ភ្នំពេញៈ ទំនាស់​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន និង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ បាន​ឈាន​ដល់​ចំណុច​មួយ​ថ្មី​ទៀត​ នៅ​ពេល​លោកនាយក​រដ្ឋ​មន្ត្រី​ត្រៀម​ប្ដឹ​ង​លោក​ សម រង្ស៊ី ទៅ​តុលា​ការ​ប្រទេស​ បារាំង ​លើ​ការ​ចោទ​ប្រកា​ន់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី និង​ការលើក​ឡើង​ថា លោក​ឧប​នាយក​​រដ្ឋមន្ត្រី​ ស ខេង បាន​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក ផៃ ស៊ីផាន អ្នក​នាំ​​ពាក្យ​​រាជ​រដ្ឋាភិបាល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​​ នៅ​ក្រោយ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​ថា លោក ហ៊ុន សែន និង​លោក ស ខេង «កំពុង​សិក្សា​រៀប​ចំ​ឯក​សា​​រ​​ប្ដឹង​ទណ្ឌិត​ សម រង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​ បារាំ​ង ​ដើម្បី​ស្វែង​រក​តម្លៃ​យុត្តិធម៌​សកល ជូន​សម្តេច​ទាំង​ ២​ ដែល​ សម រង្ស៊ី ​បាន​ចោទ​ប្រកាន់​ជា​សាធា​រណៈ​ថា សម្តេច​ជា​អ្នក​សម្លាប់​នាយឧត្តម​សេនីយ៍ ហុក ឡងឌី ហើ​យ​ទណ្ឌិត​រូប​នោះ ​ក៏​បាន​ចោទ​ជា​សាធារណៈ​ផង​ដែរ​ថា សម្ដេច​ក្រឡា​ហោម ស ខេង បាន​រៀប​ចំ​ផែន​ការ​ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន»។

លោក ស៊ីផាន ​ពន្យល់​បន្ថែម​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា ការ​ប្ដឹង​ទៅតុលាការ​​បារាំង​គឺ​ដើម្បី​យុត្តិធម៌​អន្តរជាតិ​។ លោ​ក​​ថា លោក សម រង្ស៊ី ជា​អ្នក​អុច​អាល​រឿង​នេះហេតុដូច្នេះ​ហើ​យ លោក​នាយក​រដ្ឋ​​មន្ត្រី​មិន​មាន​អ្វី​ក្រៅ​ពី​ប្ដឹង​ដើម្បី​រក​យុត្តិធម៌​ទេ។ លោក​បន្ត​ថា បណ្ដឹង​មាន​ ២ គឺ​រឿង​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា សម្លាប់​លោ​ក ហុក ឡង់ឌី និ​​ង​ការ​ចោទ​លោក ស ខេង ថា​ រៀបចំ​​ផែន​ការ​ទម្លាក់​​លោក​ ហ៊ុន សែន។

ហេតុ​ផល​មួ​យទៀត​ ដែល​លោ​ក ហ៊ុន សែន ប្ដឹង​ទៅ​តុលា​​ការ​​បារាំង លោក ផៃ ស៊ីផាន ពន្យ​ល់​​​ថា៖ «នៅ​ក្នុង​សាច់​រឿង​ហ្នឹង​ដោ​យ​​សារ​តែ​ សម រង្ស៊ី មាន​សញ្ជាតិ​បារាំង ហើយ​ចំណុច​ទី២​ សម រង្ស៊ី នៅ​ក្រៅ​ប្រទេស»។

ជា​ការ​ឆ្លើយ​តប​ លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​សៅរ៍​​ថា លោក​រង់​ចាំ​តតាំង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ នៅ​តុលា​​​​ការ​បារាំង។ ដោយ​មិន​បាន​លើក​ឡើង​អ្វី​ច្រើនអំពី​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី លោក សម រង្ស៊ី បាន​លើក​យក​ករណី​ ៣ ​ផ្សេង​ទៀត​​ ហើយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី មិន​ហ៊ាន​ប្ដឹង​លោ​ក​ទៅ​តុលាការ​បារាំង​ទេ ចំពោះ​ករណី​ទាំង​ ៣​ ដែល​រួម​មាន​ការ​គប់​គ្រាប់​បែក​ឆ្នាំ​ ១៩​៩​៧ ឃាតកម្ម​លើ​តារា​ភាពយន្ត ពិសិដ្ឋ​ ពិលិកា និង​ឃាតកម្ម​លើ​លោក​ កែម ឡី។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន កំពុង​ដើរ​លើ​នយោបាយ​ចាញ់ចាញ់។ ហេ​តុ​​​ផល​ ២ យ៉ាង​ដែល​លោក​ថា លោកនាយក​រដ្ឋ​មន្ត្រី​ចាញ់​គឺ ទី​១ ​តុលាការ​បារាំងនឹង​លាត​ត្រដាង​ការពិត។

ហេតុ​ផល​មួយ​ទៀត​ លោក​ថា៖ «បើ ហ៊ុន សែន សម្រេច​ចិត្ត​ជា​ចុង​ក្រោ​យ​ ថា​គាត់​មិន​ប្តឹង​ពី​ខ្ញុំ​ទៅ​តុលាការ​បារាំង​ទេពេល​នោះ ​គាត់​បង្ហា​ញ​​ពី​ភាព​កំសាក​របស់​គាត់ ហើយ​គាត់​ដូ​ច​​ជា​សារភាព​ថា​ គាត់​ជា​ឃាត​ករ​មែន​ ក្នុង​រឿង​ដែល​ខ្ញុំ​រៀប​រាប់​ពី​ខាង​លើ»។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ចុង​បញ្ចប់​នៃ​សារ​របស់​លោក​ថា៖ «យុទ្ធ​វិធី​មួយ​ដ៏​ល្អ ដើម្បី​បញ្ចប់​របប​ផ្តាច់​ការ​ឲ្យ​បាន​ឆាប់​នៅ​កម្ពុជាគឺ​ធ្វើ​ឲ្យ​ហ៊ុន សែន ឆ្កួត»។

អ្ន​ក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុង​ហៃ ​ថ្លែង​ថា ជាតិ​ទាំងមូល​គួរ​តែ​រីក​រាយ​នៅ​ពេល​ដែល​មេដឹកនាំ​កំពូល​ផ្ដល់​តម្លៃ​លើ​នីតិរដ្ឋ​ និង​ការ​សម្រេច​ចិត្ត​របស់​ពួក​លោក​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​ឯ​តុលាការ​ឯក​រាជ្យ​នៅ​ប្រទេស​ បារាំង និង​ការត្រៀម​ខ្លួន​រួច​រាល់​របស់​លោក​ សម​ រង្ស៊ី ដើម្បី​ការពារ​ខ្លួន​គាត់។

លោក​​ថា៖ «ជម្លោះ​បុគ្គល​​របស់​លោក​ទាំង​ ២ ​ដែ​ល​​កាន់​តែ​កើន​ឡើង​ខ្លាំង​ជា​ពិសេ​ស​ក្នុង​ករណី​មួយ​នេះ នឹង​ត្រូវ​ដោះ​ស្រាយ​ជាករណី​ចុងក្រោយ​បំផុត»។

​ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោកសម រង្ស៊ីដែ​ល​​ថា​ ធ្វើ​ឲ្យ​លោក ហ៊ុន​ សែ​ន «ឆ្កួត​»​​ នោះ លោក ឡៅ ម៉ុងហៃ ថ្លែង​ថា នេះ​ប្រហែល​ជា​លោក សម រង្ស៊ី យល់​ឃើញ​ថា លោក​ ហ៊ុន សែន​ ឆាប់​ខឹង​ច្រឡោត​ ហើយ​លោក សម រង្ស៊ី ថ្លែង​សារ​ចាក់​ដោត​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ឲ្យលោក ហ៊ុន សែន ខឹង ហើយ​ពេល​ខ្លះ​តបត​ដោយ​គ្មាន​ហេតុផល។

លោក​ថា មនុស្ស​ដែល​ឆាប់​ខឹងនៅ​ពេល​ដែល​មិន​អា​ច​​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ ហើយ​ជា​ប្រធានបទ​នៃ​ការ​បង្ក​ហេតុ​នោះ ឆាប់​នឹង​ខឹង​ច្រឡោត។ «វា​ជា​ការសម្រេច​ចិត្ត​ល្អ​បើ​លោក​នាយ​ក​​​រដ្ឋ​មន្ត្រី​ មិន​អើ​ពើ​​លើ​​ការ​បង្ក​ហេ​តុ​​របស់​លោ​ក សម រង្ស៊ី ហើ​យ​​កុំ​ខ្វល់​ពី​ការ​លើក​ឡើង​ទាំង​នោះ»។

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀ​​​ត ​គឺ​លោក ឯម សុវណ្ណារ៉ា ​ថ្លែង​ថា កា​រប្រកាស​ប្ដឹង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ទៅ​តុលាការ​ជា​ការ​ល្អ​ព្រោះ​ជម្លោះ​អ្នក​នយោបាយ​គួរ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បា​ប់ ជាជាងការ​ប្រើ​ហិង្សា ហើយ​វា​ជា​ការ​ល្អ​ ដែល​លោក ហ៊ុន សែ​ន ប្ដឹងបែប​នេះ​ដើម្បី​បញ្ជាក់​ពី​ភា​ពត្រឹមត្រូវ​របស់​លោក។

លោក​បន្ត​ថា៖ «ទី២​ វា​ពាក់​ព័ន្ធ​នឹង​កេរ្តិ៍​ឈ្មោះ​របស់​នាយក​រដ្ឋ​មន្ត្រី​ ប្រទេស​មួយ​ដែរ ប្រ​សិ​ន​បើ​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ឧក្រិ​ដ្ឋ​​​កម្ម​នោះ​វា​ជា​រឿង​ធំ ហើយ​លោ​ក ស​ម រង្ស៊ី ក៏​អាច​ជឿ​ជាក់​បាន​ដែរ ​ព្រោះ​​​​​តុលាការ​បារាំង​ជា​តុលាការ​ដែ​ល​អាច​យក​ជា​ស្ដ​ង់​​ដាបាន ដែល​អនុវត្ត​ចំពោះ​ពលរដ្ឋ​បារាំង»។

លោកថ្លែង​ថា ប្រធានបទ​ការស្លា​ប់​លោក ហុក ឡង់ឌី ដែល​លេច​ចេញ​សាជា​ថ្មី​នេះ​គឺ​ជា​ការ​លើក​ឡើ​​ង​​ដើម្បី​ញុះ​ញង់​គ្នា​។ លោកថា ការ​​ញុះ​ញង់​កាល​ពី​មុ​ន​​គេ​តែង​​ឃើញ​មាន​ការ​លើក​ឡើ​​​ង​ពី​សំណាក់​បក្ស​កាន់​អំ​ណា​​ច​ ទៅ​​លើ​អតីត​បក្ស​ប្រឆាំង ប៉ុន្តែ​ការញុះ​ញង់​នា​ពេល​បច្ចុប្បន្ន​ បាន​កើត​ឡើង​ពី​អតីត​បក្ស​ប្រឆាំង​ដើម្បី​បំបែក​បក្ស​កាន់​អំណាច​វិញ។

លោក​ថ្លែង​ថា៖ «អ៊ី​ចឹង​វប្បធ​ម៌​​រុក​កួន ឆ្កឹះ​ឆ្គៀល​បំបែក​បំបាក់​វា​រីក​សុសសាយ​នៅ​ក្នុង​ផ្នត់​គំនិ​ត​​អ្នក​នយោបាយ​កម្ពុជា។ វា​ជា​កត្តា​ដែលយើង​បារម្ភ​ព្រោះ​វា​មិនមែន​ជា​ចំណុច​វិជ្ជមាន​ទេ»។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​ ហ៊ុន សែន ​ថ្លែង​​ពី​ម្សិល​មិញ​ថា ក្រុម​មេធាវី​របស់​លោក ​កំពុង​សិក្សា​ករណី​នេះហើយ​មិន​ទាន់​មាន​លទ្ធផល​​ផ្លូវ​ការ​នៅ​ឡើយ៕