ភ្នំពេញៈ ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ចាប់​ផ្តើម​ហើយ​នៅទីក្រុងស៊ីដនី ​ប្រទេស​អូស្ត្រា​លី ជា​កន្លែង​ដែល​លោក​នឹង​ត្រូវចូលរួម​កិច្ច​ប្រជុំ​អាស៊ាន អូស្ត្រាលី​ផងដែរ ជាមួយ​នឹង​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ​ពី​សំណាក់​ក្រុម​ប្រជា​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល និង ​ក្រុម​អ្នក​តវ៉ា​លើក​បដា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោកក្រោយ​ជំនួប​ទ្វេ​ភាគី​ ជាមួយ​លោក​នាយ​ក​រដ្ឋមន្ត្រី អូស្ត្រាលី លោក Marlcom Turnbull ថា អូស្ត្រាលីសន្យាបន្ត​ជួយ​ដល់​កម្ពុជា​។

លោក​បាន​ថ្លែង​ថា ៖ « អំបាញ់មិញនេះ ជួប​ជាមួយ​ នាយក​រដ្ឋមន្ត្រី អូស្ត្រាលី គេផ្តល់​ជំនួយ​ឲ្យ​យើង​ ៧៨​ លានដុល្លារ» នៅ​ឆ្នាំ ២០១៨ នេះ ដោយ​បន្ត​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា មាន​ជំនួយ​ជា​ច្រើន​ទៀត អូស្ត្រាលី នឹង​ផ្តល់​មក​កម្ពុជា ផងដែរ។

ក្នុង​ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បាន​សរសេរ​ថា លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានចាត់ទុកថាជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសបានស្តាប់ប្រសាសន៍ លោក ហ៊ុន សែន ដោយផ្ទាល់។ ចំណែក នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បានបញ្ជាក់ផងដែរថា «កម្ពុជានឹងខិតខំរៀបចំការបោះឆ្នោតអោយបានល្អត្រឹមត្រូវទៅតាមកាលកំណត់»។

ទោះ​បី​ជា​យ៉ាងណា ក្រុម​អ្នក​ប្រឆាំង​នាយក​រដ្ឋមន្ត្រី បាន​នាំគ្នា​លើក​បដា ដោយ​មាន​ពាក្យ​ស្លោកនានា ក្នុង​នោះ មានការជម្រុញឲ្យ «ដោះលែង កឹម សុខា» ដែល​ជា​អតី​ត​ប្រធាន​បក្ស​ប្រឆាំង និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ក្បែរព្រំដែន​ប្រទេស​វៀតណាម​។

ព្រះសង្ឃ​មួយ​អង្គ ដែល​និមន្តចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច​លោក ហ៊ុន សែន មាន​សង្ឃដីកា​ប្រឆាំង​នយោបាយ​លោកនាយក​រដ្ឋមន្ត្រី និង​ទាម​ទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញអ្នក​នយោបាយ និង​ ប្រជា​ពលរដ្ឋ​រស់នៅ​ក្រោម​របប​របស់​លោក​។

ព្រះ​សង្ឃ មានដីកាថា ៖ «(លោក) ហ៊ុន សែន ​តែងយក​ពលរដ្ឋ​ធ្វើ​ជា​ចំណាប់ខ្មាំង ...ប្រើ​ហិង្សា សម្តី​ញុះញង់ បើមិន​ជាប់​ឆ្នោត ថា​គេ​មិន​កសាង​អ្វី​ទាំង​អស់​នៅ​កម្ពុជា​ នេះ​ជា​សម្តី​ហ៊ុន​សែន មុន​ពេល​បោះ ឆ្នោត»។

មានការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​​ និង​ទាមទារ​ឲ្យកម្ពុជា អនុញ្ញាតឲ្យ​ គណបក្ស​សង្គ្រោះជាតិ ដែល​បាន​រំលាយ​ចោល​ទៅហើយនោះ បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ផងដែរ៕