ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​រយៈពេល ១០ ​ឆ្នាំ ខណៈ​គណៈកម្មាធិការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ត្រូវ​បាន​បង្កើតឡើង ក្នុង​គោលដៅ​សម្រេច​នូវ​ការកែច្នៃ​សំរាម ក្នុងស្រុក​សម្រាប់​ផលិត​ជា​ថាមពល​អគ្គិសនី​។

កាលពី​ថ្ងៃទី​ ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ក្នុង​ការបង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ក្នុង​គោលដៅ ដើម្បី​ស្រាយ​ជា​ខ្សែចង្វាក់​ពី​ដើមខ្សែ​រហូត​ដល់​ចុង​ខ្សែ​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​សំដៅ​សម្រេច​នូវ​ការកែច្នៃ​សំរាម ក្នុង​ស្រុក​សម្រាប់​ផលិត​ជា​ថាមពល​អគ្គិសនី​។

អនុក្រឹត្យ​ដដែល​បាន​បន្តថា គណៈកម្មការ​នេះ​ត្រូវ​មាន​ភារកិច្ច រៀបចំ​គោលនយោបាយ និង​ប្រតិបត្តិការ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព ដើម្បី​គិតគូរ​ពី​ការលើក​ទឹកចិត្ត​នានា​ដល់​ការវិនិយោគ​លើ​វិស័យ​កែច្នៃ​សំរាម​សំណល់​រឹង មក​ផលិត​ជា​ថាមពល​អគ្គិសនី​។ បន្ថែម​ពីនេះ គណៈកម្មាធិការ​នេះ​ក៏​ត្រូវ​គិតគូរ​ពី​យន្តការ​នានា ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការប្រើប្រាស់​ផលិផល​ដែលមាន​ផលប៉ះពាល់​តិច ឬ​គ្មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​។

អនុក្រឹត្យ​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​នេះ​នឹង​លើក​អនុសាសន៍​ជា​វិធានការ និង​ដឹកនាំ សម្របសម្រួល​តាមដាន​ការអនុវត្ត​ការកែទម្រង់​របៀប​នៃ​ការគ្រប់គ្រង​ក្រុមហ៊ុន​ប្រមូល​សំរាម សំណល់​រឹង​នាពេល​បច្ចុប្បន្ន ព្រមទាំង​យន្តការ​បង់ថ្លៃ​ទូទាត់​សេវា និង​កំណត់​នីតិវិធី​ដោះស្រាយ​បញ្ហា​ឱ្យបាន​ច្បាស់លាស់​។ ធ្វើ​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស សំដៅ​កែប្រែ​ឥរិយាបថ​ពលរដ្ឋ​»​។

ជាមួយ​នឹង​ការចេញ​អនុក្រឹត្យ​នេះ រដ្ឋាភិបាល​ក៏បាន​ប្រកាស​តែងតាំង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជា​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ដោះស្រាយ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​មន្ត្រី​ជាន់ខ្ពស់​ជិត​ ២០ ​នាក់​ទៀត មកពី​ក្រសួង​ស្ថាប័ន​ជាង​ ១០ ជា​សមាជិក​។

ក្នុង​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ឆ្នាំ​ ២០២០-២០៣០ ចុះ​ថ្ងៃ​ ១៦ កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការដាក់ចេញ​ឱ្យ​អនុវត្ត​គោលនយោបាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៅក្នុង​មុំ​ទី​៤ «​ការធានា​ចីរភាព​បរិស្ថាន និង​ការរៀបចំ​ខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​» នៃ​ចតុកោណ​ទី​៤ «​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន​»​។

លោក​បន្តថា រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ត្រូវដាក់​ចេញ​ឱ្យ​អនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ជា​ចក្ខុវិស័យ​រួមចំណែក​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​បរិស្ថាន​ស្អាត ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព សុខុមាលភាព និង​សោភណភាព​ទាក់ទាញ សមស្រប​នឹង​កំណើន​នៃ​នគរូបនីយកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស​។

លោក​បន្ថែម​ថា គោលនយោបាយ​នេះ​ក៏មាន​គោលបំណង​រៀបចំ​បង្កើត និង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​មាន​លក្ខណៈ​ទំនើប គ្រប់​ជ្រុងជ្រោយ ដោយ​គិតគូរ​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច លទ្ធភាព​ធនធាន​ហិរញ្ញវត្ថុ និរន្តរភាព​បរិស្ថាន និង​ទិដ្ឋភាព​សង្គម​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការដែល​បង្កើតបាន​នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាពគ្រប់​ជ្រុងជ្រោយ គឺ​នៅ​មិនទាន់​មាន​ភាពគ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​បុព្វហេតុ​នៃ​កិច្ចគាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាប័ន្ន​។ ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ការចូលរួម​យ៉ាង​សកម្ម​ប្រកបដោយ​ស្មារតី​ភ្ញាក់រឭក និង​ការទទួល​ខុសត្រូវ​ខ្ពស់ ការផ្លាស់ប្តូរ​ឥរិយាបថ ទម្លាប់ របៀបរបប​រស់នៅ របៀបរបប​នៃ​ការធ្វើ​អាជីវកម្ម​ផលិតកម្ម ព្រមទាំង​ការយល់ដឹង​របស់​គ្រប់​តួអង្គ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។

លោក ហ៊ុន សែន រំពឹងថា តាមរយៈ​គោលនយោបាយ​ដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ក្នុង​ពេល​អនាគត មាន​ការញែក វេចខ្ចប់ ទុកដាក់ សម្អាត ប្រមូល ដឹកជញ្ចូន ប្រើប្រាស់ និង​កែច្នៃ​សំរាម សំណល់​រឹង​ទីប្រជុំជន​គ្រប់​ប្រភេទ ស្រប​តាម​លក្ខណៈ​បច្ចេកទេស អនាម័យ សុវត្ថិភាព និង​បរិស្ថាន​។

សូមជម្រាបថា តាមរយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល​រយៈពេល ១០ ឆ្នាំនេះ​គឺ​ធ្វើ​ឡើង​ជំរុញ​ឱ្យ​អ្នកបង្កើត​សំរាម សំណល់​រឹង​ទីប្រជុំជន​ដោយ​ត្រូវអនុវត្ត​គោលការណ៍​សកល ៣ អ៊ែ (3Rs): កាត់បន្ថយ​ (Reduce) ប្រើប្រាស់​ឡើងវិញ​ (Reuse) និង​កែច្នៃ (Recycle) ហើយ​ត្រូវ​ចាត់ទុក​ថា «​សំណល់​ជា​ធនធាន​» រីឯ «​អ្នកបង្កើត​សំរាម​មាន​កាតព្វកិច្ច​បង់​ថ្លៃ​សេវា​»​។

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​សំរាម​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ ១ ថ្ងៃៗ​មាន​ជាង ១ ម៉ឺន​តោន និង​ជិត​ ៤ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ​សំរាម​ទាំងនោះ​មាន ៦៥ ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ភាគរយ​ជា​សំណល់​ថង់ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត ខណៈ​សំរាម​ទាំងនេះ​មាន​ប្រមាណ ១០ ភាគរយ​ប៉ុណ្ណោះ​ដែល​កម្ពុជា​មានលទ្ធភាព​យក​មក​ធ្វើការ​កែច្នៃ​សម្រាប់​ប្រើប្រាស់​ឡើងវិញ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើងថា ការជន់លិច​រយៈពេល​ខ្លី ឬ យូរ​មួយចំនួន​ក៏​បណ្តាល​មកពី​សំរាម​ និង​សំណល់​រឹង​ដែរ ដែល​បញ្ហា​នេះ​បណ្តាល​មកពី​កតា្ត​មនុស្ស​ និង​ការគ្រប់គ្រង ខណៈ​ពេល​នេះ​យើង​នៅតែ​ឃើញ​មាន​មនុស្ស​ចោល​សំរាម​ផ្តេសផ្តាស​នៅឡើយ​ដែរ​។

លោក សន ជ័យ បាន​បញ្ជាក់ថា​៖ «​យន្តការ​ដែលមាន​ប្រសិទ្ធភាព​គឺ​ទាល់តែ​មានការ​រៀបចំ​ជា​កញ្ចប់ ថវិកា​និង​ការទទួល​ខុសត្រូវ រួមទាំង​យន្តការ​តាមដាន​វាយតម្លៃ​ការបើកចំហ​ឱ្យមាន​ការចូលរួម​ពី​ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការអភិវឌ្ឍ​ទីក្រុង​ជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​។ ក្រៅពី​យន្តការ​ផ្លូវច្បាប់ ការអប់រំ​មនុស្ស​ឱ្យ​ចេះ​ទុកដាក់​សំរាម​ជា​តម្រូវការ​មួយ​»៕

វីដេអូ៖