The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន ​សែន ​ដាក់​បញ្ជា​ឲ្យ​​ត្រៀម​បង្ក្រាប​អ្នក​ចង់​ធ្វើ​បដិវត្តន៍

លោក​ ហ៊ុន ​សែន ​ដាក់​បញ្ជា​ឲ្យ​​ត្រៀម​បង្ក្រាប​អ្នក​ចង់​ធ្វើ​បដិវត្តន៍

សមត្ថកិច្ច​រាប់​សិប​​នាក់​តាម​បំបែក​ក្រុម​ស្លៀកពាក់​ខ្មៅ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ជិត​គុក​ព្រៃស។
សមត្ថកិច្ច​រាប់​សិប​​នាក់​តាម​បំបែក​ក្រុម​ស្លៀកពាក់​ខ្មៅ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ជិត​គុក​ព្រៃស។ ផា លីណា

លោក​ ហ៊ុន ​សែន ​ដាក់​បញ្ជា​ឲ្យ​​ត្រៀម​បង្ក្រាប​អ្នក​ចង់​ធ្វើ​បដិវត្តន៍

ភ្នំពេញៈ លោក​នាកយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​ត្រៀម​​បង្ក្រាប​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​អ្នក​មាន​បំណង​ចង់​ធ្វើ​បដិវត្តន៍ ឬ​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ជា​យុទ្ធនាការ​​ដែល​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​​ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​ចន្ទ​ដែល​ជា​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ប្រព័ន្ធ​​យុត្តិធម៌​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ រូប និង​មន្ត្រី​ គជប មួយ​រូប​ទាំង​ «អយុត្តិធម៌​» នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​នារី​កាត់​​សក់​​ម្នាក់​។

អ្នក​វិភាគ​​ថ្លែង​ថា​ប្រសិន​បើ​ប្រព័ន្ធ​​តុលាការ​កម្ពុជា​ធ្វើការ​ដោយ​​យុត្តិធម៌​ឯករាជ្យ​ផ្អែក​ទៅ​​លើ​​អង្គហេតុ​ និង​អង្គ​ច្បាប់​ត្រឹមត្រូវ​ទៅ​​លើ​មន្ត្រី​ទាំង ៥ រូប​នោះ​ក៏​ពុំ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​កើត​ឡើង​ដែរ។

ក្នុង​ពិធី​ចែក​សញ្ញបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​​ថ្លែង​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​លោក​ថា​បំផុស​​ឱ្យ​មាន​​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ។

លោក​ថា៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​សម្តេច ស ខេង ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​កុំ​ខ្វល់​ពី​រឿង​​​ពណ៌​ហ្អែង​ចង់​​ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ដាក់​ទាំងអស់​ហ្នឹង​.អត់​មាន​រញ៉េរញ៉ៃ​ទេ​ហើយ​អ្នក​ដែល​បំផុស​ឱ្យ​មាន​ចលនា​ធ្វើ​យុទ្ធនាការ (ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ) ត្រូវ​ប្រយ័ត្ន​នាំ​ទៅ​ដល់​នីតិបុគ្គល​ខ្ញុំ​គ្រាន់​តែ​ផ្តាំ​ផ្ញើ​ទេ»។

លោក​ ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​​អ្នក​ដែល​ឧបត្ថម​ប្រាក់​បោះពុម្ព​អាវ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ។

លោក​ថា៖ «ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ដាក់​ទាំងអស់​ហ្នឹង​តុលាការ​​គេ​បង្កើត​ឡើង​ដើម្បី​អនុវត្ត​ច្បាប់​កម្លាំង​ប្រដាប់​អាវុធ​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​គុក​គេ​​បង្កើត​ឡើង​ដើម្បី​ដាក់​អ្នកទោស​កុំ​ឆ្ងល់​​ពេក»។

លោក​បញ្ជាក់​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ត្រូវ​មាន​​ព្រំដែន​កំណត់។

លោក​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​សា​ជា​ថ្មី​នៅ​ទី​នេះ​សិទ្ធិ​របស់​អ្នក​មាន​​ព្រំប្រទល់​ជាមួយ​សិទ្ធិ​អ្នក​ដទៃ​អ្នក​រំលោភ​​សិទ្ធិ​អ្នក​ដទៃ​នឹង​ប៉ះពាល់​​ដល់​​បញ្ហា​​ផ្លូវ​ច្បាប់​ហើយ...ហើយ​​​សូម​កុំ​ប្រើប្រាស់​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ដើម្បី​បំពាន​​អ្នក​ដទៃ​កុំ​ឱ្យ​សោះ។ រាជរដ្ឋាភិបាល​ត្រូវ​ការ​​រក្សា​សន្តិភាព​សម្រាប់​​ប្រទេស​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដើម្បី​សម្រាប់​ប្រទេស​ដើម្បី​ការ​អភិវឌ្ឍ»។

លោក​​បន្ត​ថា៖ «បុគ្គល​ធ្វើ​ខុស​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​បើ​សិន​អ្នក​ឯង​កុំ​ធ្វើ​ខុស​គ្មាន​អ្នក​ណា​ទៅ​ចាប់​អ្នក​ឯង​ទេ​គ្មាន​អ្នក​​ណា​យក​ទៅ​កាត់​ទោស​ទេ​ហើយ​​អ្នក​​ដទៃ​សូម​កុំ​ភាន់ច្រឡំ​ទាមទារ​ដោះលែង​គ្មាន​លក្ខខណ្ឌ​បើ​ទាមទារ​ដោះ​លែង​​គ្មាន​​លក្ខខណ្ឌ​មិន​ចាំ​បាច់​មាន​ច្បាប់​ទេ» ។

លោក​គូសបញ្ជាក់​ជា​ថ្មី​ថា៖ «សន្តិភាព​ដែល​មាន​សព្វថ្ងៃ​ពិបាក​រក​ណាស់​ទម្រាំ​រក​បាន​ស្លាប់​ជីវិត​មនុស្ស​អស់​ច្រើន​​ណាស់​»។

យ៉ាង​ណា​ក៏ដោយ​លោក​ ហ៊ុន សែន​ ហាក់បី​ដូចជា​បន្ទន់​ចិត្ត​ដោយ​ព្រលយ​សម្តី​ថា​មន្ត្រី​​សិទ្ធិ​មនុស្ស​​​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​លោក​អាច​ស្នើ​សុំ​ព្រះមហាក្សត្រ​លើក​លែង ឬ​បន្ធូរបន្ថយ​ទោស​បាន​បន្ទាប់ពី​សាលក្រម​តុលាការ​ចូល​ជា​ស្ថាពរ។

លោក​សង្កត់​ធ្ងន់​ថា៖ «បុគ្គល​ធ្វើ​ខុស​អ្នក​ឯង​ទៅ​ទាមទារ​ដាក់​​សម្ពាធ​ដាក់​កាន់​តែ​ខ្លាំង...ខ្ញុំ​គ្រាន់​​តែ​បញ្ជាក់​ទេ​អ្នក​ឯង​ស្លូត​ខ្ញុំ​ត្រូវ​គិត​ដែរ​បើ​អ្នក​ឯង​​ព្រហើន​ខ្ញុំ​ត្រូវ​គិត​ដែរ ព្រោះ​ឥឡូវ​ដំណើរការ​របស់​តុលាការ​ខ្ញុំ​អត់​មាន​សិទ្ធិ​លូកលាន់​ទេ​ប៉ុន្តែ​រួច​ពី​ដំណើរការ​​របស់​តុលាការ​ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​នាយក​រដ្ឋមន្ត្រី​វិញ​ព្រោះ​ច្បាប់​ពន្ធនាគារ​គេ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើក​​លែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​នៅ​ពេល​ណា​​ក៏​បាន​។ ប៉ុន្តែ​បើ​​អ្នក​ឯង​ធ្វើ​បែប​ហ្នឹង​គឺ​រុញ​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ជាប់​នោះ​កាន់​តែ​មាន​បញ្ហា​ទៅ​វិញ​ទេ​ហើយ​រដ្ឋាភិបាល​មិន​​អនុញ្ញាត​ទេ​ព្រោះ​នេះ​ជា​បញ្ហា​សន្តិសុខ​មនុស្ស​រាប់​លាន​នាក់​មិន​មែន​បញ្ហា​បុគ្គល ៤-៥ នាក់​​ទេ​ហើយ​បុគ្គល ៤-៥ នាក់​ហ្នឹង​បើ​មិន​ខុស​ទេ​ក៏​គេ​មិន​យក​ទៅ​ធ្វើ​ស្អី​ដែរ»។

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ ដែល​​កំពុង​ជាប់​បណ្តឹង​របស់​​គណបក្ស​ប្រជាជន​នៅ​តុលាការ​បាន​ថ្លែង​ថា​ប្រព័ន្ធ​តុលាការ​ជា​ដើមចម​ដែល​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ដោយសារ​​ពួកគាត់​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ។

លោក​ថា៖ ​«សំណួរ​សួរ​ថា​តើ​យើង​ទុក​​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ឬ​អត់? ចម្លើយ​គឺ​ប្រជាពលរដ្ឋ​មិន​ទុក​ចិត្ត​ទេ។​​ ខ្ញុំ​មើល​ទៅ​ការ​ធ្វើ​ឱ្យ​តុលាការ​មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​គឺជា​គ្រឿង​ផ្សំ​សំខាន់​ជាង​គេ​ទាំងអស់​បើ​សិន​ជា​គេ​ទុកចិត្ត​តុលាការ​គ្មាន​អ្នក​ណា​​គេ​ទៅ​តវ៉ា​ទេ​ទោះ​បី​អាវ​ខ្មៅ មិន​អាវ​ខ្មៅ​ អាវ​ពណ៌​ក៏​ដោយ​គ្មាន​អ្នក​​ណា​ចង់​ធ្វើ​ទេ»។

បើ​តាម​លោក អ៊ូ វីរៈ សាធារណជន​មើល​​ឃើញ​ថា​មន្ត្រី​​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

លោក​បញ្ជាក់​​ថា៖ «អ្វី​ដែល​ជា​សាធារណៈ​ខ្ញុំ​អត់​ទាន់​ឃើញ​គាត់​ធ្វើ​ខុស​ទេ​ប៉ុន្តែ​នៅ​ចាំ​មើល​ថា​តើ​គេ​មាន​ភ័ស្តុតាង​អី​ដែល​យើង​មិន​ទាន់​ដឹង​ជា​សាធារណៈ​ប៉ុន្តែ​បើ​ទាក់ទង​នឹង​លុយ​ជាង ២០០ ដុល្លារ​ថា​​គេ​ខុស​ខ្ញុំ​គិត​ថា​គ្មាន​អី​ខុស​ទេ​ព្រោះ​គ្រប់​អង្គការ​មាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ជនរងគ្រោះ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​ទោះបី​ UN សហការ​ជាមួយ​រដ្ឋាភិបាល​ក៏​មាន​កញ្ចប់​ថវិកា​ហ្នឹង​ដែរ»។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ៤ រូប និង​មន្ត្រី​ គជប មួយ​រូប​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​ដ៏ចម្រូង​ចម្រាស​របស់​​នារី​កាត់​សក់​ម្នាក់​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​​លោក​ កឹម សុខា ប្រធាន​​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ព្រមាន​​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ក្រសួង​នឹង​ចាត់​វិធានការ​នូវ​​រាល់​សកម្មភាព​ដែល​​ប៉ះពាល់​ដល់​សង្គម និង​កំពុង​ស៊ើបអង្កេត​អង្គការ​ណា​ដែល​បាន​ឧបត្ថម្ភ​ថវិកា​បោះពុម្ព​អាវ​យឺត​ក្នុង​ការ​ផ្គត់ផ្គង់​យុទ្ធនាការ​​ស្លៀក​ពាក់​ខ្មៅ​ផង​ដែរ។

លោក​ថា៖ «តើ​អ្នក​ណា​ឱ្យ​លុយ​មក? ហេតុ​អ្វី​បាន​ជា​ឧបត្ថម្ភ​ឱ្យ​គេ? ហើយ​អង្គការ​ទាំងអស់​ត្រូវ​ប្រើ​ថវិកា​ឲ្យ​ចំ​គោលដៅ​កុំ​ប្រើ​លាយឡំ​រឿង​នយោបាយ​បើ​ពុំ​នោះ​ទេ​ត្រូវ​បិទ​អង្គការ​ចោល​បើ​សិន​ល្មើស​ច្បាប់»។

លោក​សង្កត់​ធ្ងន់​ថា​ក្រសួង​នឹង​ចាត់​វិធានការ​អ្នក​ដែល​ធ្លាប់​ឃាត់​​ខ្លួន​ម្តង​រួច​មក​ហើយ​បើ​សិន​ជា​ឃើញ​មាន​សកម្មភាព​ធ្វើ​យុទ្ធនាការ​លើក​ទី​ពីរ​ទៀត​។

លោក​ថ្លែង​ថា៖ «​អ្នក​ណា​ដែល​ធ្លាប់​ធ្វើ​ហើយ​នឹង​ចាត់​វិធានការ​អត់​មាន​យោគយល់​ទេ​ព្រោះ​គាត់​បាន​ធ្វើ​កិច្ចសន្យា​ហើយ​កសាង​​សំណុំ​រឿង​​​ផ្លូវ​ច្បាប់​ហើយ​ទុក​ជា​ភ័ស្តុតាង​ដើម្បី​ចាត់​វិធានការ​ទៅ​ថ្ងៃ​ក្រោយ​»។

លោក​សង្កត់​ធ្ងន់​ថា៖ «យើង​ដឹង​​ហើយ​ថា​ពួក​ហ្នឹង​ធ្វើ​ហ្នឹង​គ្រាន់​តែ​ស្ទាបស្ទង់​កម្លាំង​ទេ​ពួក​ហ្នឹង​ធ្វើ​អាច​មាន​គណបក្ស​នយោបាយ​នៅ​ពី​ក្រោយ​ហើយ​វិធានការ​របស់​យើង​ងាយស្រួល​​ទេ​គឺ​មិន​ឱ្យ​មាន​​​រងើក​ភ្លើង​ឡើយ​ឧទាហរណ៍​ដូច​នៅ​សំណង់​អនាធិបតេយ្យ​អ៊ីចឹង​ដំបូង​ឡើយ​មាន​ផ្ទះ​មួយ​ខ្នង​យូរៗ​ទៅ​មាន​ផ្ទះ​ច្រើន​ខ្នង​អ៊ីចឹង​យើង​ពិបាក​ចាត់ការ»។

ប្រធាន​អង្គការ​សមាគម​ធាង​ត្នោត​លោក អ៊ី សារុំ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ដោយសារ​តែ​ចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ហាក់បី​ដូចជា​មាន​ភាព​ទន់ភ្លន់​។

លោក​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ​ថា​សម្តេច​បាន​បង្ហាញ​នូវ​​ចេតនា​ល្អ និង​សញ្ញា​ល្អ​គឺ​ថា​សញ្ញា​នេះ​អាច​មាន​ការ​ដោះលែង ​(មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គជប​) ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក​បញ្ជាក់​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គជប នោះ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ក៏​នឹង​ត្រូវ​បញ្ចប់​ដែរ។

ភរិយា​លោក ណៃ វ៉ង់ដា មន្ត្រី​សិទ្ធិ​មនុស្ស​​អាដហុក​ដែល​​កំពុង​ជាប់​ពន្ធនាគារ​គឺ​លោកស្រី ភាវ ម៉ី អាយុ ៤២ ឆ្នាំ​សង្ឃឹម​ថា​ស្វាមី​​របស់​លោកស្រី​អាច​​​នឹង​​ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​បន្ទាប់ពី​បាន​ស្តាប់​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​។

លោកស្រី​ថា​៖ «ខ្ញុំ​មិន​ដឹង​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​ទេ​តែ​កន្លង​មក​បើ​សិន​ជា​សម្តេច​នាយករដ្ឋមន្ត្រី​គាត់​មាន​ប្រសាសន៍​​អ៊ីចឹង​ភាគ​ច្រើន​យើង​មាន​សង្ឃឹម​ច្រើន»។

លោកស្រី​បញ្ជាក់​ថា​ ប្រសិន​បើ​គេ​ដោះលែង​​ប្តី​លោកស្រី​ក៏​ឈប់​ស្លៀកពាក់​ខ្មៅ​ដែរ​។

កាលពី​ថ្ងៃ​ចន្ទ​សមត្ថកិច្ច​បាន​​​ចាប់​ឃាត់​ខ្លួន​ក្រុម​អ្នក​ស្លៀកពាក់​ខ្មៅ​ចំនួន ៨ នាក់​ក្នុង​នោះ​មាន​ជនបរទេស​ពីរ​នាក់​ជា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​ខណៈ​ពួកគេ​បាន​ព្យាយាម​​ទៅ​មុខ​ពន្ធនាគារ​ព្រៃស​ដើម្បី​សម្តែង​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​​ចាប់​​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ ៤ ​រូប​ និង​​មន្ត្រី គជប មួយ​រូប​។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌​បើ​ទោះបី​ជា​យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ពន្យល់​ថា​ធ្វើ​ឡើង​​គ្រាន់​តែ​ជា​ការ​សម្តែង​មតិ​ធម្មតា​អហិង្សា​ដើម្បី​​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ៤ រូប និង​មន្ត្រី គជប ១ រូប​ដែល​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក៏ដោយ៕

អត្ថបទគួរចាប់អារម្មណ៍