
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅលើស្រឡាងដឹកអ្នកដំណើរនៅភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលកាលពីថ្ងៃសៅរ៍។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធត្រៀមវិធានការថ្មីមួយចំនួនបន្ថែមទៀតដើម្បីបង្ការកុំឲ្យប្រជាពលរដ្ឋខ្វះស្បៀង និងកុំឲ្យប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាល ខ្វះសម្ភារប្រើប្រាស់ក្នុងការការពារខ្លួនពីជំងឺកូវីដ ១៩។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី ៤ ខែមេសា ដោយបានចេញបទបញ្ជាមួយចំនួនទៀតទៅមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពដែលលោកបញ្ជាក់ថា គឺជាវិធានការស្ដុកបម្រុងទុកជាយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាល ដើម្បីត្រៀមបម្រើផលប្រយោជន៍ដល់ប្រជាជន។
លោកបន្ថែមថា វិធានថ្មីទាំងនោះគឺរដ្ឋាភិបាលនឹងទិញម៉ាស់ធម្មតាចំនួន ១០ លានម៉ាស់ ម៉ាស់សម្រាប់គ្រូពេទ្យប្រើប្រាស់ចំនួន ៥០ ម៉ឺនម៉ាស់ សម្លៀកបំពាក់សម្រាប់គ្រូពេទ្យចំនួន ៥ ពាន់កំប្លេ និងអាល់កុលយ៉ាងតិចចំនួន ១ លានលីត្រ ដើម្បីស្ដុកបម្រុងទុកជារបស់រដ្ឋាភិបាល ហើយការសម្រេចបញ្ចេញប្រើប្រាស់គឺត្រូវឆ្លងយោបល់ពីលោកជាមុន។
លោកថា៖ «បញ្ជាក់ការស្ដុកទុកម៉ាស់ ១០ លានម៉ាស់ ឧទាហរណ៍ប្រសិនបើប្រើអស់ ១ លានម៉ាស់ គឺត្រូវតែបញ្ចូល ១ លានម៉ាស់ឬ ២ លានម៉ាស់មកស្ដុកវិញ គឺមិនអាចឱ្យទាបជាង ១០ លានទេ។ (ម៉ាស់ទាំងនោះ) ត្រូវផលិតក្នុងស្រុក ឬបើខ្វះខាតត្រូវទិញពីក្រៅប្រទេស ហើយបើរោងចក្រនៅសីហនុអាចផលិតបានកាន់តែច្រើនគឺយើងទិញយកទាំងអស់»។
លោកបញ្ជាឲ្យលោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមទាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវធ្វើការងារជាមួយភាគីរោងចក្រ ដើម្បីទិញម៉ាស់ សម្លៀកបំពាក់ពេទ្យ និងអាល់កុលទាំងនេះយកមកស្ដុកទុកដែលម៉ាស់ និងសម្លៀកបំពាក់ពេទ្យត្រូវស្ដុកទុកតាមក្បួនវេជ្ជសាស្ដ្រនៅក្រសួងសុខាភិបាល រីឯអាល់កុលត្រូវឱ្យខាងរោងចក្រជួយស្ដុកទុក។
លោកបញ្ជាក់ថា ការចំណាយដើម្បីយកម៉ាស់មកស្ដុកបម្រុងទុករបស់រដ្ឋាភិបាលនេះគឺជាថវិការបស់សប្បុរសជនដែលជួយមករដ្ឋាភិបាលមានចំនួនជាង ១១ លានដុល្លារ និងទឹកប្រាក់ពីការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរដ្ឋាភិបាល មកឱ្យគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយក្នុងករណីមានការខ្វះខាត រដ្ឋនឹងបញ្ចេញថវិកាបង្គ្រប់។
លោក ហ៊ុន សែនបន្តថា ការត្រៀមបម្រុងទុកនេះគឺជាការធានាថា ពលរដ្ឋ និងបុគ្គលិកសុខាភិបាលនឹងមិនប្រឈមនឹងការខ្វះខាតរបស់ប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ ១៩ ឡើយ។ លោកបន្ថែមថា កន្លងមកលោកក៏ធ្លាប់បានចេញបញ្ជាឱ្យទិញម៉ាស់ធម្មតាចំនួន ៥ លាន ២ សែនម៉ាស់ ម៉ាស់សម្រាប់គ្រូពេទ្យប្រើប្រាស់ចំនួន ២០ ម៉ឺនម៉ាស់ និងសម្លៀកបំពាក់ពេទ្យចំនួន ៥ ពាន់កុំប្លេដែរ ប៉ុន្តែរបស់ទាំងនោះគឺក្រសួងសុខាភិបាលជាអ្នកចាត់ចែងសម្រាប់យកប្រើប្រាស់នៅក្នុងស្ថានភាពចាំបាច់នាពេលបច្ចុប្បន្ននេះ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យរដ្ឋមន្ត្រីចំនួន ២ រូបយកចិត្តទុកដាក់ក្នុងការបង្កើនថវិកាសម្រាប់ឧបត្ថម្ភដល់គ្រូពេទ្យនៅជួរមុខ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ ដើម្បីជាការបំប៉នចំពោះការលះបង់របស់ពួកគេក្នុងការធ្វើការងារបន្តទៀត។
លោកថា៖ «ខ្ញុំសូមអំពាវនាវឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អាចបង្កើនថវិកាសម្រាប់គ្រូពេទ្យនៅជួរមុខ ព្រោះក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងនេះអត់បាននៅជិតប្រពន្ធកូនទេ គឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នោះកុំឱ្យគ្រូពេទ្យនេះមានការពិបាកក្នុងការគិតគូរទៅដល់គ្រួសារ ខ្ញុំសុំស្នើឲ្យបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យទាំងនេះ»។
លើសពីនេះលោកក៏បានបញ្ជាឱ្យទិញប្រេងសាំងស្ដុកទុក ដើម្បីប្រើប្រាស់នៅពេលមានការបញ្ចេញរថយន្តពីកងទ័ព ដើម្បីដឹកពលរដ្ឋដែលអាចធ្វើដំណើរចេញពីប្រទេសថៃដោយដឹកពួកគេពីព្រំដែនទៅតាមមូលដ្ឋានដើម្បីឱ្យស្នាក់នៅដាច់ដោយឡែក ១៤ ថ្ងៃនៅតាមសាលាដែលមានការរៀបចំគ្រែ ភួយ មុង និងខ្នើយ។
លោក ហ៊ុន សែន ក៏បានឱ្យមន្ត្រីពិនិត្យឡើងវិញក្នុងការស្ដុកទុកស្បៀងមានដូចជាអង្ករ មី និងទឹកស្អាតជាដើម ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការខ្វះខាតដោយលោកស្នើឲ្យមន្ត្រីត្រូវពិភាក្សាជាមួយក្រុមហ៊ុនផលិតទឹកបរិសុទ្ធនៅក្នុងប្រទេសដើម្បីផលិតទឹកសុទ្ធត្រៀមទុកលក់ឱ្យរដ្ឋាភិបាលនៅពេលដែលរដ្ឋាភិបាលមានតម្រូវការជាចាំបាច់ដើម្បីយកទៅចែកជូនពលរដ្ឋក្នុងករណីមានតំបន់ណារងការវាយប្រហារដោយជំងឺកូវីដ ឬបញ្ហាមួយចំនួនទៀត។ លោកបញ្ជាក់ថា ការចំណាយថវិកាសម្រាប់ទិញស្បៀង និងទឹកស្អាតស្តុកទុកគឺរដ្ឋជាអ្នកចំណាយ។
លោក ហ៊ុន សែន គូសបញ្ជាក់ថាលោកមានវិធីសាស្ត្រក្នុងការដឹកនាំ និងមានវិធានការជាក់ស្ដែងដើម្បីជួយស្រោចស្រង់ពលរដ្ឋកុំឱ្យមានការភ័យខ្លាច ដោយសារការផ្ទុះឡើងជំងឺកូវីដ១៩ ខណៈលោកបានប្រតិកម្មចំពោះសារព័ត៌មានបរទេសស្ថិតក្នុងប្រទេសមានអ្នកស្លាប់ច្រើន ដោយសារជំងឺកូវីដ១៩ តែបែរជារិះគន់កម្ពុជាថាជាប្រទេសមានហានិភ័យខ្ពស់ ដោយសារកូវីដ១៩ និងថា លោកខ្វះការយកចិត្តទុកដាក់អំពីការប្រុងប្រយ័ត្នចំពោះជំងឺនេះ។
លោកបន្តថា៖ «គេមិនស្គាល់សិល្បៈនៃការចាត់ចែង និងដោះស្រាយបញ្ហាបែប ហ៊ុន សែន នោះទេ។ ដំបូងឡើយខ្ញុំគ្រាន់តែប្រកាសដើម្បីកុំឱ្យប្រជាជនភ័យខ្លាច ហើយបន្ទាប់បានយកវិធានការជាបន្តបន្ទាប់ដែលវិធានការទាំងនោះមិនផ្ដល់ការភ័យខ្លាចណាមួយដល់ប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងយល់នៅក្រោយបញ្ចប់ជំងឺកូវីដ ១៩។ អ្នកណាខ្លាំងអ្នកណាខ្សោយស្ថិតនៅត្រង់ថា តើអ្នកណាខ្លះទុកឱ្យប្រជាជនស្លាប់គរជើង ហើយអ្នកខ្លះដែលប្រជាជនខ្លួនគ្មានការស្លាប់»។
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃម្សិលមិញថា កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២ ថ្ងៃជាប់គ្នាខណៈអ្នកព្យាបាលជាសះស្បើយបានកើនដល់ ៥០ នាក់ក្នុងចំណោមឆ្លងទាំងអស់ចំនួន ១១៤ នាក់ គិតចាប់តាំងពីខែមករាមក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ថ្វីដ្បិតមិនមានករណីថ្មីត្រូវបានរកឃើញក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ប៉ុន្តែកម្ពុជាត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ឱ្យបានជាប់ជានិច្ចក្នុងការទប់ស្កាត់កុំឱ្យមានការឆ្លងពីបុគ្គលទៅបុគ្គលមួយទៀត។
លោកស្រីថា៖ «សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនជារៀងរាល់នេះគឺជាចំណុចសំខាន់ណាស់។ មិនមែនយើងរកមិនឃើញក្នុងរយៈពេល ២ ថ្ងៃនេះហើយយើងគិតថា មិនមានការចម្លងហើយយើងបន្ធូរដៃវាបែរជាឱកាសមួយធ្វើឱ្យវីរុសកូវីដ ១៩ វាយបកមកយើងវិញជាយថាហេតុ។ យើងមិនទាន់អាចវាយតម្លៃថា ការចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានស្ថានភាពចប់នោះទេ»។
នៅថ្ងៃម្សិលមិញក្រសួងសុខាភិបាលបានប្រកាសអំពាវនាវបន្ថែមទៅដល់ទីតាំងកាត់សក់ កន្លែងថែរក្សាសម្ផស្ស កាត់ក្រចក និងសេវាកម្មពាក់ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្នដោយត្រូវពាក់ម៉ាស់ មិនប្រជ្រៀតគ្នាត្រូវពាក់ស្រោមសម្ភារប្រើប្រាស់ និងនៅក្នុងបរិវេណត្រូវជូតសម្អាតឱ្យបានត្រឹមត្រូវ និងការរក្សាចម្ងាយពីគ្នាឱ្យបានលើសពី ១ ម៉ែត្រជាដើម។
ជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានណែនាំឱ្យម្ចាស់រថយន្តឈ្នួលដែលដឹកអ្នកដំណើរលើសពី ១០ នាក់ ត្រូវតែបើកបង្អួចឱ្យខ្យល់ចេញ-ចូល និងមិនត្រូវបើកម៉ាស៊ីនត្រជាក់ហើយអ្នកធ្វើដំណើរត្រូវពាក់ម៉ាស់។ លើសពីនេះ ខាងក្នុងរថយន្តត្រូវសម្អាតជាប្រចាំត្រូវមានអាល់កុល ឬជែលសម្រាប់អ្នកដំណើរលាងដៃពេលឡើងរថយន្ត និងត្រូវផ្អាកបើកបរប្រសិនបើអ្នកដំណើរចេញរោគសញ្ញាផ្ដាសាយ៕