ភ្នំពេញៈ ជាមួយ​នឹង​ការរក្សា​ទុក​នូវ​សមាសភាព​ចាស់​ដដែល​នៃ​ថ្នាក់​ដឹកនាំ​ក្រសួង ឬ​ស្ថាប័ន​នានា​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយពី​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ការពារ​នូវ​ការ​មិន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​រដ្ឋមន្ត្រី​ដោយ​លោក​ថា ការដោះដូរ​មនុស្ស​មិន​សំខាន់​ទេ​ក្នុង​កំណែទម្រង់​នៃ​ការដឹកនាំ សំខាន់​លើ​ប្រសិទ្ធភាព​ការងារ ហើយ​ថា​មន្ត្រី​ចាស់ៗ​ទាំងនោះ​ប្រៀប​ដូចជា​ខ្ញី​ចាស់​កាន់តែ​ហឹរ និង​ស្រា​កាន់​តែ​យូរ​ឆ្នាំ​កាន់​តែ​ឆ្ងាញ់​។

ប៉ុន្តែ​អ្នក​វិភាគ​យល់​ខុស​ពី​លោក​ ហ៊ុន សែន ក្នុង​ការ​កែទម្រង់​ដើម្បី​ដឹកនាំ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ភាព​រីកចម្រើន​នោះ ដោយ​ពួកគេ​លើក​ឡើង​ថា ដំណើរការ​នៃ​ការអភិវឌ្ឍ និង​ការកែទម្រង់​ឈាន​ទៅ​រក​ភាព​រីកចម្រើន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​អាច​ឈាន​ទៅ​មុខ​បាន លុះត្រា​តែ​ថ្នាក់ដឹកនាំ​ចាស់ៗ​នៅ​តាម​ក្រសួង​ ឬ​ ស្ថាប័ន​ដូចជា​រដ្ឋមន្ត្រី​ជាដើម​ត្រូវ​បាន​ផ្លាស់ប្តូរ បើ​មិន​ដូច្នោះ​ទេ ពួកគេ​មិន​រំពឹង​ថា​ដំណើរការ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​មាន​លទ្ធផល​ល្អ​នោះ​ទេ​។ អ្នក​វិភាគ​ថា មនុស្ស​ខុស​ពី​ខ្ញី បើ​កាល​ណា​កាន់តែ​ចាស់​កាន់​តែ​ទ្រុឌទ្រោម​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី ១ កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា នា​វិមាន​សន្តិភាព​ក្រោយ​ការបង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​ ៦ ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា​ការកែ​ទម្រង់​សំខាន់​លើ​ប្រសិទ្ធភាព​ការងារ​មិន​សំខាន់​លើ​ការដោះដូរ​មនុស្ស​នោះ​ទេ​។

លោក​បញ្ជាក់​ថា ​របៀប​នៃ​ការដឹកនាំ​គឺ​លោក​អនុវត្ត​ទៅ​តាម​របៀប​រក្សា​ចាស់ បង្កើន​ថ្មី ហើយ​ក៏​មិន​ដែល​បោះបង់​អ្នក​ចាស់​ចោល​ឡើយ ព្រោះ​ថា ប្រសិន​បើ​មិន​មាន​សមាជិក​រដ្ឋាភិបាល​ចូលរួម​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ដែរ នេះ​ដោយសារ​ប្រសិទ្ធភាព​ការងារ​។

លោក​ថា​មនុស្ស​មួយ​ចំនួន​គិតថា ការកែទម្រង់​គឺជា​ការដូរ​មនុស្ស​។ នេះ​គឺជា​ការគិត​ខ្លី​របស់​មនុស្ស​ខ្លះ​។ ប្រសិន​បើ​ការកែ​ទម្រង់​ណា​មួយ​គ្រាន់តែ​ការដូរ​មនុស្ស វា​មិន​ខុសពី​ការ​សម្លាប់​ខ្លួន​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​បញ្ជាក់​ជូន​អស់​លោក​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​សម្រាប់​ប្រទេស​ជាតិ មិនមែន​ការកែទម្រង់​សំដៅ​ទៅ​លើ​ការដោះដូរ​មនុស្ស​ទេ​។ ប៉ុន្តែ​សំខាន់​បំផុត​គឺ​សំដៅ​ទៅ​លើ​ខ្លឹមសារ​ការងារ ប្រសិទ្ធភាព​ការងារ​ឯនោះ​វិញ​ទេ​»​។

ជាង​នេះ​ទៀត​លោក​ក៏​យក​ការរក្សា​ទុក​រដ្ឋមន្ត្រី​ចាស់​ទាំង​នោះ​ប្រៀប​ទៅ​នឹង​ស្រា​ចាស់​យូរ​ឆ្នាំ​ទើប​វា​ឆ្ងាញ់ និង​ប្រៀប​ទៅ​ខ្ញី​ចាស់​វា​កាន់​តែ​ហឹរ ដោយ​លោក​ចង់​បង្ហាញ​ថា រដ្ឋមន្ត្រី​ចាស់វស្សា​របស់​លោក​គឺ​សុទ្ធតែ​ខ្លាំង​ក្នុង​ការ​ដឹកនាំ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នក​ទាំងអស់​គ្នា​តែងតែ​និយាយ​ថា បើ​ស្រាក្រហម វា​ទាល់​តែ​ចាស់​យូរ​ឆ្នាំ ទើប​វា​ឆ្ងាញ់ ហើយ​ចុះ​បើ​ចង់​បាន​អា​ស្រា​ចាស់ ហើយ​ចុះ​ម៉េច មន្ត្រី​ចាស់​ហ្នឹង​ធ្វើ​មិន​បាន​? ហើយ​ម្យ៉ាង​ទៀត​ចាស់​របស់​យើង​នេះ​គឺ​ចាស់​ដែល​វា​ចេញ​ពី​គេ​ហៅថា ខ្ញី​កាន់​តែ​ចាស់​កាន់តែ​ហឹរ​»​។

លោក​បញ្ជាក់​ថា​៖ «​ធ្វើ​នយោបាយ បើ​សិន​ជា​គ្រាន់តែ​ដោះដូរ​មនុស្ស ហើយ​ដែល​ហៅ​ថា កែទម្រង់ ត្រឹម​ដោះដូរ​មនុស្ស នយោបាយ​មួយ​នោះ​នឹង​ស្លាប់ ហើយ​មេដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោ​បំផុត​។ ជោគជ័យ​របស់​ ហ៊ុន សែន ចាប់ផ្តើម​ពី​មនុស្ស​ ៥ ​នាក់​។ ប៉ុន្តែ​រហូត​មក​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​នៅ​ជាមួយ​ ហ៊ុន សែន បាន​ទាំងអស់​តាម​របៀប​រក្សា​ចាស់​បង្កើន​ថ្មី​»​។

នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មាន​ឧបនាយក​រដ្ឋមន្ត្រី ១០ រូប ទេសរដ្ឋមន្ត្រី ១៧ ​រូប និង​​រដ្ឋមន្ត្រី ២៩ ​រូប​។

ប៉ុន្តែ​អ្នក​វិភាគ​យល់​ខុស​ពី​លោក ហ៊ុន សែន ក្នុង​ការកែទម្រង់​ដើម្បី​ដឹកនាំ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ភាព​រីកចម្រើន​នោះ​ដោយ​លើកឡើង​ថា​ដំណើរការ​នៃ​ការអភិវឌ្ឍ និង​ការកែទម្រង់​ឈាន​ទៅ​រក​ភាព​រីកចម្រើន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​អាច​ឈាន​ទៅ​មុខ​បាន លុះត្រាតែ​ថ្នាក់​ដឹកនាំ​ចាស់ៗ​នៅ​តាម​ក្រសួង​ ឬ​ស្ថាប័ន​ដូចជា​រដ្ឋមន្ត្រី​ជាដើម​ត្រូវ​បាន​ផ្លាស់ប្តូរ បើ​មិន​ដូច្នោះ​ទេ ពួកគេ​មិន​រំពឹង​ថា​ដំណើរការ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​មាន​លទ្ធផល​ល្អ​នោះ​ទេ​។

អ្នកវិភាគ​នយោបាយ​លោក​ សុខ ទូច ដែល​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ថា​រដ្ឋាភិបាល​ថ្មី​នេះ​ពិតជា​មាន​ថ្នាក់ដឹកនាំ​ច្រើន​មែន​ជាពិសេស​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។

លោក​បញ្ជាក់​ថា ប្រសិន​បើ​ពាក់កណ្តាល​អាណតិ្ត​ហើយ​ការងារ​មិន​មាន​ប្រសិទ្ធភាព​ទេ​រដ្ឋាភិបាល​ត្រូវតែ​មាន​ការរុះរើ​មន្ត្រី​អសកម្ម​ចេញ​។

លោក​ សុខ ទូច ថ្លែង​ថា​៖ «​ធម្មតា​ទេ​ប្រសិន​ជា​លោក​ជា​ថ្នាក់ដឹកនាំ​វិញ ហើយ​ឈ្នះ​បែប​នេះ​ហើយ​យើង​បែរ​ជា​ដោះដូរ​មន្ត្រី វា​ធ្វើឲ្យ​មាន​ការអាក់អន់​ចិត្ត​។ វា​ត្រូវ​តែ​មាន​ដំណាក់កាល​មួយ​គឺ​ដំណាក់កាល​រុះរើ​គណៈរដ្ឋមន្ត្រី​ប្រសិន​ជា​មិន​មាន​ការរីកចម្រើន អាហ្នឹង​គឺ​ត្រូវ​តែ​ដោះដូរ​គណៈរដ្ឋមន្ត្រី​ហើយ​។ ការមិន​ដោះដូរ​ហ្នឹង​សម្តេច​នាយក [​រដ្ឋមន្ត្រី​ហ៊ុន សែន​] ​ថា ខ្ញី​កាន់តែ​ចាស់​កាន់​តែ​ហឹរ ប៉ុន្តែ​មនុស្ស​កាន់តែ​ចាស់​កាន់តែ​ទ្រុឌទ្រោម ពីព្រោះ​មនុស្ស​មិនមែន​ខ្ញី​ទេ​»​។

នាយក​អង្គការ គណនេយ្យភាព សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា កំណែទម្រង់​ផ្លូវការ​ដែល​អាច​ធ្វើ​ទៅ​បាន​ចាំបាច់​បុគ្គល​ជា​ថ្នាក់ដឹកនាំ​ត្រូវ​តែ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ដោយ​លោក​សំដៅ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ ជួនណារ៉ុន និង រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក​ ស៊ុន ចាន់ថុល ដែល​បាន​ធ្វើ​កំណែទម្រង់​ល្អ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​។

លោក​ សន ជ័យ ថ្លែង​ថា​៖ «​ដូចនេះ​ទោះបី​ជា​ផែនការ​ល្អ​ប៉ុនណា ហើយ​បុគ្គល​គ្មាន​ឆន្ទៈ និង​បង្ហាញ​ភាព​ជា​គំរូ​នោះ​ទេ វា​នឹង​មិន​មាន​លទ្ធផល​ថ្មី​ចេញ​មក​ឡើយ​»​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី ថ្លែង​ថា​៖ «​កំណែទម្រង់​ត្រូវ​មើល​ទាំងអស់ ទាំង​ធនធាន​មនុស្ស ទាំង​ប្រព័ន្ធគ្រប់គ្រង និង​រួមទាំង​ការតាមដាន​ត្រួតពិនិត្យ​ផង​ដែរ នេះ​ជា​រឿង​សំខាន់​។ សម្រាប់​ពេល​នេះ​ខ្ញុំ​មិនទាន់​រំពឹង​ [​ថា​បាន​ជោគជ័យ​] ​ទេ ដោយសារ​តែ​បទពិសោធ​យើង​ធ្លាប់​ឃើញ​ពី​មុន ក៏ប៉ុន្តែ​ខ្ញុំ​រង់​ចាំមើល​តទៅ​ទៀត​ប្រហែល​ជា​សម្តេច​នាយក​ [​ហ៊ុន សែន​] ​អាច​មាន​វិធានការ​អី​ផ្សេងៗ​ទៀត​»៕