ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការទប់ស្កាត់​កុំឱ្យ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​គឺ​អាស្រ័យ​ទៅ​លើ​ពលរដ្ឋ​ម្នាក់ៗ​ក្នុង​ការការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ១៩ ខណៈ​លោក​ព្រួយបារម្ភ​ថា ការរាលដាល​នៅក្នុង​ពិភពលោក​នឹង​អាច​បន្ត​រយៈពេល​យូរ​ទៀត​។ ការលើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយពី​និស្សិត​ខ្មែរ​ចំនួន​ ៩ ​នាក់​ទៀត ទើប​មកពី​ក្រៅ​ប្រទេស​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន សែន ថ្លែង​នៅពេល​ចុះ​ជួប​កសិករ​ចិញ្ចឹម​ត្រី​នៅ​ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ទាំងអស់​ដែល​រកឃើញ​នៅ​កម្ពុជា​គឺ​មាន​ជនបរទេស​ពាក់កណ្ដាល និង​ជនជាតិ​ខ្មែរ​ពាក់កណ្ដាល​ដែល​សុទ្ធតែ​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​កន្លងមក​ក៏​ធ្លាប់មាន​អ្នកជំងឺ​ខ្លះ​បាន​ចម្លង​ជំងឺ​បន្ត​មកកាន់​អ្នក​នៅក្នុង​ប្រទេស​ដែរ​។

ប៉ុន្តែ​លោក​បន្តថា ជា​ភ័ព្វសំណាង​ដែល​កម្ពុជា​មិនទាន់​មាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​។ លោក​ថា​៖ «​ជំងឺ​កូវីដ​អត់​ទាន់​ចប់​ទេ ហើយ​អ្នកវិទ្យាសាស្ដ្រ​ជាង ២០០ ​នាក់​ បាន​សរសេរ​លិខិត​ទៅ​អង្គការ​សុខភាព​ពិភពលោក ថា​មាន​លទ្ធភាព​ឆ្លង​តាមរយៈ​ខ្យល់អាកាស​។ ឥឡូវ​តើ​វា​ពិត​ ឬ​មិន​ពិត​ហើយ​ប្រសិនបើ​ពិត អាលំ​អាលាយ​ហើយ​។ ព្រោះ​សូម្បីតែ​ខ្យល់​ដកដង្ហើម ក៏​យើង​ត្រូវ​ស្ពាយ​អុកស៊ីហ្ស៊ែន​តាម​ខ្លួន​ដែរ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា និស្សិត​ខ្មែរ​មកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ ៩ ​នាក់​បន្ថែមទៀត​ត្រូវ​បាន​ធ្វើតេស្ដ​រកឃើញ​ជំងឺ​កូវីដ​១៩​កាលពី​យប់​ថ្ងៃទី​ ១៣ ​កក្កដា ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ចាក់អង្រែ​រាជធានី​ភ្នំពេញ​។ ករណី​ថ្មី​ទាំង​ ៩ ​នាក់​នេះ​ បាន​ធ្វើឱ្យ​ចំនួន​និស្សិត​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​មកដល់​កម្ពុជា​ចាប់​តាំងពី​ថ្ងៃទី​ ១០ កក្កដា កើន​ដល់ ២៤ ​នាក់​ក្នុង​ចំណោម​ទាំង​ ៨០ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ បន្ទាប់ពី​និស្សិត​ ១៥ ​នាក់​ដំបូង ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ធ្វើតេស្ដ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ១១ ​កក្កដា​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា នៅក្នុង​ចំណោម​និស្សិត​ទាំង​ ៨០ ​នាក់​នេះ​ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់អនុបណ្ឌិត​លើ​មុន​ជំនាញ​ខុសៗ​គ្នា នៅក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ហើយ​បាន​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​នៅពេល​នេះ គឺ​ដោយសារ​មាន​ការឈប់សម្រាក​ពី​ការសិក្សា​។

លោកស្រី​ថា​៖ «​យើង​សង្កេតឃើញ​ការចម្លង​ដែល​មាន​ការកើនឡើង​ គឺ​ច្រើន​មែនទែន បណ្ដាល​មកពី​ការធ្វើដំណើរ​របស់​បុគ្គល​ដែល​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​អាច​នាំ​ឱ្យ​មាន​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ ដូច្នេះ​ គឺ​មាន​ការចាំបាច់​ណាស់ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​អនុវត្ត​នូវ​កិច្ចការពារ​ខ្លួន​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចៀសវាង​ការចម្លង​វីរុស​កូវីដ​១៩​នេះ​ចូល​ទៅក្នុង​សហគមន៍​របស់​យើង​»​។

លោក ហ៊ុន សែន ព្រួយបារម្ភ​ថា​ក្នុង​ចំណោម​និស្សិត​ទាំង ៨០ ​នាក់​នេះ​អាច​នឹង​មាន​អ្នក​កើត​ជំងឺ​កូវីដ​១៩​បន្ថែម ខណៈ​លោក​ក៏​ព្រួយបារម្ភ​ដែល​សង្កេតឃើញ​ប្រជាពលរដ្ឋ​លែង​សូវ​ភ័យខ្លាច និង​ប្រុងប្រយ័ត្ន​ដូច​មុន ស្របពេល​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន​វិញ ដូចជា​ការបើក​សាលារៀន​មួយចំនួន​នៅក្នុង​ខែក្រោយ ការបើក​ក្លិប​កម្សាន្ត​ឱ្យ​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន ការបើក​កាស៊ីណូ និង​ការកំណត់​ថ្ងៃ​ឈប់​សង​សម្រាប់​ចូលឆ្នាំ​នៅក្នុង​ខែក្រោយ​នេះ ដែល​ពលរដ្ឋ​អាច​ឈប់សម្រាក​រហូត​ទៅដល់​ ៩ ​ថ្ងៃ​។

លោក​ថា​៖ «​ពី​មុន​ប្រជាពលរដ្ឋ​ខ្លាច​ជ្រុល ឥឡូវ​បន្លាច​ក៏​លែង​ខ្លាច​...​។ ឥឡូវ​ (​ធ្វើដំណើរ​) ​មក​តាម​ផ្លូវ​ (​ពលរដ្ឋ​) ១០ ​នាក់​ គឺ​ពាក់មួក​សុវត្ថិភាព​ទាំង​ ១០ ​នាក់ ប៉ុន្តែ​ម៉ាស់​ឃើញ​តែ​ ១ សម្រាប់​អ្នកជិះ​ម៉ូតូ​។ សូម​ស្នើសុំ​ឱ្យ​ខិតខំ​ការពារ​ខ្លួន ហើយ​គ្មាន​អ្នកណា​ជួយ​យើង​ក្រៅពី​យើង​នោះទេ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​មនុស្ស​ម្នាក់ៗ​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន ដើម្បី​កុំឱ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​ឱ្យ​សោះ​»​។ លោកនាយក​រដ្ឋមន្ត្រី​រំពឹង​ថា ការបើក​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ទទួល​អ្នក​ទេសចរ​ក្នុង​ស្រុក​នៅ​អំឡុង​ថ្ងៃ​ឈប់សម្រាក​ខាង​មុខ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការបាត់បង់​ការងារ និង​ប្រាក់ចំណូល​នៅក្នុង​វិស័យ​សេវា​ទេសចរណ៍​នេះ​។

ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា​គិត​មកដល់​ពេល​នេះ​កម្មករ​បម្រើការ​នៅ​តាម​រោងចក្រ​កើន​ដល់​ ១៧ ​ម៉ឺន​នាក់​កំពុង​បាត់បង់​ការងារ​ធ្វើ​ហើយ​តម្រូវឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ ៤០ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ សម្រាប់​កម្មករ​ម្នាក់ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១៣ ​កក្កដា គ្រួសារ​ក្រីក្រ​ដែល​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​គឺ​កើន​ដល់​ជាង​ ៥២ ​ម៉ឺន​គ្រួសារ​ ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ចំនួន​ ២៣ ​លាន​ដុល្លារ​។ «​ខ្ញុំ​បាន​ប្រកាស​ថា យើង​ធ្វើ​ ២ ​ខែ​ហើយ​បើ​វា​មិន​ធូរស្រាល​ទេ យើង​ធ្វើ​ ៤ ​ខែ ប៉ុន្តែ​យើង​បាន​ត្រៀម​លុយ​សម្រាប់​ ១០ ​ខែ​ឯណោះ​»​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ថា គិត​ចាប់តាំងពី​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩​ លើក​ដំបូង​ក្នុង​ខែ​មករា គឺ​មកដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ៤៦ ៨៦១ ​នាក់ ​ត្រូវ​បាន​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ​ ១៩ ហើយ​ករណី​ធ្វើតេស្ដ​រកឃើញ​វិជ្ជមាន​ទាំងអស់​ចំនួន​ ១៦៥ ​នាក់ ​គឺ​ត្រូវបាន​ព្យាបាល​សះស្បើយ​អស់​ចំនួន​ ១៣៣ ​នាក់​៕