ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ​ការដោះលែង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ ៧២ ​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ថ្មីៗ​នេះ​មិនមែន​ដោយសារ​សម្ពាធ​អន្តរជាតិ​នោះទេ គឺ​ដោយសារ​ការ​ផ្តល់​នូវ​ការយោគយល់​អធ្យាស្រ័យ ហើយ​ក៏​ដោយសារ​តែ​ផែនការ​រដ្ឋប្រហារ​នៃ​មេដឹកនាំ​របស់​ពួកគេ​ត្រូវ​បរាជ័យ​។

ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ដោយសារ​ផែនការ​ (​រដ្ឋប្រហារ​) ​បរាជ័យ ខ្ញុំ​បាន​ផ្តល់​នូវ​ការយោគយល់ អធ្យាស្រ័យ​ចំពោះ​អ្នក​ដែល​យើង​បាន​ចាប់ខ្លួន​ ៧២ ​នាក់​ដែល​យើង​បាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​»​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ឥឡូវនេះ​! រខេករខាក​ប៉ុណ្ណឹង​ហើយ ហ៊ាន​បង្ហោះ​ថា ហ៊ុន សែន ត្រូវគេ​សង្កត់​ទើប​ដោះលែង​។ ឥឡូវ អ្នកឯង​ចង់​សាក​! ខ្ញុំ​ប្រមូល​យក​មកវិញ ហើយ​ចាប់​ថែមទាំង​អា​អ្នក​ថា​»​។

លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់​ថា ​រឿងក្តី​អ្នក​ដែល​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​មិនទាន់​ត្រូវ​បាន​បញ្ចប់​នោះទេ​។ ពួកគេ​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​តាមរយៈ​ការត្រួត​ពិនិត្យ​របស់​តុលាការ​បន្ត​ទៅ​ទៀត​។ អ្នក​ដែល​មិនទាន់​ត្រូវ​បាន​កាត់ទោស​នេះ ត្រូវ​តែ​ប្រយ័ត្នប្រយែង​គឺ​មិន​ត្រូវធ្វើ​សកម្មភាព​អ្វី​នោះទេ​។ បើ​ធ្វើ​សកម្មភាព​គឺ​នឹងត្រូវ​ចាប់ខ្លួន​ឡើងវិញ​។

លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រត់គេច​ខ្លួន​ឱ្យ​វិល​ត្រឡប់​មកផ្ទះ​វិញ ដោយ​មិនមាន​ការចាប់​ខ្លួន​ទេ​ ប៉ុន្តែ​មនុស្ស​ចំនួន​ ១៨ ​នាក់​គឺ​មិន​ត្រូវបាន​លើកលែង​នោះទេ​។ ដីកា​ចាប់ខ្លួន​នៅតែ​បន្ត​។ លោក​ ហ៊ុន សែន ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​មិនអាច​យក​អធិបតេយ្យភាព​កម្ពុជា​ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ ឬ​ជំនួយ​ណា​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​គឺ​មេខ្លោង​ ១៨ ​នាក់​អត់​រួចខ្លួន​ទេ ហើយ​បើ​អ្នកឯង​បន្ត អ្នកណា​ចូលរួម​គឺ​ត្រូវ​ចាប់​ខ្លួន​ទៀត​។ បើសិន​អ្នកឯង​ធ្វើ​សកម្មភាព​បែប​ដូច​កន្លង​ទៅ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ​ឱ្យ​ដោះលែង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​ ៧០ ​នាក់​ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ក្រោម​បទ​ចោទ «​រួមគំនិត​ក្បត់​» បន្ទាប់ពី​លោក សម រង្សី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ពី​ផែន​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​ក្នុង​គោលបំណង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​គុណធម៌ និង​សីលធម៌ នៅពេល​សមរភូមិ​ត្រូវ​បាន​បញ្ចប់​។ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ​គឺជា​ជនស្លូតត្រង់​ដែល​ចាញ់បោក​គេ​។

លោក ផៃ ស៊ីផាន បាន​ថ្លែងថា​៖ «​ប៉ុន្តែ​អ្នកខ្លះ​ដែល​មាន​ភ័ស្តុតាង​ពិតប្រាកដ​ជាក់ស្តែង អ្នក​ហ្នឹង​ស្ថិត​នៅក្នុង​ការឃ្លាំមើល​របស់​តុលាការ​ដដែល​។ លោក​ (​ហ៊ុន សែន​) ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​គេ​រត់​ទៅ​ស្រុក​ក្រៅ ឬ​ក៏​កម្មករ​ដែល​នៅ​ស្រុក​ក្រៅ​ដែល​ចូលរួម​បញ្ហា​នៅក្នុង​ហ្នឹង​គ្រាន់តែ​គាំទ្រ អត់​មាន​សកម្មភាព​ណាមួយ​ដែល​មើលថា​វា​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទេ អ្នក​ទាំងនោះ​ស្វាគមន៍​ឱ្យ​ត្រឡប់​មកវិញ​។ អត់​មានការ​ចោទប្រកាន់​អី​ទេ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា យល់​ថា​ការថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​គឺជា​ការឆ្លើយតប​ទៅកាន់​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ដែលជា​និច្ចកាល​នៅពេល​មានការ​បន្ធូរបន្ថយ​សភាពការណ៍​ផ្ទៃក្នុង​កម្ពុជា លោក​ សម រង្ស៊ី តែងតែ​កេង​យក​ផលប្រយោជន៍​ពី​សភាពការណ៍​បែបនេះ​។ លោក​ សម រង្ស៊ី បែរជា​ទាយ​ថា នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់​លោក ឬ​ជា​សម្ពាធ​អន្តរជាតិ​ជាដើម​ទៅ​វិញ​។ លោក​ គិន ភា និយាយ​ថា​ការកេងចំណេញ​របស់​លោក​ សម រង្ស៊ី បាន​ធ្វើឱ្យ​លោក ហ៊ុន សែន ទទួល​យក​មិនបាន​ទើប​នាំ​ទៅ​ដល់​ការព្រមាន​របស់​លោក ហ៊ុន សែន ថា​នឹង​នាំ​ប្រឡប់​មកវិញ​នូវ​អ្នក​ដែល​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​។

លោក​ គិន ភា បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ហើយ​បាន​ជា​ធ្វើឱ្យ​សម្តេច ហ៊ុន សែន ដែល​ជា​គំនិត​ដើម​ដែល​គាត់​មាន​ទឹកចិត្ត​ថា​ចង់​ឱ្យ​មាន​ការបង្រួបបង្រួម ដោយសារ​តែ​ភាពបរាជ័យ​នយោបាយ​នៃ​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី មក​កាន់​កម្ពុជា​។ អ៊ីចឹង​គាត់​យល់​ថា វា​ជា​ពេលវេលា​សមស្រប​ដើម្បី​បង្ហាញថា គាត់​ជា​អ្នក​បង្រួបបង្រួម​ជាតិ​។ អ៊ីចឹង​គាត់​អាច​ដោះលែង​អ្នក​ទាំងអស់​ហ្នឹង​បាន​»៕