កណ្ដាលៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល ចេញ​សេចក្ដីណែនាំ ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ ក្នុងពេល​បុណ្យអុំទូក ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចុងខែ​តុលា​នេះ បើទោះបី​ជា​ពិធីបុណ្យ​នេះ មិន​ប្រារព្ធ​ធ្វើ​នៅ​ភ្នំពេញ​ដូច​រៀងរាល់ឆ្នាំ​ក្តី ដើម្បី​ការពារ​ការរីករាលដាល​នៅក្នុង​សហគមន៍​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ ខ្នាត​យក្ស​ដំបូង​បំផុត​នៅ​កម្ពុជា​ក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២០ លោក ហ៊ុន សែន បាន​ថ្លែងថា ដោយសារ​ជំងឺ​កូវីដ​១៩ រាជរដ្ឋាភិបាល​បាន​សម្រេច​មិន​រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ​បុណ្យអុំទូក​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​នៅក្នុង​ឆ្នាំនេះ​។ តែ​ពិធី​អកអំបុក​ សំពះព្រះខែ នឹង​នៅតែ​ធ្វើ​ធម្មតា តាមផ្ទះ តាម​វត្ត​អារាម ហើយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គេ​អាច​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​អ្នកស្រុក​តែង​ធ្វើ​កន្លងមក​។ ដូច្នេះ​ក្រសួង​សុខាភិបាល​ត្រូវ​រៀបចំ​វិធានការ​ណែនាំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ជំងឺ​កូវីដ​មិន​ភ្លេច​យើង​ទេ ហើយ​យើង​ក៏​មិនដឹងថា​វា​សំងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ដែរ​។ កន្លងមក​នៅ​ប្រទេស​មួយចំនួន​មាន​គ្រូពេទ្យ​ជាច្រើន​នាក់​បាន​ស្លាប់​ដោយសារ​ការឆ្លង​មេរោគ​កូវីដ​១៩​ពី​អ្នកជំងឺ​។ យើង​ត្រូវមាន​វិធានការ​ការពារ និង​ខិតខំ​ធ្វើយ៉ាងណា​កុំឱ្យ​កម្ពុជា​មាន​ការឆ្លង​ជំងឺ​​កូវីដ​១៩​នៅក្នុង​សហគមន៍​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​ពិនិត្យ​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់ និង ទិញ​បញ្ចូល​នូវ​ឧបករណ៍ និង​សម្ភារ​វេជ្ជសាស្ត្រ​សម្រាប់​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​-១៩ នៅក្នុង​ស្តុក​ផងដែរ ដែល​ក្នុងនោះ​ត្រូវ​ពិនិត្យ​អំពី​គុណភាព និង កាលបរិច្ឆេទ​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ទុក​នៅក្នុង​ស្តុក​យូរពេក នាំឱ្យ​ខូចខាត​មិនអាច​ប្រើប្រាស់​បាន ជាពិសេស ម៉ាស់ និង​ខោអាវ​សម្រាប់​គ្រូពេទ្យ និង​ភ្នាក់ងារ​សុខាភិបាល​ដែល​ធ្វើ​កិច្ចការ​ផ្ទាល់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​ដោយផ្ទាល់​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​ស្តុក​យុទ្ធសាស្ត្រ​របស់​យើង​។ អ្វីដែល​គួរ​ត្រូវ​បញ្ចេញ​មកប្រើប្រាស់ គឺ​ត្រូវ​បញ្ចេញ ហើយ​អ្វី​ដែល​ត្រូវ​ទិញ​បន្ថែម​ដើម្បី​ដាក់បញ្ចូល​នៅក្នុង​ស្តុក ទាំង​ថ្នាំ​ព្យាបាល ម៉ាស់ និង​ខោអាវ​ពេទ្យ​គឺ​ត្រូវ​ទិញ​ចូល​»​។

ក្រោយពី​មាន​ការប្រកាស​ជំរុញ​ឱ្យ​មាន​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ការណែនាំ​អំពី​វិធានការ ការពារ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២០ បានចេញ​សេចក្ដី​ណែនាំ​បន្ទាន់​មួយ​ស្ដីពី​ការពង្រឹង​ការធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ចត្តាឡីស័ក​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ចូលរួម​ការពារ​ការចម្លង​វីរុស​កូវីដ​-១៩ ចូលក្នុង​សហគមន៍ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែមាន​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូវីដ​១៩ គ្រប់ពេលវេលា​នៅឡើយ​។

ដើម្បី​ចូលរួម​បន្ត​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩ ចូល​ក្នុង​សហគមន៍ ការពង្រឹង​ការធ្វើ​ចត្តាឡីស័ក​ចំនួន ​១៤ ​ថ្ងៃ ឬ​ការដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ នៅតែ​ជា​វិធានការ​ចម្បង​បំផុត​មួយ​ក្នុងចំណោម​វិធានការ​មួយចំនួនទៀត​។ បុគ្គល​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅតាម​ផ្ទះ និង​នៅតាម​មណ្ឌល​នានា គឺ តម្រូវឱ្យ​មាន​ការចូល​រួម​ឱ្យបាន​ត្រឹមត្រូវ​ និង​ម៉ឺងម៉ាត់​បំផុត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​មាន​ការគ្រប់គ្រង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​លើក​ទី​ ១ អវិជ្ជមាន​វីរុស​កូវីដ​១៩​។ ការមិន​គោរព​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ការធ្វើ​ដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ឬ​ទៅ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃទៀត ក្នុង​អំឡុង​ពេលធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់ដោយឡែក​នេះ​នឹង​អាចជា​ហេតុនាំឱ្យ​មានការ​ចម្លងជំងឺ​កូវីដ​១៩​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ បង្កើត​ឱកាស​ចម្លង​ទៅ​អ្នក​ផ្សេងទៀត និង​ក៏​អាច​ជា​ឱកាស​នាំឱ្យ​មាន​ការចម្លង​ទៅក្នុង​សហគមន៍​ផងដែរ​បើ​បុគ្គល​នោះ​មាន​ផ្ទុក​វីរុស​កូវីដ​១៩​។

ជាមួយ​គ្នានេះ​ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​សាជាថ្មី​ដល់​សាធារណជន ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ទាំងអស់ «​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​-១៩ កុំឱ្យ​មាន​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​» ដោយ​ក្នុងនោះ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ធ្វើឱ្យ​សកម្ម​នូវ​ការអប់រំ​ប្រជាជន​អំពី​វិធានការ​ការពារ និង​ភាពចាំបាច់​នៃ​ការធ្វើ​ចត្តាឡីស័ក​ ឬ​ការដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​៕

វីដេអូ៖