ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះថា រាជរដ្ឋាភិបាលកម្ពុជានឹងចេញសារាចរមួយ ណែនាំប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កុំឲ្យជួយដីឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម ថៃ និងឡាវជាដើម ដើម្បីជៀសវាងមានបញ្ហា ឧទាហរណ៍ ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែឡាវ។ នេះបើយោងតាមសារ ក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការអភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។
លោកបន្តថា រាជរដ្ឋាភិបាលក៏នឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និងហាមឃាត់មិនឲ្យពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំងអស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ច ដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែប្រសើរឡើង។
កាលពីខែមុន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មានព្រំដែនជាប់នឹង ប្រទេសវៀតណាម ឡាវនិងថៃ ចុះត្រួតពិនិត្យនិងស្រាវជ្រាវទាក់ទងនឹងការជួលដីរបស់ពលរដ្ឋខ្មែរឲ្យ ទៅ ពលរដ្ឋនៃប្រទេសជិតខាង ខណៈកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពការងារកំណត់បង្គោល ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម លោក ស ខេង ក៏បានអំពាវនាវឲ្យបញ្ឈប់ការជួលដីឲ្យជនជាតិវៀតណាមនៅតាមព្រំ ដែនសម្រាប់ធ្វើស្រែចម្ការឬស៊ីឈ្នួលច្រូតស្រូវឲ្យ ដែលលោកថាដើម្បីកុំ មានវិវាទព្រំដែនក្នុងពេលអនាគត។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ ក៏ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងបញ្ហាផ្សេងៗ រួមទាំងការស្នើសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន៕