ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិនលើកដំបូងចំនួន ៦០ ម៉ឺនដូស ដែលត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីម្សិលមិញថា ជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀតដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំង ២ កម្ពុជា-ចិននៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។
លោក ហ៊ុន សែន បានទៅទទួលយកវ៉ាក់សាំងដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមនឹងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wen Tian) ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ យន្តហោះពិសេសរបស់ប្រទេសចិន បានដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីប្រទេសចិនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៤ រសៀលម្សិលមិញ។
នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ ១៩ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ៊ុន សែន បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់នូវវ៉ាក់សាំងកូវីដ១៩មកដល់ប្រទេសកម្ពុជាជាលើកដំបូងចំនួន ៦០ ម៉ឺនដូស។
លោកមានប្រសាសន៍ថា៖ «យើងទទួលបានវ៉ាក់សាំងពីប្រទេសចិន ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការល្អ បើគ្មានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន យើងនឹងពុំទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនយើងនៅថ្ងៃនេះទេ។ ខ្ញុំក៏បានស្នើសុំបន្ថែមទៅរដ្ឋាភិបាលចិនក្នុងនាមរាជរដ្ឋាភិបាល ហើយខ្ញុំសង្ឃឹមថានឹងទទួលបានជាដំណាក់ៗ»។
បន្ទាប់ពីពិធីប្រគល់ទទួលវ៉ាក់សាំងរួចមកលោក ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានមួយដោយលោកបានធ្វើការពន្យល់ពីមូលហេតុដែលលោកលុបចោលនូវការចាក់វ៉ាក់សាំងកូវីដ ១៩ នៅថ្ងៃទី ១០ ខាងមុខ។ លោកថា លោកបានតមអាហារមួយចំនួន ២ ថ្ងៃរួចហើយ ដើម្បីត្រៀមចាក់វ៉ាក់សាំងនេះ ប៉ុន្តែបន្ទាប់ពីបានទទួលលិខិតពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពសម្រាប់មនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំ ហើយសម្រាប់អ្នកមានអាយុ ៦០ ឆ្នាំឡើងលើកំពុងសិក្សាតាមដានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកបានយល់ស្របជាមួយនឹងការរៀបចំឱ្យមានការចាក់វ៉ាក់សាំងជូនកូនប្រុសទាំង ៣ របស់លោក និងកូនមន្ត្រីធំៗ ព្រមទាំងរដ្ឋមន្ត្រីដែលមានអាយុក្រោម ៥៩ ឆ្នាំដូចជា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមេទាហានមួយចំនួនដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «ខ្ញុំឯកភាពឱ្យកូនប្រុសទាំង ៣ របស់ខ្ញុំទទួលការចាក់វ៉ាក់សាំង និងកូនប្រសា ២ នាក់ទៀត អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន និងនាយទាហានផងដែរ។ នេះជាការបង្ហាញនូវការយកចិត្តទុកដាក់របស់យើង»។
លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា កម្ពុជាក៏កំពុងស្វះស្វែងរកការទិញវ៉ាក់សាំងពីប្រទេសផ្សេងៗផងដែរដូចជា ប្រទេសឥណ្ឌា និងថៃជាដើម ហើយនៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈនេះ កម្ពុជាអាចនឹងធ្វើការចរចាជាមួយនឹងស្ថានទូតឥណ្ឌាទាក់ទងនឹងវ៉ាក់សាំងនេះផងដែរ។
លោក វ៉ាង វិនធាន បានថ្លែងក្នុងឱកាសប្រគល់ទទួលនូវវ៉ាក់សាំងកូវីដ ១៩ ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលវ៉ាក់សាំងកូវីដ ១៩ ពីប្រទេសចិន។ អំណោយវ៉ាក់សាំងកូវីដ ១៩ នេះ បានបង្ហាញឱ្យឃើញពីមនោសញ្ចេតនាដ៏ពិសេស និងជ្រាលជ្រៅនៃប្រទេស និងកងទ័ពទាំង ២។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងទាំងនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការជួយប្រទេសកម្ពុជា ទប់ស្កាត់វីរុសកូវីដ ១៩។ វីរុសកូវីដ ១៩ បន្ដរីករាលដាលយ៉ាងខ្លាំងក្លានៅទូទាំងពិភពលោក។ ការសាមគ្គីគ្នាក្នុងការទប់ស្កាត់ការឆ្លងវីរុសនៅតែជាភារកិច្ចចម្បងសម្រាប់សហគមន៍អន្ដរជាតិ»។
លោក វ៉ាង វិនធាន បញ្ជាក់ថា ភាគីចិនក៏បានសម្រេចចិត្តផ្តល់វ៉ាក់សាំងចំនួន ១០ លានដូសជូនដល់យន្តការ COVAX សម្រាប់បំពេញតម្រូវការជាបន្ទាន់ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាវិធានការដ៏សំខាន់មួយរបស់ចិនសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមស្តីអំពីការកសាងសហគមន៍សុខភាពមនុស្សជាតិ។ លោកបន្តថា ក្នុងន័យខាងលើនេះ ភាគីចិនបានផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជាលើកនេះគឺជាសកម្មភាពដ៏សំខាន់នៃការអនុវត្តទៅតាមការប្រកាសរបស់ប្រធានាធិបតីចិនលោក Xi Jinping ស្តីអំពីការចាត់ទុកវ៉ាក់សាំងកូវីដ១៩ជាទំនិញរួមរបស់ពិភពលោក។
វ៉ាក់សាំងចំនួន ៦០ ម៉ឺនដូសនេះ ត្រូវបានចែកជា ២ គឺ ៣០ ម៉ឺនដូស ផ្តល់ជូនក្រសួងសុខាភិបាល និង ៣០ ម៉ឺនដូសទៀត ផ្តល់ជូនក្រសួងការពារជាតិ។
កាលពីចុងសប្តាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១ សែនដូសដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានប្រកាសនៅថ្ងៃទី ៥ ខែកុម្ភៈ តាមរយៈលិខិតមួយថា៖ «រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ចំនួន ១០ ម៉ឺនដូសដល់កម្ពុជាក្នុងស្ថានភាពបន្ទាន់។
ការផ្តល់វ៉ាក់សាំងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់លោក ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ដ្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩។
ស្ថានទូតបន្តថា ការផ្តល់វ៉ាក់សាំងនេះត្រូវធ្វើឡើងតាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែង និងសំណើជាច្រើនពីប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។ «ការសម្រេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តរបស់ឥណ្ឌាចំពោះប្រទេសកម្ពុជា ដែលជាដៃគូសំខាន់ និងជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»៕