ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិ​ធម៌​ និង​ក្រសួង​កិច្ច​ការ​នារី ត្រូវ​ពន្លឿន​នីតិវិធី​តុលា​​ការដើម្បីធ្វើ​យ៉ាង​ណាឲ្យ​មា​ន​ការ​កាត់​​ទោស​និង​ការ​បន្ធូរ​បន្ថ​យ​ទោស​ ចំពោះ​ទណ្ឌិត​ជា​ស្រ្ដី​ ដែ​ល​មាន​កូន​ត្រូវ​មើល​ថែ​ និង​ត្រូវ​ប្ដី​បោះ​បង់​ចោល ជា​ពិសេស​ត្រូវ​ជួយ​សម្រួលនីតិវិធី​​លើក​លែង​ទោស​ដល់​ពួក​គេ​ ឲ្យ​បាន​មុន​ពិ​​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

បើ​តាម​ លោក នុត សាវនា អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​ នៃ​ក្រសួង​មហា​ផ្ទៃ​ បច្ចុប្បន្ន​​នៅ​ទូទាំង​ប្រទេសមា​ន​​ស្ត្រី​​ដែល​មាន​កូន​តូច​ និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ កំពុង​ជាប់​ឃុំឃាំង​ប្រមាណ​ជាជិត ១៧០ នាក់។

​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្រ្ដី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក ហ៊ុន សែន បាន​រំ​ឭក​ឱ្យ​ក្រសួង​យុត្តិ​ធម៌​ និង​ក្រសួង​កិច្ច​ការ​នារីត្រូវ​មាន​ការ​យោគ​យ​ល់ ​និង​អធ្យា​ស្រ័យចំពោះ​ស្រ្ដី​ដែ​ល​​កំពុង​ជាប់​ឃុំ​ឃាំង ហើយ​មាន​កូន​ត្រូវ​មើល​ថែ​ និង​ត្រូវ​បាន​ប្ដី​បោះ​បង់​ចោល​។ នេះ​បើ​​យោង​តាម​សំណេរ​ដែល​សរសេរ​បង្ហោះ នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​​នាយក​រដ្ឋមន្ត្រី។

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា៖ «​ក្រសួង​កិច្ច​ការ​នារី​និង​ក្រសួង​យុត្តិ​ធម៌ត្រូវ​ពិនិត្យ​មើល​ទណ្ឌិ​ត​​ជា​ស្រ្ដី​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង គឺ​ត្រូវ​រៀប​ចំ​កាត់​ទោស និង​បន្ធូរ​បន្ថយ​ទោស​ឱ្យ​បាន​លឿន ព្រោះ​ស្រ្ដីអ្នក​​ទោស​មួយ​ចំនួន​ កំពុង​ប្រឈម​នឹង​បញ្ហា​ច្រើន​ ដូច​ជា​មាន​កូន​ក្នុង​បន្ទុក​ ដែល​​ត្រូវ​ចិញ្ចឹម​មើល​ថែ ហើយ​ត្រូវ​បាន​ប្ដី​​បោះ​បង់​ចោល​ជា​ដើម»។

លោក​បន្ត​ថា៖ «​ត្រូវ​ពិនិត្យ​សម្រួល​ព្យួរ​ទោស​ដោះ​ចេញ​ឱ្យ​ពួក​គាត់​មាន​សេរីភាព​​ឡើង​វិញ​ប្រកប​​ដោយ​ការ​យោគយ​ល់និង​អធ្យា​ស្រ័យ​ដល់​ស្រ្ដី​ទាំង​នោះ។ គឺ​ត្រូវ​ដោះ​ស្រាយ​លើក​លែង​សម្រួល​ទោស ដោយ​មិន​រង់ចាំ​តែ​ថ្ងៃ​បុណ្យ​ទាន​ឡើយ ជា​ពិ​សេស ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ គឺ​ត្រូវ​រៀប​ចំ​កាត់​ទោស​ផ្ដល់​សេរី​ភាព​ឱ្យ​ពួក​គាត់​បាន​ទៅ​ផ្ទះ​វិញ»។

លោក នុត សាវនា បាន​ប្រា​ប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា បច្ចុ​ប្បន្ន​នៅ​ទូទាំង​ប្រទេស ស្រ្ដី​ដែល​មាន​កូនត្រូវឃុំឃាំង ​ក្នុង​ពន្ធនាគារ​មាន​ចំនួន​ ១១៦​ នា​ក់ និង​ស្រ្ដី​មាន​ផ្ទៃ​ពោះ​មាន​ចំនួន ៥១ ​នាក់ ហើយ​ស្រ្ដី​ទាំង​នោះត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់​ដោ​យ​​​ឡែក​ពី​អ្នក​ទោស​ជា​ស្រ្ដី​ផ្សេង​ទៀត ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​រោគ​ឬ​ជំ​ងឺ​ទៅ​ដល់​កុមារ​ និង​ទារក​ក្នុង​ផ្ទៃ។

លោក សាវនា បន្ត​ថា ពន្ធ​នា​គារ​តែង​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​អំពី​ការ​ផ្ដល់​ជម្រក​សមរម្យ ការ​ផ្ដល់​​សេវា​ថែ​ទាំ​សុខ​ភាព​​និង​អាហារ​បំ​ប៉ន​ជា​ទៀង​ទាត់ សម្រាប់​ការ​លូត​លាស់​កូន​ៗ​របស់​អ្នក​ជាប់​ឃុំ​ និង​ស្រ្ដី​មាន​ផ្ទៃ​ពោះ ហើយ​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ក៏​​ត្រូវ​បាន​បញ្ជូន​មក​ពិនិត្យ​ពោះ ​តាម​ការ​កំណត់​របស់​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ដែរ។

លោក​ថា៖ «ការ​ពិត​ទៅ​​ ការ​យក​ចិត្តទុក​ដាក់​ ចំពោះ​ស្រ្ដី​មាន​គភ៌​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​ល្អ​ជាង​ស្រ្ដី​នៅ​ខាង​ក្រៅ​ផង និយាយ​តាម​ត្រង់​ហ្មង​។ ខាង​ក្រៅ​ វា​អាច​ធ្វេស​ប្រហែស​អ៊ី​​ចឹង ឬ​ក៏​ផ្ទះ​គាត់​​នៅ​​ឆ្ងាយ​ពេក​ មិន​អាច​មក​ពិនិត្យ​តាម​កំណត់​របស់​ពេទ្យ​ណ៎ា តែ​បើ​នៅ​ពន្ធនាគារ​វិញ​ ថ្នាំ​ជាតិ​ដែក​ថ្នាំ​រ៉ែ​ហ្នឹង យើង​មាន​ឱ្យ​ទាំង​អស់​សម្រាប់​ស្រ្ដី​មាន​គភ៌»។

បើ​តាម​លោក នុត សវនា នៅ​ក្នុង​បន្ទប់​ពន្ធ​នាគារ​ ដែល​ចង្អៀត​ណែន​ គឺ​ភាគ​ច្រើន​ ជា​បន្ទប់​ឃុំ​ឃាំង​របស់​បុរស​ប៉ុណ្ណោះ ព្រោះ​បន្ទប់​របស់​បុរស​ខ្លះ ​អាច​ដាក់​ពី​ចំនួន​ ៥០​ ទៅ​ ៦០ ​នាក់ ស្រប​ពេល​បន្ទប់​របស់​ស្រ្ដី​ មា​ន​ប្រហែល​ ១០ ​នាក់​ប៉ុណ្ណោះ។

លោក ជិន ម៉ាលីន អ្នក​​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ បាន​ថ្លែង​ថា ក្រុម​ស្រ្ដី​ជាប់​ឃុំ​ ដែល​ងាយ​រង​គ្រោះ ក្រៅ​ពី​យន្ត​ការ​លើក​លែង​ទោស​ចំនួន​ ៣​ លើកក្នុង ​១ ​ឆ្នាំ​នៅ​ពេល​មាន​ពិធី​បុ​ណ្យ​ទាន​សំខាន់​ៗ​ ​គឺ​តាម​គោល​ការណ៍​ មនុស្ស​ធម៌ តុលា​ការ​តែង​ពិចារណា​ឱ្យ​ស្រ្ដី​ទាំង​នោះ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាស​ន្ននៅ​​ពេល​ដំណើរ​ការ​នីតិវិធី​ ហើយ​ចំពោះស្រ្ដី​​ខ្លះ​ទៀត​ ដែល​កាត់​ទោស​រួច តុលាការ​ក៏​ប្រកា​ស​ឱ្យ​ព្យួរ​ទោស​ដែ​។

លោក ម៉ាលីន បន្ត​ទៀត​ថា កាលពីឆ្នាំ​ ២០១៨ ​កន្លង​ទៅ​នេះក្រសួង​បាន​បន្ថែម ​យន្ត​ការ​លើក​លែង​ទោស​ នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ធ្នូ​​មួយ​ទៀត​ដែល​ជា​​ទិ​វា​ឈ្នះ​ឈ្នះ​ដែល​ការ​លើក​លែង​ទោ​ស​ នៅ​​​​ថ្ងៃ​​​ទិវា​ឈ្នះឈ្នះ ថ្ងៃ​បុណ្យ​អុំទូក និង​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ធ្វើ​ឡើង​ចំពោះ​អ្នក​ជាប់​​ឃុំឃាំង​ងាយ​រង​គ្រោះ ដូច​ជា​ស្រ្ដី​មាន​កូន ស្រ្ដី​មាន​ផ្ទៃ​ពោះ ជន​ចាស់​ជរា និង​មាន​ជំងឺ​។

លោក​ថា៖ «​អ៊ី​ចឹង​ទេ ផ្អែក​តាម​អនុ​សាសន៍ ​(​របស់​លោក​ ហ៊ុន សែន)​ ព្រឹក​មិញ​នេះ ក្រសួង (យុត្តិ​ធម៌​) ​នឹង​ធ្វើ​ការ​ងារ​បន្ថែម​ទៀត​ជា​មួយ​ក្រសួង​កិច្ចការ​នារី ធ្វើ​មេ៉ច​ដើម្បី​ពន្លឿន​នីតិ​វិធី​តុលាការ​ ដែល​ពាក់​ព័ន្ធ​នឹង​ស្រ្ដី​ឱ្យ​បាន​លឿន បាន​ន័យ​ថា ស្រ្ដី​ដែល​ជាប់​ឃុំ​ ក្នុង​ដំណើរ​ការ​នីតិ​វិធី​តុលា​ការ​ហ្នឹងឱ្យ​ឈាន​ដល់​សវនា​ការ​តុលា​ការ​ និង​ចេញ​សាល​ក្រម​ឱ្យ​បាន​ឆាប់»។

លោក ​ស៊ឹង​ សែន​ករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដ​ហុកមិន​អាច​ទាក់​ទងសុំ​អធិប្បាយ​បាន​ទេ កាល​ពី​ល្ងាច​ម្សិលមិញ៕​