ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកមេដឹកនាំបក្សប្រឆាំង ថា «អន់បំផុត» ដែលធ្វើឲ្យបក្សរបស់ខ្លួនបែកបាក់ខណៈដែលលោក សម រង្ស៊ី បានរាយការណ៍ជូនលោកស្រី Federica Mogheriri សាជាថ្មីថា EU ត្រូវជួយឲ្យសង្គ្រោះជាតិរស់ឡើងវិញ។
ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើង ខណៈមានការចោទប្រកាន់អ្នកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញចំនួន ៩ នាក់ថា ជាអ្នកលក់ឧត្តមគតិ ឲ្យលោក ហ៊ុន សែន។ លោកបានបញ្ជាក់សាជាថ្មីថា លោកមិនបានទិញអ្នកសុំសិទ្ធិធ្វើនយោបាយទេ ដោយសារពួកគេ មិនមែនជាទំនិញសម្រាប់លក់។
លោកបានចាត់ទុកអ្នកចោទប្រកាន់ និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា «អន់» ព្រោះមិនអាចគ្រប់គ្រងបក្សខ្លួនឯងបាន។ លោកបានថ្លែងទៅកាន់និស្សិត ដែលបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង ១ ៥០០ នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «គេថា ហ៊ុន សែន ធ្វើអីមិនបាន (ទៅ) បំបែកគេ។ ខ្ញុំករុណាខ្ញុំ គ្រាន់តែជូនសារទៅវិញថា បើអ្នកឯងទុកឲ្យគេបំបែកបានយ៉ាងដូច្នេះ អ្នកមិនស័ក្តិសមធ្វើមេដឹកនាំទេ។ ខ្ញុំគ្រាន់តែផ្ដាំដោយសុភាពរាបសាទៅអ្នក អ្នកជាមនុស្ស ដែលអន់បំផុតហើយ ក្នុងការធ្វើមេដឹកនាំហើយឲ្យគេបំបែកបាន។ អ្នកជាមនុស្សដែលអន់បំផុត មិនអាចធ្វើជាមេដឹកនាំប្រទេស កុំថាធ្វើមេដឹកនាំប្រទេស សូម្បីតែធ្វើមេដឹកនាំគណបក្សនយោបាយមួយឬកូនក្លិបសមាគមមួយក៏អ្នកឯងមិនអាចធ្វើទៅរួចដែរ។ ខ្ញុំមិនវាយបកអីទេ គ្រាន់តែជាការដាស់តឿនប៉ុណ្ណោះ»។ «ហើយនេះអ្នកតែងតែនិយាយថា គណបក្សប្រជាជនជាអ្នកបំបែក ប៉ុន្តែបើសិនជាអ្នកកុំបែកទៅ វាយ៉ាងម៉េច? វាអត់រន្ទះបាញ់ទេ។ ប៉ុន្តែរឿងរបស់អ្នក វាផ្ដើមចេញពីអាលាបពណ៌។ អាមេលាបពណ៌ឲ្យកូនតែប៉ុណ្ណឹងទេ ដែលធ្វើឲ្យកូនឈឺចិត្ត»។
លោក ហ៊ុន សែន ចាត់ទុកភាសាដែលថា គេបំបែកបំបាក់នោះថា មានន័យស្មើនឹង «ការបន្តុះបង្អាប់ខ្លួនឯងតែប៉ុណ្ណឹង»។
លោក ហ៊ុន សែន ក៏បានលើកឡើងពីការចោទប្រកាន់ដែលថា គណបក្សប្រជាជនរបស់លោក មានការបែកបាក់ផងដែរ។
លោកថា ការលើកឡើងបែបនេះ មានរយៈពេល ៤០ ឆ្នាំហើយតែវាជាការវាយតម្លៃខុស។ «បើអ្នកវាយតម្លៃនៅតែខុសរបៀបនេះអ្នកមិនអាចយកឈ្នះគណបក្សប្រជាជនបានទេ។ អ្នកត្រូវចាំ ដោយសារអ្នកវាយតម្លៃខុស ក្នុងគណបក្សប្រជាជនហ្នឹងហើយបានជាអ្នកតែងតែទទួលបរាជ័យ»។
លោកថ្លែងថា បក្សប្រឆាំង បានបែកបាក់ទៅជាចម្រៀកៗ គឺមានពួកក្នុងបក្ស មានក្រុមក្នុងបក្សដោយមេដឹកនាំមិនអាចធ្វើការសម្របសម្រួលបាន។ ដោយហេតុដូច្នេះ លោកចោទជាសំណួរថា «តើអ្នកទៅដឹកនាំរាជរដ្ឋាភិបាលយ៉ាងម៉េច? អ្នកទៅដឹកនាំកម្លាំងប្រដាប់អាវុធរបៀបម៉េច? ជួបអ្នកនេះទៅនិយាយដើមអ្នកនោះ ជួបអ្នកនោះទៅនិយាយដើមអ្នកនេះ ហើយបើធុនអ៊ីចឹងៗ ទៅដឹកនាំគេយ៉ាងម៉េច?»។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមថ្លែងថា ការចោទប្រកាន់រឿងទិញលក់នេះ គ្មានអ្នកណាអាចដឹងទេហើយវាអាចគ្រាន់តែជាសារនយោបាយរបស់គូបដិបក្ខរបស់បក្សកាន់អំណាចប៉ុណ្ណោះ។ «ការចោទប្រកាន់រឿងទិញដូរនេះមិនមែនទើបតែកើតមានពេលនេះទេ គឺមានតាំងពីដើមមកហើយករណីទិញដូរនេះធ្លាប់មានដល់ឥឡូវនៅតែយករឿងនេះមកចោទប្រកាន់គ្នាដដែល»។
លោក មាស នី ថ្លែងថា បើលោក សុខា នឹងត្រូវបានដោះលែង ហើយសុំសិទ្ធិធ្វើនយោបាយមែននោះ សង្គ្រោះជាតិនឹងបែកជា ៣ បំណែកគឺទៅជាក្រុមលោក សុខា ក្រុម លោក សម រង្ស៊ី និងមួយក្រុមទៀត ទៅបង្កើតបក្សថ្មី។ លោកថា វានឹងធ្វើឲ្យបក្សនេះចុះខ្សោយ ដែលជាការចង់ឃើញរបស់បក្សដែលជាគូបដិបក្ខ។ លោកយល់ថា បើសិនលោកសុខា ត្រូវបានដោះលែង សហភាពអឺរ៉ុប អាចពិចារណារក្សាទុក EBA។ ប៉ុន្តែបក្សប្រឆាំងខ្លួនឯង ត្រូវមានផែនការច្បាស់លាស់។
លោកថ្លែងថា៖ «ផែនការ ក គឺបើសិនគេមិនដោះលែង ហើយផែនការ ខ បើសិនគេដោះលែងថាតើគូភាគីសង្គ្រោះជាតិ ត្រូវមានយុទ្ធសាស្ត្រធ្វើការយ៉ាងណា ក្រោមតុ ឬយ៉ាងណាជាមួយគ្នា។ ពេលខ្លះបដិសេធខាងក្រៅ តែខាងក្នុង ធ្វើការជាមួយគ្នាបាន។ រឿងសំខាន់រក្សាគុណតម្លៃ នៃសាមគ្គីភាពពេលចេញមក»។ «បើសិនពួកគេត្រចៀកស ការបែកបាក់នឹងមានហើយ ហើយបើបែកបាក់មែននោះ វាជាការខកចិត្តធំមែនទែនសម្រាប់អ្នកគាំទ្រសង្គ្រោះជាតិ»។
ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរអុីមែលមួយទៅលោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ ដោយលោកថា «សហភាពអឺរ៉ុបត្រូវតែបន្តជំរុញឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
លោកបានរៀបរាប់ប្រាប់លោកស្រី Mogherini ថា លោកបានឮពាក្យចចាមអារ៉ាមថា លោក សុខា នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកលើកហេតុផលថា មន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ រូបត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរួមទាំងលោក សុខា ផងនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ «ដោយរំលោភរដ្ឋធម្មនុញ្ញ» កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧។
លោកថាការរំលាយបក្សប្រឆាំងនេះ បញ្ជាក់ថា លោក ហ៊ុន សែន បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះលោក សុខា និងមន្ត្រីបក្សសង្គ្រោះជាតិត្រូវទាមទារឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយពួកគេអាចមានសិទ្ធិធ្វើនយោបាយដោយស្វ័យប្រវត្តិ។ លោកបន្តថា លោក ហ៊ុន សែន បំភាន់មតិអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុបដោយប្រើសង្គ្រាមចិត្តសាស្ត្រថា មិនចាំបាច់ឲ្យសង្គ្រោះជាតិរស់ឡើងវិញទេព្រោះលោក កឹម សុខា នឹងទៅបង្កើតបក្សថ្មីហើយ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការលើកឡើងរបស់លោក សម រង្ស៊ី ថា មានព័ត៌មានចចាមអារ៉ាមនោះគឺជាការលើកឡើងរបស់លោក សម រង្ស៊ី ខ្លួនឯងដោយសារលោកចង់ឲ្យលោក កឹម សុខា បន្តមានពិរុទ្ធភាព។
លោកយល់ឃើញដែរថា លោក សម រង្ស៊ី ទំនងចង់ឲ្យលោក កឹម សុខា ដើរមុនមួយជំហាន ដោយទៅបង្កើតបក្សថ្មីដើម្បីបញ្ជាក់ថា លោក សុខា ជាអ្នកធ្វើឲ្យបែកបាក់មុន៕