
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីប្រារព្ធខួប ២០ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានធ្វើការណែនាំដល់កងទ័ពឲ្យចូលរួមជាមួយកម្លាំងអនុវត្តច្បាប់ដើម្បីការពារធនធានធម្មជាតិហើយមិនត្រូវពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឬការពារឈ្មួញឈើនោះទេ។
លោកនាយករដ្ឋមន្ដ្រីបានថ្លែងបែបនេះក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។
លោកថ្លែងថា កងទ័ពត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ ដើម្បីធានាដល់ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ លោករំឭកថា នៅពេលចុះទៅកាន់ខេត្តព្រះវិហារដើម្បីសម្ពោធ បញ្ជាការដ្ឋានកងពលធំលេខ ៣ លោកបានបញ្ជាក់ប្រាប់កងទ័ពថា៖ «មិនមែនបញ្ជូនអស់លោកមកទីនេះដើម្បីកាប់ឈើនោះទេ»។
លោកបញ្ជាក់ថា៖ «ដូច្នេះកងទ័ពទាំងអស់ត្រូវចូលរួមរក្សាព្រៃឈើ។ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើនោះទេ...»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានព្រមានផងដែរចំពោះទាហានដែលប្រព្រឹត្តល្មើស។ «ធ្វើយ៉ាងដូច្នេះ នាយទាហាន និងពលទាហានមិនត្រូវអត់ឱនឲ្យបុគ្គលមួយចំនួនតូចបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់កងទ័ពនោះទេ»។
លោក គ្រើង តុលា សកម្មជនព្រៃឈើខេត្ដមណ្ឌលគិរីអះអាងថាអ្នកដែលចូលរួមកាប់ទន្ទ្រានព្រៃឈើច្រើនជាងគេនៅខេត្ដជាប់ព្រំដែនមួយនេះ គឺមានទាហាន ប៉ូលិស និងរដ្ឋបាលព្រៃឈើជាអ្នកបើកដៃតែម្ដង «អ្នកដែលធ្វើមានអ្នកណាក្រៅពីទាហាន ប៉ូលិស និងរដ្ឋបាលព្រៃឈើហ្នឹង! អ្នកខ្លះ មិនហ៊ានធ្វើទេ បើហ៊ានធ្វើត្រូវតែសុំគេ ព្រោះនៅក្នុងដែនដីរបស់គេ»។
ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីនេះ លោក តុលា ថ្លែងថា លោកមិនទាន់មានជំនឿថាអាចទប់ស្កាត់ការកាប់ព្រៃឈើបាននោះទេ។
មិនមានប្រភពទាក់ទងទៅទាហាននៅខេត្តមណ្ឌលគិរី ដើម្បីសុំការអធិប្បាយ ចំពោះការលើកឡើងរបស់លោកតុលាបានទេ។ ប៉ុន្តែ លោក ម៉ៅ សាមួន មន្ត្រីយោធាទំនាក់ទំនងកិច្ចការព្រំដែនខេត្តព្រះវិហារថ្លែងថា លោកបានចូលរួមថែរក្សាធនធានធម្មជាតិនៅតំបន់ព្រះវិហារ ដោយមិនឲ្យមានជនខិលខូចមកចូលកាប់ព្រៃឈើឡើយ។ «ពួកខ្ញុំមិនដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើអីទេតាំងពីខ្ញុំមកការពារនៅទីនេះតាំងពីព្រឹត្ដិការណ៍ព្រះវិហារមកដល់ពេលនេះ»។ «តាមប្រសាសន៍របស់សម្ដេច គឺត្រឹមត្រូវហើយគឺយើងត្រូវតែជួយថែរក្សាទាំងអស់គ្នា សហការការពារធនធានធម្មជាតិ»៕