ភ្នំពេញៈ នៅឯ​ប្រទេស​កូរ៉េខាងត្បូង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ទស្សនៈ​ចំនួន​ ៤ ដើម្បី​ពង្រឹង​សន្តិភាព សន្តិសុខ និង​អភិវឌ្ឍ​មនុស្សជាតិ​ក្នុង​មហាសន្និបាត​នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​គម្រប់​ខួប​ ១០០ ​ឆ្នាំ និង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​សម្រាប់​សន្តិភាព ក្រោម​ប្រធានបទ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​សេអ៊ូល​​ពី​ម្សិលមិញ​។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពិភពលោក​នេះ​លោក​ ហ៊ុន សែន ឡើង​ថ្លែងថា សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​។ ប៉ុន្តែ​សន្តិភាព​សកល​នាពេល​បច្ចុប្បន្ន​នៅមាន​ភាព​ផុយស្រួយ ដោយសារ​ការវិវត្ត​ទៅរក​ក្របខ័ណ្ឌ​ពហុប៉ូល ការប្រកួតប្រជែង ផលប្រយោជន៍ និង​ការកែតម្រូវ​តុល្យភាព​នៃ​អំណាច​សកល​។

កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ​ស្ដីពី «​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស​» ​ដែល​មាន​ឥស្សរជន​បរទេស​មួយ​ចំនួន​ចូលរួម​នោះ លោក​ ហ៊ុន សែន លើក​ឡើង​ថា​ពិភពលោក​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏ស្រួចស្រាល់ និង​អាច​អូសបន្លាយ​រយៈពេល​វែង ដែល​បង្កើត​ជា​ហានិភ័យ​សេដ្ឋកិច្ច បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​សកល​ក្នុង​រយៈពេល​មធ្យម និង​ការអភិវឌ្ឍ​នៃ​សង្គម​សេដ្ឋកិច្ច​។

លោក​ថ្លែង​ដែរ​ថា ការប្រែប្រួល​អាកាស​ធាតុ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​វិវត្ត​ទៅជា​ហានិភ័យ​ដែល​គំរាមកំហែង​ដល់​ការអភិវឌ្ឍ និង​សន្តិសុខ​របស់​មនុស្សជាតិ​។ ការកើនឡើង​កម្តៅ​ភពផែនដី កំណើន​ជា​លំដាប់​នូវ​កម្ពស់​ទឹកសមុទ្រ ការបាត់បង់​ជីវចម្រុះ និង​ធនធានធម្មជាតិ គ្រោះធម្មជាតិ​កាន់តែ​ធំ និង​ញឹកញាប់​ព្រមទាំង​ការរាំងស្ងួត​ជា​បន្តបន្ទាប់​នូវ​ប្រភព​ទឹក​សំខាន់ៗ​នឹង​ក្លាយ​ជា​ប្រធានបទ​ដែល​ប្រទេស​ជាច្រើន​បាននិង​កំពុង​ជជែក​ដ៏ក្តៅគគុក និង​មាន​ទំនោរ​ក្លាយ​ជា​មូលហេតុ​នៃ​ជម្លោះ​រវាង​ប្រទេស និង​ប្រទេស​នាពេល​អនាគត​។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​លោកនាយក​រដ្ឋមន្ត្រី​បានផ្តល់​ទស្សនៈ​ចំនួន​ ៤ ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ចែករំលែក​ទស្សនៈ​មួយចំនួន​ដើម្បី​ចូលរួម​ពង្រឹង​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្សជាតិ ទី​ ១៖ ​បន្ត​លើកកម្ពស់​ប្រព័ន្ធ​ពហុភាគី​និយម និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​បទប្បញ្ញត្តិ​សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ស្ថិរភាព​យ៉ាង​ពេញលេញ​តាមរយៈ​ការជំរុញ​លើក​កម្ពស់​កិច្ចសន្ទនា​ជិតស្និទ្ធ ការកសាង​ទំនុកចិត្ត ព្រមទាំង​ការដោះស្រាយ​បញ្ហា​តំបន់​ដោយ​សន្តិវិធី និង​ដោយ​ឈរលើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​»​។

លោក​បន្តថា​៖ «​ទី​ ២៖ ​ជំរុញ​វប្បធម៌​សន្ទនា​អន្តរ​ជំនឿ ដើម្បី​កសាង​ការយល់​ដឹង​អំពី​គ្នា​ទៅវិញ​ទៅមក ការគោរព​គ្នា ការជឿទុកចិត្ត​គ្នា ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក និង​ការគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ព្រោះ​ថា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ខាងក្រៅ​តែងតែ​នាំមក​នូវ​ក្តី​វិនាស និង​មហន្តរាយ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​នោះ​»​។

លោក​បន្ថែមថា​៖ «​ទី​ ៣ ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការបន្ត​ជំរុញ​សកលភាវូបនីយកម្ម​៖ ត្រូវ​ធានាថា យន្តការ​កិច្ចសហប្រតិបត្តិការ​ថា រក្សា​បាន​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការពន្លឿន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ និង​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

លោក​ថ្លែងថា​៖ «​ទី​ ៤ ​ជំរុញ​ការអភិវឌ្ឍ​តាមរយៈ​អភិក្រម​ក្នុង​ការកំណត់​កត្តា​មនុស្ស​ជា​ស្នូល (Peoplecentric Approad) ជាពិសេស​ចំពោះ​កិច្ចការងារ​អភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​សុខុមាលភាព​សង្គម ដូចជា​ការពង្រឹង​គុណភាព​ការអប់រំ ការកែលម្អ​សុខុមាលភាព​ការរស់នៅ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការ​បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍ​ឱ្យស្រប​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ឥតឈប់ឈរ​នៃ​រចនាសម្ព័ន្ធ សេដ្ឋកិច្ច​សង្គម​»​។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ថ្លែង​ថា​ការរក្សា​ឱ្យ​បាន​នូវ​សុខសន្តិភាព​ដែល​កំពុង​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា មិន​អាច​កាត់ផ្តាច់​បាន​ឡើយ​ពី​ការផ្តល់​ឱកាស​ស្មើភាព​គ្នា​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​នូវ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ឱ្យក្លាយ​ទៅជា​ធនធាន​ដែលមាន​សក្តានុពល​មិនចេះ​រីងស្ងួត​។

ក្នុង​ទឹកដី​កូរ៉េ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​បម្រើ​ការងារ​នៅ​ទីក្រុង​សេអ៊ូល​នៃ​សាធារណរដ្ឋ កូរ៉េ កាលពី​ល្ងាច​ថ្ងៃទី​ ៣ ខែ​កុម្ភៈ​។ លោក​ ហ៊ុន សែន បានបង្ហាញ​អំពី​ទំនាក់ទំនង​ការទូត​ដ៏រឹងមាំ និង​ល្អ​បំផុត​រវាង​កូរ៉េខាងត្បូង​ជាមួយ​កម្ពុជា​តាំងពី​អតីតកាល​រហូត​ដល់​ពេលបច្ចុប្បន្ន​នេះ​។

លោក​មានប្រសាសន៍​ថា​៖ «​រហូតមកដល់​ពេល​នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុងឋានៈ​ជា​ស្ថាបនិក​នៃ​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ហើយ​ដែលមាន​ការគាំទ្រ​ពី​ព្រះមហាក្សត្រ​ចាត់​ទុក​ថា យើង​មាន​ជោគជ័យ​ធំ​ណាស់​នៅក្នុង​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសមួយ​នេះ​។ ឥឡូវនេះ​យើង​ជាមួយ​កូរ៉េ​បាន​ឆ្លងកាត់​នូវ​វិញ្ញាសា​ល្អៗ អ្វី​ដែល​ហៅថា​ភាពអាក្រក់​ក្នុង​រយៈកាល​ជាង​ ២០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នេះ​មិន​មាន​អ្វី​ជា​ស្នាម​ប្រេះឆា​នោះទេ​សម្រាប់​យើង​»​។

លោក​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេលនេះ​និយាយ​ពី​ចំនួន​ពលរដ្ឋ​ខ្មែរ​មក​នៅ​កូរ៉េ​មាន​ដល់​ទៅ​ ៦៥ ៥០០ ​នាក់ ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​កូរ៉េ​ខាង​ត្បូង រួម​មាន​ចិន​៖ ចិន​ ១ ​លាន ១ ​សែន​នាក់ ថៃ​ ២០ ​ម៉ឺន​នាក់ ហ្វីលីពីន​ ៧៨ ០០០ នាក់ ​វៀតណាម​ ២២ ​ម៉ឺន​នាក់ ហើយ​ពលករ​ខ្មែរ​ដែល​រស់នៅ​មិន​ស្របច្បាប់​នៅ​កូរ៉េ​ខាងត្បូង​ប្រមាណ​ជា​ ៧ ​ពាន់​នាក់​។

លោក​បន្ថែមថា​ពី​ឆ្នាំ​ ១៩៩៦-២០១៨ កូរ៉េ​ខាង​ត្បូង​ផ្តល់​ជំនួយ​ឥតសំណង​ជាង​ ៣០០ ​លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​ជំនួយ​ឥត​សំណង​មាន​ ១៧ ​លាន​ដុល្លារ និង​ឆ្នាំ​ ២០២០ គ្រោង​ផ្តល់​ ២៤ ​លាន​ដុល្លារ ហើយ​កូរ៉េ​ខាង​ត្បូង​ត្រៀម​ផ្តល់​នៅ​ឆ្នាំ​ ២០១៩ ​ដល់​ ២០២៣ ប្រមាណ​ ៧០០ ​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ដែរ​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​ល្អប្រសើរ ជាពិសេស​នៅលើ​ផ្នែក​សេដ្ឋកិច្ច​។

លោក​បញ្ជាក់ថា​៖ «​វា​ការល្អ​ដែល​យើង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង ឬ​ប្រទេស​ជប៉ុន​ក្តី​ដែល​ជា​ប្រទេស​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ បើសិន​យើង​អាច​បង្កើត​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ធំ និង​ច្រើន​ជាង​ហ្នឹង វា​នឹង​ជួយ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​»៕