The Phnom Penh Post Search

Search form

លោក ហ៊ុន សែន ចាត់​ទុក​ទង្វើ​ប្តឹង​ទៅ​ក្រុមហ៊ុន Facebook របស់​​លោក​សម រង្ស៊ី ជាទង្វើ​មនុស្សឆ្កួត

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ក្នុង​ពិធីចែក​សញ្ញាបត្រ កាលពី​ព្រឹកមិញ។ រូប SPM

លោក ហ៊ុន សែន ចាត់​ទុក​ទង្វើ​ប្តឹង​ទៅ​ក្រុមហ៊ុន Facebook របស់​​លោក​សម រង្ស៊ី ជាទង្វើ​មនុស្សឆ្កួត

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រតិកម្ម​ខ្លាំង​​សំដៅ​លើ​ លោក សម រង្ស៊ី ប្រធាន​​​ចលនា​សង្គ្រោះ​ជាតិនៅ​ក្រៅ​ប្រទេសដែល​បាន​ប្ដឹង​លោក​ទៅ​តុលាការ​អាមេរិក​ដើម្បី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ករបស់​អាមេរិកផ្តល់​ព័ត៌​មាននិង​ទិន្ន​ន័យ ​ដែល​បញ្ជាក់​ថា​លោក ​ហ៊ុន ​សែន ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី«បំភាន់​សា​ធារ​ណ​មតិ ដោយ​បំប៉ោង​ប្រជា​ប្រិយ​ភាព​ក្លែងក្លាយ»តែ​ត្រូវ​លោក​ហ៊ុន​ សែន វាយ​បក​ថា​លោក​សម រ​ង្សី ថា​ជាម​នុស្ស «ឆ្លួ​ត​ឡប់»ដែល​ប្ដឹង​លោក​ព្រោះ​បាន​ចំនួន «like» ចាញ់​រូប​លោក។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​វេស្ទើ​ន​ ប្រមាណ​ជាង៤០០០ នាក់ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្យ​ព្រឹក​មិញ​ លោក ហ៊ុន សែន បាន​ហៅ​ លោក​ សម​ រង្ស៊ី ថា​ជា​មនុស្ស​ «ឆ្លួត​ឡប់»​ ដែល​ប្ដឹង​លោក​ព្រោះ​បាន​ Like​s ចាញ់​រូប​លោក​។

លោក​ថ្លែងថា ​៖ «សុខៗ​ ទៅ​ប្ដឹង​ខ្ញុំ​ទៅ​ហ្វេស​ប៊ុក​ ឱ​ព្រះអើយ​។ ចុះ​អា​នៅ​ក្នុង​ហ្នឹង​តើ​ខ្ញុំ​ដឹង​ថា​អាហ្នឹង​មក​ពី​ណា​អា​នៅ​ក្នុង​នេះ​ ​[ហ្វេសប៊ុក]​ ពិត​មែន​ហើយ​ កំពុង ​live​ ផ្ទាល់​ផង​ ធម្មតា​គេ​ live​ នៅ​ក្នុង​ពេល​នេះ​។

លោក​ហ៊ុន​ សែន​ ថា​លោក​ «មិន​ដឹង​អាណា ​like​ មក​ពី​ណា​​» ទេ​ និង​ឲ្យ​ក្រុមហ៊ុន​ ហ្វេស​ប៊ុក​ទទួល​ខុស​ត្រូវ​ខ្លួន​ទៅ ដោយ​និយាយ​ថា ​៖ «ឲ្យ​ហ្វេស​ប៊ុក​ទទួល​ខុស​ត្រូវ​ទៅ​ ឯង​យក ​like​ មក​ឲ្យ​អញ​។​ អញ​ដឹង​ អ្នក​ណា​ទៅ​បញ្ជា​អាហ្នឹង​ទៅ​រួច​ យី​អានេះ​លែង​ត្រឹម​តែ​ហ្វេស​ប៊ុក​ចាញ់​គេ​ ក៏​វា​រឿង​ដែរ​ ឆ្លួត​ឡប់​តែ​ម្ដង​ ហើយ​ធ្វើ​នយោ​បាយ​ដាក់​ចេញ​នយោ​បាយ​ពេល​ណា​ដាក់​ចេញ​កំចាត់​គេ​រហូត​។ មាន​ស៊ី​អត់​សែន​ មាន​សែន​ អត់​ស៊ី​»។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា​ លោក​នឹង​អនុវត្ត​ នយោ​បាយ​របស់​ទណ្ឌិត​ សម​ រង្ស៊ី​ «មាន​ស៊ី​អត់​សែន​ មាន​សែន​អត់​ស៊ី»។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពង្រឹង​នូវ​ការ​អនុវត្ត​ទ្រឹស្ដី​របស់​អ្នក​ឯង​មាន​ឯង​អត់​អញ​មាន​អញ​អត់​ឯង​ ព្រោះ​អ្នក​ឯង​អត់​ព្រម​កែ​»។

លោក​ថ្លែងថា៖«ឥឡូវ​ខ្ញុំ​នឹងធ្វើ​ឲ្យ​ដូច​តែម្ដង ព្រោះ​អ្នកឯង​អត់​ព្រម​កែ​ទេ ខ្ញុំ​បាន​ឲ្យ​ឱកាស​អ្នកឯង​ច្រើនលើក​ច្រើ​សាហើយ ​តែ​អ្នកឯង​អត់​កែ​ទេ អ៊ីចឹង​ជម្រើស​ដែល​នៅសល់​របស់ខ្ញុំ​គឺ​ខ្ញុំ​ពង្រឹង​នូវ​ការអនុវត្ត​ទ្រឹស្ដី​របស់​អ្នកឯង​មាន​ឯង​អត់​អញ​មាន​អញ​អត់​ឯង តែ​ប៉ុណ្ណឹង ព្រោះ​អ្នកឯង​អត់​ព្រម​កែ ឥឡូវ​អ្នកឯង​សាកល្បង​មើ់ល ប្រកាស​សុំទោស​ប្រជាពលរដ្ឋថា​ខ្ញុំ​ដាក់ចេញ​នូវ​គោល​នយោ​បាយ​កំចាត់​ហ៊ុន សែន ​ចោល។ នេះ​ជា​នយោបាយ​ខុស​ធ្ងន់​វា​ខ្វះ​ស្មារតី​បង្រួបបង្រួម​ជាតិ។
លោក​បន្ថែមថា៖«អ្នកឯង​ប្រកាស​ទៅ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​សូម​ប្រាប់​ជាមុន ខ្ញុំ​មិន​ផ្ដល់​ឬឲ្យ​ឱកាស​ឲ្យ​អ្នកឯង​ថែមទៀត​ទេ...អាធុន​នេះ​ជា​ធុន​បំបែក​បំបែក​ជាតិ។ ចាប់​ផ្ដើម​ឡើង​កម្ចាត់​គេ…»។

ការឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ កើតមាន​ក្រោយ​លោក​ សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេសបាន​ដាក់​សំណើ​ទៅ​តុលាការរដ្ឋ​អាមេរិក​ដើម្បី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ Facebook​ ផ្តល់​ព័ត៌មាន​ និង​ទិន្នន័យ​ ដែល​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ «ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook​ ក្នុង​បំណង​បំភានសាធារណមតិ​ ដោយ​បំប៉ោង​ប្រជាប្រិយ​ភាព​ក្លែង​ក្លាយ​របស់​គាត់​»។

លោក​សម រង្ស៊ី ដែល​កំពុង​និរទ្ទេស​នៅ​បរទេស​ដើម្បី​គេច​ពី​កា​រចាប់​ខ្លួន​លើ​សំណុំ​រឿង​ដែល​គេ​ជឿថា​ជាប់​ពន្ធ​នឹង​រឿង​នយោ​បាយ​ថ្លែង​តាម​ហ្វេស​ប៊ុក​លោក​នៅចុង​សប្ដាហ៍​មុនថា​លោក​ដាក់​សំណើទៅ​តុលា​ការ​អាមេរិក​ដើម្បី​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ Facebook ផ្តល់​ព័ត៌មា​ន និង​ទិន្នន័​យ ដែល​បញ្ជាក់​ថា​លោក​ ហ៊ុន សែន ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ៖«ក្នុង​គោល​បំណង​បំភាន់​សាធារ​ណម​តិ ដោយ​បំប៉ោង​ប្រជា​ប្រិយ​ភាព​ក្លែង​ក្លាយ​របស់​គាត់ ​ហើយ​គាត់​ក៏បាន​ប្រើ​ប្រាស់​បណ្តាញ​ Facebook ​នេះ ដើម្បី​គំរាម​កំហែង​ប្រជា​រាស្ត្រ​ខ្មែរ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត។ និយាយ​សង្ខេប​ទៅ លោក ហ៊ុន សែន ប្រើប្រាស់​ប្រព័ន្ធ Facebook ដើម្បី​ភូត​កុហក​អ្នក​ដទៃ និង​ពង្រឹង​អំណាច​ផ្តា​ច់ការ​របស់​គាត់ នៅ​ប្រទេស​កម្ពុជា ដែលជា​ទង្វើ​ផ្ទុយ​ពី​ក្រម​សីល​ធម៌ របស់​ក្រុម​ហ៊ុន»​។ 

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​ថ្លែង​ថា​វោហា​រស័ព្ទ​រវាង​អ្នក​នយោ​បាយ​ទាំងពី​រគ្រាន់​តែ​ជា​ការ«ចំអក​ឡក​ឡឺយ»ឲ្យ​គ្នា​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖«មិន​ជា​បញ្ហា​នោះទេ ព្រោះ​ខ្ញុំ​យល់​ថា មានតែ​លោ​ក សម រង្ស៊ី ទេ ដែលជា​​គូប្រកួត​នយោបាយ​ដ៏​ស្វិត​ស្វាញ​ជា​មួយ សម្តេច ហ៊ុន សែន»«ខ្ញុំ​យល់​ថា ជា​រឿង​ចំអក​ឡក​ឡឺយ​បុគ្គល រវាង​លោក​ទាំង​ពីរ»។

អ្នក​វិភាគ​នយោ​បាយ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ថ្លែង​ថា៖​«អំឡុង​ពេល​២​ខែ​មុន​លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​ជំរុញ​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​អើ​ពើ​នឹង​លោក​សម​រង្សី។​ប៉ុន្តែ​ឥឡូវ​លោក​បាន​ប្ដូរ​ចិត្ត​ហើយ​លោក​បាន​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​វាយ​ប្រហារ​លោក​សម​រង្សី​ ដែល​នេះ​បញ្ជាក់​ថា​លោក​សម​រង្ស៊ី​គឺ​នៅ​តែ​ជា​រឿង​មួយ​ដែល​លោក​ត្រូវ​តែ​គិត​គូរ​ ហើយ​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​លោក​។ដូ​ច្នេះ​លោក​ត្រូវ​តែ​ធ្វើ​រឿង​អ្វី​មួយ​ដើម្បី​បំផ្លាញ​លោក​សម​ រង្ស៊ី​ ជា​លក្ខណៈ​នយោ​បាយ»​៕

អត្ថបទគួរចាប់អារម្មណ៍