សៀមរាបៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ការឆ្លង​កូវីដ​ជា​លើក​ដំបូង​ចូល​ទៅ​ក្នុង​សហគមន៍​ ដោយ​ពុំទាន់​រកឃើញ​ប្រភព​ថា​តើ​វា​ចេញ​មក​ពី​ណា «ជា​ចំណុច​ដែល​យើង​មាន​ការបារម្ភ​ធំបំផុត​​» ដែល​ «ទាមទារ​ឱ្យយើង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​លឿន និង​ទ្រង់​​ទ្រាយ​ធំ​» ខណៈ​លោក​បាន​ប្រកាស​ផ្តល់​ថវិកា​ជាង ១០០០ លាន​រៀល ដើម្បី​ប្រើប្រាស់​ក្នុងការ​ផ្តល់​ជូន​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទូទាំង​ប្រទេស​​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៥ ​ថ្ងៃ និង​សម្រាប់​ផ្គត់ផ្គង់​ទៅ​ដល់​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​។

រាជរដ្ឋាភិបាល​ក៏បាន​បន្ត​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការសង្ស័យ​ក្នុង​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ឲ្យ​មក​ធ្វើ​​តេស្ត​រក​កូវីដ​១៩ ដោយ​ការធ្វើ​តេស្ត​នេះ​មិន​ត្រូវ​ការចំណាយ​ថវិកា​ឡើយ​។

លោក​នាយករដ្ឋមន្រ្តី​បាន​ដាក់​ឈ្មោះ​ហេតុការណ៍​ឆ្លង​កូវីដ​​១៩ ចូល​សហគមន៍​នេះ​ថា «ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា» ដើម្បី​កុំឱ្យ​មាន​ការរើសអើង​ទៅ​លើ​ក្រុម​គ្រួសារ​លោក​​ ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ។

លោក​​ ហ៊ុន សែន ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ ៣៨ ​ខ្សែ​នៅ​ក្រុង​សៀមរាប​ថា ប្រជាពលរដ្ឋ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​ផ្គត់ផ្គង់ ពិនិត្យ​តាមដាន និង​ជួយ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ ដោយសារ​សមាជិក​គ្រួសារ​ខ្លះ​ដែល​ធ្វើ​ចត្តាឡីស័ក ជា​អ្នក​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ។

លោក​បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ ​ខែ​វិច្ឆិកា លោក​បាន​សម្រេច​ឱ្យ​បញ្ចេញ​សាច់​ប្រាក់​ជាង​ ១០០០ លាន​រៀល​​ជូន​ទៅ​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​ ២ ​ម៉ឺន​រៀល​ក្នុង​ ១ ថ្ងៃ ដែល​មាន​រយៈពេល​ ១៥ ​ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​ ៣០ ​ម៉ឺន​រៀល​ក្នុង​ ១ ​គ្រួសារ។

លោក​បញ្ជាក់​ថា​៖ «សូម​កុំ​មាន​ការភាន់ច្រឡំ​ថា​ ខ្ញុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីសក័ ១៥ ​ថ្ងៃ។ ការធ្វើ​ចត្តាឡីស័ក​ត្រឹម​តែ ១៤​ ​ថ្ងៃ​ប៉ុណ្ណោះ តែ​ខ្ញុំ​ផ្តល់​ជូន​ថវិកា​សម្រាប់ ១៥ ​ថ្ងៃ​ក្នុង​បំណង​ជួយ​ដល់ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ»​។

លោក​មាន​ប្រសាសន៍​ថា៖ «​ប្រាក់​ឧបត្ថម្ភ​នេះ​ផ្តល់​ជូន​តែ​គ្រួសារ​​ដែល​មាន​បណ្ណ​ក្រីក្រ និង​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ប៉ុណ្ណោះ​។ ក្រសួង​សុខាភិបាល​ត្រូវ​ផ្តល់​ថវិកា​ជូន​មក​អភិបាល​ខេត្ត​ណា​ដែល​មាន​តម្រូវការ​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​សម្រាប់​យក​ប្រាក់​នោះ​ ទៅ​ជួយ​ដល់អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក បើ​មិន​ដូច្នោះ​ទេ​ពួកគាត់​នឹង​ធ្វើ​ចត្តាឡីស័ក​ដោយ​គ្មាន​អង្ករ​ច្រកឆ្នាំង គឺ​វា​មិនមែន​ជា​រឿង​សមរម្យ​នោះ​ទេ»។

លោក​ ហ៊ុន សែន ​ក៏​បាន​លើកឡើង​ផងដែរ​ថា នេះ​ជា​លើកដំបូង​ដែល​មាន​ការឆ្លង​ចូល​ក្នុង​សហគមន៍​ដែល​ជា​ព្រឹត្តិការណ៍​នៅតែ​រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នៃក្បាល​កន្ទុយ​ថា​ តើវា​ចេញ​មក​ពី​ទី​ណា ​ហើយ​វាកំពុង​បង្កប់​ខ្លួន​នៅ​ទីណា​ទៀត។

លោក​ថ្លែង​ថា៖ «ចំណុច​នេះ​ជា​ចំណុច​ដែល​យើង​មាន​ការបារម្ភ​ធំបំផុត​។ វាទាមទារ​ឱ្យ​យើង​ធ្វើ​ប្រតិបត្តិការ​យ៉ាងលឿន និង​ទ្រង់​ទ្រាយ​ធំ​​។ ពេលវេលា​នេះ​មិនមែន​ជា​ពេលវេលា​ស្តី​បន្ទោស​គ្នា ហើយ​ក៏មិនមែន​ជា​ពេលវេលា​ទម្លាក់​​កំហុស​ឱ្យ​អ្នក​នេះ​ឱ្យ​អ្នក​នោះ​ទេ តែ​ជា​ពេលវេលា​ត្រូវ​សាមគ្គីភាព​គ្នា»​។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​​ទៅ​ដល់​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ត្រូវ​រៀបចំ​នូវ​មជ្ឈមណ្ឌល​ចត្តាឡីស័ក ដែល​លោក​បាន​ឱ្យ​រៀបចំ​តាំងពី​ដើម​ឆ្នាំ​ដោយ​ត្រូវ​រៀបចំ​នៅ​ទីនោះ សម្រាប់​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ។​ លោក​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​អាច​គ្រប់គ្រង​បាន ឬ​មិន​បាន​ស្ថិត​ក្នុង​រយៈពេល​ ១៥ ​​ថ្ងៃ​ខាង​​មុខ​នេះ​ជា​ពេលវេលា​នៃ​​ការខិតខំ​​របស់​យើង​ទាំង​រដ្ឋ​ និង​ប្រជាជន។

លោក​បាន​ថ្លែង​ថា៖ «ដូចនេះ​ខ្ញុំ​សុំ​អំពាវនាវ​ចាប់ពី​ថ្ងៃ​នេះ​ទៅ​រយៈពេល​ ១៥ ថ្ងៃ​យ៉ាង​តិច គឺជា​ដំណាក់កាល​សាកល្បង​ដ៏ធំ​បំផុត​​របស់​កម្ពុជា​ ឆ្លង​រួច​ ឬ​មិន​រួច​គឺ​វា​នៅ​ក្នុង​ពេល​នេះឯង។ បើប្រឹង​តែ​រដ្ឋ ប្រជាពលរដ្ឋ​មិន​ប្រឹង​ទេ មិន​ចូលរួម​ទេនោះ​គឺ​មិន​ជោគជ័យ​ទេ​»។

ចំនួន​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​តេស្ត​រក​កូវីដ១៩​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួមមាន សៀមរាប​ធ្វើ​តេស្ត​បាន ១៩២ នាក់ ត្បូងឃ្មុំ​បាន​ ៤ ​នាក់ ស្ទឹងត្រែង​បាន​ ៧៨ នាក់ កំពង់ធំ​បាន​ ១៤ នាក់ បន្ទាយ​មានជ័យ​បាន ២៩៣ នាក់​ដែល​ជា​ខេត្ត​ធ្វើ​បាន​ច្រើន​ជាង​គេ បាត់ដំបង​បាន​ ៦ នាក់ សណ្ឋាគារ​បាន​​ ២១ នាក់​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន ១៤៩នាក់​ ផ្សារអ៊ីអន ១ បាន​ ១ ១៦៩ ​នាក់​ក្រសួង​មហាផ្ទៃ ៨៧៩ នាក់ ពន្ធនាគារ​ព្រៃស​បាន​ ៣៨២ នាក់​ ផ្ទះលោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ ៩៣ ​នាក់ និង​កងដឹក​ជញ្ជូន​ហោះហើរ​បាន​ ៣៨ ​នាក់​។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សុខាភិបាល បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក ១៥ ថ្ងៃ​ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ​ចំនួន ១០០ ​លាន​រៀល សៀមរាប​​ ៨០ លានរៀល ខេត្ត​ចំនួន​ ១៥ ​ទៀត​ទទួល​បាន​ ៥០ ​លាន​រៀល​ក្នុង​ ១ ខេត្ត​ៗ និង​ខេត្ត​ចំនួន​ ៨ ​បាន​ទទួល​ចំនួន​ ៣០ ​លាន​រៀល​ក្នុង​ ១ ​ខេត្តៗ​ដែល​សរុប​ទាំងអស់​មាន​ទឹកប្រាក់​ចំនួន​ ១ ១៧០ ​លាន​រៀល ​ឬ​ប្រហែល​ ២៩ ​ម៉ឺន​ដុល្លារ​អាមេរិក​។

ទាក់ទង​នឹង​ថវិកា​នេះ​ដែរ​លោក​ មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ថវិកា​បម្រុង​ទុក​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ​ឆ្នាំ ​២០២០ នេះ​​នៅ​មានច្រើន​ទៀត រដ្ឋាភិបាល​មិន​ទាន់​ចំណាយ​អស់​នៅ​ឡើយ​ទេ ហើយ​ក្រសួង​​នឹង​ប្រើ​ទៅ​លើ​អ្វី​ដែល​ជា​ការចាំបាច់​​។​

លោក​ថ្លែងថា៖ «ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ យើង​មាន​ថវិកា​បម្រុង​ទុក​ជា​ស្រេច​ហើយ ឯ​រឿង​កូវីដ​ យើង​រឹតតែ​មាន​ការបម្រុង​ទុក​ទៀត​ដែល​យើង​សន្សំ​ពី​ការចំណាយ​បេសកកម្ម»។

ក្រសួង​សុខាភិបាល​បាន​​ចេញ​សេចក្តី​ជូន​ព័ត៌មានកាលពី​ថ្ងៃ​ម្សិលមិញ​ថា លទ្ធផល​ធ្វើ​តេស្ត​អ្នក​ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​បង្ហាញ​ថា មាន​វិជ្ជមាន​​វីរុស​កូរ៉ូណា​ចំនួន​ ១៤ នាក់ (ដោយ​គិត​ទាំងអ្នក​ដែល​បាន​រាយការណ៍​ចំនួន​​ ៦ ​នាក់​នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា​រួច​ហើយ និង​អ្នក​រកឃើញ​ថ្មី​ចំនួន​​ ៨ នាក់​នៅ​ថ្ងៃទី ២៩ ខែ​វិច្ឆិកា​) លើ​ចំនួន​អ្នកដែល​បាន​​ធ្វើ​តេស្ត​ចំនួន​ ៣ ៣៣២ ​នាក់ (នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន ៧) តែ​កាលវិភាគ​អាច​ធ្វើ​បាន​តែ​​ ២ ២៤៨ នាក់ (ត្រឹម​ម៉ោង​ ១:៣០ ​នាទី​ព្រឹក​ថ្ងៃ​ទី ៣០​ ខែ​វិច្ឆិកា) ដែល​មនុស្ស​ចំនួន​ ២ ២៣៤ ​នាក់​មាន​លទ្ធផល​អវិជ្ជមាន​ ឯចំនួន​នៅ​សល់​ចំនួន​​ ១ ០៨៤ នាក់​ទៀត ក្រសួង​នឹង​បន្ត​វិភាគ​នៅ​ថ្ងៃ​នេះ​ទៀត។

លោក​ ហ៊ុន សែន មិន​ទាន់​ចាត់ទុក​ថា​ ព្រឹត្តិការណ៍ដែល​កើតមាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការបរាជ័យ​នោះ​ទេ ដោយ​លោក​សង្ឃឹម​ថា អ្នក​ដែល​បាន​ឆ្លង​អាច​នឹង​មិន​ឈាន​ទៅ​ដល់​ដំណាក់កាល​នៃ​ការស្លាប់​ទេ ដោយ​សារ​គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​ខ្លាំង​ដែល​គេបាន​ព្យាបាល​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ថ្លែងថា៖ «យើង​មាន​ត្រៀមបម្រុង​ថ្នាំ​សម្រាប់​ការព្យាបាល ហើយ​យើង​បាន​រកឃើញ​មេរោគ​នៅក្នុង​គ្រួសារ​របស់​លោក​ ឆែម សាវុធ គឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ប្រើ​កម្លាំង​ថ្នាំ​ខ្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នេះ​​គឺជា​បច្ចេកវិទ្យា​របស់​គ្រូពេទ្យ​»​។

លោក​នាយក​រដ្ឋមន្រ្តី​នឹង​ធ្វើការ​ដឹកនាំ​បញ្ជា​ផ្ទាល់​លើករណី​នេះ ដោយ​លោក​នឹង​ធ្វើការ​ពី​គេហដ្ឋាន​របស់​លោក​ដោយ​អាច​នឹង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​ផងដែរ​ដោយ​លោក​ចាត់ទុក​បញ្ហា​នេះ​ថា ធំធេង​ជាង​សង្រ្គាម​ទល់ដែន​ទៅ​ទៀត ដោយសារ​​​សង្រ្គាម​ប្រឆាំង​នឹង​កូវីដ​មិន​មាន​ពេលវេលា​នោះ​ទេ។

កាលពី​ម្សិលមិញ​នេះដែរ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចេញ​សារ​ជា​សំឡេង​បញ្ជា​ឱ្យ​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ធ្វើការ​ផ្អាក​រាល់​ការជួបជុំ ដែល​មាន​មនុស្ស​ច្រើន​​រាប់​ទាំង​អាពាហ៍ពិពាហ៍ ពិធី​បុណ្យ និង​ការប្រជុំ​នានា​រាប់​ពី​ថ្ងៃទី ០១ ខែ​ធ្នូ​នេះ​រហូត​ដល់​ថ្ងៃទី​ ១៥ ​ឬ ១៦ ​ខែ​ធ្នូ។

លោក​ ហ៊ុន សែន បញ្ជាក់​ថា៖ «​ដោយ​មាន​សំណូមពរ​ពី​ក្រសួង​សុខាភិបាល​ក៏ដូចជា ការផ្តល់​មតិ​ពី​អង្គការសុខភាព​ពិភពលោក​តម្រូវ​ឱ្យ​យើង​យក​វិធានការ​បន្ថែម​សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​តែម្តង​នោះ​គឺ​ការផ្អាក​ការជួបជុំ​ដែល​មាន​មនុស្ស​ច្រើន រាប់​ទាំង​អាពាហ៍ពិពាហ៍​រយៈពេល​ ១៥ ថ្ងៃ​រួម​ទាំង​ការប្រជុំ​នានា​ផង​ដែរ​»។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​សុំ​ការអធ្យាស្រ័យ​​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការជួបជុំ​ក្នុង​រយៈពេល​ ១៥ ថ្ងៃ​ដែល​មាន​មនុស្ស​ចាប់​ពី​​ ២០ ​នាក់​ឡើង​ទៅ​គឺ​មិន​អាច​ធ្វើការ​ជួបជុំ​បាន​ទេ។

លោក​ថា ៖ «យើង​មិន​ហាម​ឃាត់​ការធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ក្នុង​ការធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ ប៉ុន្តែ​សុំ​កុំ​ឱ្យ​មាន​ការកកស្ទះនៅ​តាម​ទីកន្លែង​ភ្លើង​សញ្ញា​នានា ​កាត់​បន្ថយ​ការធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ។ បើ​មិន​ធ្វើ​ដូច​នេះ​ទេ យើង​នឹង​យឺត​ពេល​»។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ ៣០ ខែ​វិច្ឆិកា​ឆ្នាំ​ ២០២០ ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​​ចំនួន​ ៣២៣ ​នាក់ (ស្រ្តី ៧១ នាក់) ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ​៣០១ នាក់​ ឯអ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ២២ នាក់ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕