ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឆ្លើយតប​លិខិត​រំលែកទុក្ខ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (​អសប​) ​លោក អង់តូនីញ៉ូ ហ្គុយតឺរេស ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព និង​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​មរណភាព​របស់​នាយទាហាន​ជាន់ខ្ពស់​លោក ស សាវី ដោយសារ​ជំងឺ​កូវីដ​ ១៩​ នៅ​ប្រទេស​ម៉ាលី​។ លោក​ថា កម្ពុជា​ប្តេជ្ញា​បន្ត​សកម្មភាព​មនុស្សធម៌ និង​រក្សា​សន្តិភាព​ក្នុង​ពិភពលោក​។

លិខិត​ចុះ​ថ្ងៃទី​ ២៤​ មិថុនា ឆ្លើយតប​ទៅ​លោក​ អង់តូនីញ៉ូ លោក​ ហ៊ុន សែន សរសេរ​ថា លោក​បាន​ទទួល​រួចហើយ​នូវ​លិខិត​រំលែក​ទុក្ខ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ចុះ​ថ្ងៃទី​ ១២ មិថុនា ឆ្នាំ​ ២០២០ អំពី​ការបាត់បង់​ដ៏សោកសង្រេង​របស់​នាយទាហាន​ជាន់ខ្ពស់ ស សាវី ដែលជា​កម្លាំង​គាំទ្រ​ថ្នាក់ជាតិ​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​ស្ថិរភាព​ចម្រុះ​នៅ​សាធារណរដ្ឋ​ម៉ាលី​ (MINUSMA) ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា សេចក្តី​ក្លាហាន និង​ពលិកម្ម​របស់​នាយទាហាន​រូបនេះ​នឹង​ត្រូវ​បាន​ចងចាំ​ជាមួយ​ការគោរព​បំផុត និង​ការទទួលស្គាល់​ទាំង​ជាតិ និង​អន្តរជាតិ​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​ទន្ទឹម​នឹង​ការត្រៀម​ខ្លួន​រួចជាស្រេច​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​ចាត់វិធានការ​បន្ថែម​ក្នុង​ការឆ្លើយតប​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​សាជាថ្មី​នូវ​ការប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការបន្ត​សកម្មភាព​មនុស្សធម៌ ព្រមទាំង​ការកសាង និង​ការរក្សា​សន្តិភាព​នៅក្នុង​ពិភពលោក​»​។

លោក​នាយក​រដ្ឋមន្ត្រី​បន្តថា តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ក្រុមគ្រួសារ​នៃ​សព លោក​ថ្លែង​អំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​លោក​ អង់តូនីញ៉ូ ហ្គុយតឺរេស (Anto''nio Guterres)​។

កាលពី​ថ្ងៃទី​ ១២ មិថុនា លោក Anto''nio Guterres បាន​សរសេរ​លិខិត​រំលែក​ទុក្ខ​មកកាន់​លោក​ ហ៊ុន សែន ចំពោះ​មរណភាព​របស់​លោក​ ស សាវី​។

ក្នុង​លិខិត​នោះ​លោក អង់តូនីញ៉ូ សរសេរ​ថា​៖ «​ខ្ញុំ​បានទទួល​ដំណឹង​ដ៏ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​កម្លាំង​គាំទ្រ​ថ្នាក់ជាតិ​កម្ពុជា​នៃ​បេសកកម្ម​រក្សា​ស្ថិរភាព​ចម្រុះ​នៅ​សាធារណរដ្ឋ​ម៉ាលី​ (MINUSMA) ​ក្នុង​ទីក្រុង​ហ្គាវ (GAO) កាលពី​ថ្ងៃទី​ ២៩ ​ឧសភា ឆ្នាំ​ ២០២០ ​កន្លងមក​។ ក្នុងឱកាស​ដ៏សោកសៅ​នេះ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដោយ​ស្មោះ​អស់​ពី​ដួងចិត្ត​ចំពោះ​ក្រុមគ្រួសារ​នៃ​សព និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការបាត់បង់​ជីវិត​ដ៏សោកសង្រេង​នេះ​»​។

លោក​ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួម​ចំណែក​ដែល​បាន​ធ្វើឡើង​ដោយ​ជនរួមជាតិ​របស់​លោក​ ហ៊ុន សែន ដល់​កិច្ចការងារ​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​។ លោក​អះអាង​ចំពោះ​លោក​ ហ៊ុន សែន ថា អ.ស.ប. ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់ផ្ទះ ប្តេជ្ញា​ពង្រឹង​កិច្ចខិតខំ​ថែមទៀត​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​លើ​បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្ពុជា និង​ អ.ស.ប.។

លោក​បន្ថែមថា​៖ «​ស្របពេល​នៃ​ការចាត់​វិធានការ​ក្នុង​ការធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​កងកម្លាំង​រក្សា​សន្តិភាព និង​បុគ្គលិក​ដទៃទៀត បេសកកម្ម​នានា​របស់​យើង​នឹង​ខិតខំ​បន្ត​ផ្តល់​អាណត្តិ​របស់​ពួកគេ​»​។

លោក​ អង់តូនីញ៉ូ ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​លោក ហ៊ុន សែន ដល់ អ.ស.ប. និង​ជាពិសេស​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាព​។

លោក ស សាវី អាយុ​ ៦៣ ​ឆ្នាំ​ ជា​នាយទាហាន​ថ្នាក់ជាតិ និង​ជា​យោធិន​របស់​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​ការងារ​មនុស្សធម៌​ក្រោម​ឆត្រ​ អ.ស.ប. នៅ​ប្រទេស​ម៉ាលី​ទទួល​មរណភាព​កាលពី​ថ្ងៃទី​ ២៩ ​ឧសភា ដោយសារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក ស សាវី បាន​ដឹកនាំ​កងអនុសេនា​ធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​ ២៣១ ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​កាលពី​ខែ​មេសា ឆ្នាំ​មុន ហើយ​ត្រូវ​បញ្ចប់​បេសកកម្ម​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​មេសា​ឆ្នាំនេះ​។ ប៉ុន្តែ​ការវិលត្រឡប់​ត្រូវ​បាន​ពន្យារពេល ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​លោក​ក៏​ទទួល​មរណភាព​នៅ​ទីនោះ​៕