ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចែកសៀវភៅប្រមាណ ៨ ម៉ឺនក្បាលជាប្រភេទសៀវភៅអប់រំ ល្បីឈ្មោះដែលត្រូវបានតែងនិពន្ធឡើងដោយអ្នកប្រាជ្ញខ្មែរជំនាន់មុននៅក្នុងព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅ នៅបណ្ណាល័យជាតិដែលធ្វើឡើងរយៈពេល ៣ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ៧ នេះរហូតដល់ថ្ងៃទី ៩ ខែធ្នូ។
សៀវភៅទាំង ៣ ចំណងជើងដែលត្រូវបានរៀបរៀងឡើងដើម្បីបន្សល់ទុកដល់អ្នកជំនាន់ក្រោយត្រូវបានបោះពុម្ពនឹងយកមកចែកចាយតាមរយៈការណែនាំរបស់លោកនាយករដ្ឋមន្ដ្រីក្នុងនោះរួមមានសៀវភៅ «ស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅ អ៊ូ ចុង»។
លោកស្រី ងួន សូនី ប្រធានគណៈកម្មការចែកសៀវភៅរបស់លោក ហ៊ុន សែន ឱ្យដឹងថា៖ «សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលចូលចិត្តអាន ចូលចិត្តស្តាប់វិទ្យុ និងមើលទូរទស្សន៍រហូតដល់ទៅ ៤ ក្នុងពេលតែមួយ»។
លោកស្រីបន្តថាការចែកសៀវភៅទាំងនេះជាបំណងល្អរបស់លោកនាយករដ្ឋមន្ត្រីដើម្បីលើកស្ទួយ និងជំរុញវិស័យអំណាននៅកម្ពុជាឱ្យកាន់តែផុសផុលទូទាំងប្រទេស។
សៀវភៅនីមួយៗសុទ្ធតែបង្កប់នូវទស្សនៈអប់រំខុសៗគ្នា ជាក់ស្តែងដូចជាឃ្លាមួយនៅក្នុងសៀវភៅក្រមង៉ុយបានសរសេរថា «បើចង់ស្រាលខ្លួនរៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»។
ចំណែកឃ្លាមួយនៃសៀវភៅ អ៊ូ ចុង វិញបានអប់រំថា «ត្រូវធ្វើបុណ្យខ្នើត ម៉ែឪស៊ីកើត កំពុងស្រេកឃ្លាន ម៉ែឪនៅរស់ កូនត្រូវធ្វើទាន បំបាត់ក្តីឃ្លាន ហៅធ្វើបុណ្យខ្នើត។ ហៅបុណ្យខែភ្លឺ កុំចាំគាត់ឈឺ បរិភោគលែងកើត ជូនគាត់កាលជា ហៅថាបុណ្យខ្នើត គាត់បរិភោគកើត បានជាងរនោច។ លុះបាត់ជីវិត បុណ្យខែងងឹត ដូចថ្ងៃដប់រោច កូនចៅទាំងឡាយ យកបាយឱ្យខ្មោច ម៉ែឥតប្រយោជន៍ ខ្មោចណាចេះស៊ី»។
ចំណែកសៀវភៅស្រីហិតោបទេសកាន់តែសម្បូរបែបនូវទស្សនៈអប់រំជាច្រើន ដែលនាំទៅដល់ការត្រិះរិះពិចារណាគ្រប់បែបយ៉ាង។ នៅក្នុងវគ្គមួយនៃសៀវភៅនេះបានសរសេរថា «បុគ្គលមានចំណេះដឹងតិច កាលបើបាត់បង់ទ្រព្យអស់ហើយ កិច្ចការផ្សេងទៀតក៏វិនាសទៅដែរ ដូចជាស្ទឹងមានទឹកតិច នាពេលរដូវក្ដៅមកដល់ ក៏រីងស្ងួតហួតហែងអស់រលីង»។
លោក ជា ហាវ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងទំនាក់ទំនងព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅឆ្នាំនេះបានថ្លែងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំនេះប្រព្រឹត្ដឡើងក្រោមប្រធានបទ «សៀវភៅរស់ ចំណេះរីក» ដែលមានស្ដង់ពិព័រណ៍សៀវភៅជាង ១០០ ស្ដង់ផងដែរ។ «ឆ្នាំនេះយើងគិតថានឹងមានយុវជនមកចូលរួមពិព័រណ៍សៀវភៅច្រើនជាងឆ្នាំមុន ព្រោះឆ្នាំនេះយើងមានការចែកសៀវភៅពីលោកនាយករដ្ឋមន្ដ្រីជិត ១០ ម៉ឺនក្បាល»៕