ធ្វើឡើង បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មីហើយត្រូវទៅធ្វើទស្សនកិច្ច នៅរដ្ឋសមាជិកអាស៊ាន។
លោកបន្តថា៖ «នេះជាទម្លាប់ ដែលរដ្ឋាភិបាលថ្មី ត្រូវធ្វើទស្សនកិច្ចទៅរដ្ឋសមាជិកអាស៊ាន។ អ្នកដឹងច្បាស់អំពី ហ្វេសប៊ុក ប៉ុន្តែ ប្រសិនបើសម្តេច ហ៊ុន សែន ត្រូវការយោបល់ដូចដែលគេចោទនោះ ហេតុអ្វីចាំបាច់ទៅ វៀតណាម ជាសាធារណៈនោះ?»។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួង ការបរទេស កាលពីម្សិលមិញបានឲ្យដឹងថា កម្ពុជា និង វៀតណាម នឹងចុះហត្ថលេខាលើឯកសារ ៨ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ទៅទីក្រុង ហាណូយ។ កិច្ចព្រមព្រៀងនោះ រាប់បញ្ចូលទាំងសន្ធិសញ្ញាបត្យាប័នការផ្លាស់ប្តូរពាណិជ្ជកម្ម ព័ត៌មាន និងការអប់រំ ។ល។ ផងដែរ។
ក្រៅពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោកនាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្រ្តី វៀតណាម ហើយគ្រោងជួបប្រធានរដ្ឋសភាប្រធានរដ្ឋ វៀតណាម និងលោក អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផងដែរ។
លោកស្រី ជា វណ្ណាត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី គឺជារឿងធម្មតា ប៉ុន្តែក្រៅពីនេះ លោកអាចពិភាក្សាអំពីស្ថានការណ៍នយោបាយនៅ កម្ពុជា ព្រោះវៀតណាម អាចភ័យខ្លាចអំពីផលប៉ះពាល់មកលើអាជីវកម្មរបស់ខ្លួននៅ កម្ពុជា។ លោកស្រីថ្លែងថា «ខ្ញុំជឿជាក់ថា នឹងមានកិច្ចពិភាក្សាអំពីបញ្ហានយោបាយដែលកើតឡើងនៅកម្ពុជា។
លោក ហ៊ុន សែន មានបទពិសោធដឹកនាំប្រទេស ៣០ ឆ្នាំហើយ ខ្ញុំគិតថា មិនចាំបាច់ស្នើសុំយោបល់ពី វៀតណាម ទេ ប៉ុន្តែ ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋជាសមាជិកអាស៊ានគេអាចនិយាយអំពីបញ្ហានេះបាន»៕ TK