The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន




លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅទីក្រុង​ហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី។ រូបថត SPM

លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ភ្នំពេញ៖ នៅ​ថ្ងៃទី ២៣ មេសា ២០២១ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល តាម​ជើង​យន្តហោះ​កម្ពុជា​ពិសេស ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​រយៈពេល ១ ថ្ងៃ នៅ​ថ្ងៃទី ២៤ មេសា​ស្អែក​នេះ។

បើ​តាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​សរសេរ​ថា មេ​ដឹកនាំ​អាស៊ាន​ភាគ​ច្រើន​នឹង​ទៅ​ដល់​ទីក្រុង​ហ្សាការតា​នៅ​រសៀល​នេះ។

តាម​កម្មវិធី​គ្រោង​ទុក​នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​របស់​មេ​ដឹកនាំ​អាស៊ាន និង​ជំនួប​មួយ​ចំនួន​ជាមួយ​បណ្ដា​មេ​ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត។

ក្រោយ​ពី​ចប់​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​ហើយ លោក ហ៊ុន សែន នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងែទី ២៤ មេសា ដដែល​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សារ​នេះ​ថា៖ «ពេល​មក​ដល់​កម្ពុជា​ភ្លាម ខ្ញុំ​ និង​គណៈប្រតិភូ នឹង​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​កូវីដ ១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្ដង​ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ទាំង​អស់​គ្នា»។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​វិធានការ​ការពារ​កូវីដ ១៩ ដើម្បី​ថែរក្សា​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ ព្រម​ទាំង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា។

លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ផង​ដែរ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ។

លោក​បាន​ផ្តាំ​ផ្ញើ​ទៀត​ថា៖ «សូម​បងប្អូន​បន្ត​រស់នៅ​ក្នុង​ផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​កូវីដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល»៕

អត្ថបទគួរចាប់អារម្មណ៍