ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ទៀត​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​កម្ពុជា​រកឃើញ​អ្នកមាន​ផ្ទុកមេរោគ​នេះ​ជា​បន្តបន្ទាប់​។

កាលពី​ព្រលប់​ថ្ងៃអាទិត្យ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​នេះ ដោយ​លើកឡើង​នូវ​វិធានការ​ ៤ ​ចំណុច​រួមមាន​ការតម្រូវ​ឲ្យ​អាជ្ញាធរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ធ្វើដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ប្រសិន​បើ​មិនមាន​ការចាំបាច់​បំផុត​ដែល​ខាន​ពុំបាន​។

លោក​បាន​ប្រាប់​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​ធ្វើដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ឡើយ​។ ក្នុងករណី​ចាំបាច់​ខាន​មិន​បាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការប្រជុំ​ឲ្យ​ចូលរួម​ជំនួស​។

ចំណុច​ទី​ ៤ នៃ​សារាចរ​ណែនាំ​នោះ​ថ្លែងថា​៖ «​ចំពោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយ​ណា​ដែល​ទើប​វិល​ត្រឡប់​មកពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​ ១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់​ដោយ​ក្រសួង​សុខាភិបាល​»​។

ក្រសួង​អប់រំ​ក៏​បានចេញ​វិធានការ​ស្រដៀង​គ្នា​នេះដែរ សម្រាប់​មន្ត្រី​របស់ខ្លួន​រួមមាន​ការ​នៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ពេល​ត្រឡប់​មកពី​ប្រទេស​ដែលមាន​វត្តមាន​កូវីដ​​ ១៩ ​វិញ និង​រាយការណ៍​ពី​ស្ថានភាព​សុខភាព​របស់​ពួកគេ​ជាប្រចាំ​, ផ្អាក​រាល់​បេសកកម្ម​ក្នុង​ និង​នៅក្រៅ​ប្រទេស​ និង​វគ្គ​បណ្ដុះបណ្ដាល​, ផ្អាក​ជួប​ជាមួយ​ភ្ញៀវ​បរទេស​, បើ​ជួប​ត្រូវ​ស្វាគមន៍​ដោយ​ការសំពះ​, ឈរ​នៅ​ចម្ងាយ​មួយ​ម៉ែត្រ​កន្លះ​ និង​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​គត់មត់​។ វិធានការ​ទាំងនេះ​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​មួយខែ លើកលែង​ករណី​ចាំបាច់​ដែល​ត្រូវ​យល់ព្រម​ដោយ​រដ្ឋមន្ត្រី​អប់រំ លោក ហង់ជួន ណារ៉ុន​។

ក្រសួង​អប់រំ​បានសម្រេច​ឲ្យ​មានការ​ចាប់ផ្ដើម​វិស្សមកាល​តូច និង​ការឈប់​សម្រាក​មុនពេល​កំណត់​សម្រាប់​គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​តទៅ​។ ចំពោះ​កាល​កំណត់​ចូលរៀន​វិញ ក្រសួង​នឹង​ជូនដំណឹង​សាជាថ្មី​។

ក្រសួង​ប្រាប់​ដល់​មន្ទីរអប់រំ​រាជធានី​ខេត្ត​ត្រូវ​ចាត់តាំង​ក្រុមការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​តាមដាន និង​រាយការណ៍​ហេតុការណ៍​ដែល​អាច​កើតមាន​ឡើងលើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស និង​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​រៀងរាល់ថ្ងៃ​ក្នុង​ពេល​មាន​ករណី​សង្ស័យ​។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​នីតិវិធី​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ជា​លក្ខ​ខណៈ​បុគ្គល​ដែល​ជា​នីតិវិធី​បំពេញបន្ថែម​ទៅ​លើ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។

វិធី​ដែល​បុគ្គល​ត្រូវធ្វើ​រួមមាន​ការ​ស្ថិតនៅក្នុង​បន្ទប់​មាន​ខ្យល់​ចេញចូល​ល្អ​, កាត់បន្ថយ​ការប្រើប្រាស់​កន្លែង​ទំនេរ​រួម និង​កាត់បន្ថយ​ការរស់នៅ​រួមគ្នា​ដូចជា​ផ្ទះបាយ និង​បន្ទប់ទឹក​។ ក្នុង​រយៈពេល​ ១៤ ​ថ្ងៃនេះ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន រោគសញ្ញា ដូចជា​កម្តៅ ក្អក ឈឺ​បំបង់ក ហត់ ពិបាក​ដកដង្ហើម ឬ​រោគសញ្ញា​ផ្សេងទៀត​។ ក្នុងករណី​សង្ស័យ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ ឬ​មន្ត្រី​សុខាភិបាល​។

សេចក្ដី​ណែនាំ​បន្តថា​៖ «[​ត្រូវ​] អនុវត្ត​អនាម័យ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​នឹង​ទឹករំអិល​ផ្លូវដង្ហើម​។ ខ្ទប់​ច្រមុះ មាត់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​អនាម័យ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​ចោល​ក្រដាស​អនាម័យ​នោះ​ចោល​ភ្លាម​ទៅក្នុង​ធុងសំរាម​ត្រឹមត្រូវ​»​។

ក្រសួង​បន្តថា​៖ «​ត្រូវ​សម្អាត​បន្ទប់​ស្នាក់នៅ និង​បន្ទប់ទឹក​ឲ្យ​បាន​ជា​ប្រចាំ​។ ត្រូវ​សម្អាត​ជានិច្ច និង​បោកគក់​សម្លៀកបំពាក់​ស្រោមពូក​ខ្នើយ និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ​»​។ ក្រសួង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​សុខាភិបាល​ពិនិត្យមើល​ដើម្បី​ធានាថា បុគ្គល​ដែល​ស្ថិតនៅ​ដាច់ដោយឡែក​នេះ​អនុវត្ត​តាម​បាន​ត្រឹមត្រូវ​។ កាលពី​យប់​ថ្ងៃអាទិត្យ​ក្រសួង​សុខាភិបាល​បានប្រកាសថា​មាន​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​សរុប​ ១២ ​នាក់​នៅ​ប្រទេស​កម្ពុជា​។

ករណី​រកឃើញ​ចុងក្រោយ ​គឺ​កូនប្រុស​អាយុ​ ៤ ​ខែ ​របស់​ជនជាតិ​បារាំង​ដែលមាន​ជំងឺ​នេះ ជនជាតិខ្មែរ​ម្នាក់​ដែល​ត្រឡប់​មកពី​ប្រទេស​ បារាំង និង​ខ្មែរ​អ៊ិស្លាម​​ ២ ​នាក់ ​នៅ​ខេត្ត​ព្រះវិហារ​ដែល​បាន​ត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ ម៉ាឡេស៊ី​ កាលពី​ចុងខែ​កុម្ភៈ​។ មនុស្ស​ ៨ ​នាក់​ទៀត​ ដែល​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​សាសនា​ដូចគ្នា​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​។

ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បានធ្វើ​អន្តរាគមន៍​ដោយ​ឲ្យ​កប៉ាល់​ទេសចរណ៍​ចំនួន​ ៤ ​គ្រឿង ​ដែល​ចាកចេញ​ពី​កម្ពុជា ហើយ​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​វៀតណាម​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ អន្តរាគមន៍​នេះ​ធ្វើឡើង​តាម​អនុសាសន៍​របស់​លោក ហ៊ុន សែន​។ យោងតាម​ FN​។

លោក ផាន សុបិន្ត តំណាង​ក្រុមហ៊ុន​ទេសចរណ៍​ដែល​ដឹកនាំ​កប៉ាល់​ទាំង​ ៤ ​នោះ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កប៉ាល់​ទាំង​ ៤ ចាកចេញ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ មីនា ហើយ​បាន​ទៅដល់​វៀតណាម​នៅ​ថ្ងៃទី​ ១២ និង​ទី​ ១៣ មីនា​។ នៅលើ​កប៉ាល់​ទាំងនោះ​មាន​ភ្ញៀវទេសចរ​ដែល​ភាគច្រើន​មកពី​អឺរ៉ុប​ជាង​ ៧០ ​នាក់ និង​បុគ្គលិក​ជាង​ ៨០ ​នាក់​។

លោក​ថ្លែងថា​៖ «​មុន​យើង​ចេញទៅ​ហ្នឹង វា​អត់​ទាន់​មានការ​ភ្ញាក់ផ្អើល​រឿង​វីរុស​ហ្នឹង​ប៉ុន្មាន​ទេ ហើយ​ព្រំដែន​ក៏​អត់​ទាន់​បាន​បិទ​ដែរ​»​។ លោក​ថា​ កប៉ាល់​ទាំងអស់​បាន​វិលត្រឡប់​ដល់​ព្រំដែន​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​៕