ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាត់ទុក​ក្រុម​ដែល​ចោទថា កម្ពុជា​លាក់​ទិន្នន័យ​ករណី​ជំងឺ​កូវីដ​ ១៩ ថា ជា​ «​ក្រុម​ប្រតិកិរិយា​» ហើយ​លោក​បាន​រិះគន់​មន្ត្រី​ស្ថានទូត​មួយ​ដែល​ចង់​ឲ្យ​កម្ពុជា​យក​អ្នកដំណើរ​តាម​កប៉ាល់​ទេសចរណ៍​ពី​កំពង់ចាម​មក​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ ៥ ​នៅ​ទីក្រុង​ភ្នំពេញ​ ខណៈ​ដែល​កាលពី​ម្សិលមិញ​កម្ពុជា​បាន​រកឃើញ​បុរស​បារាំង​ម្នាក់ទៀត​មាន​វីរុស​នេះ​។

លោក ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៦ នៅ​ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា មាន​ក្រុម​ប្រតិកិរិយា​ដែល​ចោទ​កម្ពុជា​ថា បាន​លាក់​ទិន្នន័យ​អំពី​ករណី​ជំងឺ​នេះ ប៉ុន្តែ​ការពិត​កម្ពុជា​មិនបាន​ធ្វើការ​លាក់បាំង​អ្វី​ឡើយ ផ្ទុយទៅវិញ​កម្ពុជា​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ផ្នែក​សុខាភិបាល​នានា និង​អង្គការ​សុខភាព​ពិភពលោក​។ កម្ពុជា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​លាក់​ទិន្នន័យ​នោះទេ​។

លោក​ថ្លែងថា​៖ «​បើសិន​រដ្ឋាភិបាល​ចង់​លាក់​ក៏​មិនអាច​លាក់​បានដែរ​។ នេះ​គឺជា​រឿង​ពិត​ព្រោះ​សាមី​ខ្លួនគេ គេ​ដឹងថា​គេ​ឈឺ ឬ​មិន​ឈឺ​។ ផ្ទុយទៅវិញ​រាជរដ្ឋាភិបាល​អង្វរករ​ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ការសង្ស័យថា មាន​ការរីក​រាលដាល​មាន​ការឆ្លង​ជំងឺ​សូម​ទាក់ទង​ទៅ​វិស័យ​សុខាភិបាល​ ដើម្បី​ពិនិត្យ​នូវ​ជំងឺ​នោះ​។ យើង​រៀបចំ​ការឆ្លើយតប ទោះបី​ប្រទេស​យើង​ក្រ តែ​ទឹកចិត្ត​យើង​មិន​ក្រ​នោះទេ​»​។

លោក​ក៏​ប្រតិកម្ម​នឹង​ស្ថានទូត​បរទេសមួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ស្នើសុំ​ឲ្យ​យក​អ្នកទេសចរ​ក្នុង​ខេត្តកំពង់ចាម ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍ Viking Cruise Journey មក​ស្នាក់នៅ​សណ្ឋាគារ​ទំនើប​ផ្កាយ​ ៥ នៅ​ភ្នំពេញ​ដូច​អ្វីដែល​កម្ពុជា​ធ្លាប់​បានធ្វើ​សម្រាប់​អ្នកដំណើរ​ពី​នាវា MS Westerdam កាលពី​ខែកុម្ភៈ​កន្លងទៅ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា នាវា MS Westerdam ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​ក្រុងព្រះសីហនុ ហើយ​អ្នកដំណើរ​មួយចំនួន​ត្រូវបាន​យកមក​ស្នាក់នៅ​សណ្ឋាគារ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ខុសពី​ករណី​កប៉ាល់​ទេសចរណ៍ Viking Cruise Journey ខេត្តកំពង់ចាម​ដែល​មាន​អ្នកដំណើរ​ ៣ ​នាក់​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​នាវា​ទេសចរណ៍​ ១ ​គ្រឿង​នៅឯ​ខេត្តកំពង់ចាម​មាន​ផ្ទុក​នូវ​មេរោគ​នេះ​រួចទៅហើយ​។ ដូច្នេះ​ជាមួយនឹង​ពលរដ្ឋ​របស់​អស់លោកអ្នក​ចំនួន​ប៉ុន្មាន​នាក់​នេះ​តើ​ឲ្យ​យើងខ្ញុំ​យោគយល់​ពលរដ្ឋ​របស់​អស់លោក ហើយ​បំផ្លាញ​នូវ​ពលរដ្ឋ​របស់​យើងខ្ញុំ​ ១៦ ​លាន​នាក់​បានទេ​? នេះ​ជា​បញ្ហា​ដែល​សុំ​ឲ្យ​បងប្អូន​ជនរួមជាតិ​របស់​យើង ធ្វើការ​ពិចារណា រាប់ទាំង​បងប្អូន​ជនរួមជាតិ​មួយ​ចំនួន ដែល​ធ្លាប់​តែ​ទិតៀន​រាជរដ្ឋាភិបាល​។ គេ​ចង់​ថា បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​របស់​យើង​យក​ជនជាតិ​បរទេស​នៅលើ​នាវា​នៅឯ​ទីក្រុង​កំពង់ចាម​ឲ្យ​មក​ដេក​នៅ​សណ្ឋាគារ​ផ្កាយ​ ៥ ហើយ​គេ​ចេញ​លុយ​ដោយ​ខ្លួនឯង​»​។

លោក​ថា មន្ត្រី​ស្ថានទូត​រូបនោះ​បាន​បំភ័យ និង​ព្រមាន​ដល់​អភិបាល​ខេត្តកំពង់ចាម​ថា​អ្នក​ទេសចរ​នៅលើ​នាវា​នេះ​នឹង​ឡើងមក​ធ្វើបាតុកម្ម ហើយ​បង្ហោះ​លើ​ហ្វេសប៊ុក​។ លោក​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​អ្នកទេសចរ​ទាំងនោះ​ឡើងគោក ដើម្បី​សម្អាត​នាវា ហើយ​ពួកគេ​អាច​ចុះ​ទៅវិញ​បើសិន​គេ​ចង់​។ ប៉ុន្តែ​នាវា​នេះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចល័ត​ទៅណា​ឡើយ​រហូតដល់​វិធានការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បានកំណត់​ត្រូវបាន​អនុវត្ត​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ជូន​សារ​ទៅ​មន្ត្រី​ស្ថានទូត​នេះ​ឲ្យ​បាន​ជ្រាបថា នេះ​មិនមែន​ជា​ទឹកដី​របស់​អ្នក​ហើយ​តម្រូវ​ឲ្យ​ខ្ញុំ​គិតគូរ​ចំពោះតែ​ជនជាតិ​របស់​អ្នកឯង ប៉ុន្មាន​នាក់​ហើយ​ខ្វះ​ការគិតគូរ​ចំពោះ​ពលរដ្ឋ​របស់ខ្ញុំ​ ១៦ ​លាន​នាក់​នោះទេ​។ សូម​ធ្វើការ​យោគយល់ ហើយ​អធ្យាស្រ័យ​គ្នា​រួម​គ្នា​ប្រយុទ្ធ​។ ពិតមែន​តែ​សណ្ឋាគារ​នៅ​ខេត្ត​កំពង់ចាម​មាន​ការលំបាក ប៉ុន្តែ​ប្រសើរ​ជាង​ទុក​ឲ្យ​អ្នកឯង​នៅលើ​កប៉ាល់ ហើយ​ឆ្លង​ដូច​នៅ Princess Diamond ដូច​នៅ​ជប៉ុន​នោះ​ដែល​គេ​ចាត់ទុកថា ជាការ​ខុសឆ្គង​»​។​

លោក​បន្តថា​៖ «​នេះ​ជា​​ភ័ព្វសំណាង​ហើយ ដែល​កម្ពុជា​មាន​ភាពអនុគ្រោះ ហើយ​ពិនិត្យ​សំណាក​ហើយ​យក​អ្នក​ទាំងនេះ​មក​ព្យាបាល​នៅ​កន្លែង​សមរម្យ​។ ប៉ុន្តែ​អ្នកដទៃ​ទៀត ត្រូវដាក់​នៅ​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​។ អ្នកឯង​មិនអាច​គំរាម​កម្ពុជា​ឲ្យ​យក​ភ្ញៀវ​របស់​អ្នកឯង ត្រឹមតែ​ប៉ុន្មាន​នាក់​មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​ឲ្យ​មានការ​ភ័យខ្លាច​នៅ​ទីក្រុង​ភ្នំពេញ​ទេ​។ សូម​យោគយល់​»​។

កាលពី​ថ្ងៃ​សៅរ៍​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ទាំងពី​ខាងក្រៅ និង​ខាងក្នុង​មួយចំនួន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុងប្រទេស​ កម្ពុជា​។ វិធានការ​ខាងក្រៅ​គឺ​ការហាមឃាត់​ជនបរទេស​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ ៥ រួមមាន អ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និង​សហរដ្ឋអាមេរិក​ មិន​ឲ្យ​ចូលមក​កម្ពុជា​ចាប់​ពីថ្ងៃ​អង្គារ​ស្អែក​នេះ​តទៅ​។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះដែរ ប្រទេស​ អ៊ីរ៉ង់​ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​ហាមឃាត់​នេះ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១៨ មីនា​។ ការហាមឃាត់​នេះ​មាន​រយៈពេល ៣០ ​ថ្ងៃ​។

វិធានការ​ស្រដៀង​គ្នា​នេះ​គឺ​ការហាមឃាត់​ដោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ក្នុង​ការចូល​នៃ​នាវា​ដឹក​អ្នកដំណើរ និង​កប៉ាល់​ទេសចរណ៍​ចូលមក​កម្ពុជា​តាម​ផ្លូវ​ទឹក​ចាប់ពី​ថ្ងៃទី ១៣ មីនា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

វិធានការ​ទប់ស្កាត់​ពី​ខាងក្រៅ​នេះ​មិនបាន​ហាមឃាត់​មនុស្ស​ដែល​មកពី​ប្រទេស​ចិន​ដែល​ធ្លាប់ជា​មណ្ឌល​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​ទេ​។ ការមិន​ដាក់បញ្ចូល​ប្រទេស​ចិន​នេះ​ធ្វើឲ្យ​មានមតិ​រិះគន់​ក្នុង​ចំណោម​អ្នកប្រើប្រាស់​ហ្វេសប៊ុក​។

ប៉ុន្តែ​លោក ហ៊ុន សែន បាន​វាយបក​ធ្ងន់ៗ​ទៅលើ​អ្នក​រិះគន់​ទាំងនោះ​ដោយ​លោក​ពន្យល់ថា អត្រា​ឆ្លង​នៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ខ្លាំង ហើយ​ចុងក្រោយ​អត្រា​ស្លាប់​បាន​ធ្លាក់​ដល់​សូន្យ​។ ប៉ុន្តែ​ប្រទេស​ភាគច្រើន​ដែល​កម្ពុជា​ហាមឃាត់​នោះ​ទើបតែ​បានប្រកាស​ភាព​មាន​អាសន្ន​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​។

លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ពន្យល់ថា ការហាមឃាត់​សម្រាប់​ប្រទេស​ទាំង ៦ ​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ចាក​ចេញ​ពី​ប្រទេស​ទាំង​ ៦ ​នេះ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា មិន​ថា ជនជាតិ​ណា​នោះទេ​។ ប៉ុន្តែ ប្រសិន​បើ​បុគ្គល​នោះ​ជា​ជនជាតិ​នៃ​ប្រទេស​ទាំង​ ៦ រស់នៅ​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​ទាំង​ ៦ ​នេះ​ហើយ​ប្រវត្តិ​ ១៤ ​ថ្ងៃ​របស់​ពួកគេ​មិនបាន​ឆ្លងកាត់​ប្រទេស​ទាំងនេះ ពួកគេ​អាច​ចូលមក​កម្ពុជា​បាន​ធម្មតា​។ ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​កម្ពុជា​បច្ចុប្បន្ន​លោកស្រី​ស្នើ​កុំ​ឲ្យ​ពួកគេ​ចាកចេញ​ទៅ​ប្រទេស​ទាំង​ ៦ ​នេះ​ចាប់​ពីថ្ងៃ​ចេញ​បម្រាម​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ដូច​យើង​បាន​ជម្រាបជូន​ហើយ​ថា អ្នក​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ទាំងនោះ​សុំ​ឲ្យ​មានការ​យោគយល់ ហើយ​កុំ​ឲ្យ​មាន​ការអាក់អន់​ស្រពន់ចិត្ត​អី នេះ​ជា​វិធានការ​ដែល​យើង​ត្រូវ​ប្រកាន់យក ដើម្បី​កុំ​ឲ្យ​មាន​ការចម្លង​តគ្នា​ពី​ ១ ​ទៅ​ ១»​។

ដោយឡែក​វិធានការ​ទប់ស្កាត់​ខាងក្នុង​ប្រទេស​វិញ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ឲ្យ​សាលារៀន​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប​វ៉ាកង​តូច​មុនពេល​កំណត់​ចាប់ពី​ថ្ងៃទី​ ១៤ ខែមីនា រហូតដល់​មាន​ថ្ងៃ​កំណត់​ឲ្យ​ចូលរៀន​វិញ​។ វិធានការ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​មាន​អ្នក​ផ្ទុក​កូវីដ​ ១៩ ​សរុប​ចំនួន ៧ ​នាក់​បូករួម​ទាំង​ជនជាតិ​ចិន​ដែល​បានជា​សះស្បើយ និង​ចាកចេញ​ពី​កម្ពុជា ជនជាតិ​ខ្មែរ​ដែល​ឆ្លង​ពី​ជប៉ុន ជនជាតិ​អង់គ្លេស ៣ ​នាក់​ធ្វើ​ដំណើរ​តាម​កប៉ាល់ Viking Cruise Journey និង​ចុងក្រោយ​នេះ​គឺ​ជនជាតិ​កាណាដា និង​​ជនជាតិ​បែលហ្ស៊ិក​នៅ​ភ្នំពេញ​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការស្នើសុំ​ពី​ស្ថានទូត​មួយ​ឲ្យ​យក​ពលរដ្ឋ​របស់គេ​ទៅ​ស្នាក់នៅ​ភ្នំពេញ​។ លោក​ថា បច្ចុប្បន្ន​អ្នកដំណើរ​ទាំង​ ៥៨ នាក់ ​នៃ​កប៉ាល់ Viking Cruise Journey ដែល​កំពុងស្នាក់នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្តកំពង់ចាម​មាន​សភាព​ធម្មតា​។ ចំណែក​កប៉ាល់​នោះ​ត្រូវ​បាន​លាង​សម្អាត​បាញ់ថ្នាំ​សម្លាប់​មេរោគ រួចហើយ​កាលពី​ថ្ងៃ​សៅរ៍​។

ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៃ​វីរុស​កូវីដ​ ១៩ នេះ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ថា កម្ពុជា​បាន​រកឃើញ​បុរស​ជនជាតិ​បារាំង​អាយុ​ ៣៥ ​ឆ្នាំ​ម្នាក់​នៅ​ភ្នំពេញ​មាន​វីរុស​កូវីដ​ ១៩​។ បុរស​រូបនេះ​មាន​ប្រពន្ធ និង​កូនប្រុស​អាយុ​ ៤ ​ខែ​ (​សរុបគ្នា​ ៣ ​នាក់​) ​បាន​ហោះហើរ​ចេញពី​ទីក្រុង​ប៉ារីស​ទៅដល់​សិង្ហបុរី​នៅ​ថ្ងៃទី​ ១៣ ខែមីនា ដោយមាន​អាការ​ក្តៅខ្លួន ហើយ​អាជ្ញាធរ​សិង្ហបុរី​បានធ្វើ​តេស្ត​សំណាក​។

ក្នុងអំឡុង​ពេល​ត្រូវ​រង់ចាំ​លទ្ធផល​ (​លទ្ធផល​ត្រូវ​ផ្ញើមក​តាម​ក្រោយ​) ​បុរស​រូបនេះ​បាន​ហោះហើរ​មកកាន់​ទីក្រុង​ភ្នំពេញ ហើយ​បាន​មកដល់​ព្រលានយន្តហោះ​នៅ​ម៉ោង​ ៨ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៤ ខែមីនា ហើយ​បាន​ទៅ​ដល់​ផ្ទះ​ស្នាក់នៅ​របស់​គាត់​នៅ​ម្តុំ​ផ្សារ​ទួលទំពូង​នៅវេលា​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃ​ដដែល​។ ក្រោយពី​ចេញ​លទ្ធផល​តេស្ត​របស់​គាត់​វិជ្ជមាន​ពី​សិង្ហបុរី​នា​រសៀល​ថ្ងៃទី​ ១៤ ខែមីនា ក្រសួង​សុខាភិបាល​បាន​ទទួល​ព័ត៌មាន​នេះ​ និង​បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​រកឃើញ​បុរស​រូបនេះ​នៅ​វេលា​ម៉ោង​ ២០ និង​ ៣០ ​នាទី​យប់​ថ្ងៃ​ដដែល​។ បន្ទាប់ពី​យក​សំណាក​ទៅធ្វើ​តេស្ត​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅវេលា​ម៉ោង​ ១៤ ​និង​ ៣០ ​នាទី​ថ្ងៃទី​ ១៥ ខែមីនា​បង្ហាញថា បុរស​បារាំង​រូបនេះ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ រីឯ​ភរិយា​ និង​កូន​តម្រូវ​ឲ្យ​មានការ​រង់ចាំ​លទ្ធផល​បន្តទៀត​។ បច្ចុប្បន្ន​បុរស​បារាំង​រូបនេះ​ត្រូវដាក់​ឲ្យ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​៕

វីដេអូ៖