ភ្នំពេញៈ នៅមុន ១ ថ្ងៃ នៃ​ជំនួប​ទទួលទាន​អាហារ​សាមគ្គី ជាមួយ​អ្នក​សារ​ព័ត៌មាន​ប្រមាណ ៥០០០ នាក់ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាកដ​អំពី​ប្រទេស​កម្ពុជា គឺ​កាន់​តែ​ផ្តល់នូវ​ទំនុក​ចិត្ត​ដល់​ទេសចរ​បរទេស និង​អ្នក​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​កម្សាន្ត​និង​ចូលមក​វិនិយោគ នៅ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន។

លោកនាយក​រដ្ឋមន្ដ្រី បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​កាលពី​ម្សិលមិញ​ថា៖ «នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​ទី ១១ ខែ​មករា នេះ ខ្ញុំ​នឹង​ជួប​បងប្អូន និង​ក្មួយៗ​អ្នក​កាសែត នៅ​ក្នុង​កម្មវិធី​បាយ​សាមគ្គី​នៅ​កោះ​ពេជ្រ។ ពិត​ប្រាកដ​ណាស់ ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួមរ​បស់​បង​ប្អូន និង​ក្មួយៗ អ្នក​សារ​ព័ត៌មាន​បាន​ឡើយ»។

តាមរយៈ​សំណេរ​លើ​បណ្ដាញ​សង្គម​ដដែល លោក នាយករដ្ឋមន្ដ្រី លើក​ឡើង​ថា៖ «យើង​បាន​បាត់បង់​ឱកាស កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​សង្គ្រាម។ ក្រោយ​ពី​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​ពេញ​លេញគឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នក​វិនិយោគ​ទុន​បរទេស​ជាច្រើន មក​វិនិយោគ​នៅ​កម្ពុជា។ ដូច្នេះ ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាកដ គឺ​កាន់​តែ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគិន​បរទេស»។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន បាន​ចាត់​ចែង​ផ្តល់​កាត​ដល់​អ្នក​សារ​ព័ត៌មាន ដែល​មាន​ឈ្មោះ​ចូលរួម​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី សរុប​ជិត ៥០០០ នាក់​ហើយ ខណៈ​ក្រសួង​ព័ត៌មាន​គ្រោង​ឲ្យ​អ្នក​សារ​ព័ត៌មាន​តែ ៥០០០ នាក់ ប៉ុណ្ណោះ ចូលរួម​ក្នុង​ជំនួប​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

លោក សុវណ្ណ បញ្ជាក់​ថា៖ «ជំនួប​រវាង​អ្នក​សារ​ព័ត៌មាន​ជាមួយ​សម្ដេច លើក​ទី ៣ នេះ ចំនួន​អ្នក​សារ​ព័ត៌មាន​កើន​ឡើង​ជាង​លើក​មុនៗ ដែល​មាន​អ្នក​ចូលរួម​ជិត ៥ ០០០ នាក់​ហើយ​ដោយ​ឡែក​កាល​ពី​ជំនួប​លើក​ទី ២ មាន​តែ​ជាង ៤០០០ នាក់​ប៉ុណ្ណោះ»។

លោក​បន្ថែមថា៖ «ជំនួប​លើក​នេះ ប្លែក​បន្តិច​ពីលើ​កមុនៗ​ដែរ ដោយ​យើង​អាច​ឲ្យ​អ្នក​សារ​ព័ត៌មាន​ជ្រើសរើស​កៅអី សម្រាប់​អង្គុយ​បាន​ដោយ​សេរី ខុស​ពី​លើក​មុន យើង​បាន​ឲ្យ​មន្ដ្រី​មក​ពី​ក្រសួង អង្គុយ​ខាង​មុខ។ លើក​នេះ​អ្នក​ទៅ​ដល់​មុន គឺអាច​ជ្រើសរើស​កន្លែង​អង្គុយ​ខាង​មុខ​គេ​បាន និង​មាន​ឱកាស​នៅ​ជិត​សម្ដេច​ជាង​គេ និង​អាច​ថត​រូប​អនុ​ស្សាវរីយ៍​ជាមួយ​សម្ដេច​ផង​ដែរ» ។

បើតាម លោក ផុស សុវណ្ណ អ្នក​ដែល​ចូលរួម​ក្នុងជំនួប ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​លើក​ទី ៣ នេះ រួម​មាន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន សរុប​ចំនួន ១០១៤ នាក់ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​សរុប​ចំនួន ៩៥៥ នាក់ សារ​ព័ត៌មាន​បោះពុម្ព​ផ្សាយ​សរុប​ចំនួន ៩៧៩ នាក់ ក្រុម​ការងារ Facebook សរុប​ចំនួន ៩៦ នាក់ គេហទំព័រ និង TV Online សរុប​ចំនួន ៦៤៤ នាក់ អ្នក​នាំ​ពាក្យ​ក្រសួង​ស្ថាប័ន សរុប​ចំនួន ១៣៤ នាក់ អ្នក​នាំ​ពាក្យ​រាជធានី-ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត សរុប ២៨៤ នាក់ ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា សរុប​ចំនួន ៤៧ នាក់ ក្រុម​ការងារ សន្តិសុខ សរុប​ចំនួន ១៥០ នាក់ និង​រួម​ទាំង​អគ្គ​នាយក ព្រមទាំង​សហការី និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន សរុប​ចំនួន ២៧៦ នាក់។

លោក​បន្ថែមថា ជំនួប​លើក-នេះ ក្រៅពី​ការចូលរួម​របស់​អ្នកសារ​ព័ត៌មាន ក៏មាន​ភាគី​ពាក់​ព័ន្ធ អ្នក​នាំពាក្យ​តាម​រាជធានី ខេត្ដ និង​អ្នក​នាំ​ពាក្យ​តាម​ក្រសួង ស្ថាប័ន និង​អភិបាល​ខេត្ដ រាជធានី រួម​ទាំង​រដ្ឋមន្ដ្រី​តាម​ក្រសួង​មួយ​ចំនួន​ផង​ដែរ។

លោក ផុស សុវណ្ណ បញ្ជាក់ថា៖ «ការរៀបចំ​ជំនួប​នេះ គឺពិត​ជាមាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឲ្យ​អ្នក​សារ​ព័ត៌មាន ក៏​ដូចជា​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​បាន​យល់​ដឹង​កាន់​តែ​ជ្រួត​ជ្រាប​ពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ទាំង​អ្នក​សារ​ព័ត៌មាន អាជ្ញាធរ​រាជធានី ខេត្ដ ព្រម​ទាំង​ក្រសួង ស្ថាប័ន​ផ្សេងៗ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ការ​ឆ្លើយ​តប និង​ការ​បំភ្លឺ​បាន​ទាន់​ពេល​វេលា ចំពោះ​អ្វី​ដែល​មាន​កើត​ឡើង​នៅ​តាម​ស្ថាប័ន​របស់​ខ្លួន​នីមួយៗ»។

លោក មឿ​ន ឈាន​ណា​រិ​ទ្ធនាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន ដែល​នឹង​ចូលរួម​ក្នុង​ជំនួប​នេះ​ដែរ​នោះ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ស្ថានភាព​នយោបាយ មាន​ភាព​ប្រសើរ​ឡើងវិញ សិទ្ធិ​សេរីភាព​នៃ​អ្នក​សារ​ព័ត៌មាន ក៏មាន​ភាព​ប្រសើរ​ឡើង​វិញ​ដែរ។

លោក​បាន​បន្ថែម​ថា៖ «អ្នក​សារ​ព័ត៌មាន ជា​អ្នក​អនុវត្ដ​ចំពោះ​ការ​សរសេរ​ព័ត៌មាន តែង​តែ​ចង់​យក​ស្ដង់ដារ​អាមេរិកាំង អង់គ្លេស និង​ព័ត៌មាន​បែប​សង្គម​និយម​ប្រជាធិប​តេយ្យ និង​ប្រកាន់​ជំហរ​ឯករាជ្យ ដែល​នេះ​ជា​ការ​ល្អ​ហើយ ប៉ុន្ដែ​នៅ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា យើង​មាន​ប្រពៃណី និង​វប្បធម៌​ដោយ​ឡែក​មួយ។ អ៊ីចឹង​ពេល​ខ្លះ​យើង​ត្រូវ​សម្រប​សម្រួល ចំពោះ​ការ​អនុវត្ដ​ស្ដង់ដារ នៃ​ការ​ធ្វើ​ព័ត៌មាន​បែប​អន្ដរជាតិ​នោះ ដើម្បី​យើង​អាច​អនុវត្ដ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​របស់​យើង ឲ្យ​កាន់​តែ​រលូន ជាជាង​នៅ​តែ​ម្ខាង​ក្នុង​លក្ខណៈ​ជា​គូ​ប្រជែង»។

លោក​បន្ថែម៖ «យើង​គួរតែ​ឃ្លាំមើល​ផង សហការ​ផង ដោយ​រាយការណ៍​ព័ត៌មាន​ទៅ​តាម​តួនាទី​យើង ដូចជា​កញ្ចក់​ឆ្លុះ ដែល​ត្រូវ​រាយ​ការណ៍​ព័ត៌មាន​បែប​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង។ យើង​មិន​គួរ​ប្រើ​ព័ត៌មាន​បែប​អាមេរិកាំង ដោយ​ប្រើ​តែ​ដំបង ឬ​ព្រនង់ សុទ្ធសាធ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​អាមេរិកាំង​នោះ​ទេ»។

លោក ឈឹម មករា អ្នកសារព័ត៌មាន​កម្ពុ​ជាមួយ​រូប ដែល​កំពុង​ប្រចាំការ​នៅ​ខេត្ដ​កោះកុង ហើយ​នឹង​ចូលរួម​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី​ដែរ​នោះ ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយ​គិត​ថា នឹង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​អ្នក​សារ​ព័ត៌មាន ដោយ​ទទួល​បាន​បទពិសោធ និង​អនុសាសន៍​ផ្សេងៗ​ពី​ថ្នាក់​ដឹកនាំ​មក​កាន់​អ្នក​សារ​ព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន អាច​មាន​ឱកាស​បង្ហាញ​ពី​ព័ត៌មាន​នៅ​តាម​បណ្ដា​ខេត្ដ​ក្រុង​ទៅ​កាន់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​ផង​ដែរ»។

លោក​បន្ថែមថា៖ «ជាក់ស្ដែង​ដូច​ខ្ញុំបម្រើ​ការងារ​នៅតាម​ខេត្ដ​អ៊ីចឹង​បញ្ហា​ប្រឈម​គឺ ពេល​ដែល​យើង​សរសេរ​ព័ត៌មាន​ពិត​ប្រាកដ​ទាក់ទង​ទៅ​នឹង​បទ​ល្មើសផ្សេ​ងៗ គឺ​បាន​ប្រឈម​បញ្ហា​ពី​សំណាក់​ជន​ខិល​ខូច និង​មន្ដ្រី​ខិលខូច​មួយ​ចំនួន។ អ៊ីចឹង​ខ្ញុំ​មាន​តែ​សូម​សំណូមពរ​ទៅ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល​អាច​មាន​ជា​វិធានការ ឬ​ដំណោះ​ស្រាយ​ណាមួយ​ចំពោះ​បញ្ហា​នេះ»។

គួរ​បញ្ជាក់ថា ជំនួប​លើកដំបូង​រវាង លោកនាយក​រដ្ឋមន្ដ្រី និង​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០១៧ ដែល​មាន​អ្នក​សារ​ព័ត៌មាន​ចូលរួម​ប្រមាណ​ជាង ១៤០០ នាក់​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ។

ជំនួប​លើក​ទី ២ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ដែល​មាន​អ្នក​សារ​ព័ត៌មាន​ចូលរួម​ប្រមាណ​ជាង ៤០០០ នាក់។ ចំណែក​ជំនួប​លើក​ទី ៣ នេះ ក៏​ធ្វើ​នៅ​កោះ​ពេជ្រ​ដែរ ដោយ​មាន​អ្នក​សារ​ព័ត៌មាន​ចូលរួម​រហូត​ដល់​ជិត ៥០០០ នាក់៕